Get the DaunPhen font >> HERE <<.


សំបុត្រទី១របស់ប៉ុល

ដល់ពួក

កូរិនថូស


១ ១សំបុត្រប៉ុលខ្ញុំ ជាអ្នកដែលព្រះយេស៊ូវគ្រីស្ទ បានហៅមកធ្វើជាសាវករបស់ទ្រង់ តាមបំណងព្រះហឫទ័យព្រះ ព្រមទាំងសូស្ថេន ជាពួកបងប្អូន ២ផ្ញើមកពួកជំនុំនៃព្រះ នៅក្រុងកូរិនថូស ជាពួកអ្នកដែលបានញែកចេញជាបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវ បានទាំងហៅមកធ្វើជាពួកបរិសុទ្ធ ជាមួយនឹងអស់អ្នក នៅគ្រប់ទីកន្លែង ដែលអំពាវនាវដល់ព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា គឺនៃគេ នឹងយើងផង ៣សូមឲ្យអ្នករាល់គ្នាបានប្រកបដោយនូវព្រះគុណ នឹងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា នឹងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទផង។

៤ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ អំពីដំណើរអ្នករាល់គ្នាជាដរាប ដោយព្រោះព្រះគុណនៃព្រះ ដែលបានផ្តល់មកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ ៥ព្រោះអ្នករាល់គ្នាបានចំរើនឡើងគ្រប់ចំពូកដោយសារទ្រង់ គឺក្នុងគ្រប់ទាំងពាក្យសំដី នឹងចំណេះទាំងអស់ដែរ ៦តាមដែលសេចក្តីបន្ទាល់ពីព្រះគ្រីស្ទបានបញ្ជាក់ក្នុងពួកអ្នករាល់គ្នា ៧ដល់ម៉្លេះបានជាអ្នករាល់គ្នាមិនចាញ់គេ ខាងឯអំណោយទានណាមួយឡើយ ទាំងចាំទំរាំព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាលេចមកផង ៨ដែលទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ដរាបដល់ចុងបំផុត ឲ្យបានឥតកន្លែងបន្ទោសបាន ក្នុងថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ៩ឯព្រះដែលបានហៅអ្នករាល់គ្នាមក ឲ្យមានសេចក្តីប្រកបនឹងព្រះរាជបុត្រាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នោះទ្រង់ស្មោះត្រង់។

១០ឥឡូវនេះ បងប្អូនអើយ ខ្ញុំទូន្មានដល់អ្នករាល់គ្នាដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរនិយាយសេចក្តីដដែលទាំងអស់គ្នា កុំឲ្យមានសេចក្តីបាក់បែកក្នុងពួកអ្នករាល់គ្នាឡើយ ត្រូវឲ្យបានរួបរួមគ្នា ដោយមានចិត្តមានគំនិតតែ១វិញ ១១ឱបងប្អូនអើយ ពីព្រោះមានពួកអ្នកផ្ទះនាងខ្លូអេបានប្រាប់ខ្ញុំ ពីដំណើរអ្នករាល់គ្នាថា តែងតែមានសេចក្តីឈ្លោះប្រកែក ក្នុងពួកអ្នករាល់គ្នា ១២គឺថា អ្នករាល់គ្នានិមួយៗប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ជារបស់អ័ប៉ុឡូស ជារបស់កេផាស ឬជារបស់ព្រះគ្រីស្ទ ១៣ដូច្នេះ តើព្រះគ្រីស្ទបានបាក់បែកឬអី តើប៉ុលត្រូវឆ្កាង ជំនួសអ្នករាល់គ្នាឬអី តើអ្នករាល់គ្នាបានទទួលបុណ្យជ្រមុជ ដោយនូវឈ្មោះប៉ុលឬអី ១៤ខ្ញុំអរព្រះគុណដល់ព្រះថា ខ្ញុំមិនបានធ្វើបុណ្យជ្រមុជឲ្យអ្នកណាមួយក្នុងពួកអ្នករាល់គ្នាទេ បានធ្វើឲ្យតែគ្រីសប៉ុស នឹងកៃយុសប៉ុណ្ណោះ ១៥ដើម្បីកុំឲ្យមានអ្នកណាប្រកាន់ថា ខ្ញុំបានធ្វើបុណ្យជ្រមុជដោយនូវឈ្មោះខ្ញុំនោះឡើយ ១៦ខ្ញុំក៏បានធ្វើបុណ្យជ្រមុជឲ្យពួកផ្ទះស្ទេផាន៉ាសដែរ តែឯមនុស្សឯទៀតខ្ញុំមិនដឹងជាបានធ្វើបុណ្យជ្រមុជឲ្យអ្នកណាទេ ១៧ដ្បិតព្រះគ្រីស្ទមិនបានចាត់ខ្ញុំ ឲ្យមកធ្វើបុណ្យជ្រមុជទឹកទេ គឺឲ្យមកផ្សាយដំណឹងល្អប៉ុណ្ណោះ តែមិនមែនដោយពាក្យឧត្តុង្គឧត្តមឡើយ ក្រែងឈើឆ្កាងនៃព្រះគ្រីស្ទទៅជាអសារឥតការវិញ ១៨ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួតដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ ១៩ព្រោះមានសេចក្តីចែងទុកមកថា «អញនឹងបំផ្លាញប្រាជ្ញារបស់ពួកអ្នកប្រាជ្ញ ហើយនឹងលើកចំណេះរបស់ពួកអ្នក ដែលចេះចោលចេញ» ២០តើអ្នកប្រាជ្ញនៅឯណា តើអាចារ្យនៅឯណា តើអ្នកដេញដោលនៃសម័យនេះនៅឯណា ព្រះទ្រង់បានធ្វើឲ្យប្រាជ្ញារបស់លោកីយនេះ ទៅជាសេចក្តីល្ងង់ល្ងើវិញទេតើ ២១ដ្បិតដោយព្រោះព្រះទ្រង់បានសំរេចតាមប្រាជ្ញានៃទ្រង់ថា មនុស្សលោកនឹងរកស្គាល់ព្រះដោយអាងប្រាជ្ញាខ្លួនមិនបានទេ បានជាទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះអស់អ្នកដែលជឿ ដោយសារសេចក្តីល្ងង់ល្ងើវិញ គឺជាការប្រកាសដំណឹងល្អ ២២ពីព្រោះសាសន៍យូដា គេចង់ឃើញភស្តុតាង ហើយសាសន៍ក្រេកគេស្វែងរកប្រាជ្ញា ២៣តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទដែលទ្រង់ត្រូវឆ្កាងវិញ ជាហេតុនាំឲ្យរវាតចិត្តដល់សាសន៍យូដា នឹងជាសេចក្តីល្ងង់ល្ងើដល់សាសន៍ក្រេក ២៤តែព្រះគ្រីស្ទ ទ្រង់ជាព្រះចេស្តា ហើយជាប្រាជ្ញារបស់ព្រះវិញ ដល់អស់អ្នកដែលទ្រង់ហៅ ទាំងសាសន៍យូដា ហើយនឹងសាសន៍ក្រេកផង ២៥ដ្បិតសេចក្តីល្ងង់ល្ងើរបស់ព្រះនោះមានប្រាជ្ញាលើសជាងមនុស្ស ហើយសេចក្តីកំសោយរបស់ព្រះ ក៏មានកំលាំងលើសជាងមនុស្សដែរ។

២៦ឱបងប្អូនអើយ អ្នករាល់គ្នាឃើញថា ក្នុងពួកអ្នកដែលទ្រង់បានហៅ មិនសូវមានអ្នកប្រាជ្ញច្រើនខាងឯសាច់ឈាម ឬច្រើននាក់មានអំណាច នឹងច្រើននាក់ដែលមានត្រកូលខ្ពស់នោះទេ ២៧ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយនេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយនេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស ២៨ហើយទ្រង់បានរើសអ្នកទាបថោកនៅលោកីយនេះ នឹងពួកអ្នកដែលគេមើលងាយ ព្រមទាំងរបស់ដែលគ្មានផង ដើម្បីនឹងលើកចោលរបស់ដែលមានចេញ ២៩ប្រយោជន៍កុំឲ្យមនុស្សណាបានអួតខ្លួន នៅចំពោះព្រះឡើយ ៣០តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ នឹងសេចក្តីប្រោសលោះដល់យើងផង ៣១ដើម្បីឲ្យបានត្រូវនឹងសេចក្តីដែលចែងទុកមកថា «អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ»។២ ១រីឯខ្ញុំ បងប្អូនអើយ កាលខ្ញុំបានមកឯអ្នករាល់គ្នា នោះមិនបានមកដោយប្រើវោហារ ឬប្រាជ្ញាដ៏ឧត្តម ដើម្បីនឹងប្រាប់សេចក្តីបន្ទាល់ពីព្រះដល់អ្នករាល់គ្នាទេ ២ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្គាល់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង ៣ខ្ញុំក៏បាននៅជាមួយនឹងអ្នករាល់គ្នា ទាំងមានសេចក្តីកំសោយ ភិតភ័យ ហើយញាប់ញ័រជាច្រើនដែរ ៤ឯពាក្យសំដី នឹងវោហារអធិប្បាយរបស់ខ្ញុំ ក៏មិនមែនដោយពាក្យឧត្តុង្គឧត្តម ដែលពូកែបញ្ចុះបញ្ចូលនោះដែរ គឺដោយការសំដែងចេញជាព្រះវិញ្ញាណ នឹងព្រះចេស្តាវិញទេតើ ៥ដើម្បីកុំឲ្យសេចក្តីជំនឿរបស់អ្នករាល់គ្នាបានតាំងនៅ ដោយប្រាជ្ញារបស់មនុស្សឡើយ គឺដោយព្រះចេស្តានៃព្រះវិញ។

៦ប៉ុន្តែ នៅក្នុងចំណោមមនុស្សគ្រប់លក្ខណ៍ នោះយើងខ្ញុំក៏និយាយតាមប្រាជ្ញាដែរ តែមិនមែនតាមប្រាជ្ញារបស់លោកីយីនេះ ឬរបស់ពួកចៅហ្វាយនៅលោកីយនេះ ដែលត្រូវសាបសូន្យនោះទេ ៧គឺនិយាយតាមតែប្រាជ្ញានៃព្រះវិញ ជាសេចក្តីអាថ៌កំបាំងដ៏លាក់ទុក ដែលព្រះបានគិតគូ តាំងពីមុនអស់ទាំងកល្ប សំរាប់ជាសិរីល្អដល់យើងរាល់គ្នា ៨គ្មានចៅហ្វាយណាក្នុងលោកីយនេះ បានស្គាល់សេចក្តីអាថ៌កំបាំងនោះឡើយ បើបានស្គាល់ នោះគេមិនបានឆ្កាងព្រះអម្ចាស់ដ៏មានសិរីទេ ៩ដូចមានសេចក្តីចែងទុកមកថា «សេចក្តីដែលភ្នែកមិនដែលឃើញ ត្រចៀកមិនដែលឮ ហើយចិត្តនឹកមិនដែលដល់ គឺសេចក្តីនោះឯងដែលព្រះបានរៀបចំទុក សំរាប់ពួកអ្នកដែលស្រឡាញ់ទ្រង់» ១០ព្រះទ្រង់បានសំដែង ឲ្យយើងរាល់គ្នាឃើញសេចក្តីទាំងនោះ ដោយសារព្រះវិញ្ញាណទ្រង់ ដ្បិតព្រះវិញ្ញាណនៃទ្រង់ស្ទង់មើលគ្រប់ទាំងអស់ ព្រមទាំងសេចក្តីជ្រាលជ្រៅនៃព្រះដែរ ១១ដ្បិតបើមិនមែនជាវិញ្ញាណ ដែលនៅក្នុងខ្លួនមនុស្សទេ នោះតើមានអ្វីនឹងស្គាល់សណ្ឋានមនុស្សនោះបាន ហើយបើមិនមែនជាព្រះវិញ្ញាណនៃព្រះ នោះក៏គ្មានអ្នកណាស្គាល់សណ្ឋានព្រះបានដែរ។

១២ឯយើងរាល់គ្នា យើងមិនបានទទួលវិញ្ញាណរបស់លោកីយទេ គឺទទួលព្រះវិញ្ញាណដែលមកពីព្រះវិញ ដើម្បីឲ្យបានស្គាល់អស់ទាំងព្រះគុណ ដែលព្រះបានផ្តល់មកយើង ១៣ហើយយើងក៏និយាយពីសេចក្តីទាំងនោះឯង មិនមែនដោយពាក្យសំដី ដែលប្រាជ្ញាមនុស្សបានបង្រៀនទេ គឺដោយពាក្យសំដី ដែលព្រះវិញ្ញាណបង្រៀនវិញ ព្រមទាំងផ្ទឹមពន្យល់សេចក្តីខាងឯវិញ្ញាណ ដោយសារសេចក្តីខាងឯវិញ្ញាណផង ១៤ប៉ុន្តែ មនុស្សខាងសាច់ឈាម គេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ ១៥ឯមនុស្សខាងវិញ្ញាណវិញ គេពិចារណាយល់គ្រប់ទាំងអស់បាន តែមិនត្រូវអ្នកណាពិចារណាខ្លួនឡើង ១៦ដ្បិត តើអ្នកណាបានស្គាល់គំនិតនៃព្រះអម្ចាស់ តើអ្នកណានឹងបង្រៀនទ្រង់បាន តែយើងរាល់គ្នាមានគំនិតជារបស់ផងព្រះគ្រីស្ទវិញ។៣ ១ឯខ្ញុំ បងប្អូនអើយ ខ្ញុំពុំអាចនិយាយនឹងអ្នករាល់គ្នាដូចនឹងមនុស្សខាងឯវិញ្ញាណបានទេ ត្រូវតែនិយាយដូចនឹងមនុស្សខាងឯសាច់ឈាមវិញ គឺដូចជានិយាយនឹងកូនខ្ចីក្នុងព្រះគ្រីស្ទ ២ខ្ញុំបានឲ្យទឹកដោះមកអ្នករាល់គ្នាផឹក មិនបានឲ្យសាច់បរិភោគទេ ដ្បិតកាលណោះអ្នករាល់គ្នាពុំអាចនឹងបរិភោគបាន ហើយឥឡូវនេះ ក៏មិនទាន់បានដែរ ៣ដោយព្រោះអ្នករាល់គ្នា នៅតែខាងសាច់ឈាមនៅឡើយ ដ្បិតដែលមានសេចក្តីឈ្នានីស ឈ្លោះប្រកែក នឹងបាក់បែកគ្នា ក្នុងពួកអ្នករាល់គ្នា នោះតើមិននៅខាងសាច់ឈាម ហើយដើរតាមបែបមនុស្សលោកទេឬអី ៤គឺកាលដែលម្នាក់ប្រកាន់ថា ខ្លួនជាសិស្សរបស់ប៉ុល ហើយម្នាក់ទៀតថា ខ្លួនជារបស់អ័ប៉ុឡូស នោះតើមិនមែននៅខាងសាច់ឈាមទេឬអី ៥ដូច្នេះ តើប៉ុលជាអ្វី ឬអ័ប៉ុឡូសជាអ្វី គឺគ្រាន់តែជាអ្នកបំរើ ដែលនាំឲ្យអ្នករាល់គ្នាជឿ តាមដែលព្រះអម្ចាស់បានប្រទានមកគ្រប់គ្នាតែប៉ុណ្ណោះទេតើ ៦ខ្ញុំបានសាបព្រោះ អ័ប៉ុឡូសជាអ្នកស្រោច តែដែលបានដុះឡើងនោះគឺព្រះបានធ្វើវិញ ៧ហេតុនោះបានជាអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះមិនមែនជាអ្វីទេ ស្រេចហើយនឹងព្រះដែលធ្វើឲ្យដុះវិញទេតើ ៨ឯអ្នកដែលសាបព្រោះ នឹងអ្នកដែលស្រោច នោះដូចគ្នាទេ ហើយក្នុងអ្នកនិមួយៗ នោះនឹងបានរង្វាន់តាមការដែលខ្លួនធ្វើ ៩ដ្បិតយើងរាល់គ្នាជាអ្នកធ្វើការជាមួយនឹងព្រះ ឯអ្នករាល់គ្នាជាស្រែដែលព្រះទ្រង់ភ្ជួរ ហើយជាផ្ទះដែលព្រះទ្រង់ធ្វើ។

