Get the DaunPhen font >> HERE <<.


សំបុត្រទី២របស់ប៉ុល

ដល់ពួក

ថែស្សាឡូនីច


១ ១សំបុត្រប៉ុល ស៊ីលវ៉ាន នឹងធីម៉ូថេ យើងខ្ញុំផ្ញើមកពួកជំនុំ នៅក្រុងថែស្សាឡូនីច ដែលនៅក្នុងព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា នឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទ ២សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើង ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

៣បងប្អូនអើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះជានិច្ច ពីដំណើរអ្នករាល់គ្នា ដូចជាគួរគប្បីដែរ ពីព្រោះសេចក្តីជំនឿរបស់អ្នករាល់គ្នា កំពុងតែចំរើនកាន់តែច្រើនឡើង ហើយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ ដល់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើងដែរ ៤ដល់ម៉្លេះបានជាយើងខ្ញុំអួតពីអ្នករាល់គ្នា នៅក្នុងអស់ទាំងពួកជំនុំនៃព្រះ ពីដំណើរសេចក្តីខ្ជាប់ខ្ជួន នឹងសេចក្តីជំនឿរបស់អ្នករាល់គ្នា ដែលមានក្នុងសេចក្តីបៀតបៀន នឹងសេចក្តីទុក្ខលំបាកទាំងប៉ុន្មាន ដែលអ្នករាល់គ្នារងទ្រាំ ៥នោះជាភស្តុតាងពីសេចក្តីជំនុំជំរះដ៏សុចរិតរបស់ព្រះ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានរាប់ជាគួរនឹងនគរព្រះ ដែលអ្នករាល់គ្នាកំពុងតែរងទុក្ខដោយព្រោះនគរនោះឯង ៦ដ្បិតនេះជាសេចក្តីសុចរិតនៅចំពោះព្រះ គឺនឹងសងសេចក្តីទុក្ខលំបាក ដល់ពួកអ្នកដែលធ្វើទុក្ខដល់អ្នករាល់គ្នា ៧ហើយឲ្យអ្នករាល់គ្នា ដែលត្រូវគេធ្វើទុក្ខនោះ បានសំរាកជាមួយនឹងយើងខ្ញុំវិញ ក្នុងកាលដែលព្រះអម្ចាស់យេស៊ូវ ទ្រង់លេចមកពីស្ថានសួគ៌ ជាមួយនឹងពួកទេវតានៃព្រះចេស្តាទ្រង់ ៨នៅក្នុងអណ្តាតភ្លើង ទាំងសងសឹកនឹងពួកអ្នកដែលមិនស្គាល់ព្រះ ហើយនឹងពួកអ្នកដែលមិនស្តាប់តាមដំណឹងល្អ ពីព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើង ៩គេនឹងរងទុក្ខទោស ជាសេចក្តីហិនវិនាសអស់កល្បជានិច្ច ឃ្លាតពីព្រះភក្ត្រនៃព្រះអម្ចាស់ហើយពីសិរីល្អនៃព្រះចេស្តាទ្រង់ ១០ក្នុងកាលដែលទ្រង់យាងមក ដើម្បីឲ្យបានដំកើងឡើងក្នុងពួកបរិសុទ្ធរបស់ទ្រង់ ហើយនៅថ្ងៃនោះ ឲ្យបានគេមើលទ្រង់ដោយអស្ចារ្យក្នុងពួកអ្នកដែលជឿ ដ្បិតអ្នករាល់គ្នាបានជឿពាក្យបន្ទាល់របស់យើងខ្ញុំហើយ ១១ដូច្នេះ យើងខ្ញុំអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យព្រះនៃយើងខ្ញុំ បានរាប់អ្នករាល់គ្នាជាគួរនឹងការ ដែលទ្រង់ហៅមកធ្វើ ហើយឲ្យទ្រង់បានបំពេញគ្រប់អស់ទាំងសេចក្តីបំណងខាងឯការល្អ នឹងការដែលធ្វើដោយជំនឿ ដោយព្រះចេស្តា ១២ដើម្បីឲ្យព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង បានដំកើងឡើងក្នុងអ្នករាល់គ្នា ហើយអ្នករាល់គ្នាក្នុងទ្រង់ផង តាមព្រះគុណរបស់ព្រះនៃយើង នឹងព្រះអម្ចាស់យេស៊ូវគ្រីស្ទ។



