Get the DaunPhen font >> HERE <<.

សំបុត្រទី១របស់

យ៉ូហាន


  ១ ១ឯសេចក្តីដែលមានតាំងពីដើមមក ដែល​យើង​ខ្ញុំ​បាន​ឮ ហើយ​ភ្នែក​បាន​ឃើញ ក៏​បាន​មើល ហើយ​ដៃ​បាន​ប៉ះពាល់ ខាង​ឯ​ព្រះ​បន្ទូល​នៃ​ជីវិត ២ដ្បិត​ព្រះ​ដ៏​ជា​ជីវិត ទ្រង់​បាន​លេច​មក​ហើយ យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់ ក៏​ធ្វើ​ជា​ទី​បន្ទាល់ ប្រាប់​ដល់​អ្នក​រាល់​គ្នា ពី​ជីវិត​នោះ​ដ៏​រស់​នៅ​អស់​កល្ប​ជានិច្ច ដែល​ពី​ដើម​ស្ថិត​នៅ​នឹង​ព្រះ​វរបិតា ហើយ​បាន​លេច​មក​ឲ្យ​យើង​ខ្ញុំ​ឃើញ ៣ដូច្នេះ សេចក្តី​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ​នោះ យើង​ខ្ញុំ​ប្រាប់​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ប្រកប​នឹង​យើង​ខ្ញុំ​ដែរ រីឯ​សេចក្តី​ប្រកប​របស់​យើង​ខ្ញុំ នោះ​គឺ​ប្រកប​នឹង​ព្រះ​វរបិតា​ហើយ​នឹង​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​ទ្រង់ ៤យើង​ខ្ញុំ​ក៏​សរសេរ​សេចក្តី​ទាំង​នេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្តី​អំណរ​របស់​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ឡើង។

៥នេះជាដំណឹង ដែល​យើង​ខ្ញុំ​បាន​ឮ​ពី​ទ្រង់ ហើយ​ក៏​ប្រាប់​មក​អ្នក​រាល់​គ្នា គឺ​ថា ព្រះ​ទ្រង់​ជា​ពន្លឺ​ភ្លឺ គ្មាន​សេចក្តី​ងងឹត​ណា នៅ​ក្នុង​ទ្រង់​សោះ ៦បើ​សិន​ជា​យើង​រាល់​គ្នា​ថា យើង​មាន​សេចក្តី​ប្រកប​នឹង​ទ្រង់ តែ​ដើរ​ក្នុង​សេចក្តី​ងងឹត​វិញ នោះ​ឈ្មោះ​ថា​យើង​កុហក ហើយ​មិន​ប្រព្រឹត្ត​តាម​សេចក្តី​ពិត​ទេ ៧តែ​បើ​យើង​រាល់​គ្នា​ដើរ​ក្នុង​ពន្លឺ​វិញ ដូច​ជា​ទ្រង់​ក៏​គង់​ក្នុង​ពន្លឺ​ដែរ នោះ​យើង​មាន​សេចក្តី​ប្រកប​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្រះ​លោហិត​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ទ្រង់ ក៏​សំអាត​យើង​រាល់​គ្នា ពី​គ្រប់​អំពើ​បាប​ទាំង​អស់ ៨បើ​សិន​ជា​យើង​ថា យើង​គ្មាន​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​បញ្ឆោត​ដល់​ខ្លួន ហើយ​សេចក្តី​ពិត​មិន​ស្ថិត​នៅ​ក្នុង​យើង​ទេ ៩បើ​យើង​លន់​តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​នឹង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង ១០បើ​យើង​ថា យើង​មិន​ដែល​ធ្វើ​បាប​សោះ នោះ​ឈ្មោះ​ថា​យើង​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ហើយ​ព្រះ​បន្ទូល​ទ្រង់​មិន​នៅ​ក្នុង​យើង​ទេ។

  ២ ១កូនតូចៗរាល់គ្នាអើយ ដែល​ខ្ញុំ​សរសេរ​សេចក្តី​ទាំង​នេះ​ផ្ញើ​មក នោះ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​បាប​ទៀត តែ​បើ​សិន​ជា​អ្នក​ណា​ភ្លាត់​ធ្វើ​បាប​វិញ នោះ​យើង​មាន​ព្រះ​ដ៏​ជា​ជំនួយួ១អង្គ​ហើយ ដែល​ទ្រង់​គង់​នៅ​ចំពោះ​ព្រះ​វរបិតា គឺ​ជា​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​សុចរិត ២ដែល​ទ្រង់​ជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា មិន​ត្រឹម​តែ​បាប​របស់​យើង​រាល់​គ្នា​តែ​ប៉ុណ្ណោះ គឺ​នឹង​បាប​របស់​លោកីយ​ទាំង​មូល​ដែរ។

៣យើងរាល់គ្នាដឹងថា យើង​ស្គាល់​ទ្រង់​ដោយ​សារ​សេចក្តី​នេះ គឺ​ដោយ​យើង​កាន់​តាម​បញ្ញត្ត​របស់​ទ្រង់ ៤អ្នក​ណា​ដែល​ថា បាន​ស្គាល់​ទ្រង់​តែ​មិន​កាន់​តាម​បញ្ញត្ត​ទ្រង់​ទេ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​កុហក ហើយ​សេចក្តី​ពិត​មិន​នៅ​ក្នុង​អ្នក​នោះ​ឡើយ ៥តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះ​បន្ទូល​ទ្រង់​វិញ នោះ​ប្រាកដ​ជា​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ ហើយ​គឺ​ដោយ​សេចក្តី​នោះ​ឯង ដែល​យើង​ដឹង​ថា យើង​នៅ​ក្នុង​ទ្រង់ ៦អ្នក​ណា​ដែល​ថា​ខ្លួន​នៅ​ក្នុង​ទ្រង់ នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដូច​ជា​ទ្រង់​ដែរ។