១០ខ្ញុំបានដាំជើងជញ្ជាំង ដូចជាមេជាងផ្ទះដ៏ចំណាន តាមព្រះគុណដែលព្រះបានប្រទានមកខ្ញុំ មានម្នាក់ទៀតជាអ្នកសង់ពីលើ ប៉ុន្តែត្រូវឲ្យមនុស្សប្រយ័តរៀងខ្លួន អំពីបែបណាដែលសង់ពីលើជើងនោះ ១១ដ្បិតគ្មានអ្នកណាអាចនឹងដាំជើងជញ្ជាំងណាផ្សេងទៀត ក្រៅពីជើងដែលបានដាំរួចហើយនោះបានទេ គឺជាព្រះយេស៊ូវគ្រីស្ទ ១២បើអ្នកណាយកមាស ប្រាក់ ត្បូង ឈើ ស្បូវ ឬស្លឹក ដើម្បីនឹងធ្វើពីលើជើងជញ្ជាំងនេះ ១៣នោះការដែលអ្នករាល់គ្នាធ្វើ នឹងលេចមកឲ្យឃើញ ដ្បិតថ្ងៃនោះនឹងបង្ហាញពីការនោះយ៉ាងច្បាស់លាស់ ព្រោះការនោះនឹងសំដែងចេញមកដោយសារភ្លើង ហើយភ្លើងនឹងសាកមើលការដែលនិមួយៗធ្វើ ឲ្យដឹងជាយ៉ាងណា ១៤បើការដែលអ្នកណាសង់ឡើងបានជាប់នៅ អ្នកនោះនឹងបានរង្វាន់ ១៥បើការដែលអ្នកណាធ្វើត្រូវឆេះ អ្នកនោះនឹងត្រូវខាតវិញ តែខ្លួនអ្នកនោះនឹងបានរួច បែបដូចជាដើរកាត់ភ្លើង។

១៦តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថា ព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា ១៧បើអ្នកណាបង្ខូចព្រះវិហារនៃព្រះ នោះព្រះនឹងធ្វើឲ្យអ្នកនោះត្រូវខូចដែរ ដ្បិតព្រះវិហារនៃព្រះជាវត្ថុដ៏បរិសុទ្ធ គឺជាខ្លួនអ្នករាល់គ្នានេះឯង។

១៨កុំឲ្យអ្នកណាបញ្ឆោតខ្លួនឡើយ បើអ្នកណាក្នុងពួកអ្នករាល់គ្នាស្មានថា ខ្លួនមានប្រាជ្ញាក្នុងលោកីយនេះ ត្រូវឲ្យអ្នកនោះត្រឡប់ជាល្ងង់ល្ងើវិញ ដើម្បីឲ្យមានប្រាជ្ញាឡើង ១៩ពីព្រោះប្រាជ្ញារបស់លោកីយនេះ ជាសេចក្តីល្ងង់ល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះទ្រង់ចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់ខ្លួនគេ» ២០ហើយមានបទ១ទៀតថា «ព្រះអម្ចាស់ទ្រង់ជ្រាបគំនិតនៃពួកអ្នកប្រាជ្ញ ថាជាឥតប្រយោជន៍ទាំងអស់» ២១ដូច្នេះ កុំឲ្យអ្នកណាអួតពីមនុស្សឡើយ ដ្បិតគ្រប់ទាំងអស់ជារបស់ផងអ្នករាល់គ្នា ២២ទោះទាំងប៉ុល ឬអ័ប៉ុឡូស កេផាស លោកីយ ជីវិត សេចក្តីស្លាប់ របស់នៅជំនាន់សព្វថ្ងៃ ឬទៅមុខក្តី នោះសុទ្ធតែជារបស់ផងអ្នករាល់គ្នាទាំងអស់ ២៣តែឯអ្នករាល់គ្នា ជារបស់ផងព្រះគ្រីស្ទវិញ ហើយព្រះគ្រីស្ទ ទ្រង់ជារបស់ព្រះ។៤ ១ដូច្នេះ មនុស្សត្រូវរាប់យើងខ្ញុំ ទុកដូចជាអ្នកជំនួយនៃព្រះគ្រីស្ទ ហើយជាអ្នករ៉ាប់រងចំពោះសេចក្តីអាថ៌កំបាំងនៃព្រះវិញ ២រីឯអ្នករ៉ាប់រង ត្រូវឲ្យគេបានស្មោះត្រង់ ៣តែខាងឯដំណើររបស់ខ្ញុំ ដែលអ្នករាល់គ្នា ឬមនុស្សណាក៏ដោយ ចោទប្រកាន់ទោសខ្ញុំ នោះមិនជាការអំពល់អ្វីដល់ខ្ញុំឡើយ ខ្ញុំក៏មិនចោទប្រកាន់ទោសខ្លួនខ្ញុំផង ៤ពីព្រោះខ្ញុំមិនឃើញមានអ្វីនៅក្នុងខ្លួនខ្ញុំសោះ ប៉ុន្តែ ខ្ញុំមិនបានរាប់ជាសុចរិតដោយសារហេតុនោះទេ អ្នកដែលចោទប្រកាន់ទោស នោះគឺជាព្រះអម្ចាស់វិញទេតើ ៥ដូច្នេះ កុំឲ្យចោទប្រកាន់ទោសគ្នាមុនកំណត់ឡើយ លុះត្រាតែព្រះអម្ចាស់ទ្រង់យាងមក ដែលទ្រង់នឹងយកអស់ទាំងអំពើលាក់កំបាំងដែលធ្វើនៅទីងងឹត មកដាក់នៅទីភ្លឺវិញ ហើយនឹងបើកសំដែង ឲ្យឃើញអស់ទាំងគំនិត ក្នុងចិត្តរបស់មនុស្សផង នោះគ្រប់គ្នានឹងបានសេចក្តីសរសើរពីព្រះរៀងខ្លួន។

៦បងប្អូនអើយ ខ្ញុំបានបង្វែរសេចក្តីទាំងនេះមកលើខ្លួនខ្ញុំ នឹងអ័ប៉ុឡូស ដោយព្រោះតែអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាហាត់រៀនតាមយើង មិនឲ្យគិតខ្ពស់លើសជាងសេចក្តី ដែលបានចែងទុកមក ប្រយោជន៍កុំឲ្យអ្នកណាមានសេចក្តីអំនួត អួតពីអ្នក១ទាស់នឹងអ្នក១ឡើយ ៧ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកផ្សេងពីគេ តើអ្នកមានអ្វីខ្លះ ដែលអ្នកមិនបានទទួល ចុះបើបានទទួលមែន ហេតុអ្វីបានជាអួតខ្លួនដូចជាមិនបានទទួលវិញ ៨អ្នករាល់គ្នាឆ្អែតហើយក៏ជាអ្នកមានផង កាលឥតពីយើងខ្ញុំ នោះអ្នក្នរាល់គ្នាបានសោយរាជ្យឡើង ហើយខ្ញុំក៏សុខចិត្តឲ្យអ្នករាល់គ្នាបានសោយរាជ្យដែរ ដើម្បីឲ្យយើងខ្ញុំបានសោយរាជ្យជាមួយគ្នា ៩ខ្ញុំស្មានថា ព្រះទ្រង់បានដាក់យើងខ្ញុំ ដែលជាពួកសាវក ឲ្យនៅក្រោយបង្អស់ ហាក់ដូចជាបានដំរូវឲ្យត្រូវស្លាប់ដែរ ពីព្រោះយើងខ្ញុំបានត្រឡប់ជាទីដែលសំរាប់ឲ្យលោកីយបានមើលលេង គឺដល់ទាំងពួកទេវតានឹងពួកមនុស្សផង ១០យើងខ្ញុំជាមនុស្សល្ងង់ល្ងើដោយយល់ដល់ព្រះគ្រីស្ទ តែអ្នករាល់គ្នាជាអ្នកប្រាជ្ញក្នុងព្រះគ្រីស្ទវិញ យើងខ្ញុំខ្សោយ តែអ្នករាល់គ្នាមានកំឡាំង អ្នករាល់គ្នាមានសេចក្តីរុងរឿង តែយើងខ្ញុំអាប់ឱនកេរ្តិ៍ឈ្មោះវិញ ១១លុះមកដល់ឥឡូវនេះ យើងខ្ញុំត្រូវទាំងឃ្លាន ទាំងស្រេក ហើយនៅអាក្រាត ទាំងត្រូវគេវាយ ហើយក៏ដើរសាត់អណ្តែត ១២យើងខ្ញុំធ្វើការនឿយហត់នឹងដៃយើង កាលណាគេជេរនោះយើងខ្ញុំឲ្យពរវិញ កាលណាគេបៀតបៀន នោះយើងខ្ញុំទ្រាំទ្រ ១៣កាលណាគេប្រមាថ នោះយើងខ្ញុំអង្វរដល់គេ យើងខ្ញុំបានត្រឡប់ដូចជាសំរាមរបស់លោកីយ ហើយដូចជាកំអែលនៃមនុស្សទាំងអស់ ដរាបដល់ឥឡូវនេះ ១៤ខ្ញុំសរសេរសេចក្តីទាំងនេះ មិនមែនចង់ឲ្យអ្នករាល់គ្នាមានសេចក្តីខ្មាសទេ ខ្ញុំគ្រាន់តែទូន្មានដល់អ្នករាល់គ្នា ទុកដូចជាកូនស្ងួនភ្ងាវិញប៉ុណ្ណោះ ១៥ដ្បិតថ្វីបើអ្នករាល់គ្នាមានគ្រូទាំងម៉ឺនក្នុងព្រះគ្រីស្ទ តែគ្មានឪពុកជាច្រើនទេ មានតែខ្ញុំ១ប៉ុណ្ណោះ ដែលបានបង្កើតអ្នករាល់គ្នាក្នុងព្រះគ្រីស្ទ ដោយសារដំណឹងល្អ ១៦ដូច្នេះ ខ្ញុំទូន្មានដល់អ្នករាល់គ្នា ឲ្យយកដំរាប់តាមខ្ញុំចុះ។

១៧ដោយហេតុនោះបានជាខ្ញុំចាត់ធីម៉ូថេ ឲ្យមកឯអ្នករាល់គ្នា គាត់ជាកូនស្ងួនភ្ងា ហើយស្មោះត្រង់របស់ខ្ញុំ ក្នុងព្រះអម្ចាស់ គាត់នឹងរំឭកអ្នករាល់គ្នា ពីគ្រប់ទាំងកិរិយារបស់ខ្ញុំក្នុងព្រះគ្រីស្ទ តាមសេចក្តីដែលខ្ញុំបង្រៀន ក្នុងគ្រប់ទាំងពួកជំនុំនៅសព្វអន្លើ ១៨មានអ្នកខ្លះកើតមានចិត្តធំដោយគិតស្មានថា ខ្ញុំមិនមកឯអ្នករាល់គ្នាទេ ១៩ប៉ុន្តែបន្តិចទៀត បើព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះខ្ញុំនឹងមកជាមិនខាន ហើយខ្ញុំនឹងស្គាល់ មិនត្រឹមតែពាក្យសំដីរបស់ពួកអ្នកដែលមានចិត្តធំប៉ុណ្ណោះ គឺនឹងស្គាល់ដល់ទាំងអំណាចគេថែមទៀតផង ២០ដ្បិតនគរព្រះមិនសំរេចនឹងពាក្យសំដីប៉ុណ្ណោះទេ គឺស្រេចនឹងឥទ្ធិឫទ្ធិវិញ ២១តើអ្នករាល់គ្នាចូលចិត្តយ៉ាងណា ចង់ឲ្យខ្ញុំមកទាំងកាន់ដំបង ឬដោយសេចក្តីស្រឡាញ់ នឹងចិត្តសុភាពរាបសាវិញ។៥ ១មានឮរន្ទឺសុសសាយជានិច្ចថា មានការកំផិតកើតឡើង ក្នុងពួកអ្នករាល់គ្នាពិត ជាការកំផិតម៉្យាង ដែលមិនដែលទាំងមានឮនិយាយក្នុងសាសន៍ដទៃផង គឺថា មានមនុស្សម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួន ២តែអ្នករាល់គ្នានៅតែមានចិត្តធំ ឥតកើតទុក្ខព្រួយ ដើម្បីនឹងដកអ្នកដែលប្រព្រឹត្តការនោះ ឲ្យថយចេញពីចំណោមអ្នករាល់គ្នាឡើយ ៣ឯខ្ញុំទោះបើមិននៅជាមួយខាងសាច់ឈាមក៏មែន គង់តែនៅជាមួយខាងឯវិញ្ញាណ ខ្ញុំក៏បានកាត់ទោសដល់អ្នកដែលប្រព្រឹត្តដូច្នោះហើយ ហាក់ដូចជាបាននៅជាមួយគ្នាដែរ ៤គឺក្នុងកាលដែលអ្នករាល់គ្នា នឹងវិញ្ញាណខ្ញុំបានប្រជុំគ្នា ព្រមទាំងមានព្រះចេស្តានៃព្រះអម្ចាស់យេស៊ូវនៃយើងផង នោះខ្ញុំបានកាត់ទោសអ្នកនោះ ដោយនូវព្រះនាមព្រះយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ៥ដើម្បីនឹងបញ្ជូនមនុស្សយ៉ាងនោះទៅអារក្សសាតាំង ឲ្យបំផ្លាញនិស្ស័យសាច់ឈាមគេ ប្រយោជន៍ឲ្យព្រលឹងវិញ្ញាណបានសង្គ្រោះ ក្នុងថ្ងៃនៃព្រះអម្ចាស់យេស៊ូវវិញ ៦សេចក្តីអំនួតរបស់អ្នករាល់គ្នាមិនល្អទេ តើមិនដឹងថា ដំបែតែបន្តិច អាចនឹងធ្វើឲ្យម្សៅទាំងអស់ដោរឡើងបានទេឬអី ៧ចូរសំអាតដំបែចាស់ចេញ ដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជាដុំម្សៅថ្មីវិញ ដ្បិតអ្នក្នរាល់គ្នាបានឥតដំបែហើយ ព្រោះព្រះគ្រីស្ទដ៏ជាយញ្ញបូជានៃបុណ្យរំលង នោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយ ៨បានជាត្រូវឲ្យយើងធ្វើបុណ្យនេះដោយឥតមានដំបែ គឺដោយសេចក្តីស្មោះត្រង់ នឹងសេចក្តីពិតវិញ មិនមែនដោយដំបែចាស់ ឬនឹងដំបែជាសេចក្តីអាក្រក់ នឹងសេចក្តីកំណាចនោះទៀតឡើយ។