២ ១ឥឡូវនេះ បងប្អូនអើយ ដោយព្រោះព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ទ្រង់ត្រូវយាងមក ហើយយើងរាល់គ្នាត្រូវប្រជុំគ្នានៅចំពោះទ្រង់ នោះយើងខ្ញុំសូមអង្វរដល់អ្នករាល់គ្នាថា ២កុំឲ្យអ្នករាល់គ្នាឆាប់មានគំនិតរវើរវាយ ឬថប់ព្រួយអ្វី ទោះបើដោយសារវិញ្ញាណណាឬពាក្យសំដីណា ឬសំបុត្រណា ដូចជាមកពីយើងខ្ញុំក្តីដែលថាថ្ងៃនៃព្រះអម្ចាស់ជិតដល់ហើយនោះឡើយ ៣កុំឲ្យអ្នកណាបញ្ឆោតអ្នករាល់គ្នាជាយ៉ាងណាដែរ ដ្បិតថ្ងៃនោះមិនមកឡើយ ទាល់តែមានសេចក្តីក្បត់សាសនាមកជាមុន ហើយមនុស្សដែលជាតួបាបនោះបានលេចមក គឺជាមនុស្សដែលត្រូវហិនវិនាស ៤ដែលទាស់ទទឹង ហើយលើកខ្លួនឡើង ខ្ពស់លើសជាងអស់ទាំងអ្វី ដែលហៅថាព្រះ ឬរបស់អ្វីដែលគេគោរពប្រតិបត្តិផង ដល់ម៉្លេះបានជាវានឹងអង្គុយនៅ ដូចជាព្រះក្នុងវិហារនៃព្រះ ទាំងសំដែងខ្លួនថាជាព្រះផង ៥តើអ្នករាល់គ្នាមិននឹកចាំទេឬអីថា ក្នុងគ្រាដែលខ្ញុំនៅជាមួយ នោះខ្ញុំបានប្រាប់អ្នករាល់គ្នាពីសេចក្តីទាំងនេះដែរ ៦ហើយឥឡូវនេះ អ្នករាល់គ្នាស្គាល់សេចក្តីដែលឃាត់វា ប្រយោជន៍ឲ្យវាបានលេចមកតែក្នុងពេលវេលារបស់វាប៉ុណ្ណោះ ៧ដ្បិតសេចក្តីអាថ៌កំបាំងរបស់ការទទឹងច្បាប់ កំពុងតែបណ្តាលឡើងហើយប៉ុន្តែ មាន១អង្គដែលឃាត់ឃាំងវាសព្វថ្ងៃនេះ ទាល់តែបានដកទ្រង់ចេញទៅ ៨នោះទើបអាទទឹងច្បាប់នោះ នឹងលេចមកដែលព្រះអម្ចាស់យេស៊ូវនឹងបំផ្លាញ ដោយខ្យល់ពីព្រះឱស្ឋទ្រង់ ហើយធ្វើឲ្យវិនាស ដោយរស្មីពន្លឺពីដំណើរទ្រង់យាងមក ៩អាទទឹងច្បាប់នោះនឹងមកទាំងធ្វើការ ដូចជាអារក្សសាតាំង ដោយនូវគ្រប់ទាំងឫទ្ធិ ទីសំគាល់នឹងការអស្ចារ្យដ៏កំភូត ១០ហើយដោយគ្រប់ទាំងសេចក្តីឆបោករបស់សេចក្តីទុច្ចរិត ក្នុងពួកអ្នកដែលត្រូវវិនាស ដោយព្រោះគេមិនព្រមស្រឡាញ់ដល់សេចក្តីពិត ដើម្បីឲ្យគេបានសង្គ្រោះនោះទេ ១១ហេតុនោះបានជាព្រះ ទ្រង់នឹងឲ្យសេចក្តីខុសឆ្គងមក បណ្តាលឲ្យគេជឿតាមសេចក្តីភូតភរវិញ ១២ដើម្បីឲ្យអស់មនុស្សណាដែលមិនជឿតាមសេចក្តីពិត គឺពេញចិត្តនឹងសេចក្តីទុច្ចរិត នោះបានជាប់មានទោសវិញ។