៧ពួកស្ងួនភ្ងាអើយ សេចក្តី​ដែល​ខ្ញុំ​សរសេរ ផ្ញើ​មក​អ្នក​រាល់​គ្នា នោះ​មិន​មែន​ជា​បញ្ញត្ត​ថ្មី​ទេ គឺ​ជា​បញ្ញត្ត​ចាស់​ដដែល ដែល​អ្នក​រាល់​គ្នា​មាន​តាំង​ពី​ដើម​មក ឯ​បញ្ញត្ត​ចាស់​នោះ គឺ​ជា​ព្រះ​បន្ទូល ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ ៨ខ្ញុំ​ក៏​សរសេរ​បញ្ញាត្ត១ថ្មី​ទៀត​ផ្ញើ​មក​អ្នក​រាល់​គ្នា ជា​សេចក្តី​ពិត​ដែល​នៅ​ក្នុង​ទ្រង់ ហើយ​ក្នុង​អ្នក​រាល់​គ្នា​ដែរ ដ្បិត​សេចក្តី​ងងឹត​កំពុង​តែ​បាត់​ទៅ ហើយ​ពន្លឺ​ដ៏​ពិត​បាន​ភ្លឺ​ឡើង ៩អ្នក​ណា​ដែល​ថា ខ្លួន​នៅ​ក្នុង​ពន្លឺ តែ​ស្អប់​ដល់​បង​ប្អូន​នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្តី​ងងឹត ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ១០ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ដល់​បង​ប្អូន​ខ្លួន នោះ​តែង​នៅ​ក្នុង​ពន្លឺ​វិញ ហើយ​នៅ​ក្នុង​អ្នក​នោះ​គ្មាន​ហេតុ​ណា នឹង​បង្អាក់​បង្អន់​ចិត្ត​គេ​ឡើយ ១១តែ​អ្នក​ណា​ដែល​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា​នៅ​ក្នុង​សេចក្តី​ងងឹត​វិញ ក៏​ដើរ​ក្នុង​សេចក្តី​ងងឹត ហើយ​មិន​ដឹង​ជា​ខ្លួន​ទៅ​ឯ​ណា​ផង ពី​ព្រោះ​សេចក្តី​ងងឹត​នោះ​បាន​បំ​បាំង​ភ្នែក​ហើយ។

១២កូនតូចៗរាល់គ្នាអើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​ទ្រង់​បាន​អត់​ទោស​បាប​របស់​អ្នក​រាល់​គ្នា​ហើយ ដោយ​យល់​ដល់​ព្រះ​នាម​ទ្រង់ ១៣ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ ដែល​ទ្រង់​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ឈ្នះ​មេ​កំណាច​ហើយ ក្មេង​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ​វរបិតា ១៤ឪពុក​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​បាន​ស្គាល់​ព្រះ​ដែល​គង់​នៅ​តាំង​ពី​ដើម​រៀង​មក កំឡោះ​រាល់​គ្នា​អើយ ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ព្រោះ​មាន​កំឡាំង ហើយ​ព្រះ​បន្ទូល​ក៏​ស្ថិត​នៅ​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​បាន​ឈ្នះ​មេកំណាច​ហើយ ១៥កុំ​ឲ្យ​ស្រឡាញ់​លោកីយ ឬ​របស់​អ្វី​ដែល​នៅ​ក្នុង​លោកីយ​នេះ​ឲ្យ​សោះ បើ​អ្នក​ណា​ស្រឡាញ់​លោកីយ អ្នក​នោះ​គ្មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ​វរបិតា​នៅ​ក្នុង​ខ្លួន​ឡើយ ១៦ដ្បិត​អស់​ទាំង​សេចក្តី ដែល​នៅ​ក្នុង​លោកីយ​នេះ គឺ​ជា​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម នឹង​សេចក្តី​ប៉ង​ប្រាថ្នា​របស់​ភ្នែក ហើយ​សេចក្តី​អំនួត​របស់​ជិវិត នោះ​មិន​កើត​មក​ពី​ព្រះ​វរបិតា​ទេ គឺ​មក​តែ​ពី​លោ​កិយ​នេះ​វិញ ១៧ឯ​លោកីយ​នេះ នឹង​សេច​ក្តី​ប៉ង​ប្រាថ្នា​របស់​វា​នោះ​កំពុង​កន្លង​ទៅ តែ​អ្នក​ណា​ដែល​ធ្វើ​តាម​ព្រះ​ហឫទ័យ​ព្រះ នោះ​នឹង​នៅ​ជាប់​អស់​កល្ប​ជា​និច្ច​វិញ។