៩ខ្ញុំបានធ្វើសំបុត្រផ្ញើមកប្រាប់អ្នករាល់គ្នាថា កុំឲ្យភប់ប្រសព្វនឹងមនុស្សកំផិតឡើយ ១០តែពាក្យនោះមិនសំដៅចំពោះមនុស្សកំផិតរបស់ផងលោកីយនេះ ឬមនុស្សលោភ មនុស្សប្លន់កំហែង ឬមនុស្សថ្វាយបង្គំរូបព្រះនោះទេ ដ្បិតបើដូច្នោះ នោះត្រូវតែចេញឲ្យផុតពីលោកីយនេះទៅ ១១គឺខ្ញុំបានសរសេរមកអ្នក្នរាល់គ្នា ដោយន័យយ៉ាងនេះថា បើមានអ្នកណានៅក្នុងពួកជំនុំ ជាមនុស្សកំផិតឬលោភ ឬថ្វាយបង្គំរូបព្រះ ឬជេរប្រមាថ ជាអ្នកប្រមឹកឬប្លន់កំហែង នោះមិនត្រូវឲ្យភប់ប្រសព្វនឹងគេឡើយ ក៏មិនត្រូវទាំងបរិភោគជាមួយនឹងគេផង ១២ដ្បិតតើត្រូវការអ្វីឲ្យខ្ញុំជំនុំជំរះដល់មនុស្សខាងក្រៅ តើអ្នករាល់គ្នាមិនជំនុំជំរះមនុស្សក្នុងពួកជំនុំទេឬអី ១៣ឯចំណែកពួកអ្នកខាងក្រៅ នោះព្រះនឹងជំនុំជំរះគេ ហើយត្រូវឲ្យអ្នករាល់គ្នាបណ្តេញមនុស្សអាក្រក់នោះ ពីពួកអ្នករាល់គ្នាចេញ។៦ ១ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានរឿងទាស់នឹងអ្នកឯទៀត តើហ៊ានប្តឹងដល់ពួកមនុស្សទុច្ចរិត មិនប្តឹងដល់ពួកបរិសុទ្ធវិញទេឬអី ២តើមិនដឹងថា ពួកបរិសុទ្ធនឹងជំនុំជំរះលោកីយដែរទេឬដូច្នេះ បើអ្នករាល់គ្នានឹងជំនុំជំរះលោកីយបាន នោះតើមិនគួរនឹងជំនុំជំរះការណ៍តូចបំផុតនេះបានដែរទេឬអី ៣តើមិនដឹងថា យើងរាល់គ្នានឹងជំនុំជំរះ ដល់ទាំងពួកទេវតាផងទេឬអី ដូច្នេះ ចំណង់បើការណ៍នៅជីវិតនេះ តើលើសជាងអម្បាលម៉ានទៅទៀត ៤ចុះបើអ្នករាល់គ្នាមារឿងអ្វីពីជីវិតនេះ នោះតើនឹងយកមនុស្ស ដែលពួកជំនុំរាប់អានតិចជាងគេ ឲ្យបានជំនុំជំរះរឿងនោះឬអី ៥ដែលខ្ញុំនិយាយដូច្នេះនេះ គឺដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីខ្មាសវិញ តើគ្មានអ្នកមានប្រាជ្ញាណាក្នុងពួកអ្នករាល់គ្នា សូម្បីតែមួយ ដែលអាចនឹងជំនុំជំរះរឿងដែលពួកបងប្អូនប្តឹងប្តល់គ្នាទេឬអី ៦បានជាពួកបងប្អូនកើតក្តីនឹងគ្នា ហើយនៅមុខពួកអ្នកដែលមិនជឿផងដូច្នេះ ៧យ៉ាងនោះ មានពេញជាការកំហុស ក្នុងពួកអ្នករាល់គ្នាហើយ គឺដែលគ្រាន់តែកើតក្តីនឹងគ្នាទៅវិញទៅមកនោះឯង ហេតុអ្វីបានជាមិនស៊ូទ្រាំក្នុងការអាក្រក់នោះ ហើយមិនស៊ូទ្រាំឲ្យគេបំបាត់អ្នកវិញ ៨តែអ្នករាល់គ្នាធ្វើបាប ហើយបំបាត់គេ ទាំងប្រព្រឹត្តដូច្នោះនឹងពួកបងប្អូនផង ៩តើមិនដឹងថា ពួកមនុស្សទុច្ចរិតមិនដែលបានគ្រងនគរព្រះទុកជាមរដកទេឬអី កុំឲ្យច្រឡំឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសំរេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង ១០ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះតិះដៀល នឹងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ ១១ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ តែបានលាងស្អាតហើយ ក៏បានញែកជាបរិសុទ្ធ ហើយរាប់ជាសុចរិតផង ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវ នឹងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា។

១២ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ការទាំងអស់បាន ប៉ុន្តែមិនមែនការទាំងនោះមានប្រយោជន៍ទាំងអស់ទេ ខ្ញុំមានច្បាប់នឹងធ្វើគ្រប់ទាំងអស់បានមែន ប៉ុន្តែខ្ញុំមិនព្រមចុះចូលក្នុងអំណាចនៃការណាមួយនោះសោះ ១៣ឯចំណីអាហារ នោះសំរាប់ក្រពះ ហើយក្រពះក៏សំរាប់ចំណីអាហារដែរ តែព្រះទ្រង់នឹងឲ្យទាំង២យ៉ាងសាបសូន្យទៅ ឯរូបកាយ មិនមែនសំរាប់ការកំផិតទេ គឺសំរាប់តែព្រះអម្ចាស់វិញ ហើយព្រះអម្ចាស់ក៏សំរាប់រូបកាយដែរ ១៤ព្រះទ្រង់បានទាំងប្រោសឲ្យព្រះអម្ចាស់រស់ឡើងវិញ ហើយនឹងប្រោសឲ្យយើងរាល់គ្នារស់ឡើងដែរ ដោយសារព្រះចេស្តានៃទ្រង់ ១៥តើមិនដឹងថា រូបកាយអ្នករាល់គ្នា ជាអវយវៈរបស់ព្រះគ្រីស្ទទេឬអី ដូច្នេះ តើខ្ញុំនឹងយកអវយវៈរបស់ព្រះគ្រីស្ទ ឲ្យទៅធ្វើជាអវយវៈរបស់ស្រីសំផឹងវិញឬ ទេ មិនត្រូវឡើយ ១៦ចុះតើអ្នករាល់គ្នាមិនដឹងទេឬអីថា អ្នកណាដែលទៅសេពសម្ភពនឹងស្រីសំផឹង នោះជារូបសាច់តែ១ផងគ្នា ដ្បិតព្រះទ្រង់មានបន្ទូលថា «អ្នកទាំង២នឹងទៅជាសាច់តែ១» ១៧ឯអ្នកដែលនៅជាប់នឹងព្រះអម្ចាស់ នោះក៏ជាវិញ្ញាណតែ១នឹងទ្រង់ដែរ ១៨ចូររត់ពីការសហាយស្មន់ចេញ គ្រប់ទាំងអំពើបាបណាដែលមនុស្សប្រព្រឹត្ត នោះនៅខាងក្រៅរូបកាយទេ តែអ្នកណាដែលសហាយស្មន់គ្នា នោះឈ្មោះថាធ្វើបាបដល់រូបកាយខ្លួនឯងផង ១៩តើមិនដឹងទេឬអីថា រូបកាយអ្នករាល់គ្នាជាវិហារនៃព្រះវិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាបានទទួលមកពីព្រះ ហើយអ្នករាល់គ្នាមិនមែនជារបស់ផងខ្លួនទេ ២០ដ្បិតព្រះទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ ចូរដំកើងព្រះនៅក្នុងរូបកាយ ហើយក្នុងវិញ្ញាណនៃអ្នករាល់គ្នា ដែលជារបស់ផងទ្រង់ចុះ។៧ ១ឯសេចក្តីដែលអ្នករាល់គ្នាបានផ្ញើទៅសួរខ្ញុំ នោះខ្ញុំយល់ឃើញថា បើមនុស្សប្រុសមិនដែលប៉ះពាល់នឹងស្រីសោះ នោះល្អជាជាង ២តែ ដោយព្រោះមានការសហាយស្មន់កើតឡើង បានជាគួរឲ្យគ្រប់គ្នាមានប្រពន្ធជារបស់ផងខ្លួនវិញ ហើយគ្រប់ទាំងស្រីក៏ត្រូវមានប្តីជារបស់ផងខ្លួនដែរ ៣ត្រូវឲ្យប្តីប្រព្រឹត្តនឹងប្រពន្ធដោយចិត្តសប្បុរស ហើយត្រូវឲ្យប្រពន្ធប្រព្រឹត្តនឹងប្តីក៏ដូច្នោះដែរ ៤ប្រពន្ធមិនមែនជាម្ចាស់លើរូបកាយខ្លួនឯងទេ គឺជាប្តីវិញ ហើយប្តីក៏មិនមែនជាម្ចាស់លើរូបកាយខ្លួនឯងដែរ គឺជាប្រពន្ធវិញ ៥ដូច្នេះ កុំឲ្យបង្អត់គ្នាឡើយ លើកតែស្រុះចិត្តគ្នាក្នុង១ពេល ដើម្បីឲ្យបានទំនេរនឹងអធិស្ឋាន រួចត្រូវវិលមកនៅជាមួយគ្នាវិញ ក្រែងអារក្សសាតាំងល្បួងលួងអ្នករាល់គ្នា ដោយមិនចេះអត់ទ្រាំ ៦ប៉ុន្តែ ខ្ញុំនិយាយសេចក្តីនេះដោយអធ្យាស្រ័យទេ មិនមែនដោយបង្គាប់ឡើយ ៧ខ្ញុំចូលចិត្តឲ្យគ្រប់មនុស្សទាំងអស់បានដូចជាខ្ញុំ តែគ្រប់គ្នាមានអំណោយទានមកពីព្រះផ្សេងគ្នារៀងខ្លួន គឺម្នាក់យ៉ាងនេះ ម្នាក់យ៉ាងនោះ ៨ខ្ញុំក៏និយាយចំពោះនឹងពួកក្រមុំ កំឡោះ ហើយនឹងពួកមេម៉ាយថា បើគេនៅដូចជាខ្ញុំ នោះល្អហើយ ៩ប៉ុន្តែ បើអ្នកទាំងនោះអត់ទ្រាំមិនបាន នោះចូរយកប្តីប្រពន្ធចុះ ដ្បិតដែលយកប្តីប្រពន្ធ នោះជាជាងទ្រាំឲ្យមានសេចក្តីរោលរាលវិញ ១០ឯខាងអ្នកដែលមានប្តីប្រពន្ធហើយ នោះខ្ញុំនឹងបង្គាប់ដែរ តែមិនគឺខ្ញុំ គឺជាព្រះអម្ចាស់វិញ ទ្រង់បង្គាប់ថា កុំឲ្យប្រពន្ធលែងប្តីឡើយ ១១ឬបើបានលែងប្តីហើយ នោះចូរនៅជាឥតប្តីទៅចុះ ឬឲ្យជានឹងប្តីខ្លួនវិញទៅ ហើយឯប្តី ក៏កុំឲ្យលែងប្រពន្ធខ្លួនដែរ។

១២ឯមនុស្សឯទៀត មិនមែនព្រះអម្ចាស់មានបន្ទូលទេ គឺខ្លួនខ្ញុំនិយាយថា បើបងប្អូនណាមានប្រពន្ធដែលមិនជឿ តែព្រមនៅជាមួយនឹងខ្លួន នោះមិនត្រូវលះចោលនាងឡើយ ១៣ហើយស្ត្រីណាមានប្តីដែលមិនជឿ តែព្រមនៅជាមួយនឹងនាង នោះក៏មិនត្រូវឲ្យនាងលះចោលគេដែរ ១៤ដ្បិតប្តីដែលមិនជឿ នោះបានរាប់ជាស្អាតដោយសារប្រពន្ធ ហើយប្រពន្ធដែលមិនជឿក៏ដោយសារប្តីដែរ ពុំនោះ កូនចៅគេមិនស្អាតទេ តែឥឡូវនេះ វាស្អាតហើយ ១៥តែបើអ្នកដែលមិនជឿគេដកខ្លួនចេញ នោះឲ្យគេចេញចុះ យ៉ាងនោះ បងប្អូនប្រុសឬស្រី នឹងមិននៅជាប់ចំណងទៀតទេ ប៉ុន្តែ ព្រះទ្រង់បានហៅយើងរាល់គ្នា ឲ្យមានសេចក្តីមេត្រីនឹងគ្នាវិញ ១៦ដ្បិតឱស្ត្រីអើយ ប្រហែលជានាងនឹងសង្គ្រោះប្តីបានទេដឹង ឬបុរសអើយ ប្រហែលជាអ្នកនឹងសង្គ្រោះប្រពន្ធបានដែរទេដឹង ១៧តែត្រូវឲ្យគ្រប់គ្នាដើរតាមដែលព្រះអម្ចាស់បានចែកឲ្យ ហើយតាមដែលព្រះបានហៅមករៀងខ្លួន ខ្ញុំក៏តាំងរបៀបយ៉ាងដូច្នេះ ក្នុងគ្រប់ទាំងពួកជំនុំដែរ ១៨បើទ្រង់បានហៅអ្នកណាដែលកាត់ស្បែកហើយ កុំឲ្យអ្នកនោះត្រឡប់ដូចជាមិនកាត់ស្បែកវិញឡើយ បើទ្រង់ហៅអ្នកណាដែលមិនបានកាត់ស្បែក កុំឲ្យអ្នកនោះកាត់ស្បែកឲ្យសោះ ១៩ព្រោះការកាត់ស្បែកមិនជាអ្វីទេ ឬដែលមិនកាត់ស្បែក នោះក៏មិនជាអ្វីដែរ តែដែលមានប្រយោជន៍ នោះគឺស្រេចនឹងកាន់តាមបញ្ញត្តរបស់ព្រះវិញ ២០បើមនុស្សមានសណ្ឋានជាយ៉ាងណាក្នុងកាលដែលព្រះទ្រង់ហៅ នោះឲ្យប្រព្រឹត្តតាមសណ្ឋាននោះចុះ ២១កាលទ្រង់ហៅអ្នកមក តើអ្នកជាបាវបំរើគេឬអី កុំឲ្យព្រួយពីសេចក្តីនោះឡើយ តែបើអាចនឹងដោះខ្លួនរួច នោះស៊ូដោះខ្លួនចេញទៅ ២២ដ្បិតអ្នកណាដែលធ្វើជាបាវបំរើគេ ក្នុងកាលដែលព្រះអម្ចាស់ហៅមក នោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលទ្រង់ហៅមក នោះជាបាវបំរើនៃព្រះគ្រីស្ទវិញ ២៣ទ្រង់បានចេញថ្លៃលោះអ្នករាល់គ្នាហើយ ដូច្នេះ កុំឲ្យត្រឡប់ជាបាវបំរើរបស់មនុស្សទៀតឡើយ ២៤បងប្អូនអើយ អ្នករាល់គ្នាមានសណ្ឋានយ៉ាងណា ក្នុងកាលដែលព្រះទ្រង់ហៅមក នោះឲ្យប្រព្រឹត្តតាមសណ្ឋាននោះ នៅចំពោះទ្រង់ចុះ។

