Get the DaunPhen font >> HERE <<.


សំបុត្រទី១របស់ប៉ុល

ដល់

ធីម៉ូថេ


១ ១សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ តាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងព្រះយេស៊ូវគ្រីស្ទដ៏ជាទីសង្ឃឹមនៃយើងរាល់គ្នា ២ខ្ញុំផ្ញើមកអ្នកធីម៉ូថេជាកូនពិតក្នុងសេចក្តីជំនឿ សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្តីមេត្តាករុណា នឹងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។

៣កាលខ្ញុំរៀបនឹងទៅឯស្រុកម៉ាសេដូន នោះខ្ញុំបានសូមឲ្យអ្នកនៅតែក្នុងក្រុងអេភេសូរចុះ ដើម្បីឲ្យអ្នកបានហាមប្រាមដល់អ្នកខ្លះ កុំឲ្យគេបប្រៀនពីសេចក្តីណាផ្សេងទៀត ៤ឬស្តាប់តាមរឿងព្រេង នឹងពង្សាវតារ ដែលមិនចេះអស់មិនចេះហើយនោះឡើយ ដែលរឿងទាំងនោះតែងបង្កើតឲ្យមានសេចក្តីដេញដោល ជាជាងចំរើនការនៃព្រះក្នុងសេចក្តីជំនឿ ៥ហេតុដែលហាមយ៉ាងដូច្នោះ នោះគឺប្រយោជន៍ចង់ឲ្យបានសេចក្តីស្រឡាញ់ ដែលកើតពីចិត្តស្អាត ពីបញ្ញាចិត្តជ្រះថ្លា ហើយពីសេចក្តីជំនឿដ៏ស្មោះត្រង់វិញ ៦ព្រោះអ្នកខ្លះបានជ្រួសចេញពីសេចក្តីនោះទៅហើយ ព្រមទាំងបែរចេញ ទៅខាងពាក្យសំដី ដែលឥតប្រយោជន៍ផង ៧គេចង់ធ្វើជាគ្រូនៃក្រិត្យវិន័យ តែគេមិនទាំងយល់សេចក្តីដែលគេនិយាយ ឬពីសេចក្តីដែលគេប្រកាន់នោះផង ៨រីឯយើងៗដឹងថា ក្រិត្យវិន័យល្អមែន បើអ្នកណាប្រើតាមត្រឹមត្រូវ ៩ដោយដឹងថា ក្រិត្យវិន័យមិនមែនតាំងសំរាប់មនុស្សសុចរិតទេ គឺសំរាប់មនុស្សទទឹងច្បាប់ នឹងមនុស្សរឹងចចេស មនុស្សទមិលល្មើស នឹងមនុស្សដែលមានបាប គឺជាមនុស្សមិនបរិសុទ្ធ នឹងមនុស្សមិនរាប់ព្រះមនុស្សដែលវាយឪពុកម្តាយ នឹងមនុស្សដែលសំឡាប់គេ ១០មនុស្សកំផិត លេងកូនជឹង ចាប់មនុស្សលក់ ភូតកុហកហើយស្បថបំពានវិញ ព្រមទាំងការអ្វីដែលទាស់ទទឹងនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវដែរ ១១នោះគឺតាមដំណឹងពីសិរីល្អនៃព្រះដ៏មានពរ ជាដំណឹងដែលផ្ញើទុកនឹងខ្ញុំ។

១២ខ្ញុំអរព្រះគុណដល់ព្រះ ដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ គឺជាព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ពីព្រោះទ្រង់បានរាប់ខ្ញុំទុកជាស្មោះត្រង់ ទាំងតាំងខ្ញុំឲ្យមានការងារ ១៣ដែលពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន តែទ្រង់បានអាណិតមេត្តាដល់ខ្ញុំ ពីព្រោះខ្ញុំបានប្រព្រឹត្តដោយខ្លៅល្ងង់ ឥតមានសេចក្តីជំនឿ ១៤តែព្រះគុណរបស់ព្រះអម្ចាស់នៃយើងបានចំរើនជាបរិបូរហូរហៀរឡើង ព្រមទាំងសេចក្តីជំនឿនឹងសេចក្តីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវផង ១៥ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង គឺថា ព្រះគ្រីស្ទយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ ដើម្បីនឹងជួយសង្គ្រោះមនុស្សមានបាប ដែលខ្ញុំនេះជាលេខ១ក្នុងពួកគេ ១៦ដោយហេតុនោះបានជាទ្រង់អាណិតមេត្តាដល់ខ្ញុំ ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទបានសំដែងចេញ គ្រប់ទាំងសេចក្តីអត់ធន់របស់ទ្រង់ក្នុងខ្លួនខ្ញុំ ដែលជាអ្នកលេខ១នោះ ឲ្យខ្ញុំបានធ្វើជាក្បួនដល់ពួកអ្នក ដែលនឹងជឿដល់ទ្រង់ ប្រយោជន៍ឲ្យគេបានជីវិតអស់កល្បជានិច្ច ១៧រីឯស្តេចនៃអស់ទាំងកល្ប ដែលទ្រង់មិនចេះសុគត ហើយមើលទ្រង់មិនឃើញ គឺជាព្រះតែ១ព្រះអង្គ នោះសូមឲ្យទ្រង់បានល្បីព្រះនាម នឹងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។