១៣ឱបងប្អូនដ៏ជាស្ងួនភ្ងានៃព្រះអម្ចាស់អើយ យើងខ្ញុំត្រូវតែអរព្រះគុណដល់ព្រះអង្គជានិច្ច ពីដំណើរអ្នករាល់គ្នាពីព្រោះព្រះទ្រង់បានរើសអ្នករាល់គ្នា តាំងពីដើមដំបូងមក ដើម្បីឲ្យបានសង្គ្រោះ ដោយព្រះវិញ្ញាណទ្រង់ញែកចេញជាបរិសុទ្ធ ហើយដោយមានចិត្តជឿ តាមសេចក្តីពិតផង ១៤ទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីទាំងនោះដោយសារដំណឹងល្អនៃយើងខ្ញុំ ប្រយោជន៍ឲ្យបានសិរីល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ១៥ដូច្នេះ បងប្អូនអើយ ចូរឈរឲ្យមាំមួន ហើយកាន់ខ្ជាប់តាមសេចក្តីបញ្ញត្ត ដែលយើងខ្ញុំបានបង្រៀនដល់អ្នករាល់គ្នាចុះ ទោះបើដោយពាក្យសំដី ឬសំបុត្រក្តី ១៦សូមឲ្យព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងព្រះដ៏ជាព្រះវរបិតា ដែលទ្រង់បានស្រឡាញ់យើង ព្រមទាំងប្រទានឲ្យមានសេចក្តីកំសាន្តអស់កល្បជានិច្ច នឹងសេចក្តីសង្ឃឹមយ៉ាងល្អ ដោយព្រះគុណទ្រង់ ១៧បានកំសាន្តចិត្តអ្នករាល់គ្នាដែរ ហើយតាំងឲ្យអ្នករាល់គ្នាបានមាំមួនឡើង ក្នុងគ្រប់ទាំងការ នឹងពាក្យសំដីដ៏ល្អផង។



៣ ១មួយសោតទៀត បងប្អូនអើយ សូមអធិស្ឋានឲ្យយើងខ្ញុំផង ដើម្បីឲ្យព្រះបន្ទូលនៃព្រះអម្ចាស់បានផ្សាយចេញទៅ ហើយបានដំកើងឡើង ដូចនៅក្នុងពួកអ្នករាល់គ្នាដែរ ២ហើយឲ្យយើងខ្ញុំបានរួចពីមនុស្សវៀច នឹងពីមនុស្សអាក្រក់ចេញ ដ្បិតមិនមែនមនុស្សទាំងអស់ ដែលមានសេចក្តីជំនឿទេ ៣តែព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាឲ្យរួចពីសេចក្តីអាក្រក់ផង ៤យើងខ្ញុំក៏ទុកចិត្តនឹងព្រះអម្ចាស់ ពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាកំពុងតែប្រព្រឹត្ត ហើយនឹងប្រព្រឹត្តតទៅទៀត តាមអស់ទាំងសេចក្តីដែលយើងខ្ញុំបានផ្តាំទុកដែរ ៥សូមឲ្យព្រះអម្ចាស់ដំរង់ចិត្តអ្នករាល់គ្នា ទៅក្នុងសេចក្តីស្រឡាញ់នៃព្រះ នឹងសេចក្តីខ្ជាប់ខ្ជួនរបស់ព្រះគ្រីស្ទចុះ។