១៨ក្មេង​រាល់​គ្នា​អើយ នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់​ហើយ សព្វ​ថ្ងៃ​នេះ​កើត​មាន​ពួក​ទទឹង​នឹង​ព្រះ​គ្រីស្ទ​ជា​ច្រើន ដូច​ជា​អ្នក​រាល់​គ្នា​បាន​ឮ​ហើយ​ថា អាទទឹង​នឹង​ព្រះ​គ្រីស្ទ​ត្រូវ​មក ហេតុ​នោះ​បាន​ជា​យើង​ដឹង​ថា នេះ​ជា​ពេល​ម៉ោង​ក្រោយ​បង្អស់ ១៩គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​ពួក​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​នឹង​យើង ហើយ​តែ​ដែល​គេ​បាន​ចេញ​ទៅ​នោះ ដើម្បី​នឹង​សំដែង​ពី​គេ​ថា គ្រប់​គ្នា​មិន​មែន​ជា​ពួក​យើង​ទេ ២០រីឯ​អ្នក​រាល់​គ្នា បាន​ព្រះ​ដ៏​បរិសុទ្ធ​ចាក់​លាប​ឲ្យ​ហើយ​ក៏​ចេះ​គ្រប់​ទាំង​អស់​ផង ២១ខ្ញុំ​សរសេរ​ផ្ញើ​មក មិន​មែន​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្គាល់​សេចក្តី​ពិត​ទេ គឺ​ដោយ​ព្រោះ​បាន​ស្គាល់​ហើយ ក៏​ដឹង​ថា គ្មាន​សេចក្តី​ភូត​ភរ​ណា​កើត​ពី​សេចក្តី​ពិត​នោះ​ឡើយ ២២តើ​អ្នក​ណា​ជា​អ្នក​កុហក បើ​មិន​មែន​ជា​អ្នក​ដែល​ប្រកែក​ថា ព្រះ​យេស៊ូវ​មិន​មែន​ជា​ព្រះ​គ្រីស្ទ​នោះ​ទេ អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ទាំង​ព្រះ​វរបិតា នឹង​ព្រះ​រាជ​បុត្រា​ផង អ្នក​នោះ​ហើយ​ជា​អ្នក​ដែល​ទទឹង​នឹង​ព្រះ​គ្រីស្ទ ២៣ឯ​អស់​អ្នក​ណា​ដែល​មិន​ព្រម​ទទួល​ស្គាល់​ព្រះ​រាជ​បុត្រា នោះ​ក៏​គ្មាន​ព្រះ​វរបិតា​ដែរ តែ​អ្នក​ណា​ដែល​ព្រម​ទទួល​ស្គាល់​ព្រះ​រាជ​បុត្រា នោះ​ក៏​មាន​ទាំង​ព្រះ​វរបិតា​ផង ២៤ដូច្នេះ ចូរ​ឲ្យ​សេចក្តី​ដែល​អ្នក​រាល់​គ្នា​បាន​ឮ​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​ខ្លួន​ចុះ បើ​សិន​ជា​សេចក្តី​ដែល​ឮ​តាំង​ពី​ដើម​មក បាន​នៅ​ជាប់​ក្នុង​អ្នក​រាល់​គ្នា​មែន នោះ​អ្នក​រាល់​គ្នា​នឹង​នៅ​ជាប់​ក្នុង​ព្រះ​រាជ​បុត្រា ហើយ​ក្នុង​ព្រះ​វរបិតា​ដែរ ២៥នេះ​ហើយ ជា​សេចក្តី​ដែល​ទ្រង់​បាន​សន្យា​នឹង​យើង​រាល់​គ្នា គឺ​ជា​ជីវិត​ដ៏​រស់​នៅ​អស់​កល្ប​ជានិច្ច។

២៦ខ្ញុំ​បាន​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា ពី​ដំណើរ​នៃ​ពួក​អ្នក​ដែល​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង ២៧រីឯ​ដំណើរ​ដែល​ទ្រង់​ចាក់​លាប​ឲ្យ នោះ​ក៏​នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ពិត ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ ឲ្យ​អ្នក​ណា​បង្រៀន​ពី​ការ​អ្វី​ទេ ប៉ុន្តែ ដូច​ជា​ដំណើរ​ចាក់​លាប​នោះ បាន​បង្រៀន​ពី​គ្រប់​ការ​ទាំង​អស់ ហើយ​មិន​មែន​ជា​សេចក្តី​កំភូត​ទេ គឺ​ជា​សេចក្តី​ពិត​វិញ នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ តាម​ដែល​ដំណើរ​នោះ​បាន​បង្រៀន​មក ២៨ហើយ​ឥឡូវ​នេះ ពួក​កូន​តូចៗអើយ ចូរ​នៅ​ជាប់​ក្នុង​ទ្រង់​ចុះ ដើម្បី​កាល​ណា​ទ្រង់​លេច​មក នោះ​យើង​ខ្ញុំ​នឹង​មាន​ចិត្ត​ក្លាហាន ឥត​ត្រូវ​ការ​នឹង​ខ្មាស​នៅ​ចំពោះ​ទ្រង់ ក្នុង​កាល​ដែល​ទ្រង់​យាង​មក​នោះ​ឡើយ ២៩បើ​អ្នក​រាល់​គ្នា​ដឹង​ថា ទ្រង់​សុចរិត នោះ​ត្រូវ​តែ​យល់​ឃើញ​ថា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត​នោះ គេ​បាន​កើត​ពី​ទ្រង់​មក​ដែរ។