១៨ឱធីម៉ូថេ ជាកូនអើយ ខ្ញុំប្រគល់ពាក្យបណ្តាំនេះទុកនឹងអ្នក តាមសេចក្តីទំនាយដែលបានទាយពីអ្នកជាមុន ដើម្បីឲ្យអ្នកបានច្បាំងជាចំបាំងយ៉ាងល្អ ដោយសារសេចក្តីទាំងនោះ ១៩ព្រមទាំងរក្សាសេចក្តីជំនឿ នឹងបញ្ញាចិត្តជ្រះថ្លា ដែលមនុស្សខ្លះបានបោះបង់ចោល ហើយគេបានលិចបាត់ខាងឯសេចក្តីជំនឿផង ២០ក្នុងពួកនោះ មានឈ្មោះហ៊ីមេនាស នឹងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅអារក្សសាតាំង ឲ្យត្រូវវាយផ្ចាល ដើម្បីឲ្យគេរាងចាលកុំឲ្យប្រមាថទៀត។



២ ១ដូច្នេះ ខ្ញុំទូន្មានសេចក្តីនេះជាមុនដំបូងថា ចូរពោលពាក្យអរព្រះគុណ ពាក្យទូលសូម ពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរឲ្យមនុស្សទាំងអស់ ២គឺឲ្យស្តេច ហើយឲ្យពួកនាម៉ឺនទាំងប៉ុន្មានផង ដើម្បីឲ្យយើងរាល់គ្នាបាននៅជាសុខសាន្ត ហើយស្រគត់ស្រគំ ដោយកោតខ្លាច ហើយដោយនឹងធឹងគ្រប់ជំពូក ៣ដ្បិតយ៉ាងនោះ ទើបបានល្អហើយគាប់ព្រះហឫទ័យ ដល់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង ៤ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្តីពិត ៥ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះនឹងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ ៦ទ្រង់បានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់ ដែលត្រូវមានទីបន្ទាល់នៅពេលកំណត់ ៧ហើយទ្រង់បានតាំងខ្ញុំ ឲ្យធ្វើជាអ្នកប្រកាសប្រាប់ នឹងជាសាវកពីការនោះឯង គឺជាគ្រូបង្រៀនដល់ពួកសាសន៍ដទៃ ដោយសេចក្តីជំនឿ នឹងសេចក្តីពិត (ខ្ញុំនិយាយតាមសេចក្តីពិតមិនកុហកទេ)។

៨ដូច្នេះ ខ្ញុំចង់ឲ្យពួកប្រុសៗលើកដៃបរិសុទ្ធឡើង នឹងអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតខឹង ឬឈ្លោះប្រកែកឡើយ ៩ឯពួកស្រីៗ នោះខ្ញុំក៏ចង់ឲ្យគេតែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន មិនមែនជាអ្នកតែងខ្លួនដោយក្រងសក់ ឬពាក្យមាស កែវមុត្តា ឬសំលៀកបំពាក់យ៉ាងថ្លៃពេកនោះឡើយ ១០តែឲ្យសំណំនឹំងពួកស្ត្រី ដែលរាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ គឺដោយការប្រព្រឹត្តល្អវិញ ១១ត្រូវឲ្យស្រីៗរៀនដោយសំងាត់ ទាំងចុះចូលគ្រប់ជំពូក ១២ខ្ញុំមិនបើកឲ្យស្ត្រីណាបង្រៀន ឬឲ្យមានអំណាចលើបុរសទេ ត្រូវឲ្យគេនៅដោយស្រគត់ស្រគំចុះ ១៣ពីព្រោះព្រះបានបង្កើតលោកអ័ដាមមកជាមុន រួចមកនាងអេវ៉ា ១៤ហើយមិនមែនលោកអ័ដាម ដែលចាញ់បញ្ឆោតទេ គឺជាស្ត្រីវិញទេតើ ដែលចាញ់បញ្ឆោតនោះព្រមទាំងរំលងច្បាប់ផង ១៥តែបើសិនជានាងនៅជាប់ក្នុងសេចក្តីជំនឿ សេចក្តីស្រឡាញ់ នឹងសេចក្តីបរិសុទ្ធ ទាំងមានគំនិតមារយាទ នោះនាងនឹងបានសង្គ្រោះក្នុងកាលដែលបង្កើតកូន។