៦ឥឡូវនេះ បងប្អូនអើយ យើងខ្ញុំសូមផ្តាំមកអ្នករាល់គ្នា ដោយនូវព្រះនាមព្រយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ចូរថយចេញឲ្យផុតពីគ្រប់ទាំងបងប្អូនណា ដែលប្រព្រឹត្តខុសរបៀប ហើយមិនស្តាប់តាមបញ្ញត្តដែលបានទទួលពីយើងខ្ញុំ ៧ដ្បិតខ្លួនអ្នករាល់គ្នាដឹងហើយ ដែលគួរត្រាប់តាមយើងខ្ញុំជាយ៉ាងណា ពីព្រោះយើងខ្ញុំមិនបានប្រព្រឹត្តឥតរបៀប ក្នុងពួកអ្នករាល់គ្នាឡើយ ៨ក៏មិនបានទទួលទានបាយរបស់អ្នកណាទទេដែរ យើងខ្ញុំបានធ្វើការនឿយហត់ ហើយធ្ងន់ទាំងយប់ទាំងថ្ងៃ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយនឹងយើងខ្ញុំឡើយ ៩មិនមែនថា យើងខ្ញុំគ្មានអំណាចនោះទេ គឺយើងខ្ញុំចង់ធ្វើជាគំរូ ឲ្យអ្នករាល់គ្នាត្រាប់តាមយើងខ្ញុំវិញទេតើ ១០កាលយើងខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា នោះក៏បានផ្តាំថា បើអ្នកណាមិនចង់ធ្វើ់ការ មិនត្រូវទាំងឲ្យអ្នកនោះបរិភោគផង ១១ដ្បិតយើងខ្ញុំឮថា មានអ្នកខ្លះក្នុងពួកអ្នករាល់គ្នា ដែលប្រព្រឹត្តឥតរបៀប ឥតមានធ្វើការអ្វីសោះ គឺគេរវល់តែចំពោះការឥតប្រយោជន៍វិញ ១២ដូច្នេះ យើងខ្ញុំផ្តាំមកមនុស្សយ៉ាងនោះ ហើយទូន្មានគេដោយព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងថា ឲ្យគេបរិភោគបាយរបស់ខ្លួនគេចុះ ទាំងធ្វើការដោយស្រគត់ស្រគំផង ១៣បងប្អូនអើយ កុំឲ្យរសាយចិត្តខាងឯការល្អឡើយ ១៤បើអ្នកណាមិនស្តាប់តាមពាក្យរបស់យើងខ្ញុំ ក្នុងសំបុត្រនេះទេ នោះចូរសំគាល់អ្នកនោះទុក ហើយកុំឲ្យភប់ប្រសព្វនឹងគេឲ្យសោះ ដើម្បីឲ្យគេមានសេចក្តីខ្មាស ១៥តែកុំឲ្យរាប់គេទុកដូចជាខ្មាំងសត្រូវឡើយ ចូរទូន្មានគេដូចជាបងប្អូនវិញ។

១៦សូមឲ្យព្រះអម្ចាស់ ដែលទ្រង់ផ្តល់សេចក្តីសុខសាន្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាបានសេចក្តីសុខសាន្តគ្រប់យ៉ាងជានិច្ច សូមឲ្យព្រះអម្ចាស់គង់ជាមួយនឹងអ្នករាល់គ្នាទាំងអស់ ១៧ប៉ុលខ្ញុំសរសេរពាក្យជំរាបសួរនេះ ដោយដៃខ្លួនខ្ញុំ នេះគឺជាទីសំគាល់ក្នុងគ្រប់សំបុត្ររបស់ខ្ញុំ គឺបែបយ៉ាងនេះហើយ ដែលខ្ញុំសរសេរមក ១៨សូមឲ្យអ្នករាល់គ្នាទាំងអស់ បានប្រកបដោយព្រះគុណ របស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ អាម៉ែន។៚



AMAZING GRACE BIBLE INSITIUTE