  ៣ ១មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៏ ដែល​ព្រះ​វរបិតា​បាន​ផ្តល់​មក​យើង​រាល់​គ្នា ឲ្យ​យើង​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះ​ដូច្នេះ គឺ​ដោយ​ហេតុ​នោះ​បាន​ជា​លោកីយ​មិន​ស្គាល់​យើង​ទេ ពី​ព្រោះ​មិន​ស្គាល់​ទ្រង់​ដែរ ២ពួក​ស្ងួន​ភ្ងា​អើយ ឥឡូវ​នេះ យើង​រាល់​គ្នា​ជា​កូន​ព្រះ​ហើយ តែ​ដែល​យើង​រាល់​គ្នា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា​ទៀត នោះ​មិន​ទាន់​សំដែង​មក​នៅ​ឡើយ ប៉ុន្តែ យើង​ដឹង​ថា​កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង ៣អស់​អ្នក​ណា​ដែល​មាន​សេចក្តី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់ នោះ​ក៏​តែង​ជំរះ​សំអាត​ចិត្ត​ខ្លួន ឲ្យ​ដូច​ទ្រង់​ដែល​ស្អាត​ដែរ ៤ឯ​អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​ក៏​ឈ្មោះ​ថា ប្រព្រឹត្ត​រំលង​ក្រិត្យ​វិន័យ​ដែរ ដ្បិត​អំពើ​បាប​ជា​ការ​រំលង​ក្រិត្យ​វិន័យ​ហើយ ៥អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​ទ្រង់​បាន​លេច​មក ដើម្បី​នឹង​ដោះ​បាប​យើង​ចេញ ហើយ​ក៏​នៅ​ក្នុង​ទ្រង់ នោះ​គ្មាន​បាប​សោះ ៦ឯ​អស់​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​ទ្រង់ នោះ​មិន​ដែល​ធ្វើ​បាប​ទេ តែ​ពួក​អ្នក​ដែល​ធ្វើ​បាប​វិញ គេ​មិន​បាន​ឃើញ​ទ្រង់​ឡើយ ក៏​មិន​ស្គាល់​ទ្រង់​ផង។

៧កូនតូចៗរាល់គ្នាអើយ ចូរ​កុំ​ឲ្យ​អ្នក​ណា​នាំ​អ្នក​រាល់​គ្នា​ឲ្យ​វង្វេង​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​សេចក្តី​សុច​រិត នោះ​ឈ្មោះ​ថា​សុចរិត​ហើយ ដូច​ជា​ទ្រង់​ក៏​សុចរិត​ដែរ ៨តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​បាប​វិញ នោះ​គឺ​មក​ពី​អារក្ស​ទេ ពី​ព្រោះ​អារក្ស​បាន​ធ្វើ​បាប​ចាប់​តាំង​ពីដើម​រៀង​មក ដោយ​ហេតុ​នោះ​បាន​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​លេច​មក គឺ​ដើម្បី​នឹង​បំផ្លាញ​ការ​របស់​អារក្ស​ចេញ ៩អស់​អ្នក​ណា​ដែល​កើត​ពី​ព្រះ នោះ​មិន​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ពី​ព្រោះ​ពូជ​ព្រះ​នៅ​ក្នុង​អ្នក​នោះ​ឯង បាន​ជា​ពុំ​អាច​នឹង​ធ្វើ​បាប​បាន​ឡើយ ដ្បិត​បាន​កើត​ពី​ព្រះ​មក ១០គឺ​យ៉ាង​នោះ​ហើយ ដែល​នឹង​សំគាល់​ថា​ជា​ពួក​កូន​ព្រះ ឬ​ពួក​កូន​អារក្ស​ទៅ​បាន ឯ​អ្នក​ណា​ដែល​មិន​ប្រព្រឹត្ត​សេចក្តី​សុចរិត ហើយ​មិន​ស្រឡាញ់​ដល់​បង​ប្អូន នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ១១ដ្បិត​នេះ​ឯង​ជា​សេចក្តី ដែល​អ្នក​រាល់​គ្នា​បាន​ឮពី​ដើម​រៀង​មក គឺ​ថា​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ១២មិន​មែន​ដូច​ជា​កាអ៊ីន ដែល​កើត​ពី​មេ​កំណាច​មក ហើយ​បាន​សំឡាប់​ប្អូន​ខ្លួន​នោះ​ឡើយ ចុះ​តើ​ហេតុ​អ្វី​បាន​ជា​សំឡាប់​ប្អូន គឺ​ពី​ព្រោះ​តែ​ការ​របស់​គាត់​សុទ្ធ​តែ​អាក្រក់ ហើយ​ការ​របស់​ប្អូន​សុទ្ធ​តែ​ល្អ​វិញ​ប៉ុណ្ណោះ។