៣ ១ពាក្យនេះគួរជឿដែលថា បើអ្នកណាប្រាថ្នាចង់ធ្វើជាអ្នកត្រួតត្រា នោះឈ្មោះថាចង់បានការល្អប្រសើរហើយ ២ដូច្នេះ ត្រូវឲ្យអ្នកត្រួតត្រាប្រព្រឹត្ត ដោយឥតកន្លែងចាប់ទោសបានចុះ ត្រូវជាមនុស្សមានប្រពន្ធតែ១ ជាមនុស្សដឹងខ្នាត មានចិត្តធ្ងន់ធ្ង កាន់គំនិតមារយាទ ជាអ្នកចៅរ៉ៅ ហើយប្រសប់នឹងការបង្រៀន ៣មិនត្រូវជាអ្នកចំណូលស្រា ឬឈ្លោះប្រកែក ឬស៊ីសំណូកឡើយ ត្រូវមានចិត្តស្លូតបូតឥតរករឿងរកហេតុ ឥតលោភចង់បានប្រាក់ ៤ត្រូវត្រួតត្រាផ្ទះរបស់ខ្លួន ដោយស្រួលបួល ទាំងឲ្យកូនចៅស្តាប់បង្គាប់ដោយនឹងធឹង ៥បើអ្នកណាមិនចេះត្រួតត្រាផ្ទះខ្លួនធ្វើដូចម្តេចឲ្យថែរក្សាពួកជំនុំនៃព្រះបាន ៦មនុស្សណាដែលទើបនឹងជឿថ្មី នោះធ្វើពុំបានទេ ក្រែងកើតមានចិត្តធំ ហើយធ្លាក់ទៅក្នុងទោសរបស់អារក្សវិញ ៧ត្រូវឲ្យអ្នកនោះមានឈ្មោះល្អពីអ្នកដទៃផង ក្រែងគេត្មះតិះដៀល ហើយធ្លាក់ទៅក្នុងអន្ទាក់របស់អារក្ស។

៨ឯពួកអ្នកជំនួយក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹងឥតនិយាយសំដី២ ឥតចំណូលស្រា ឬស៊ីសំណូកឡើយ ៩ត្រូវជាអ្នកកាន់តាមសេចក្តីអាថ៌កំបាំងរបស់សេចក្តីជំនឿដោយបញ្ញាចិត្តដ៏ស្អាត ១០មួយទៀត ត្រូវល្បងលចំពោះពួកអ្នកជំនួយទាំងនោះជាមុនដំបូងដែរ រួចបើកាលណាឃើញថា គ្មានកន្លែងចាប់ទោសបានហើយ នោះសឹមឲ្យគេជួយទៅចុះ ១១ឯប្រពន្ធរបស់គេ ក៏ត្រូវមានចិត្តនឹងធឹងដែរ ឥតចេះនិយាយដើមគេ ជាអ្នកដឹងខ្នាត ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់ ១២ត្រូវឲ្យអ្នកជំនួយមានប្រពន្ធតែ១ ទាំងត្រួតត្រាកូនចៅ នឹងផ្ទះខ្លួន ដោយស្រួលបួល ១៣ត្បិតពួកអ្នកដែលបានជួយយ៉ាងល្អ នោះនឹងបានថ្នាក់ល្អសំរាប់ខ្លួន នឹងសេចក្តីក្លាហានក្នុងសេចក្តីជំនឿ ដោយសារព្រះគ្រីស្ទយេស៊ូវ។