២៥ឯត្រង់ពួកស្រីក្រមុំៗ ខ្ញុំគ្មានទទួលសេចក្តីបង្គាប់ពីព្រះអម្ចាស់មកទេ តែខ្ញុំសំដែងដោយគំនិតខ្ញុំ ទុកដូចជាបានទទួលសេចក្តីមេត្តាករុណាមកពីព្រះអម្ចាស់ ឲ្យបានគួរជឿដែរ ២៦ដូច្នេះ ដោយព្រោះគ្រាលំបាកនេះ ខ្ញុំស្មានជាយ៉ាងនេះបានស្រួល គឺថាគួរឲ្យមនុស្សនៅតែដដែលវិញ ២៧តើជាប់មានប្រពន្ធឬអី កុំឲ្យរកផ្លូវនឹងលែងគ្នាឡើយ បើមិនទាន់ជាប់មានប្រពន្ធនៅឡើយ នោះក៏កុំឲ្យរកប្រពន្ធដែរ ២៨ប៉ុន្តែ បើអ្នកបានយកប្រពន្ធហើយ នោះមិនមែនហៅថាមានបាបទេ ហើយបើស្ត្រីក្រមុំណាយកប្តីហើយ នាងនោះក៏មិនមែនហៅថាមានបាបដែរ តែពួកអ្នកយ៉ាងនោះនឹងមានសេចក្តីទុក្ខព្រួយខាងសាច់ឈាម ណ្ហើយ ខ្ញុំឈប់ស្លេះប៉ុណ្ណេះចុះ ដោយព្រោះអាណិតដល់អ្នករាល់គ្នា។ ២៩បងប្អូនអើយ ខ្ញុំប្រាប់សេចក្តីនេះថា ពេលវេលាចង្អៀតណាស់ហើយ ពីនេះទៅមុខ គួរតែឲ្យពួកអ្នកដែលមានប្រពន្ធ បាននៅដូចជាគ្មានវិញ ៣០ពួកដែលយំ ដូចជាមិនយំ ពួកដែលអរសប្បាយ ដូចជាមិនអរសប្បាយ ពួកដែលទិញ ដូចជាគ្មានអ្វីសោះ ៣១ហើយពួកអ្នកដែលប្រើប្រាសលោកីយនេះ ដូចជាមិនប្រើហួសខ្នាតទេ ដ្បិតគំរូនៃលោកីយនេះតែងតែផ្លាស់ទៅ ៣២ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានរួចពីសេចក្តីកង្វល់ ឯអ្នកដែលគ្មានប្រពន្ធ នោះតែងរវល់តែនឹងការរបស់ព្រះអម្ចាស់ ដែលនឹងធ្វើដូចម្តេចឲ្យទ្រង់សព្វព្រះហឫទ័យប៉ុណ្ណោះ ៣៣តែអ្នកណាដែលមានប្រពន្ធ នោះតែងរវល់នឹងការនៅលោកីយនេះវិញ ដែលនឹងធ្វើដូចម្តេច ឲ្យប្រពន្ធបានពេញចិត្ត ៣៤ស្ត្រីមានប្តី នឹងស្ត្រីក្រមុំក៏ខុសពីគ្នាយ៉ាងនោះដែរ គឺស្ត្រីដែលគ្មានប្តី នោះតែងរវល់នឹងការរបស់ព្រះអម្ចាស់ ឲ្យបានបរិសុទ្ធទាំងខ្លួនប្រាណ នឹងព្រលឹងវិញ្ញាណផង តែស្ត្រីណាដែលមានប្តី នោះតែងរវល់នឹងការនៅលោកីយនេះវិញ ដែលនឹងធ្វើដូចម្តេចឲ្យប្តីបានពេញចិត្ត ៣៥ដែលខ្ញុំនិយាយសេចក្តីនេះ នោះសំរាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា មិនមែនជាការដាក់អន្ទាក់រូតនៅមុខអ្នករាល់គ្នាទេ គឺសំរាប់ការដែលគួរគប្បី ហើយឲ្យអ្នករាល់គ្នាបានឧស្សាហ៍បំរើព្រះអម្ចាស់ ឥតមានសេចក្តីណានាំឲ្យទាស់ចិត្តឡើយ ៣៦បើមានអ្នកណាស្មានថា មិនគួរគប្បីចំពោះកូនក្រមុំ ដែលហួសអាយុគ្រប់ការហើយ ក៏មានសេចក្តីបង្ខំក្នុងការនោះដែរ នោះឲ្យឪពុកធ្វើតាមចិត្តទៅ គឺឲ្យកូនយកប្តីចុះ គ្មានបាបទេ ៣៧តែឪពុកអ្នកណាដែលមានចិត្តដាច់ ឥតមានសេចក្តីបង្ខំទេ គឺមានអំណាចនឹងសំរេចដោយខ្លួនឯងបាន ហើយបានតាំងចិត្តថា នឹងទុកកូនឲ្យនៅជាក្រមុំដរាបទៅ នោះក៏ស្រួលហើយ ៣៨បានជាអ្នកដែលឲ្យកូនទៅគេ ក៏បានប្រព្រឹត្តល្អ ហើយអ្នកដែលមិនឲ្យកូនទៅគេ នោះក៏ប្រព្រឹត្តល្អជាងទៅទៀត ៣៩កាលប្តីនៅរស់នៅឡើយ នោះប្រពន្ធត្រូវតែជាប់នៅក្នុងចំណងរបស់ប្តីជាដរាប តែបើកាលណាប្តីស្លាប់ទៅ នោះនាងមានច្បាប់នឹងយកប្តីបានតាមចិត្ត ឲ្យតែយកក្នុងព្រះអម្ចាស់ ៤០ប៉ុន្តែ តាមគំនិតខ្ញុំយល់ថា បើនាងនោះនៅតែមេម៉ាយតទៅ នោះនាងបានសប្បាយជាងហើយខ្ញុំស្មានថា ខ្ញុំមានវិញ្ញាណនៃព្រះដែរ។៨ ១ឯត្រង់ភោជនាហារ ដែលបានថ្វាយទៅរូបព្រះនោះយើងរាល់គ្នាដឹងថា (ដ្បិតយើងទាំងអស់គ្នាមានចំណេះ រីឯចំណេះ នោះនាំឲ្យចិត្តប៉ោងឡើង តែសេចក្តីស្រឡាញ់ស្អាងចិត្តឡើងវិញ ២បើអ្នកណាស្មានថាខ្លួនចេះអ្វី នោះមិនទាន់បានចេះតាមដែលគួរចេះនៅឡើយទេ ៣តែបើអ្នកណាស្រឡាញ់ព្រះទ្រង់ក៏ស្គាល់អ្នកនោះ) ៤ឯដំណើរបរិភោគភោជនាហារ ដែលបានថ្វាយទៅរូបព្រះ នោះយើងដឹងថា ក្នុងលោកីយនេះ រូបព្រះមិនជាអ្វីទេ ហើយថាគ្មានព្រះណាទៀត ក្រៅពីព្រះតែ១ឡើយ ៥ដ្បិតថ្វីបើមានអ្វីដែលហៅថាព្រះ ទោះនៅលើមេឃ ឬនៅផែនដីក្តី ដូចជាមានព្រះជាច្រើន នឹងម្ចាស់ជាច្រើនមែន ៦គង់តែខាងយើង មានព្រះតែ១ប៉ុណ្ណោះ គឺជាព្រះវរបិតា ដែលរបស់សព្វសារពើកើតមកពីទ្រង់ ហើយយើងរាល់គ្នាក៏សំរាប់ទ្រង់ ក៏មានព្រះអម្ចាស់តែ១គឺជាព្រះយេស៊ូវគ្រីស្ទ ដែលរបស់សព្វសារពើកើតមកដោយសារទ្រង់ ហើយយើងក៏ដោយសារទ្រង់ដែរ ៧តែមនុស្សទាំងអស់គ្មានចំណេះនេះទេ មានអ្នកខ្លះនៅតែកោតខ្លាចចំពោះរូបព្រះ ហើយគេបរិភោគភោជនាហារទាំងនោះ ទុកដូចជាដង្វាយថ្វាយទៅរូបព្រះលុះមកដល់សព្វថ្ងៃនេះ ម៉្លោះហើយ បញ្ញាចិត្តគេដែលខ្សោយ នោះត្រូវស្មោកគ្រោកទៅវិញ ៨ប៉ុន្តែ ចំណីអាហារ មិនមែនជាគ្រឿង ដែលនាំឲ្យព្រះរាប់អានយើងទេ ដ្បិតបើយើងបរិភោគ នោះមិនមែនមានបំណាច់អ្វី ហើយបើមិនបរិភោគទេ នោះយើងក៏មិនខ្វះអ្វីដែរ ៩តែត្រូវប្រយ័ត ក្រែងអំណាចយើងនេះ បានបង្កើតជាហេតុនាំឲ្យពួកកំសោយជំពប់ដួល ១០ដ្បិត បើអ្នកណាឃើញអ្នកឯងដែលមានចំណេះ កំពុងតែអង្គុយបរិភោគ ក្នុងវិហារមានរូបព្រះ នោះតើមិនបានកំឡាចិត្តអ្នកកំសោយ ឲ្យបរិភោគដង្វាយដែលបានថ្វាយដល់រូបព្រះដែរទេឬអី ១១ដូច្នេះ បងប្អូនកំសោយ ដែលព្រះគ្រីស្ទបានសុគតជំនួស គេនឹងត្រូវវិនាសដោយសារ ចំណេះរបស់អ្នកវិញ ១២យ៉ាងនោះដែលធ្វើបាបនឹងពួកបងប្អូន ហើយធ្វើឲ្យបញ្ញាចិត្តកំសោយរបស់គេត្រូវរបួស នោះឈ្មោះថាធ្វើបាបនឹងព្រះគ្រីស្ទដែរ ១៣ហេតុដូច្នេះ បើសិនជាចំណីអាហារអ្វី នាំឲ្យបងប្អូនខ្ញុំជំពប់ដួល នោះខ្ញុំមិនព្រមទទួលទានចំណីអាហារនោះជាដរាបតទៅ ក្រែងបងប្អូនខ្ញុំជំពប់ដួល។៩ ១តើខ្ញុំមិនមែនជាសាវកទេឬអី តើខ្ញុំមិនមែនជាអ្នកមានសេរីភាពទេឬអី តើខ្ញុំមិនបានឃើញព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាទេឬអី តើអ្នករាល់គ្នាមិនមែនជាស្នាដៃ ដែលខ្ញុំធ្វើក្នុងព្រះអម្ចាស់ទេឬអី ២បើខ្ញុំមិនមែនជាសាវកដល់មនុស្សឯទៀត ក៏គង់តែជាសាវកដល់អ្នករាល់គ្នាដែរ ដ្បិតអ្នករាល់គ្នាជាភស្តុតាង ពីការងារជាសាវករបស់ខ្ញុំក្នុងព្រះអម្ចាស់ ៣ឯសេចក្តីដោះសារបស់ខ្ញុំនៅមុខពួកអ្នកដែលចោទប្រកាន់ខ្ញុំ ៤នោះគឺថា តើយើងខ្ញុំគ្មានច្បាប់នឹងទទួលទានទេឬអី ៥តើគ្មានច្បាប់នឹងនាំសិស្សស្រីម្នាក់ ជាប្រពន្ធយើងខ្ញុំ ទៅជាមួយ ដូចជាសាវកឯទៀត នឹងបងប្អូនព្រះអម្ចាស់ ហើយកេផាសដែរទេឬអី ៦ឬមួយ តើមានតែខ្ញុំ នឹងបាណាបាស ដែលគ្មានច្បាប់នឹងលែងធ្វើការរកស៊ីឬអី ៧ចុះតើដែលមានអ្នកណាធ្វើជាទាហាន ហើយចាយតែប្រាក់ខ្លួនឯងឬទេ តើដែលមានអ្នកណាដាំចំការទំពាំងបាយជូរ រួចមិនបរិភោគផលពីចំការនោះ ឬដែលមានអ្នកណាឃ្វាលហ្វូងសត្វ ឥតផឹកទឹកដោះវាឬទេ ៨ដែលខ្ញុំនិយាយសេចក្តីទាំងនេះ នោះតើតាមតែរបៀបមនុស្សប៉ុណ្ណោះ ឯក្រិត្យវិន័យ តើមិនថាដូច្នេះដែរទេឬ ៩ដ្បិតមានសេចក្តីចែងទុកមក ក្នុងក្រិត្យវិន័យលោកម៉ូសេថា «កុំឲ្យឃ្លុំមាត់របស់គោ ដែលបញ្ជាន់ស្រូវឡើយ» នោះតើព្រះទ្រង់គិតដល់គោតែប៉ុណ្ណោះ ១០ឬទ្រង់មានបន្ទូលដូច្នោះចំពោះដល់យើងរាល់គ្នាដែរ គឺដោយព្រោះតែយើងរាល់គ្នាហើយ បានជាសេចក្តីនោះបានចែងទុកមក ដើម្បីឲ្យអ្នកណាដែលភ្ជួររាស់ បានភ្ជួររាស់ដោយសង្ឃឹម ហើយអ្នកណាដែលបញ្ជាន់ដោយសង្ឃឹម នោះនឹងបានតាមសេចក្តីសង្ឃឹមនោះឯង ១១បើសិនជាយើងខ្ញុំបានសាបព្រោះរបស់ខាងព្រលឹងវិញ្ញាណ នៅក្នុងពួកអ្នករាល់គ្នា ហើយច្រូតបានរបស់អ្នករាល់គ្នាខាងសាច់ឈាមវិញ នោះតើច្រើនហួសពេកឬអី ១២បើអ្នកឯទៀតមានអំណាចនោះលើអ្នករាល់គ្នា នោះតើយើងខ្ញុំមិនត្រូវមានលើសជាងគេទៅទៀតទេឬអី ប៉ុន្តែ យើងខ្ញុំមិនបានប្រើអំណាចនោះទេ យើងខ្ញុំបានទ្រទ្រង់ទាំងអស់វិញ ដើម្បីមិនឲ្យដំណឹងល្អនៃព្រះគ្រីស្ទត្រូវបង្អាក់ឡើយ ១៣តើមិនដឹងទេឬអី ថាពួកអ្នកដែលធ្វើការព្រះ គេបរិភោគដោយសារព្រះវិហារ ហើយពួកអ្នកដែលបំរើអាសនា ក៏បានចំណែកពីអាសនាដែរ។

១៤ព្រះអម្ចាស់ទ្រង់ក៏បង្គាប់ ឲ្យពួកអ្នកដែលផ្សាយដំណឹងល្អ បានរស់ដោយសារដំណឹងល្អដូច្នោះដែរ ១៥តែខ្ញុំមិនបានប្រើអំណាចណា១នេះទេ ខ្ញុំក៏មិនបានសរសេរសេចក្តីទាំងនេះ ដោយប្រាថ្នាចង់ឲ្យគេប្រព្រឹត្តយ៉ាងនោះដល់ខ្លួនខ្ញុំដែរ ខ្ញុំស៊ូតែស្លាប់វិញ ជាជាងឲ្យសេចក្តីអំនួតរបស់ខ្ញុំនេះត្រូវវិនាស ១៦ពីព្រោះបើខ្ញុំផ្សាយដំណឹងល្អទៅ នោះមិនមែនជាហេតុឲ្យខ្ញុំអួតខ្លួនទេ ដ្បិតខ្ញុំជាប់ក្នុងសេចក្តីបង្ខំ បើខ្ញុំមិនផ្សាយដំណឹងល្អវិញ នោះវរដល់ខ្ញុំហើយ ១៧បើខ្ញុំធ្វើដោយស្ម័គ្រពីចិត្ត នោះខ្ញុំបានរង្វាន់ តែបើធ្វើទាំងទើសទ័ល នោះគង់តែមានការងារចែកចាយផ្ញើទុកនឹងខ្ញុំដែរ ១៨ដូច្នេះ តើរង្វាន់ខ្ញុំជាយ៉ាងណា គឺឲ្យតែខ្ញុំបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទ ដោយឥតយកថ្លៃប៉ុណ្ណោះ ដើម្បីកុំឲ្យខ្ញុំបានប្រើអំណាចខ្លួន ក្នុងដំណឹងល្អហួសល្បត់ឡើយ ១៩ដ្បិតទោះបើខ្ញុំមិនជាប់បំរើអ្នកណាសោះក៏ដោយ គង់តែខ្ញុំបានត្រឡប់ទៅជាអ្នកបំរើដល់មនុស្សទាំងអស់វិញ ដើម្បីឲ្យបានមនុស្សជាច្រើនទៅទៀត ២០ខ្ញុំបានត្រឡប់ដូចជាសាសន៍យូដា ដល់ពួកសាសន៍យូដា ដើម្បីឲ្យបានពួកយូដា ហើយដូចជានៅក្រោមបន្ទុកក្រិត្យវិន័យ ដល់ពួកអ្នកដែលនៅក្រោមបន្ទុកក្រិត្យវិន័យ (តែខ្ញុំមិនមែននៅក្រោមបន្ទុកក្រិត្យវិន័យទេ) ដើម្បីឲ្យបានពួកអ្នក ដែលនៅក្នុងបន្ទុកក្រិត្យវិន័យ ២១ហើយដូចជាឥតក្រិត្យវិន័យដល់ពួកអ្នកដែលគ្មានក្រិត្យវិន័យ (មិនមែនថាខ្ញុំឥតក្រិត្យវិន័យរបស់ព្រះទេ គឺខ្ញុំនៅក្នុងក្រិត្យវិន័យព្រះគ្រីស្ទវិញ) ដើម្បីឲ្យបានពួកអ្នកដែលគ្មានក្រិត្យវិន័យដែរ ២២ខ្ញុំបានត្រឡប់ដូចជាខ្សោយដល់ពួកអ្នកកំសោយ ដើម្បីឲ្យបានពួកកំសោយគឺបានត្រឡប់ជាគ្រប់សណ្ឋានទាំងអស់ ដល់មនុស្សទាំងអស់ ប្រយោជន៍ឲ្យបានសង្គ្រោះដល់អ្នកខ្លះ ដោយសារសណ្ឋានទាំងនោះឯង ២៣ខ្ញុំធ្វើការទាំងនោះ ដោយយល់ដល់តែដំណឹងល្អ ដើម្បីឲ្យខ្ញុំបានចំណែកជាមួយគ្នាក្នុងដំណឹងល្អ។