១៣បង​ប្អូន​អើយ បើ​លោកីយ​ស្អប់​អ្នក​រាល់​គ្នា នោះ​កុំ​ឲ្យ​ឆ្ងល់​ឡើយ ១៤យើង​រាល់​គ្នា​ដឹង​ថា យើង​បាន​កន្លង​ផុត​ពី​សេចក្តី​ស្លាប់ ទៅ​ដល់​ជីវិត​ហើយ ពី​ព្រោះ​យើង​ស្រឡាញ់​ដល់​ពួក​បង​ប្អូន ឯ​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន អ្នក​នោះ​ជា​អ្នក​នៅ​ជាប់​ក្នុង​សេចក្តី​ស្លាប់​នៅ​ឡើយ ១៥អ្នក​ណា​ដែល​មាន​ចិត្ត​ស្អប់​ដល់​បង​ប្អូន នោះ​ឈ្មោះ​ថា ជា​អ្នក​សំឡាប់​គេ ហើយ​អ្នក​រាល់​គ្នា​ដឹង​ហើយ ថា​គ្មាន​អ្នក​សំឡាប់​គេ​ណា​មួយ ដែល​មាន​ជីវិត​ដ៏​រស់​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​ខ្លួន​ឡើយ ១៦ដោយ​សារ​សេចក្តី​នេះ យើង​រាល់​គ្នា​បាន​ស្គាល់​សេចក្តី​ស្រឡាញ់ គឺ​ដោយ​ទ្រង់​បាន​ស៊ូ​ប្តូរ​ព្រះ​ជន្ម​ទ្រង់​ជំនួស​យើង ដូច្នេះ គួរ​ឲ្យ​យើង​ប្តូរ​ជីវិត​យើង​ជំនួស​បង​ប្អូន​ដែរ ១៧បើ​អ្នក​ណា​មាន​ភោគ​សម្បត្តិ​របស់​លោកីយ​នេះ ហើយ​ឃើញ​បង​ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូច​ម្តេច ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន។

១៨ពួក​កូន​តូចៗអើយ យើង​មិន​ត្រូវ​ស្រឡាញ់ ដោយ​ពាក្យ​សំដី ឬ​ដោយ​បបូរ​មាត់​ប៉ុណ្ណោះ​ឡើយ គឺ​ដោយ​ការ​ប្រព្រឹត្ត នឹង​សេចក្តី​ពិត​វិញ ១៩គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​នឹង​ដឹង​ថា យើង​កើត​មក​ពី​សេចក្តី​ពិត ហើយ​យើង​នឹង​បាន​កំឡា​ចិត្ត នៅ​ចំពោះ​ទ្រង់​ផង ២០ដ្បិត​បើ​សិន​ជា​ចិត្ត​យើង​ចោទ​ប្រកាន់​ខ្លួន នោះ​ព្រះ​ទ្រង់​ធំ​ជាង​ចិត្ត​យើង​ទៅ​ទៀត ហើយ​ក៏​ជ្រាប​គ្រប់​ទាំង​អស់​ផង ២១ពួក​ស្ងួន​ភ្ងា​អើយ បើ​ចិត្ត​យើង​មិន​ចោទ​ប្រកាន់​ចំពោះ​ខ្លួន​ទេ នោះ​យើង​មាន​សេចក្តី​ក្លាហាន​នៅ​ចំពោះ​ព្រះ ២២ហើយ​ទោះ​បើ​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ គង់​តែ​នឹង​បាន​សំរេច ពី​ព្រោះ​យើង​កាន់​តាម​បញ្ញត្ត​ទ្រង់ ហើយ​ក៏​ប្រ​ព្រឹត្ត​ការ​ដែល​គាប់​ព្រះ​ហឫទ័យ​ដល់​ទ្រង់​ដែរ ២៣ឯ​បញ្ញត្ត​ទ្រង់​នោះ គឺ​ថា ត្រូវ​ឲ្យ​យើង​ជឿ​ដល់​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ទ្រង់ ហើយ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ជា​ទ្រង់​បាន​បង្គាប់​មក​ហើយ ២៤អ្នក​ណា​ដែល​កាន់​តាម​បញ្ញត្ត​ទ្រង់ នោះ​ឈ្មោះ​ថា​នៅ​ជាប់​ក្នុង​ទ្រង់​ហើយ ទ្រង់​ក៏​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ យើង​ដឹង​ថា ទ្រង់​គង់​នៅ​ក្នុង​យើង ដោយ​សារ​ព្រះ​វិញ្ញាណ​ដែល​ទ្រង់​ប្រទាន​មក។  