១៤ខ្ញុំសង្ឃឹមថានឹងមកឯអ្នកជាយ៉ាងឆាប់ ប៉ុន្តែ ខ្ញុំសរសេរសេចក្តីទាំងនេះផ្ញើមកអ្នកសិន ១៥ដើម្បី ក្រែងខ្ញុំក្រមក នោះឲ្យអ្នកបានដឹងពីរបៀបយ៉ាងណា ដែលគួរប្រព្រឹត្តក្នុងដំណាក់នៃព្រះ គឺក្នុងពួកជំនុំនៃព្រះដ៏មានព្រះជន្មរស់ ដែលជាសសរ ហើយជាជើងថ្កល់របស់សេចក្តីពិត ១៦ពិតប្រាកដជាសេចក្តីអាថ៌កំបាំងរបស់សាសនានៃយើងនោះជ្រាលជ្រៅណាស់ គឺដែលព្រះបានលេចមកក្នុងសាច់ឈាម បានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញទ្រង់ មនុស្សបានប្រកាសប្រាប់ពីទ្រង់ដល់ពួកសាសន៍ដទៃ មានគេជឿដល់ទ្រង់ក្នុងលោកីយនេះ រួចព្រះបានលើកទ្រង់ឡើងទៅក្នុងសិរីល្អវិញ។



៤ ១តែព្រះវិញ្ញាណ ទ្រង់មានបន្ទូលយ៉ាងជាក់ច្បាស់ថានៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត នឹងសេចក្តីបង្រៀនរបស់ពួកអារក្ស ២ដោយសារពុតមាយារបស់ពួកអ្នក ដែលពោលតែពាក្យកុហក ទាំងមានបញ្ញាចិត្តរលាក ៣ព្រមទាំងហាមប្រាមមិនឲ្យយកប្តីប្រពន្ធ ហើយឲ្យត្រូវតមអាហារ ដែលព្រះបានបង្កើតមក សំរាប់ពួកអ្នកជឿ នឹងពួកអ្នកដែលស្គាល់សេចក្តីពិត ឲ្យបានទទួលដោយអរព្រះគុណ ៤ដ្បិតសត្វទាំងអស់ដែលព្រះទ្រង់បង្កើតមកនោះ សុទ្ធតែល្អ ហើយមិនត្រូវចោល១ឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ ៥ដ្បិតបានញែកជាបរិសុទ្ធដោយសារព្រះបន្ទូល ហើយសេចក្តីអធិស្ឋាន។

៦បើអ្នកសំដែងសេចក្តីទាំងនេះ ដល់ពួកបងប្អូនឲ្យស្គាល់ នោះអ្នកនឹងធ្វើជាជំនួយយ៉ាងល្អ របស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបន្ទូលនៃសេចក្តីជំនឿ នឹងសេចក្តីបង្រៀនដ៏ល្អបានចិញ្ចឹមអ្នក ដោយអ្នកបានកាន់តាមស្មោះចំពោះមែន ៧កុំឲ្យព្រមស្តាប់ទាំងរឿងល្បែងរបស់ស្រីចាស់ៗឡើយ ចូរបង្ហាត់ខ្លួនខាងឯសេចក្តីគោរពប្រតិបត្តិដល់ព្រះវិញ ៨ដ្បិតការបង្ហាត់ខ្លួនប្រាណ នោះមានប្រយោជន៍តែបន្តិចទេ តែសេចក្តីគោរពប្រតិបត្តិដល់ព្រះ នោះទើបមានប្រយោជន៍គ្រប់ជំពូកវិញ ក៏មានសេចក្តីសន្យាឲ្យបានជីវិតនៅជាន់ឥឡូវនេះ ហើយទៅខាងនាយផង ៩ពាក្យនេះគួរជឿ ហើយគួរទទួលគ្រប់យ៉ាង ១០ដ្បិតគឺដោយហេតុនោះបានជាយើងខ្ញុំខំធ្វើការ ទាំងត្រូវគេត្មះតិះដៀល ពីព្រោះយើងខ្ញុំមានសេចក្តីសង្ឃឹម ដល់ព្រះដ៏មានព្រះជន្មរស់ដែលទ្រង់ជាព្រះអង្គសង្គ្រោះនៃមនុស្សទាំងឡាយ មានមនុស្សដែលជឿជាដើម ១១ចូរផ្តាំគេពីសេចក្តីទាំងនេះ ហើយបង្ហាត់បង្រៀនចុះ ១២កុំឲ្យអ្នកណាមើលងាយអ្នកដោយព្រោះនៅក្មេងនោះឡើយ ចូរធ្វើជាគំរូដល់ពួកអ្នកជឿ ដោយពាក្យសំដី កិរិយាប្រព្រឹត្ត សេចក្តីស្រឡាញ់ សេចក្តីជំនឿ នឹងសេចក្តីបរិសុទ្ធ ១៣ចូរឧស្សាហ៍មើលគម្ពីរ ហើយទូន្មាន នឹងបង្រៀនគេ ដរាបដល់ខ្ញុំមក ១៤កុំឲ្យធ្វេស្វនឹងអំណោយទាន ដែលសណ្ឋិតលើអ្នក ដែលបានប្រទានមកអ្នកដោយសេចក្តីទំនាយ ក្នុងកាលដែលពួកចាស់ទុំបានដាក់ដៃលើអ្នកឡើយ ១៥ចូរឧស្សាហ៍ប្រព្រឹត្តតាមសេចក្តីទាំងនោះ ហើយកាន់ខ្ជាប់ផង ដើម្បីឲ្យមនុស្សទាំងឡាយ បានឃើញសេចក្តីជំនឿនរបស់អ្នក ១៦ចូរប្រុងប្រយ័តនឹងខ្លួនអ្នក ហើយនឹងសេចក្តីបង្រៀនចូរកាន់ខ្ជាប់តាមសេចក្តីទាំងនេះ ដ្បិតដែលធ្វើដូច្នោះ នោះអ្នកនឹងសង្គ្រោះខ្លួនអ្នកបាន ព្រមទាំងពួកអ្នកដែលស្គាល់អ្នកផង។