២៤តើអ្នករាល់គ្នាមិនដឹងទេឬអី ថាពួកអ្នកដែលរត់នៅទីប្រណាំង គេរត់ទាំងអស់គ្នា ប៉ុន្តែ មានតែ១ទេដែលបានរង្វាន់ ដូច្នេះ ចូររត់បែបឲ្យបានរង្វាន់ចុះ ២៥ហើយអស់អ្នកដែលតយុទ្ធគ្នា គេខំអត់សង្កត់ចិត្តគ្រប់ជំពូក គឺធ្វើដូច្នោះ ដើម្បីឲ្យបានតែភួងជ័យដែលត្រូវពុករលួយ តែយើងរាល់គ្នាវិញ គឺឲ្យបានមកុដ១ ដែលមិនចេះពុករលួយឡើយ ២៦បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ ២៧គឺខ្ញុំវាយដំរូបកាយខ្ញុំ ទាំងបង្ខំឲ្យចុះចូល ក្រែងក្រោយដែលខ្ញុំបានប្រដៅមនុស្សឯទៀតហើយ នោះខ្លួនខ្ញុំត្រូវចោលចេញវិញ។១០ ១បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ពីដំណើរពួកឰយុកោយើងទេ ថាគេបាននៅក្រោមពពកទាំងអស់គ្នា ហើយគ្រប់គ្នាបានដើរកាត់សមុទ្រ ២គ្រប់គ្នាបានទទួលបុណ្យជ្រមុជក្នុងពពក ហើយក្នុងសមុទ្រនោះឲ្យបានតាមលោកម៉ូសេ ៣គ្រប់គ្នាបានបរិភោគចំណីអាហារដដែលខាងព្រលឹងវិញ្ញាណ ៤ហើយគ្រប់គ្នាបានផឹកទឹកដដែលខាងព្រលឹងវិញ្ញាណដែរ ដ្បិតបានផឹកពីថ្មដាខាងព្រលឹងវិញ្ញាណដែលតាមគេ ឯថ្មដានោះ គឺជាព្រះគ្រីស្ទ ៥ប៉ុន្តែ ព្រះទ្រង់មិនពេញព្រះហឫទ័យនឹងគេជាច្រើនគ្នាទេ ដ្បិតគេត្រូវដួលស្លាប់រាត់រាយ នៅក្នុងទីរហោស្ថាន ៦ការទាំងនោះបានត្រឡប់ជាគំរូដល់យើង ប្រយោជន៍កុំឲ្យយើងប្រាថ្នាចង់បានសេចក្តីអាក្រក់ ដូចជាគេឡើយ ៧ឬថ្វាយបង្គំរូបព្រះ ដូចជាពួកគេខ្លះបានថ្វាយដែរ ដូចមានសេចក្តីចែងទុកមកថា «បណ្តាជនបានអង្គុយស៊ីផឹក រួចក្រោកឡើងលេងសប្បាយ» ៨ឬប្រព្រឹត្តសេចក្តីកំផិត ដូចជាពួកគេខ្លះបានប្រព្រឹត្ត ហើយមាន២ម៉ឺន៣ពាន់នាក់ បានត្រូវវិនាសក្នុង១ថ្ងៃនោះឯង ៩ឬល្បងព្រះគ្រីស្ទ ដូចជាពួកគេខ្លះបានល្បងទ្រង់ ហើយត្រូវវិនាសទៅ ដោយពស់ចឹក ១០ក៏កុំឲ្យត្អូញត្អែរ ដូចជាពួកគេខ្លះបានត្អូញត្អែរ ហើយត្រូវវិនាសដោយមេបំផ្លាញនោះឡើយ ១១រីឯការទាំងនោះ បានកើតមកដល់គេទុកជាគំរូ ហើយបានកត់ទុក សំរាប់ជាសេចក្តីទូន្មានប្រដៅ ដល់យើងរាល់គ្នា ដែលយើងនៅគ្រាចុងបំផុតនៃអស់ទាំងកល្ប ១២បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត ក្រែងលោដួល ១៣ដ្បិតគ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួង ដែលត្រូវខាងមនុស្សលោកទេ រីឯព្រះទ្រង់ក៏ស្មោះត្រង់ដែរ ទ្រង់មិនឲ្យកើតមានសេចក្តីល្បួងហួសកំឡាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទ្រាំបាន។

១៤ហេតុនោះ ឱពួកស្ងួនភ្ងាខ្ញុំអើយ ចូររត់ពីការថ្វាយបង្គំរូបព្រះចេញ ១៥ខ្ញុំនិយាយនេះ ដូចជានិយាយនឹងមនុស្សមានប្រាជ្ញា ចូរពិចារណាពីសេចក្តីដែលខ្ញុំថានេះចុះ ១៦ឯពែងដ៏មានពរ ដែលយើងសូមពរឲ្យ តើមិនមែនជាសេចក្តីប្រកបនឹងលោហិតរបស់ព្រះគ្រីស្ទទេឬអី ហើយនំប៉័ងដែលយើងកាច់ នោះតើមិនមែនជាសេចក្តីប្រកបនឹងរូបអង្គនៃព្រះគ្រីស្ទទេឬអី ១៧ដ្បិតដែលមាននំប៉័ងតែ១ដុំនោះយ៉ាងណា ចំណែកពួកយើងដែលមានគ្នាច្រើន ក៏ជារូបកាយតែ១យ៉ាងនោះដែរ ពីព្រោះយើងទាំងអស់គ្នាទទួលទានពីដុំនំប៉័ងតែមួយនោះឯង ១៨ចូរពិចារណាពីសាសន៍អ៊ីស្រាអែលខាងសាច់ឈាមចុះ ឯពួកអ្នកដែលបរិភោគយញ្ញបូជាទាំងនោះ តើមិនមានសេចក្តីប្រកបនឹងអាសនាទេឬអី ១៩ដែលខ្ញុំនិយាយដូច្នេះ តើមានន័យថា រូបព្រះជាអ្វីឬទេ ឬដង្វាយថ្វាយដល់រូបព្រះជាអ្វីឬទេ ២០មិនមែនជាអ្វីទេ ឯរបស់ដែលសាសន៍ដទៃបូជាថ្វាយនោះមិនមែនថ្វាយដល់ព្រះទេ គឺថ្វាយដល់អារក្សវិញទេតើ ហើយខ្ញុំមិនចង់ឲ្យអ្នករាល់គ្នា មានសេចក្តីប្រកបនឹងអារក្សឡើយ ២១អ្នករាល់គ្នាពុំអាចនឹងផឹកពីពែងនៃព្រះអម្ចាស់ នឹងពីពែងរបស់អារក្សផងបានទេ ក៏ពុំអាចនឹងបរិភោគនៅតុព្រះអម្ចាស់ នឹងតុរបស់អារក្សផងបានដែរ ២២ឬតើយើងចង់បណ្តាលឲ្យព្រះអម្ចាស់ទ្រង់ប្រចណ្ឌឬអី តើយើងខ្លាំងពូកែជាងទ្រង់ឬ។ ២៣មានច្បាប់ធ្វើគ្រប់ការទាំងអស់ តែគ្រប់ទាំងការគ្មានប្រយោជន៍ទេ មានច្បាប់ធ្វើគ្រប់ការទាំងអស់ តែគ្រប់ទាំងការមិនស្អាងចិត្តឡើងទេ ២៤កុំឲ្យអ្នកណាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវរកដល់អ្នកដទៃវិញ ២៥ចូរបរិភោគគ្រប់របស់ទាំងអស់ ដែលគេលក់នៅទីផ្សារ ឥតចាំបាច់ស៊ើបសួរអ្វីឡើយ ដោយយល់ដល់បញ្ញាចិត្ត ២៦ដ្បិតផែនដី នឹងរបស់ទាំងអស់នៅផែនដី សុទ្ធតែជារបស់ផងព្រះអម្ចាស់ ២៧តែបើអ្នកណាដែលមិនជឿ គេអញ្ជើញអ្នកទៅពិសា ហើយអ្នកចង់ទៅដែរ នោះត្រូវបរិភោគគ្រប់មុខដែលគេដាក់នៅមុខអ្នកចុះ ឥតចាំសួរអ្វីឡើយ ដោយយល់ដល់បញ្ញាចិត្ត ២៨ប៉ុន្តែ បើអ្នកណាប្រាប់អ្នកថា មុខនេះជាដង្វាយថ្វាយដល់រូបព្រះហើយ នោះកុំឲ្យបរិភោគឡើយ ដោយយល់ដល់អ្នកដែលប្រាប់នោះ នឹងបញ្ញាចិត្តផង ២៩ដែលខ្ញុំថា បញ្ញាចិត្តនេះ នោះមិនមែនបញ្ញាចិត្តរបស់អ្នកទេ គឺរបស់គេវិញ ដ្បិតហេតុអ្វីបានជាសេរីភាពរបស់ខ្ញុំត្រូវបញ្ញាចិត្តរបស់គេជំនុំជំរះ ៣០បើខ្ញុំទទួលទានដោយអរព្រះគុណ នោះតើហេតុអ្វីបានជាគេប្រកាន់ទោសខ្ញុំ ដោយព្រោះរបស់ដែលខ្ញុំបានអរព្រះគុណរួចហើយនោះ ៣១ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ ៣២កុំឲ្យធ្វើជាទីបង្អាក់ចិត្ត ដល់ពួកសាសន៍យូដា ឬសាសន៍ក្រេក ឬពួកជំនុំនៃព្រះឡើយ ៣៣ដូចជាខ្លួនខ្ញុំក៏ផ្គាប់ដល់ចិត្តមនុស្សគ្រប់គ្នា ក្នុងការទាំងអស់ដែរ ដោយឥតរកផលប្រយោជន៍ដល់ខ្លួនឡើយ គឺជាប្រយោជន៍ដល់មនុស្សជាច្រើនវិញ ដើម្បីឲ្យគេបានសង្គ្រោះរួច។១១១ចូរត្រាប់តាមខ្ញុំ ដូចជាខ្ញុំបានត្រាប់តាមព្រះគ្រីស្ទដែរ។ ២បងប្អូនអើយ ខ្ញុំសរសើរដល់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នានឹកចាំពីខ្ញុំ ក្នុងគ្រប់ការទាំងអស់ ហើយដោយព្រោះអ្នករាល់គ្នាកាន់តាមសេចក្តី ដែលខ្ញុំបានបង្វឹកបង្រៀនផង ៣តែខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ព្រះគ្រីស្ទជាសិរសានៃបុរសទាំងអស់ ឯបុរសវិញ នោះជាក្បាលនៃស្ត្រី ហើយសិរសានៃព្រះគ្រីស្ទ គឺជាព្រះ ៤បុរសណាដែលអធិស្ឋាន ឬអធិប្បាយទាំងមានពាក់អ្វីនៅលើក្បាល នោះឈ្មោះថាធ្វើបង្គាប់ដល់សិរសាខ្លួន ៥ឯស្ត្រីណាដែលអធិស្ឋាន ឬអធិប្បាយ ដោយមានក្បាលទទេ នោះឈ្មោះថាធ្វើបង្គាប់ដល់ក្បាលខ្លួនវិញ ដ្បិតដែលធ្វើដូច្នោះ នោះដូចជាបានកោរសក់ចេញដែរ ៦បើស្ត្រីណាមិនពាក់អ្វីនៅលើក្បាល នោះត្រូវកាត់សក់ចេញ តែបើពួកស្រីៗអៀនខ្មាសចំពោះការកាត់ ឬកោរសក់ នោះត្រូវតែមានអ្វីពាក់វិញ ៧ផ្នែកខាងពួកបុរសវិញ នោះមិនត្រូវពាក់អ្វីលើក្បាលទេ ពីព្រោះខ្លួនជាគំរូ ហើយជាសិរីល្អនៃព្រះ តែស្ត្រីជាសិរីល្អដល់បុរសវិញ ៨ដ្បិតបុរសដើមមិនបានកើតចេញពីស្ត្រីមកទេ គឺស្ត្រីបានចេញមកពីបុរសនោះវិញ ៩ព្រះក៏មិនបានបង្កើតបុរសមកសំរាប់ស្ត្រីដែរ គឺស្ត្រីសំរាប់បុរសវិញ ១០ហេតុនោះត្រូវឲ្យពួកស្ត្រីមានទីសំគាល់ ពីអំណាចរបស់ប្តី នៅលើក្បាលខ្លួន ដោយព្រោះពួកទេវតា ១១ប៉ុន្តែ ក្នុងព្រះអម្ចាស់ នោះបុរសមិនមែនជាឥតពឹងអាស្រ័យដល់ស្ត្រីឡើយ ហើយស្ត្រីក៏មិនមែនជាឥតពឹងអាស្រ័យដល់បុរសដែរ ១២ដ្បិតបុរសកើតមកដោយសារស្ត្រី ដូចជាស្ត្រីដើមបានកើតមកពីបុរសនោះដែរ តែគ្រប់របស់ទាំងអស់សំរេចកើតមកអំពីព្រះវិញ ១៣ចូរពិចារណាក្នុងខ្លួនអ្នករាល់គ្នាមើល តើគួរគប្បីឲ្យស្ត្រីអធិស្ឋានដល់ព្រះ ដោយឥតមានពាក់អីលើក្បាលឬទេ ១៤តើធម្មតាលោកមិនបង្រៀនអ្នករាល់គ្នាទេឬអីថា បើបុរសទុកសក់វែង នោះជាការបង្អាប់ដល់ខ្លួន ១៥តែបើស្ត្រីទុកសក់វែង នោះឯងជាសេចក្តីលំអដល់នាងវិញ ដ្បិតសក់វែងនោះ ទ្រង់បានប្រទានមកនាង ទុកជាប្រដាប់សំរាប់ទទូរ ១៦ប៉ុន្តែ បើមានអ្នកណាចង់ជជែកពីសេចក្តីនេះ នោះយើងរាល់គ្នាគ្មានទំលាប់យ៉ាងនោះទេ ហើយពួកជំនុំនៃព្រះក៏គ្មានដែរ។

១៧ខាងឯសេចក្តីដែលខ្ញុំប្រាប់មកក្រោយនេះ ខ្ញុំមិនសរសើរដល់អ្នករាល់គ្នាទេ ដ្បិតដែលអ្នករាល់គ្នាប្រជុំគ្នា នោះមិនមែនឲ្យបានល្អឡើងទេ គឺឲ្យបានអាក្រក់ជាងទៅវិញ ១៨ព្រោះមុនដំបូងខ្ញុំឮថា កាលណាអ្នករាល់គ្នាមូលមកក្នុងពួកជំនុំ នោះតែងមានការបែកខ្ញែកគ្នាទៅ ហើយខ្ញុំក៏បានជឿខ្លះដែរ ១៩ពីព្រោះត្រូវតែមានបក្សពួកក្នុងពួកអ្នករាល់គ្នា ដើម្បីឲ្យពួកខ្ជាប់ខ្ជួនបានសំដែងមកឲ្យស្គាល់ច្បាស់ ២០ដូច្នេះ ដែលប្រជុំគ្នានៅទីណាមួយ នោះមិនមែនប្រជុំ ដើម្បីនឹងបរិភោគលៀងបរិសុទ្ធនៃព្រះអម្ចាស់ទេ ២១ដ្បិតកាលបរិភោគ នោះគ្រប់គ្នាខំបរិភោគម្ហូបរបស់ខ្លួនឲ្យតែឆ្អែតមុនគេទៅ បានជាមានមួយនៅឃ្លាន ហើយមួយទៀតស្រវឹង ២២ចុះតើអ្នករាល់គ្នាគ្មានផ្ទះ សំរាប់ជាទីឲ្យបានបរិភោគអាហារទេឬអី ឬតើអ្នកមើលងាយដល់ពួកជំនុំនៃព្រះ ហើយចង់ធ្វើឲ្យពួកអ្នកដែលគ្មានអ្វីសោះ មានសេចក្តីខ្មាសឬអី តើគួរឲ្យខ្ញុំនិយាយនឹងអ្នករាល់គ្នាថាដូចម្តេច គួរឲ្យសរសើរឬ ខ្ញុំមិនសរសើរទេ។