៤ ១ពួកស្ងួនភ្ងាអើយ កុំ​ឲ្យ​ជឿ​គ្រប់​ទាំង​វិញ្ញាណ​ឡើយ ចូរ​ល្បង​វិញ្ញាណ​ទាំង​អស់​វិញ ដើម្បី​ឲ្យ​បាន​ដឹង​ជា​មក​ពី​ព្រះ ឬ​មិន​មែន ដ្បិត​មាន​ហោរា​ក្លែង​ក្លាយ​ជា​ច្រើន​កើត​មក​ក្នុង​លោកីយ​នេះ​ហើយ ២យើង​នឹង​សំគាល់​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បាន​ដូច្នេះ គឺ​អស់​ទាំង​វិញ្ញាណ​ណា​ដែល​ថ្លែង​ប្រាប់​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម គឺ​វិញ្ញាណ​នោះ​ហើយ ដែល​មក​ពី​ព្រះ ៣តែ​វិញ្ញាណ​ណា​ដែល​មិន​ព្រម​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​មក​ក្នុង​សាច់​ឈាម​ទេ នោះ​មិន​មែន​មក​ពី​ព្រះ​ឡើយ គឺ​ជា​វិញ្ញាណ​របស់​អាទទឹង​នឹង​ព្រះ​គ្រីស្ទ​វិញ ដែល​អ្នក​រាល់​គ្នា​បាន​ឮ​និយាយ​ថា ត្រូវ​មក​តែ​ឥឡូវ​នេះ ក៏​នៅ​ក្នុង​លោកីយ​ហើយ ៤ពួក​កូន​តូចៗអើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ពី​ព្រោះ​ព្រះ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា នោះ​ទ្រង់​ធំ​ជាង​អា​នោះ ដែល​នៅ​ក្នុង​លោកីយ​ផង ៥ពួក​នោះ​មក​ពី​លោកីយ​ទេ ដោយ​ហេតុ​នោះ​បាន​ជា​គេ​និយាយ​តាម​ភាព​លោកីយ ហើយ​លោកីយ​ក៏​ស្តាប់​គេ​ដែរ ៦ឯ​យើង​រាល់​គ្នា ជា​អ្នក​មក​ពី​ព្រះ​វិញ ហើយ​អ្នក​ណា​ដែល​ស្គាល់​ព្រះ នោះ​ក៏​ស្តាប់​យើង​ខ្ញុំ តែ​អ្នក​ណា​ដែល​មិន​មក​ពី​ព្រះ​ទេ នោះ​មិន​ព្រម​ស្តាប់​យើង​ខ្ញុំ​ឡើយ គឺ​យ៉ាង​នោះ​ឯង ដែល​យើង​នឹង​ស្គាល់​វិញ្ញាណ​នៃ​សេចក្តី​ពិត នឹង​វិញ្ញាណ​នៃ​សេចក្តី​ខុស​ឆ្គង​ទៅ​បាន។

៧ពួក​ស្ងួន​ភ្ងា​អើយ យើង​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​សេចក្តី​ស្រឡាញ់​មក​ពី​ព្រះ ឯ​អស់​អ្នក​ណា​ដែល​មាន​សេចក្តី​ស្រឡាញ់ នោះ​ឈ្មោះ​ថា​មក​ពី​ព្រះ ហើយ​ក៏​ស្គាល់​ទ្រង់​ដែរ ៨តែ​អ្នក​ណា​ដែល​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​មិន​ស្គាល់​ព្រះ​វិញ ពី​ព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ស្រឡាញ់​នោះ​ឯង ៩សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​សំដែង​មក​ឲ្យ​យើង​ខ្ញុំ​ស្គាល់ ដោយ​ទ្រង់​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​តែ១ ឲ្យ​មក​ក្នុង​លោកីយ ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ដោយ​សារ​ទ្រង់ ១០នេះ​ហើយ​ជា​សេចក្តីស្រឡាញ់ មិន​មែន​ជា​យើង​បាន​ស្រឡាញ់​ព្រះ​នោះ​ទេ គឺ​ទ្រង់​បាន​ស្រឡាញ់​យើង​វិញ​ទេ​តើ ហើយ​បាន​ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់​ឲ្យ​មក ទុក​ជា​ដង្វាយ​ឲ្យ​ធួន​នឹង​បាប​យើង​រាល់​គ្នា​ផង ១១ពួក​ស្ងួន​ភ្ងា​អើយ បើ​ព្រះ​បាន​ស្រឡាញ់​យើង​រាល់​គ្នា​ជា​ខ្លាំង​ដល់​ម៉្លេះ នោះ​ត្រូវ​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ១២គ្មាន​អ្នក​ណា​ដែល​ឃើញ​ព្រះ​ឡើយ តែ​បើ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​យើង ហើយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​បាន​ពេញ​ខ្នាត​ក្នុង​យើង​ដែរ ១៣គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​ដឹង​ថា យើង​នៅ​ជាប់​ក្នុង​ទ្រង់ ហើយ​ទ្រង់​ក៏​គង់​នៅ​ក្នុង​យើង ពី​ព្រោះ​ទ្រង់​បាន​ប្រទាន​ព្រះ​វិញ្ញាណ​ទ្រង់​មក​យើង​រាល់​គ្នា ១៤ហើយ​យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់​ថា ព្រះ​វរបិតា​បាន​ចាត់​ព្រះ​រាជ​បុត្រា​មក​ធ្វើ​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក។