៥ ១កុំឲ្យស្តីបន្ទោសដល់មនុស្សចាស់ៗឡើយ ចូរទូន្មានគាត់ទុកដូចជាឪពុកចុះ ហើយមនុស្សដែលក្មេងជាងអ្នកនោះទុកដូចជាប្អូនវិញ ២ឯស្ត្រីចាស់ៗទុកដូចជាម្តាយ ហើយពួកស្ត្រីដែលក្មេងជាងអ្នក ទុកដូចជាប្អូនដែរ ដោយសេចក្តីបរិសុទ្ធសព្វគ្រប់ ៣ចូរគោរពដល់ពួកស្ត្រីដែលពិតជាមេម៉ាយមែន ៤តែបើស្រីមេម៉ាយណាមានកូនចៅ នោះត្រូវឲ្យកូនចៅនោះរៀនឲ្យចេះគោរពប្រតិបត្តិ ដល់ពួ់កផ្ទះខ្លួនជាដើម ទាំងសងគុណឪពុកម្តាយ ដ្បិតព្រះទ្រង់សព្វព្រះហឫទ័យយ៉ាងដូច្នោះ ៥រីឯស្ត្រីណាដែលពិតជាមេម៉ាយហើយនៅតែឯង នោះសង្ឃឹមតែដល់ព្រះ ក៏ព្យាយាមក្នុងសេចក្តីទូលអង្វរ នឹងសេចក្តីអធិស្ឋានទាំងយប់ទាំងថ្ងៃ ៦តែមេម៉ាយណាដែលនៅតែស្រើបស្រាល នោះទោះបើរស់នៅក៏ដោយ ក៏ឈ្មោះថាស្លាប់ហើយ ៧ចូរហាមគេពីសេចក្តីទាំងនេះ ដើម្បីកុំឲ្យគេមានកន្លែងបន្ទោសបានឡើយ ៨បើមានអ្នកណា ដែលមិនផ្គត់ផ្គង់ឲ្យពួកញ្ញាតិសន្តានខ្លួន គឺឲ្យពួកអ្នកផ្ទះខ្លួនជាដើម អ្នកនោះឈ្មោះថាបានបោះបង់ចោលសេចក្តីជំនឿហើយ ក៏អាក្រក់ជាងមនុស្សដែលមិនបានជឿទៅទៀត ៩ចូរឲ្យកត់ចុះក្នុងបញ្ជីមេម៉ាយចំពោះតែឈ្មោះស្ត្រីណា ដែលមានអាយុពី៦០ឆ្នាំឡើងទៅលើប៉ុណ្ណោះ ហើយដែលបានមានប្តីតែមួយផង ១០ត្រូវមានគេធ្វើបន្ទាល់ពីការល្អរបស់ស្ត្រីនោះដែរ បើបានចិញ្ចឹមកូន ទទួលអ្នកដទៃឲ្យស្នាក់ លាងជើងពួកបរិសុទ្ធជួយដោះទុក្ខ ដល់ពួកអ្នកដែលមានសេចក្តីវេទនា បើបានឧស្សាហ៍តាមគ្រប់ទាំងការល្អ នោះទើបចុះបាន ១១ឯស្រីមេម៉ាយដែលក្មេងជាង នោះមិនត្រូវទទួលទេ ដ្បិតបើកាលណាគេកើតមានចិត្តរឹងទទឹងនឹងព្រះគ្រីស្ទ នោះគេនឹងចង់យកប្តីទៀត ១២គេនឹងមានទោស ដោយព្រោះបានបោះបង់ចោលសេចក្តីជំនឿដើម ១៣ក៏នឹងទំលាប់នៅដៃទំនេរ ទាំងដើរពីផ្ទះមួយទៅផ្ទះមួយ មិនត្រឹមតែនៅដៃទំនេរតែប៉ុណ្ណោះ គឺមានទាំងមាត់ប៉ប៉ាច់ប៉ប៉ោច ហើយបេះបួយ ក៏និយាយសេចក្តីដែលមិនគួរគប្បីថែមទៀតផង ១៤ដូច្នេះ ខ្ញុំចង់ឲ្យស្រីមេម៉ាយដែលនៅក្មេង បានយកប្តីទៅដើម្បីនឹងបង្កើតកូន ហើយគ្រប់គ្រងនៅទីផ្ទះ ឥតបើកឱកាសឲ្យពួកអ្នក ដែលរករឿង បានត្មះតិះដៀលឡើយ ១៥ដ្បិតមានអ្នកខ្លះងាកបែរទៅ តាមអារក្សសាតាំងហើយ ១៦បើមានអ្នកជឿណា ទោះប្រុសឬស្រីដែលមានម្តាយមេម៉ាយ នោះត្រូវជួយផ្គត់ផ្គង់ឲ្យផង កុំឲ្យផ្ទុកលើពួកជំនុំឡើយ ដើម្បីឲ្យពួកជំនុំបានផ្គត់ផ្គង់ដល់ពួកអ្នក ដែលពិតជាមេម៉ាយនោះវិញ។