២៣ដ្បិតឯសេចក្តីដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នា នោះខ្ញុំបានទទួលពីព្រះអម្ចាស់មក គឺថានៅពេលយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូន នោះទ្រង់បានយកនំប៉័ង ២៤លុះទ្រង់បានអរព្រះគុណរួចហើយ ក៏កាច់នំប៉័ងដោយបន្ទូលថា «ចូរយកពិសាចុះ នេះជារូបកាយខ្ញុំ ដែលត្រូវកាច់សំរាប់អ្នករាល់គ្នា ចូរធ្វើកិច្ចនេះទុកជាសេចក្តីរំព្ញកពីខ្ញុំចុះ»២៥លុះក្រោយដែលបានបរិភោគរួចហើយ នោះទ្រង់ក៏យកពែងបែបដូច្នោះដែរ ដោយបន្ទូលថា «ពែងនេះជាសញ្ញាថ្មី ដោយនូវឈាមខ្ញុំ ចូរធ្វើដូច្នេះរាល់វេលាណាដែលផឹក ទុកជាសេចក្តីរំព្ញកដល់ខ្ញុំ» ២៦ដ្បិតរាល់វេលាណា ដែលអ្នករាល់គ្នាបរិភោគនំប៉័ងនេះ ហើយផឹកពីពែងនេះ នោះឈ្មោះថាសំដែងពីសេចក្តីសុគតរបស់ផងព្រះអម្ចាស់ ដរាបដល់ទ្រង់យាងមក ២៧បានជាអ្នកណាដែលបរិភោគនំប៉័ងនេះ ឬផឹកពីពែងនៃព្រះអម្ចាស់បែបមិនគួរសម នោះនឹងមានទោសចំពោះរូបអង្គ ហើយនឹងព្រះលោហិតនៃព្រះអម្ចាស់ ២៨ត្រូវឲ្យមនុស្សល្បងខ្លួនឯងមើល រួចសឹមបរិភោគនំប៉័ង ហើយផឹកពីពែងនេះចុះ ២៩ដ្បិតអ្នកណាដែលបរិភោគបែបមិនគួរសម អ្នកនោះឈ្មោះថា បរិភោគជាសេចក្តីជំនុំជំរះដល់ខ្លួនវិញ ដោយព្រោះមិនពិចារណាឃើញរូបអង្គនៃព្រះអម្ចាស់ទេ ៣០គឺដោយហេតុនោះបានជាមានអ្នករាល់គ្នាជាច្រើន ទៅជាខ្សោយ ហើយឈឺ ក៏មានគ្នាជាច្រើនដេកលក់ទៅហើយដែរ ៣១បើសិនជាយើងរាល់គ្នាពិចារណាមើលក្នុងខ្លួនយើង នោះយើងមិនត្រូវជាប់ជំនុំជំរះទេ ៣២តែកាលណាយើងរាល់គ្នាត្រូវជាប់ជំនុំជំរះ នោះព្រះអម្ចាស់ទ្រង់វាយផ្ចាលយើងវិញ ដើម្បីកុំឲ្យយើងជាប់ទោសជាមួយនឹងលោកីយឡើយ ៣៣ដូច្នេះបងប្អូនអើយ កាលណាប្រជុំគ្នា ដើម្បីនឹងបរិភោគ នោះត្រូវបង្អង់ចាំគ្នាផង ៣៤បើសិនជាអ្នកណាឃ្លាន ឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យអ្នករាល់គ្នាប្រជុំទៅ នាំឲ្យជាប់មានទោសឡើយ ឯការឯទៀត ដល់កាលណាខ្ញុំមក នោះខ្ញុំនឹងសំរេចគ្រប់ទាំងអស់។១២ ១ចំណែកឯអំណោយទានខាងវិញ្ញាណ បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ទេ ២អ្នករាល់គ្នាដឹងហើយថា ពីដើមអ្នករាល់គ្នាជាសាសន៍ដទៃ ដែលត្រូវបង្វែរទៅឯរូបព្រះគ តាមតែមានសេចក្តីដឹកនាំទៅនោះ ៣ហេតុនោះបានជាខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា មិនដែលមានអ្នកណានិយាយ ដោយនូវព្រះវិញ្ញាណនៃព្រះថា ព្រះយេស៊ូវត្រូវបណ្តាសានោះឡើយ ក៏គ្មានអ្នកណាអាចនឹងថា ព្រះយេស៊ូវទ្រង់ជាព្រះអម្ចាស់ដែរ លើកតែដោយនូវព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។

៤រីឯអំណោយទាន នោះមានផ្សេងៗពីគ្នា តែគឺជាព្រះវិញ្ញាណដដែលទេ ៥ហើយក៏មានមុខងារផ្សេងៗពីគ្នាតែគឺជាព្រះអម្ចាស់ដដែលដែរ ៦ព្រមទាំងមានរបៀបធ្វើផ្សេងៗពីគ្នាទៀត តែគឺជាព្រះដដែលនោះឯង ដែលទ្រង់ធ្វើគ្រប់ទាំងអស់ក្នុងមនុស្សទាំងអស់ ៧ហើយទ្រង់ប្រទានឲ្យព្រះវិញ្ញាណសំដែងមកក្នុងគ្រប់គ្នា ដើម្បីឲ្យបានកើតផល ៨ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសំដីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល ៩ហើយឲ្យម្នាក់ផ្សេងទៀតមានសេចក្តីជំនឿ ដោយនូវព្រះវិញ្ញាណដដែល ឲ្យមួយទៀតបានអស់ទាំងអំណោយទាន នឹងអាចប្រោសឲ្យជា ដោយនូវព្រះវិញ្ញាណដដែល ១០ឲ្យមួយទៀតបានសំដែងការឫទ្ធិបារមី នឹងឲ្យមួយទៀតចេះអធិប្បាយ ឲ្យមួយទៀតសង្កេតស្គាល់អស់ទាំងវិញ្ញាណ ឲ្យមួយទៀតចេះនិយាយភាសាដទៃផ្សេងៗ ហើយឲ្យមួយទៀតចេះបកប្រែភាសាដទៃ ១១តែគឺជាព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើគ្រប់ការទាំងនោះ ទាំងចែកដល់គ្រប់គ្នាដោយមុខៗផង តាមដែលទ្រង់សព្វព្រះហឫទ័យ។

១២ដ្បិតដូចជារូបកាយ១មានអវយវៈជាច្រើន តែអវយវៈទាំងនោះ ទោះមានច្រើនក៏ពិត គង់តែរួមគ្នាមកជារូបតែ១ទេ នោះព្រះគ្រីស្ទក៏ដូច្នោះដែរ ១៣ដ្បិតយើងទាំងអស់គ្នាទោះបើជាសាសន៍យូដា ឬសាសន៍ក្រេក បាវបំរើឬអ្នកជាក្តី យើងបានទទួលបុណ្យជ្រមុជ ចូលក្នុងរូបកាយតែ១ ដោយសារព្រះវិញ្ញាណតែ១ ហើយគ្រប់គ្នាក៏បានត្រូវផឹកពីព្រះវិញ្ញាណតែ១ដែរ ១៤រូបកាយមិនមែនសុទ្ធតែមានអវយវៈតែ១ទេ គឺមានច្រើនវិញ ១៥បើសិនជាជើងនឹងនិយាយថា

អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាដៃ នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី ១៦ហើយបើសិនជាត្រចៀកនឹងនិយាយថា អញមិនមែនជារបស់ផងរូបកាយទេ ពីព្រោះអញមិនមែនជាភ្នែក នោះតើមិនមែនជារបស់ផងរូបកាយ ដោយហេតុតែប៉ុណ្ណោះឬអី ១៧បើរូបកាយទាំងស្រុងសុទ្ធតែជាភ្នែក នោះតើនឹងស្តាប់នៅត្រង់ណាបើរូបកាយទាំងស្រុង សុទ្ធតែជាត្រចៀក នោះតើនឹងដឹងក្លិននៅត្រង់ណា ១៨តែព្រះទ្រង់បា់នដាក់ចុះនូវអវយវៈនិមួយៗ ក្នុងរូបកាយតាមព្រះហឫទ័យទ្រង់ ១៩បើគ្រប់ទាំងអស់សុទ្ធតែជាអវយវៈតែ១ នោះតើរូបកាយនឹងនៅឯណា ២០តែមានអវយវៈជាច្រើនវិញ ប៉ុន្តែរូបកាយតែ១ទេ ២១ហើយភ្នែកពុំអាចនិយាយទៅដៃថា អញមិនត្រូវការនឹងឯងទេ ឬក្បាលនិយាយទៅជើងថា អញមិនត្រូវការនឹងឯងដែរនោះឡើយ ២២ប៉ុន្តែ អស់ទាំងអវយវៈក្នុងរូបកាយដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ ២៣ហើយអវយវៈណាក្នុងរូបកាយ ដែលយើងស្មានថា មិនគួររាប់អានប៉ុន្មាន នោះយើងបានរាប់អានលើសទៅទៀត ឯអវយវៈណារបស់យើង ដែលមិនល្អមើល នោះបានល្អមើលកាន់តែខ្លាំងឡើងទៅទៀត ២៤តែអវយវៈណារបស់យើងដែលល្អមើល នោះមិនត្រូវការអ្វីទេ ដូច្នេះ ព្រះទ្រង់បានផ្សំរូបកាយ ព្រមទាំងប្រទានឲ្យអវយវៈណាដែលខ្វះ បានប្រសើរលើសជាងទៅទៀត ២៥ដើម្បីមិនឲ្យមានសេចក្តីបែកខ្ញែកគ្នាក្នុងរូបកាយឡើយ តែឲ្យអវយវៈទាំងប៉ុន្មាន បានជួយគាំពារគ្នាទៅវិញទៅមក ២៦ដូច្នេះ បើអវយវៈ១ឈឺ នោះទាំងអស់នឹងឈឺជាមួយគ្នា បើ១បានដំកើងឡើង នោះទាំងអស់នឹងបានរីករាយជាមួយដែរ ២៧អ្នករាល់គ្នាជារូបកាយនៃព្រះគ្រីស្ទ ហើយជាអវយវៈរបស់រូបកាយរៀងខ្លួន ២៨ព្រះទ្រង់បានតាំងអ្នកខ្លះក្នុងពួកជំនុំឡើង មុនដំបូង គឺពួកសាវក ទី២ពួកគ្រូអធិប្បាយ ទី៣ពួកគ្រូបង្រៀន រួចមកមានការឫទ្ធិបារមីមានអំណោយទានជាការប្រោសឲ្យជា ជាការជំនួយ ជាការគ្រប់គ្រង ហើយជាភាសាដទៃផង ២៩តើគ្រប់គ្នាជាសាវកឬអី គ្រប់គ្នាជាគ្រូអធិប្បាយឬអី គ្រប់គ្នាជាគ្រូបង្រៀនឬអី គ្រប់គ្នាធ្វើការឫទ្ធិបារមីបានឬអី ៣០គ្រប់គ្នាមានអស់ទាំងអំណោយទាននឹងប្រោសឲ្យជាបានឬអី គ្រប់គ្នាអាចនិយាយភាសាដទៃបានឬអី គ្រប់គ្នាចេះបកប្រែភាសាបានឬអី ៣១ចូរសង្វាតឲ្យបានអំណោយទានយ៉ាងវិសេសទៅចុះ ប៉ុន្តែ ខ្ញុំនឹងបង្ហាញផ្លូវ១ដ៏ប្រសើរលើសលែងទៅទៀត។១៣ ១ទោះបើខ្ញុំចេះនិយាយ ជាភាសារបស់មនុស្សជាតិទាំងប៉ុន្មាន នឹងភាសារបស់ពួកទេវតាផង តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំបានត្រឡប់ដូចជាលង្ហិនដែលឮខ្ទរ ឬដូចជាឈឹង ដែលឮទ្រហឹងប៉ុណ្ណោះ ២បើខ្ញុំចេះអធិប្បាយ ហើយស្គាល់អស់ទាំងសេចក្តីអាថ៌កំបាំង នឹងគ្រប់ទាំងចំណេះវិជ្ជា ហើយបើខ្ញុំមានគ្រប់ទាំងសេចក្តីជំនឿល្មមនឹងឲ្យភ្នំរើចេញបាន តែគ្មានសេចក្តីស្រឡាញ់ នោះខ្ញុំមិនជាអ្វីទេ ៣បើខ្ញុំចែកអស់ទាំងទ្រព្យសម្បិត្តខ្ញុំជាអាហារដល់គេ ហើយបើខ្ញុំប្រគល់រូបកាយខ្ញុំទៅឲ្យគេដុត តែគ្មានសេចក្តីស្រឡាញ់ នោះគ្មានប្រយោជន៍ដល់ខ្ញុំសោះ ៤ឯសេចក្តីស្រឡាញ់តែងតែអត់ធ្មត់ ហើយក៏សប្បុរស សេចក្តីស្រឡាញ់មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង ៥មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស ៦មិនដែលអរសប្បាយចំពោះសេចក្តីទុច្ចរិតឡើយ គឺអរសប្បាយតែនឹងសេចក្តីស្មោះត្រង់វិញ ៧ក៏គ្របបាំងទាំងអស់ ជឿទាំងអស់ សង្ឃឹមទាំងអស់ ហើយទ្រាំទ្រទាំងអស់ ៨រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរ តែឯសេចក្តីស្រឡាញ់មិនដែលផុតឡើយ ៩ដ្បិតយើងចេះមិនទាន់សព្វគ្រប់ ហើយយើងអធិប្បាយក៏មិនទាន់បានពេញខ្នាតផង ១០តែកាលណាសេចក្តីគ្រប់លក្ខ័ណបានចូលមក នោះសេចក្តីដែលមិនពេញខ្នាតនឹងបាត់ទៅ ១១កាលដែលខ្ញុំនៅក្មេងនៅឡើយ នោះខ្ញុំបាននិយាយដូចជាកូនក្មេង ក៏មានគំនិតដូចជាកូនក្មេង ហើយបានពិចារណា ដូចជាកូនក្មេងដែរ លុះកាលខ្ញុំធំហើយនោះខ្ញុំបានលះចោលការរបស់កូនក្មេងចេញទៅ ១២ដ្បិតឥឡូវនេះ យើងមើលឃើញបែបស្រអាប់ ដូចជាដោយសារកញ្ចក់ តែនៅវេលានោះ នឹងឃើញមុខទល់នឹងមុខឥឡូវនេះ ខ្ញុំស្គាល់មិនទាន់អស់ តែនៅវេលានោះ ខ្ញុំនឹងស្គាល់វិញ ដូចជាព្រះទ្រង់ស្គាល់ខ្ញុំដែរ ១៣ឥឡូវនេះ នៅមានសេចក្តីជំនឿ សេចក្តីសង្ឃឹម នឹងសេចក្តីស្រឡាញ់ទាំង៣មុខនេះ តែសេចក្តីដែលវិសេសជាងគេ គឺជាសេចក្តីស្រឡាញ់។១៤ ១ចូរដេញតាមសេចក្តីស្រឡាញ់ចុះ ហើយសង្វាតចង់បានអស់ទាំងអំណោយទាន ខាងឯវិញ្ញាណដែរ តែស៊ូឲ្យចេះអធិប្បាយជាដើម ២ដ្បិតអ្នកណាដែលនិយាយភាសាដទៃ នោះមិនមែននិយាយនឹងមនុស្ស គឺទូលនឹងព្រះវិញ ពីព្រោះគ្មានអ្នកណាស្តាប់បានទេ ប៉ុន្តែ អ្នកនោះនិយាយជាសេចក្តីអាថ៌កំបាំង ដោយនូវវិញ្ញាណ ៣ឯអ្នកដែលអធិប្បាយវិញ អ្នកនោះនិយាយនឹងមនុស្ស សំរាប់នឹងស្អាងចិត្ត កំឡាចិត្ត ហើយកំសាន្តចិត្ត ៤អ្នកណាដែលនិយាយភាសាដទៃ នោះស្អាងតែចិត្តខ្លួនឯងទេ តែអ្នកណាដែលអធិប្បាយ នោះទើបស្អាងចិត្តចំពោះពួកជំនុំទាំងអស់គ្នាវិញ ៥ខ្ញុំចង់ឲ្យអ្នករាល់គ្នានិយាយភាសាដទៃទាំងអស់ដែរ តែស៊ូឲ្យអ្នករាល់គ្នាចេះអធិប្បាយជាជាង ដ្បិតអ្នកដែលអធិប្បាយ នោះប្រសើរជាងអ្នកដែលនិយាយភាសាដទៃទៅទៀត លើកតែអ្នកនោះចេះបកប្រែផង ដើម្បីឲ្យពួកជំនុំបានស្អាងចិត្តឡើង ៦ដូច្នេះ បងប្អូនអើយ បើខ្ញុំមកឯអ្នករាល់គ្នា ដោយនិយាយភាសាដទៃ នោះតើខ្ញុំនឹងមានប្រយោជន៍អ្វីដល់អ្នករាល់គ្នា លើកតែខ្ញុំនិយាយនឹងអ្នករាល់គ្នាជាការបើកសំដែង ឬតាមចំណេះ ឬជាសេចក្តីអធិប្បាយ ឬសេចក្តីបង្រៀនណាមួយវិញ ៧ឯរបស់ឥតជីវិតទាំងប៉ុន្មាន ដែលមានចេញសូរ ទោះបើជាខ្លុយឬស៊ុងក្តី បើមិនមានឮសូរខ្ពស់ទាប នោះធ្វើដូចម្តេចឲ្យដឹងថា ផ្លុំឬចាប់លេងបទណាទៅបាន ៨ឯត្រែ ក៏ដូចគ្នា បើឮសូរមិនច្បាស់ នោះតើនឹងមានអ្នកណាប្រុងប្រៀបខ្លួនទៅច្បាំងបាន ៩អ្នករាល់គ្នាក៏យ៉ាងដូច្នោះដែរ បើសិនជាអណ្តាតមិនបញ្ចេញចំពោះពាក្យដែលស្តាប់បាន នោះធ្វើដូចម្តេចឲ្យគេដឹងជាថាអ្វីៗបាន គឺដូចជានិយាយទៅតាមខ្យល់ទេ ១០នៅក្នុងលោកីយនេះ មានសូរសំឡេងជាច្រើនយ៉ាងណាស់ តែគ្មានណាមួយដែលមិនច្បាស់ឡើយ ១១ដូច្នេះ បើខ្ញុំមិនយល់ន័យសំឡេងនោះ នោះអ្នកដែលនិយាយនឹងទុកខ្ញុំដូចជាអ្នកប្រទេសដទៃ ហើយអ្នកដែលនិយាយនឹងបានដូចជាអ្នកប្រទេសដទៃដល់ខ្ញុំដែរ ១២ដូច្នេះ ដែលអ្នករាល់គ្នាសង្វាតចង់បានអំណោយទាន ខាងឯវិញ្ញាណនោះត្រូវស្វែងរក ឲ្យបានកាន់តែច្រើនចុះ ដើម្បីនឹងស្អាងចិត្តនៃពួកជំនុំឡើង ១៣ហេតុនោះបានជាអ្នកណាដែលនិយាយភាសាដទៃ នោះត្រូវអធិស្ឋានសូមឲ្យចេះបកប្រែដែរ ១៤បើខ្ញុំអធិស្ឋានជាភាសាដទៃ នោះគឺជាវិញ្ញាណខ្ញុំដែលអធិស្ឋាន តែឥតមានប្រយោជន៍ដល់ប្រាជ្ញាខ្ញុំសោះ ១៥ដូច្នេះ ត្រូវធ្វើដូចម្តេច ខ្ញុំត្រូវអធិស្ឋាន ដោយនូវវិញ្ញាណ ហើយត្រូវអធិស្ឋានដោយនូវប្រាជ្ញាផង ខ្ញុំនឹងច្រៀងដោយវិញ្ញាណ ហើយនឹងច្រៀងដោយប្រាជ្ញាដែរ ១៦ពុំនោះបើសូមពរដោយនូវវិញ្ញាណទទេ នោះធ្វើដូចម្តេចឲ្យអ្នកដែលមិនចេះ បានថា «អាម៉ែន» បាន ក្នុងកាលដែលអ្នកអរព្រះគុណនោះ ដ្បិតអ្នកនោះមិនដឹងជាអ្នកថាដូចម្តេចទេ ១៧ឯអ្នកៗអរព្រះគុណយ៉ាងល្អមែន តែអ្នកនោះមិនបានស្អាងចិត្តឡើងសោះ ១៨ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដ្បិតខ្ញុំនិយាយភាសាដទៃជាច្រើន លើសជាងអ្នករាល់គ្នាទាំងអស់ ១៩ប៉ុន្តែ ក្នុងពួកជំនុំ ខ្ញុំចូលចិត្តនិយាយតែពាក្យ៥ម៉ាត់ដោយនូវប្រាជ្ញាខ្ញុំ ដើម្បីនឹងបង្រៀនដល់មនុស្សឯទៀត ជាជាងនិយាយភាសាដទៃ១ម៉ឺនម៉ាត់វិញ។