១៥អ្នក​ណា​ដែល​យល់​ព្រម​ថា ព្រះ​យេស៊ូ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ អ្នក​នោះ​ឈ្មោះ​ថា មាន​ព្រះ​គង់​នៅ​ក្នុង​ខ្លួន​ពិត ហើយ​ខ្លួន​ក៏​នៅ​ក្នុង​ព្រះ​ដែរ ១៦យើង​រាល់​គ្នា​បាន​ស្គាល់ ហើយ​ក៏​ជឿ​ចំពោះ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​ទ្រង់​មាន​ដល់​យើង ព្រះ​ទ្រង់​ជា​តួ​សេចក្តី​ស្រឡាញ់ ឯ​អ្នក​ណា​ដែល​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់ នោះ​ក៏​បាន​នៅ​ជាប់​ក្នុង​ព្រះ ហើយ​ព្រះ​ទ្រង់​គង់​នៅ​ក្នុង​អ្នក​នោះ​ដែរ ១៧គឺ​យ៉ាង​នោះ​ហើយ ដែល​សេចក្តី​ស្រឡាញ់​បាន​ពេញ​ខ្នាត​ក្នុង​យើង ដើម្បី​ឲ្យ​យើង​មាន​សេចក្តី​ក្លាហាន​នៅ​ថ្ងៃ​ជំនុំជំរះ ដ្បិត​ដែល​ព្រះ​ទ្រង់​ជា​យ៉ាង​ណា នោះ​យើង​រាល់​គ្នា​ក៏​យ៉ាង​នោះ នៅ​ក្នុង​លោកីយ​នេះ​ដែរ ១៨គ្មាន​សេចក្តី​ភ័យ​ខ្លាច​ណា នៅ​ក្នុង​សេចក្តី​ស្រឡាញ់​ឡើយ សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្តី​ភ័យ​ខ្លាច​ចេញ ពី​ព្រោះ​សេចក្តី​ភ័យ​ខ្លាច​តែង​ជាប់​មាន​សេចក្តី​វេទនា ហើយ​អ្នក​ណា​ដែល​មាន​សេច​ក្តី​ភ័យ​ខ្លាច នោះ​មិន​ទាន់​បាន​ពេញ​ខ្នាត ខាង​ឯ​សេចក្តី​ស្រឡាញ់​នៅ​ឡើយ​ទេ ១៩ឯ​យើង​រាល់​គ្នា យើង​ស្រឡាញ់​ទ្រង់ ពី​ព្រោះ​ទ្រង់​បាន​ស្រឡាញ់​យើង​ជា​មុន។

២០បើ​អ្នក​ណា​ថា ខ្លួន​ស្រឡាញ់​ព្រះ តែ​ស្អប់​ដល់​បង​ប្អូន​វិញ អ្នក​នោះ​ជា​អ្នក​កុហក ដ្បិត​អ្នក​ណា​ដែល​មិន​ស្រឡាញ់​បង​ប្អូន ដែល​បាន​មើល​ឃើញ​ទៅ​ហើយ នោះ​ធ្វើ​ដូច​ម្តេច​ឡើយ ឲ្យ​ស្រឡាញ់​ដល់​ព្រះ ដែល​មើល​មិន​ឃើញ​ទៅ​បាន ២១មួយ​ទៀត យើង​បាន​ទទួល​បញ្ញត្ត​នេះ​ពី​ព្រះ​មក​ថា អ្នក​ណា​ដែល​ស្រឡាញ់​ដល់​ព្រះ នោះ​ត្រូវ​តែ​ស្រឡាញ់​ដល់​បង​ប្អូន​ដែរ។  


៥ ១អស់អ្នកណាដែលជឿថា ព្រះ​យេស៊ូវ​ជា​ព្រះ​គ្រីស្ទ​អ្នក​នោះ​បាន​កើត​ពី​ព្រះ​មក ហើយ​អស់​ទាំង​អ្នក​ណា​ដែល​ស្រឡាញ់​ព្រះ​ដ៏​បង្កើត​ខ្លួន​មក នោះ​ក៏​រមែង​ស្រឡាញ់​ដល់​អស់​អ្នក​ឯ​ទៀត ដែល​កើត​ពី​ទ្រង់​មក​ដែរ ២កាល​ណា​យើង​ស្រឡាញ់​ដល់​ព្រះ ហើយ​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ នោះ​យើង​ដឹង​ថា យើង​ស្រឡាញ់​ដល់​ពួក​កូន​របស់​ព្រះ​ដែរ ៣ដ្បិត​នេះ​ហើយ​ជា​សេចក្តី​ស្រឡាញ់​ដល់​ព្រះ គឺ​ឲ្យ​យើង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ឯ​បញ្ញត្ត​ទ្រង់​នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ ៤ពី​ព្រោះ​គ្រប់​ទាំង​អស់​ដែល​កើត​ពី​ព្រះ​មក នោះ​បាន​ឈ្នះ​លោកីយ​ហើយ ឯ​ជ័យ​ជំនះ​ដែល​ឈ្នះ​លោកីយ​នោះ គឺ​ជា​សេចក្តី​ជំនឿ​របស់​យើង ៥តើ​អ្នក​ណា​ជា​អ្នក​ឈ្នះ​លោកីយ បើ​មិន​មែន​ជា​អ្នក​ដែល​ជឿ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ។