១៧អ្នកចាស់ទុំណា ដែលជាអ្នកនាំមុខយ៉ាងល្អ នោះត្រូវរាប់ជាគួរនឹងគោរពប្រតិបត្តិជាទ្វេគុណឡើង គឺមានពួកដែលខំផ្សាយព្រះបន្ទូល ហើយនឹងពួកដែលបង្រៀនជាដើម ១៨ដ្បិតគម្ពីរចែងទុកមកថា «មិនត្រូវឃ្លុំមាត់គាដែលបញ្ជាន់ស្រូវឡើយ» ហើយថា «ជើងឈ្នួល គួរឲ្យបានប្រាក់ឈ្នួលខ្លួន» ១៩កុំឲ្យស្តាប់សេចក្តីចោទប្រកាន់ទាស់នឹងអ្នកចាស់ទុំណាឡើយ លើកតែមានស្មរបន្ទាល់២ឬ៣នាក់ ២០ឯអ្នកណាដែលធ្វើបាប នោះចូរផ្ចាញ់ផ្ចាលគេ នៅមុខមនុស្សទាំងអស់ ដើម្បីឲ្យអ្នកឯទៀតបានកោតខ្លាចដែរ ២១ខ្ញុំផ្តាំនឹងអ្នកអស់ពីចិត្ត នៅចំពោះព្រះនឹងព្រះគ្រីស្ទយេស៊ូវ ហើយពួកទេវតារើសតាំងផងថា ឲ្យអ្នកកាន់តាមសេចក្តីទាំងនេះ ដោយឥតរើសមុខអ្នកណា ឬល្អៀងទៅខាងណាឡើយ ២២កុំឲ្យប្រញ្ញាប់ដាក់ដៃលើអ្នកណា ក៏កុំឲ្យមានសេចក្តីប្រកបក្នុងបាបរបស់មនុស្សឯទៀតឲ្យសោះ ចូររក្សាខ្លួនឲ្យបរិសុទ្ធចុះ ២៣កុំឲ្យផឹកទឹកតែប៉ុណ្ណោះ ត្រូវឲ្យផឹកស្រាទំពាំងបាយជូរបន្តិចផង ដោយព្រោះក្រពះអ្នក នឹងរោគដែលអ្នកមានជាញយៗ ២៤អំពើបាបរបស់មនុស្សខ្លះបានឃើញច្បាស់ ក៏នាំមុខគេទៅ ឲ្យត្រូវជំនុំជំរះ ឯបាបរបស់អ្នកខ្លទ្លៀះត បានមកតាមក្រោយ ២៥ឯការល្អវិញ ក៏ឃើញីច្បាស់ដូច្នោះដែរ បើមានការល្អណាដែលមិនច្បាស់ នោះនៅតែលាក់មិនកំបាំងដែរ។