២០បងប្អូនអើយ កុំឲ្យអ្នករាល់គ្នានៅខ្ចីខាងឯគំនិតឡើយ បើខាងឯបំណងអាក្រក់ នោះចូរនៅជាកូនង៉ែតចុះ តែចំណែកខាងឯគំនិត នោះចូរធ្វើជាមនុស្សពេញអាយុវិញ ២១មានសេចក្តីចែងទុកមកក្នុងក្រិត្យវិន័យថា «អញនឹងនិយាយនឹងសាសន៍នេះ ដោយភាសាផ្សេងៗ ហើយដោយបបូរមាត់មនុស្សដទៃ តែយ៉ាងនោះ គេក៏មិនស្តាប់អញដែរ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់» ២២បានជាភាសាដទៃ នោះសំរាប់ជាទីសំគាល់ មិនមែនដល់ពួកអ្នកដែលជឿទេ គឺដល់អស់ពួកអ្នកដែលមិនជឿវិញ តែការអធិប្បាយ នោះមិនមែនសំរាប់ពួកអ្នកដែលមិនជឿ គឺសំរាប់ពួកអ្នកដែលជឿវិញ ២៣ដូច្នេះ បើកាលណាពួកជំនុំទាំងមូលប្រជុំគ្នានៅកន្លែងណាមួយ ហើយគ្រប់គ្នានិយាយភាសាដទៃ រួចមានមនុស្សដែលមិនចេះ ឬមនុស្សមិនជឿគេចូលមក នោះតើគេមិនថា អ្នករាល់គ្នាឆ្កួតទេឬអី ២៤តែបើគ្រប់គ្នាអធិប្បាយវិញ ហើយមានមនុស្សដែលមិនជឿ ឬមនុស្សខ្លះដែលមិនចេះ គេចូលមក នោះគេត្រូវភ្ញាក់ដឹងខ្លួនឡើង ដោយសារអ្នករាល់គ្នា ហើយត្រូវអ្នករាល់គ្នាពិចារណាខ្លួនដែរ ២៥យ៉ាងនោះ អស់ទាំងសេចក្តីលាក់កំបាំងក្នុងចិត្តគេ នឹងបានសំដែងមក ហើយយ៉ាងនោះ គេនឹងក្រាបផ្កាប់មុខថ្វាយបង្គំដល់ព្រះវិញ ព្រមទាំងធ្វើបន្ទាល់ថា ព្រះទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នាមែន។

២៦ដូច្នេះ ធ្វើដូចម្តេច បងប្អូនអើយ កាលណាអ្នករាល់គ្នាប្រជុំ នោះគ្រប់គ្នាមានទំនុកដំកើង មានសេចក្តីបង្រៀន មានសេចក្តីបើកសំដែង មាននិយាយភាសាដទៃ មានសេចក្តីបកប្រែដែរ ត្រូវឲ្យធ្វើការទាំងអស់សំរាប់នឹងស្អាងចិត្តឡើង ២៧បើមានអ្នកណានិយាយជាភាសាដទៃ នោះនិយាយបានតែ២ឬ៣នាក់យ៉ាងច្រើន ហើយម្នាក់ម្តងៗផង រួចត្រូវមានអ្នក១ជាអ្នកបកប្រែ ២៨បើគ្មានអ្នកណាសំរាប់បកប្រែទេ នោះត្រូវឲ្យគេនៅស្ងៀមក្នុងពួកជំនុំចុះ ហើយទូលដល់ព្រះដោយខ្លួនឯងវិញ ២៩ឯអ្នកដែលអធិប្បាយ នោះទុកឲ្យ២ឬ៣នាក់សំដែងទៅ ហើយឲ្យអ្នកឯទៀតគិតពិចារណាចុះ ៣០បើមានអ្នកណាទៀតអង្គុយនៅទីនោះ ដែលក៏មានសេចក្តីសំរាប់នឹងបើកសំដែងដែរ នោះត្រូវឲ្យអ្នកមុខផ្អាកនៅស្ងៀមសិន ៣១ដ្បិតអ្នករាល់គ្នាមានច្បាប់នឹងអធិប្បាយបានទាំងអស់គ្នា តែត្រូវសំដែងម្នាក់ម្តងៗ ដើម្បីឲ្យគ្រប់គ្នាបានរៀនតាម ហើយឲ្យគ្រប់គ្នាបានសេចក្តីទូន្មានដែរ ៣២ឯវិញ្ញាណនៃពួកអ្នកដែលអធិប្បាយ នោះនៅក្រោមអំណាចអ្នកនោះឯង ៣៣ដ្បិតព្រះទ្រង់មិនមែនជាព្រះនៃសេចក្តីវឹកវរទេ គឺទ្រង់ជាព្រះនៃសេចក្តីសុខសាន្តវិញ ដូចក្នុងអស់ទាំងពួកជំនុំរបស់ពួកបរិសុទ្ធដែរ។

៣៤នៅក្នុងពួកជំនុំ ត្រូវឲ្យពួកស្រីៗនៅស្ងៀម ដ្បិតគ្មានច្បាប់ឲ្យនិយាយឡើយ ត្រូវឲ្យគេប្រតិបត្តិតាមវិញ ដូចជាក្រិត្យវិន័យក៏សំដែងដែរ ៣៥បើគេចង់រៀនអ្វី នោះត្រូវតែសួរប្តីនៅឯផ្ទះចុះ ដ្បិតដែលពួកស្រីៗនិយាយនៅក្នុងពួកជំនុំ នោះគួរខ្មាសហើយ។

៣៦ចុះដូចម្តេច តើព្រះបន្ទូលបានចេញពីពួកអ្នករាល់គ្នាមក ឬបានមកត្រឹមតែអ្នករាល់គ្នាតែប៉ុណ្ណោះ ៣៧បើអ្នកណាស្មានថា ខ្លួនចេះអធិប្បាយ ឬថា ខ្លួនជាមនុស្សប្រកបដោយព្រះវិញ្ញាណ នោះត្រូវតែយល់ព្រមថា សេចក្តីទាំងប៉ុន្មានដែលខ្ញុំសរសេរផ្ញើមកអ្នករាល់គ្នានេះ សុទ្ធតែជាបញ្ញត្តផងព្រះអម្ចាស់ទាំងអស់ ៣៨បើអ្នកណាមិនយល់ទេ នោះឲ្យគេនៅតែមិនយល់ទៅចុះ ៣៩ដូច្នេះ បងប្អូនអើយ ចូរសង្វាតឲ្យបានចេះអធិប្បាយ ហើយកុំឲ្យឃាត់មិនឲ្យនិយាយភាសាដទៃនោះឡើយ ៤០ត្រូវតែធ្វើការទាំងអស់តាមបែបគួរសម ហើយដោយលំដាប់លំដោយផង។១៥ ១បងប្អូនអើយ ខ្ញុំចង់ប្រាប់ឲ្យអ្នករាល់គ្នាដឹងពីដំណឹងល្អ ដែលខ្ញុំបានផ្សាយរួចមកហើយ ជាដំណឹងដែលអ្នករាល់គ្នាបានទទួល ក៏ឈរជាប់ក្នុងនោះផង ២អ្នករាល់គ្នាកំពុងតែបានសង្គ្រោះ ដោយសារដំណឹងល្អនោះផង គឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូល ដែលខ្ញុំបានថ្លែងប្រាប់មក លើកតែអ្នករាល់គ្នាបានជឿ ដោយឥតបើគិត ៣ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ៤ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ ៥ហើយថា ទ្រង់បានលេចមកឲ្យកេផាសឃើញ រួចដល់ពួក១២នាក់ដែរ ៦ក្រោយទៀត ទ្រង់លេចមកឲ្យពួកបងប្អូនជាង៥០០នាក់ឃើញតែម្តង ជាពួកដែលមានគ្នាច្រើនរស់នៅ ដរាបដល់សព្វថ្ងៃនេះ តែមានខ្លះបានដេកលក់ទៅហើយ ៧ក្រោយទៀត ទ្រង់លេចមកឲ្យយ៉ាកុបឃើញ ក៏ឲ្យពួកសាវកទាំងអស់គ្នាឃើញដែរ ៨រួចទ្រង់បានលេចមកឲ្យខ្ញុំឃើញ ជាខាងក្រោយគេបង្អស់ ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរ ៩ដ្បិតក្នុងបណ្តាពួកសាវក នោះ ខ្ញុំជាអ្នកតូចជាងគេ មិនគួរនឹងហៅខ្ញុំជាសាវកផងទេ ពីព្រោះខ្ញុំបានបៀតបៀនដល់ពួកជំនុំនៃព្រះ ១០ប៉ុន្តែ ដែលខ្ញុំបានជាយ៉ាងណា នោះគឺបានដោយព្រះគុណនៃព្រះទេ ហើយព្រះគុណដែលទ្រង់បានផ្តល់មកខ្ញុំ នោះមិនមែនជាអសារឥតការឡើយ ដ្បិតខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់ ប៉ុន្តែ មិនមែនជាខ្ញុំ គឺជាព្រះគុណនៃព្រះ ដែលសណ្ឋិតនៅនឹងខ្ញុំវិញ ១១ដូច្នេះ ទោះបើជាខ្ញុំ ឬអ្នកទាំងនោះក្តី គង់តែយើងផ្សាយដំណឹងបែបយ៉ាងនោះ ក៏យ៉ាងនោះឯង ដែលអ្នករាល់គ្នាបានជឿដែរ។

១២បើសិនជាបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ នោះធ្វើដូចម្តេចឲ្យពួកអ្នករាល់គ្នាខ្លះ និយាយបាន ថាពួកស្លាប់មិនរស់ឡើងវិញទេ ១៣បើសិនជាពួកស្លាប់មិនរស់ឡើងវិញមែន នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរ ១៤ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញ នោះដំណឹងដែលយើងខ្ញុំផ្សាយនេះ ជាការឥតប្រយោជន៍ទទេ ហើយសេចក្តីជំនឿរបស់អ្នករាល់គ្នា ក៏ឥតអំពើដែរ ១៥ឈ្មោះថាយើងខ្ញុំជាស្មរបន្ទាល់ក្លែងក្លាយពីព្រះវិញ ដ្បិតយើងខ្ញុំបានធ្វើបន្ទាល់ពីព្រះថា ទ្រង់បានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញហើយ តែបើពួកស្លាប់មិនរស់ឡើងវិញមែន នោះប្រាកដជាទ្រង់មិនបានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញពិត ១៦ដ្បិតបើសិនជាពួកស្លាប់មិនរស់ឡើងទេ នោះព្រះគ្រីស្ទក៏មិនបានរស់ឡើងដែរ ១៧ហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែន នោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើ អ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយ ១៨ហើយអស់អ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រីស្ទ គេបានត្រូវវិនាសហើយ ១៩បើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រីស្ទ នៅតែក្នុងជីវិតនេះប៉ុណ្ណោះ នោះយើងវេទនា លើសជាងមនុស្សទាំងអស់ទៅទៀត។