៦គឺព្រះយេស៊ូវគ្រីស្ទនេះហើយ ដែល​យាង​មក​ដោយ​ទឹក ហើយ​នឹង​ឈាម មិន​មែន​ដោយ​ទឹក​តែ​ប៉ុណ្ណោះ គឺ​ទាំង​ទឹក​ទាំង​ឈាម​ផង គឺ​ជា​ព្រះ​វិញ្ញាណ​ដែល​ធ្វើ​បន្ទាល់ ដ្បិត​ព្រះ​វិញ្ញាណ​ទ្រង់​ជា​សេចក្តី​ពិត ៧មាន​សាក្សី៣អង្គ ដែល​ធ្វើ​បន្ទាល់​នៅ​ស្ថាន​សួគ៌ គឺ​ជា​ព្រះ​វរបិតា១ ព្រះ​បន្ទូល១ នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ១ តែ​ទាំង៣អង្គ​នេះ​រួម​មក​តែ១ទេ ៨ហើយ​មាន៣មុខ​ទៀត ដែល​ធ្វើ​បន្ទាល់​នៅ​ផែន​ដី​ដែរ គឺ​ជា​ព្រះ​វិញ្ញាណ១ ទឹក១ នឹង​ឈាម១ ទាំង៣នេះ​ក៏​ត្រូវ​គ្នា​ដែរ ៩បើ​សិន​ជា​យើង​បាន​ទទួល​សេចក្តី​បន្ទាល់​របស់​មនុស្ស​ទៅ​ហើយ នោះ​សេចក្តី​បន្ទាល់​របស់​ព្រះ​ក៏​ប្រសើរ​ជាង​ទៅ​ទៀត ដ្បិត​សេចក្តី​បន្ទាល់​របស់​ព្រះ គឺ​ជា​សេចក្តី​ដែល​ទ្រង់​ថ្លែង​ប្រាប់​ពី​ព្រះ​រាជ​បុត្រា​នៃ​ទ្រង់ ១០អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​នោះ មាន​សេចក្តី​បន្ទាល់ នៅ​ក្នុង​ខ្លួន​ហើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​ដល់​ព្រះ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​សេចក្តី​បន្ទាល់ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដំណើរ​ព្រះ​រាជ​បុត្រា​នៃ​ទ្រង់ ១១នេះ​ហើយ​ជា​សេចក្តី​បន្ទាល់​នោះ គឺ​ថា​ព្រះ​ទ្រង់​បាន​ប្រទាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​មក​យើង​រាល់​គ្នា ហើយ​ជីវិត​នោះ គឺ​នៅ​ក្នុង​ព្រះ​រាជ​បុត្រា​នៃ​ទ្រង់ ១២ឯ​អ្នក​ណា​ដែល​មាន​ព្រះ​រាជ​បុត្រា នោះ​ក៏​មាន​ជីវិត​ដែរ តែ​អ្នក​ណា​ដែល​គ្មាន​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ទេ នោះ​គ្មាន​ជីវិត​ឡើយ។

១៣ខ្ញុំបានសរសេរសេចក្តីទាំងនេះ ផ្ញើ​មក​អ្នក​រាល់​គ្នា ដែល​ជឿ​ដល់​ព្រះ​នាម​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង​ថា អ្នក​រាល់​គ្នា​មាន​ជីវិត​អស់​កល្ប​ជានិច្ច​ហើយ ១៤យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះ​ហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម ១៥បើ​យើង​ដឹង​ថា ទ្រង់​ទទួល​ព្រម​តាម​យើង ក្នុង​ការ​អ្វី​ដែល​យើង​សូម​ដូច្នេះ នោះ​យើង​ក៏​ដឹង​ថា យើង​បាន​អ្វី​ដែល​យើង​សូម​ពី​ទ្រង់​ហើយ​ដែរ។

១៦បើអ្នកណាឃើញបងប្អូនកំពុងតែធ្វើបាប គឺ​ជា​បាប​ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ទេ នោះ​ត្រូវ​សូម​ចុះ​ទ្រង់​នឹង​ប្រទាន​ជីវិត​មក​ដល់​អស់​អ្នក​ធ្វើ​បាប ដែល​មិន​មែន​មាន​ទោស​ដល់​ស្លាប់​នោះ​ជា​ពិត តែ​មាន​បាប​ម៉្យាង​ដែល​មាន​ទោស​ដល់​ស្លាប់​វិញ ឯ​បាប​នោះ​ខ្ញុំ​មិន​ថា ឲ្យ​សូម​អង្វរ​ឲ្យ​ទេ ១៧គ្រប់​ទាំង​អំពើ​ទុច្ចរិត សុទ្ធ​តែ​ជា​បាប​ទាំង​អស់​ហើយ​ក៏​មាន​បាប​ខ្លះ ដែល​មិន​មាន​ទោស​ដល់​ស្លាប់​ដែរ ១៨យើង​ដឹង​ថា អ្នក​ណា​ដែល​កើត​ពី​ព្រះ​មក នោះ​មិន​ចេះ​ធ្វើ​បាប​ទេ អ្នក​នោះ​ឯង​ជា​អ្នក​រក្សា​ខ្លួន​វិញ ហើយ​មេ​កំណាច​នឹង​ពាល់​អ្នក​នោះ​មិន​បាន​ឡើយ ១៩យើង​ដឹង​ថា យើង​មក​ពី​ព្រះ​ពិត តែ​លោកីយ​ទាំង​មូល​ដេក​នៅ​ក្នុង​ឱវាទ​នៃ​មេ​កំណាច​វិញ ២០យើង​ក៏​ដឹង​ថា ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​យាង​មក​ហើយ ក៏​បាន​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ប្រាជ្ញា ដើម្បី​ឲ្យ​បាន​ស្គាល់​ព្រះ​ដ៏​ពិត​ប្រាកដ យើង​រាល់​គ្នា​ជា​អ្នក​នៅ​ក្នុង​ព្រះ​ដ៏​ពិត​ប្រាកដ​នោះ គឺ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ទ្រង់ ព្រះ​អង្គ​នោះ​ឯង​ជា​ព្រះ​ពិត​ប្រាកដ ហើយ​ជា​ជីវិត​អស់​កល្ប​ជានិច្ច​ផង។


២១កូនតូចៗរាល់គ្នាអើយ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​រក្សា​ខ្លួន​ឲ្យ​ផុត​ពី​រូប​ព្រះ​ចេញ។ អាម៉ែន។៚  



AMAZING GRACE BIBLE INSITIUTE