៦ ១រីឯអស់អ្នកទាំងប៉ុន្មាន ដែលនៅក្រោមនឹមជាបាវបំរើគេ នោះត្រូវរាប់ចៅហ្វាយខ្លួន ទុកជាគួរនឹងគោរពប្រតិបត្តិគ្រប់យ៉ាងចុះ ដើម្បីកុំឲ្យគេប្រមាថដល់ព្រះនាមព្រះនឹងសេចក្តីបង្រៀននេះឡើយ ២ហើយអ្នកណាដែលមានចៅហ្វាយជាអ្នកជឿ នោះមិនត្រូវមានចិត្តមើលងាយដល់ចៅហ្វាយនោះ ដោយព្រោះជាបងប្អូនគ្នាទេ តែស៊ូបំរើវិញ ដោយព្រោះចៅហ្វាយនោះជាអ្នកជឿ ហើយជាស្ងួនភ្ងាដែរ ជាអ្នកដែលចំរើនឡើង ដោយការបំរើយ៉ាងល្អនោះឯង ចូរឲ្យអ្នកបង្រៀនសេចក្តីទាំងនេះ ហើយទូន្មានគេចុះ។

៣បើអ្នកណាបង្រៀនពីសេចក្តីអ្វីផ្សេងទៀត ហើយមិនយល់ព្រមតាមពាក្យសំដីដែលត្រឹមត្រូវ គឺជាព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងជាសេចក្តីបង្រៀនដែលត្រឹមត្រូវ តាមសេចក្តីគោរពប្រតិបត្តិដល់ព្រះទេ ៤អ្នកនោះឈ្មោះថាមានចិត្តធំ ហើយមិនដឹងអ្វីសោះគឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតសេចក្តីឈ្នានីស ឈ្លោះប្រកែកជេរប្រមាថ នឹងសេចក្តីសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ ៥ជាសេចក្តីជំលោះឥតប្រយោជន៍របស់មនុស្សខូចគំនិត ហើយឥតស្គាល់សេចក្តីពិត ដោយស្មានថា ការគោរពប្រតិបត្តិដល់ព្រះជាផ្លូវឲ្យបានកំរៃ ៦តែការគោរពប្រតិបត្តិដល់ព្រះ ដែលមានទាំងចិត្តស្កប់ស្កល់ផង នោះជាកំរៃមួយយ៉ាងធំមែន ៧ដ្បិតយើងរាល់គ្នាមិនបានយកអ្វី ចូលមកក្នុងលោកីយនេះទេ ហើយច្បាស់ជាយើងពុំអាចនឹងយកអ្វីចេញទៅវិញបានដែរ ៨តែបើមានអាហារទទួលទាន នឹងសំលៀកបំពាក់ នោះក៏ល្មមឲ្យយើងបានស្កប់ចិត្តហើយ ៩ឯពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ នោះនឹងធ្លាក់ទៅក្នុងសេចក្តីល្បួង នឹងអន្ទាក់ ហើយក្នុងបំណងជាច្រើន ដែលផ្តេសផ្តាស ហើយធ្វើទុក្ខដល់ខ្លួន ក៏ពន្លិចមនុស្សទៅក្នុងសេចក្តីហិនវិនាសនឹងសេចក្តីអន្តរធានវិញ ១០ដ្បិតការដែលស្រឡាញ់ប្រាក់នោះហើយជាមេឫសនៃសេចក្តីអាក្រក់គ្រប់យ៉ាង ដែលអ្នកខ្លះបានឈោងតាម ហើយត្រូវលួងលោមឲ្យឃ្លាតចេញពីសេចក្តីជំនឿ ទាំងចាក់ទំលុះខ្លួនគេ ដោយសេចក្តីព្រួយលំបាកជាច្រើន។