២០តែឥឡូវនេះ ព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិត ជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយ ២១ដ្បិតដែលសេចក្តីស្លាប់បានមកដោយសារមនុស្ស នោះសេចក្តីដែលមនុស្សស្លាប់បានរស់ឡើងវិញ ក៏មកដោយសារមនុស្សដែរ ២២ព្រោះ ដូចជាគ្រប់មនុស្សទាំងអស់បានត្រូវស្លាប់ ក្នុងលោកអ័ដាមជាយ៉ាងណា នោះគ្រប់គ្នាក៏នឹងបានប្រោសឲ្យរស់ ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរ ២៣តែគ្រប់គ្នាតាមលំដាប់រៀងខ្លួន គឺព្រះគ្រីស្ទជាផលដំបូង រួចពួកអ្នកដែលជារបស់ផងព្រះគ្រីស្ទ ក្នុងកាលដែលទ្រង់យាងមក ២៤គ្រានោះបានដល់ចុងបំផុតហើយ ជាវេលាដែលទ្រង់នឹងប្រគល់នគរ ដល់ព្រះដ៏ជាព្រះវរបិតាទៅវិញ ក្រោយដែលទ្រង់បានទំលាក់អស់ទាំងរាជ្យ នឹងអំណាច ហើយនឹងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញ ២៥ដ្បិតគួរឲ្យទ្រង់បានសោយរាជ្យ ទាល់តែដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់ ២៦ឯខ្មាំងសត្រូវក្រោយបង្អស់ ដែលត្រូវបំផ្លាញ គឺជាសេចក្តីស្លាប់ ២៧ពីព្រោះទ្រង់បានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមព្រះបាទទ្រង់ហើយ តែដែលថាបានបង្ក្រាបគ្រប់ទាំងអស់ នោះច្បាស់ជាមិននិយាយពីព្រះ ដែលបង្ក្រាបគ្រប់របស់ទាំងអស់ នៅក្រោមទ្រង់នោះទេ ២៨ហើយកាលណាទ្រង់បានបង្ក្រាបគ្រប់របស់ទាំងអស់នៅក្រោមទ្រង់ នោះព្រះរាជបុត្រានោះឯង ក៏នឹងត្រូវក្រាបក្រោមព្រះ ដែលបានបង្ក្រាបគ្រប់ទាំងអស់ នៅក្រោមទ្រង់ដែរ ដើម្បីឲ្យព្រះបានធ្វើជាគ្រប់ទាំងអស់ក្នុងគ្រប់ទាំងអស់។

២៩ពុំនោះ ពួកអ្នកដែលទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្តីស្លាប់ នឹងធ្វើដូចម្តេច បើសិនជាពួកស្លាប់មិនរស់ឡើងវិញទេ នោះតើហេតុអ្វីបានជាគេទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្តីស្លាប់ធ្វើអី ៣០ហេតុអ្វីបានជាយើងមានសេចក្តីអន្តរាយ រាល់ពេលរាល់វេលាដែរ ៣១ខ្ញុំស្បថដោយនូវសេចក្តីអំនួត ដែលខ្ញុំអួតពីអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នាថា ខ្ញុំស្លាប់រាល់តែថ្ងៃ ៣២បើសិនជាខ្ញុំបានតយុទ្ធនឹងសត្វព្រៃ នៅក្រុងអេភេសូរ តាមរបៀបជាមនុស្ស នោះតើមានប្រយោជន៍អ្វីដល់ខ្ញុំ បើសិនណាជាមនុស្សស្លាប់មិនរស់ឡើងវិញមែន នោះចូរយើងស៊ីផឹកទៅចុះ ដ្បិតស្អែកយើងត្រូវស្លាប់ហើយ ៣៣កុំឲ្យច្រឡំឡើយ ពីព្រោះពួកម៉ាកអាក្រក់តែងនឹងបង្ខូចកិរិយាល្អ ៣៤ចូរភ្ញាក់ដឹងខ្លួនឡើងខាងឯសេចក្តីសុចរិតចុះ កុំឲ្យធ្វើបាបឡើយ ដ្បិតអ្នករាល់គ្នាខ្លះមិនស្គាល់ព្រះទេ ខ្ញុំថាដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីខ្មាស។

៣៥មុខជានឹងមានអ្នកណាមួយសួរថា ឯពួកមនុស្សស្លាប់ នឹងរស់ឡើងវិញយ៉ាងណា តើមកវិញមានរូបកាយដូចម្តេច ៣៦ឱមនុស្សកំឡៅអើយ គ្រាប់ពូជដែលអ្នកព្រោះទៅ បើមិនងាប់ នោះមិនពន្លកដុះឡើងទេ ៣៧ហើយគ្រាប់ដែលអ្នកព្រោះនោះ មិនមែនដូចជាដើមដែលពន្លកឡើងនោះដែរ គឺជាគ្រាប់សុទ្ធ ដូចជាគ្រាប់ស្រូវ ឬពូជណាទៀតក្តី ៣៨តែព្រះទ្រង់ប្រទានឲ្យមានដើមទីទៃពីគ្នារៀងរាល់ពូជ តាមព្រះហឫទ័យទ្រង់ ៣៩គ្រប់ទាំងសាច់ក៏មិនដូចគ្នាដែរ គឺមាន១របស់មនុស្ស ១របស់សត្វ ១របស់ត្រី ហើយ១របស់សត្វហើរ ៤០ក៏មានរូបកាយសំរាប់ស្ថានសួគ៌ ហើយមានរូបកាយសំរាប់ផែនដីដែរ តែសិរីរបស់រូបកាយនៅស្ថានសួគ៌ នឹងរបស់រូបកាយនៅផែនដី នោះទីទៃពីគ្នា ៤១ឯព្រះអាទិត្យ នោះមានរស្មីម៉្យាងទៅ ព្រះចន្ទក៏មានរស្មីម៉្យាងទៅ ហើយផ្កាយក៏មានរស្មីម៉្យាងទៅ សូម្បីតែផ្កាយទាំងប៉ុន្មានសោត ក៏មានរស្មីខុសពីគ្នាដែរ ៤២សេចក្តីដែលមនុស្សស្លាប់បានរស់ឡើងវិញ នោះក៏បែបដូច្នោះដែរ គេបានបក់ទៅ ជារូបកាយ ដែលពុករលួយ តែរស់ឡើងវិញជារូបកាយមិនចេះពុករលួយឡើយ ៤៣បានកប់ទៅ ទាំងមានសេចក្តីអាប់ឱន តែរស់ឡើងវិញ ទាំងមានសិរីល្អ បានកប់ទៅ ទាំងមានសេចក្តីកំសោយ តែរស់ឡើងវិញ ទាំងមានព្រះចេស្តា ៤៤បានកប់ទៅ ជារូបកាយ ខាងសាច់ឈាម តែរស់ឡើង ជារូបកាយ ខាងវិញ្ញាណវិញ បើមានរូបកាយ ខាងសាច់ឈាម នោះក៏មានរូបកាយ ខាងវិញ្ញាណដែរ ៤៥ដូចជាសេចក្តីដែលចែងទុក ពីលោកអ័ដាម ដែលជាមនុស្សមុនដំបូងថា «បានត្រឡប់ជាមានព្រលឹងរស់» តែលោកអ័ដាមក្រោយបង្អស់ ជាវិញ្ញាណដ៏ប្រោសឲ្យរស់វិញ ៤៦ឯវិញ្ញាណ មិនមែនកើតមុនទេ គឺជារូបសាច់ទេតើ រួចទើបមានវិញ្ញាណជាខាងក្រោយ ៤៧មនុស្សមុនដំបូងកើតមកពីដី គឺធ្វើមកពីធូលីដី តែមនុស្សទី២ ជាព្រះអម្ចាស់ដែលចេញមកពីស្ថានសួគ៌វិញ ៤៨ឯមនុស្សដែលកើតពីធូលីដីមកជាយ៉ាងណា នោះអស់អ្នកដែលកើតពីធូលីដី ក៏យ៉ាងនោះដែរ ហើយព្រះអម្ចាស់ ដែលយាងមកពីស្ថានសួគ៌ ជាយ៉ាងណា ពួកស្ថានសួគ៌ក៏យ៉ាងនោះដែរ ៤៩យើងក៏នឹងមានរូបរាងរបស់ព្រះអម្ចាស់ពីស្ថានសួគ៌ ដូចជាយើងមានរូបរាងរបស់មនុស្ស ដែលធ្វើពីធូលីដីមកដែរ ៥០បងប្អូនអើយ សេចក្តីដែលខ្ញុំចង់និយាយនេះ គឺថា សាច់ឈាមពុំអាចនឹងគ្រងនគរព្រះជាមរតកបានឡើយ ហើយសេចក្តីពុករលួយក៏ពុំអាចនឹងគ្រងសេចក្តី ដែលមិនចេះពុករលួយបានដែរ។

៥១នែ ខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្តីអាថ៌កំបាំង គឺថា យើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេ ៥២តែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុករលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ ៥៣ដ្បិតត្រូវតែរូបកាយដ៏ពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយវិញ ហើយរូបកាយដែលរមែងស្លាប់នេះ ត្រូវតែបានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញដែរ ៥៤កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យ ដែលចែងទុកមកថា «សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ» ៥៥«ឱសេចក្តីស្លាប់អើយ ទ្រនិចឯងនៅឯណា សេចក្តីស្លាប់អើយ ជ័យជំនះរបស់ឯងនៅឯណា» ៥៦រីឯទ្រនិចនៃសេចក្តីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រិត្យវិន័យ ៥៧តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ៥៨បានជាបងប្អូនស្ងួនភ្ងាអើយ ចូរកាន់យ៉ាងខ្ជាប់ខ្ជួន ដោយឥតរង្គើ ទាំងធ្វើការព្រះអម្ចាស់ ឲ្យបរិបូរជាដរាបចុះ ដោយដឹងថា ការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ។១៦ ១ឥឡូវនេះ ខាងឯការរៃប្រាក់សំរាប់ពួកបរិសុទ្ធ នោះចូរឲ្យអ្នករាល់គ្នាធ្វើ ដូចជាខ្ញុំបានផ្តាំទុកក្នុងពួកជំនុំនៅស្រុកកាឡាទីទាំងប៉ុន្មានដែរ ២គឺរាល់តែអាទិត្យ ក្នុងថ្ងៃដំបូង នោះត្រូវឲ្យអ្នករាល់គ្នាប្រមូលដាក់ទុកនូវអ្វីៗដោយឡែក តាមដែលព្រះបានចំរើនឲ្យ ដើម្បីកាលណាខ្ញុំមកដល់ នោះមិនបាច់នឹងរៃទៀត ៣កាលណាខ្ញុំមកដល់ នោះខ្ញុំនឹងចាត់អ្នកណាដែលពេញចិត្តអ្នករាល់គ្នា ឲ្យកាន់សំបុត្រ នឹងយកទេយ្យទានរបស់អ្នករាល់គ្នា ទៅដល់ក្រុងយេរូសាឡិម ៤ហើយបើសិនជាគួរឲ្យខ្ញុំទៅដែរ នោះគេនឹងទៅជាមួយនឹងខ្ញុំផង ៥កាលណាខ្ញុំបានដើរកាត់ស្រុកម៉ាសេដូនហើយ នោះខ្ញុំនឹងមកឯអ្នករាល់គ្នា ដ្បិតខ្ញុំត្រូវដើរកាត់ស្រុកម៉ាសេដូនសិន ៦ប្រហែលជាខ្ញុំនឹងស្នាក់នៅជា១នឹងអ្នករាល់គ្នាបន្តិច ឬអស់១រដូវរងាផងទេដឹង ដើម្បីឲ្យអ្នករាល់គ្នាបានជូនដំណើរខ្ញុំ ទៅឯទីកន្លែងណា ដែលខ្ញុំនឹងទៅតទៅមុខទៀត ៧ដ្បិតខ្ញុំមិនចូលចិត្តមកសួរអ្នករាល់គ្នាតាមផ្លូវឥឡូវនេះទេ តែខ្ញុំសង្ឃឹមថា នឹងមកនៅជាមួយនឹងអ្នករាល់គ្នាជាយូរបន្តិច បើសិនជាព្រះអម្ចាស់ទ្រង់អនុញ្ញាតឲ្យ ៨ប៉ុន្តែ ខ្ញុំនឹងនៅក្រុងអេភេសូរ ទាល់តែដល់បុណ្យថ្ងៃទី៥០ ៩ដ្បិតមានទ្វារយ៉ាងធំ ហើយស្រួលបានបើកចំហឲ្យខ្ញុំហើយ ក៏មានពួកឃាត់ឃាំងជាច្រើនដែរ។

១០បើធីម៉ូថេមកឯអ្នករាល់គ្នា នោះចូរខំទំនុកបំរុងឲ្យគាត់នៅជាមួយផង កុំឲ្យគាត់ភ័យខ្លាចអ្វីឡើយ ដ្បិតគាត់ក៏ធ្វើការរបស់ព្រះអម្ចាស់ដូចជាខ្ញុំដែរ ១១កុំឲ្យអ្នកណាមើលងាយគាត់ ត្រូវជូនដំណើរគាត់ទៅមុខ ដោយសុខសាន្ត ឲ្យគាត់បានទៅដល់ខ្ញុំផង ដ្បិតខ្ញុំនឹងចាំគាត់ជាមួយនឹងបងប្អូនឯទៀត ១២ឯអ័ប៉ុឡូស ជាបងប្អូន ខ្ញុំបានទូន្មានគាត់ជាច្រើន ឲ្យបានមកឯអ្នករាល់គ្នា ជាមួយនឹងពួកបងប្អូននោះដែរ តែគាត់មិនសុខចិត្តនឹងមកឥឡូវនេះទេ គឺនឹងមកក្នុងកាលដែលមានឱកាសស្រួល ១៣ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្តីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ ១៤ត្រូវឲ្យអ្នករាល់គ្នាធ្វើការទាំងអស់ ដោយសេចក្តីស្រឡាញ់។ ១៥បងប្អូនអើយ អ្នករាល់គ្នាស្គាល់ពួកផ្ទះស្ទេផាន៉ាសថាគេជាផលដំបូងពីស្រុកអាខៃ ហើយថា គេបានតាំងខ្លួនគេ សំរាប់នឹងបំរើពួកបរិសុទ្ធ ១៦ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យចុះចូលនឹងមនុស្សយ៉ាងនោះ ហើយនឹងអស់អ្នកដែលធ្វើការនឿយហត់ជាមួយនឹងយើងខ្ញុំផង ១៧ខ្ញុំអរណាស់ ដែលស្ទេផាន៉ាស ភ័រទូន៉ាតុស នឹងអ័ខៃកុសបានទៅដល់ខ្ញុំហើយ ដ្បិតសេចក្តីណាដែលអ្នករាល់គ្នាខានធ្វើ នោះគេបានធ្វើបំពេញឡើង ១៨គេបានលំហើយចិត្តខ្ញុំ នឹងចិត្តអ្នករាល់គ្នាផង ដូច្នេះ ចូររាប់អានមនុស្សយ៉ាងនោះចុះ ១៩អស់ទាំងពួកជំនុំនៅស្រុកអាស៊ី គេសូមជំរាបសួរមកអ្នករាល់គ្នា អ្នកអ័គីឡា នឹងនាងព្រីស៊ីលព្រមទាំងពួកជំនុំដែលប្រជុំនៅផ្ទះគេ សូមជំរាបសួរមកអ្នករាល់គ្នាយ៉ាងថ្មមក្នុងព្រះអម្ចាស់ ២០ពួកបងប្អូនទាំងអស់គ្នា ក៏សូមជំរាបសួរមកអ្នករាល់គ្នាដែរ សូមឲ្យអ្នករាល់គ្នាជំរាបសួរគ្នាទៅវិញទៅមក ដោយថើបយ៉ាងបរិសុទ្ធផង។

២១នេះជាពាក្យដែលប៉ុលខ្ញុំ សរសេរដោយដៃខ្លួនខ្ញុំផ្ញើមកជំរាបសួរអ្នករាល់គ្នា ២២បើអ្នកណាមិនស្រឡាញ់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យអ្នកនោះត្រូវបណ្តាសាចុះ ដ្បិតព្រះអម្ចាស់ទ្រង់យាងមក ២៣សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ ២៤សូមឲ្យសេចក្តីស្រឡាញ់របស់ខ្ញុំ នៅជាមួយនឹងអ្នករាល់គ្នាទាំងអស់ ក្នុងព្រះគ្រីស្ទយេស៊ូវ។ អាម៉ែន។៚AMAZING GRACE BIBLE INSITIUTE