១១តែ ឱអ្នកសំណប់នៃព្រះអើយ ចូរឲ្យអ្នករត់ចៀសចេញពីសេចក្តីទាំងនោះ ហើយដេញតាមសេចក្តីសុចរិត សេចក្តីគោរពប្រតិបត្តិដល់ព្រះ សេចក្តីជំនឿ សេចក្តីស្រឡាញ់ សេចក្តីខ្ជាប់ខ្ជួន នឹងសេចក្តីសំឡូតវិញ ១២ចូរខំប្រឹងតស៊ូ ដោយការតយ៉ាងល្អនៃសេចក្តីជំនឿ ចូរតោងចាប់ជីវិតអស់កល្បជានិច្ចឲ្យខ្ជាប់ ដែលព្រះបានហៅអ្នកមកទទួល ហើយអ្នកក៏បានធ្វើបន្ទាល់យ៉ាងល្អ នៅមុខសាក្សីជាច្រើនដែរ ១៣ខ្ញុំផ្តាំមកអ្នកនៅចំពោះព្រះ ដែលទ្រង់ប្រទានជីវិតដល់គ្រប់ទាំងអស់ ហើយនៅចំពោះព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់បានធ្វើបន្ទាល់យ៉ាងល្អ នៅមុខលោកប៉ុនទាស-ពីឡាត់ថា ១៤ឲ្យអ្នកកាន់តាមបញ្ញត្តបែបដែលឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន ដរាបដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់លេចមក ១៥ដែលព្រះនឹងសំដែងឲ្យឃើញទ្រង់ ក្នុងវេលាកំណត់ គឺជាស្តេចចក្រតែ១ព្រះអង្គដ៏មានពរ ជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ១៦ក៏មានតែទ្រង់ប៉ុណ្ណោះដែលមិនចេះសុគត ទ្រង់គង់នៅក្នុងពន្លឺ ដែលរកចូលទៅជិតមិនបាន គ្មានមនុស្សណាដែលឃើញទ្រង់ឡើយ ក៏មើលទ្រង់មិនឃើញផង សូមឲ្យទ្រង់បានល្បីព្រះនាម នឹងព្រះចេស្តា នៅអស់កល្បជានិច្ច អាម៉ែន។

១៧ចូរហាមប្រាម ដល់ពួកអ្នកមាននៅលោកីយនេះផង កុំឲ្យគេមានឫកខ្ពស់ ឬទុកចិត្តនឹងទ្រព្យសម្បត្តិ ដែលមិនទៀងនោះឡើយ ត្រូវទុកចិត្តនឹងព្រះដ៏មានព្រះជន្មរស់វិញ ដែលទ្រង់ប្រទានគ្រប់ទាំងអស់មកយើងរាល់គ្នាជាបរិបូរ ឲ្យយើងបានអរសប្បាយ ១៨ចូរបង្គាប់ឲ្យគេធ្វើគុណ នឹងការល្អជាបរិបូរ

ព្រមទាំងចែកទានដោយសទ្ធាហើយប្រុងប្រៀបនឹងជួយគេផង ១៩យ៉ាងនោះឯង ទើបឈ្មោះថា គេនឹងប្រមូលទ្រព្យសម្បត្តិទុកជាគោលយ៉ាងល្អសំរាប់ខ្លួនដល់ថ្ងៃក្រោយវិញ ដើម្បីឲ្យគេចាប់បានជីវិតអស់កល្បជានិច្ច។ ២០ឱធីម៉ូថេអើយ ចូររក្សាសេចក្តីដែលបានផ្ញើទុកនឹងអ្នកចុះ ហើយចៀសចេញពីសំដីឡេះឡោះឥតប្រយោជន៍ នឹងពាក្យទទឹងទទែងនៃសេចក្តី ដែលក្លែងហៅថា ចំណេះវិជ្ជាផង ២១ដែលមានមនុស្សខ្លះប្រកាន់ ក៏បានជ្រួសពីសេចក្តីជំនឿចេញហើយ។

សូមឲ្យអ្នកបានប្រកបដោយព្រះគុណ។ អាម៉ែន។៚



AMAZING GRACE BIBLE INSITIUTE