Get the DaunPhen font >> HERE <<.


សំបុត្រទី២របស់ប៉ុល

ដល់

ធីម៉ូថេ


១ ១សំបុត្រប៉ុលខ្ញុំ ជាសាវកនៃព្រះយេស៊ូវគ្រីស្ទ ដោយព្រះហឫទ័យនៃព្រះ តាមសេចក្តីសន្យាឲ្យបានជីវិត ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ២ខ្ញុំផ្ញើមកធីម៉ូថេ ជាកូនស្ងួនភ្ងា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ សេចក្តីមេត្តាករុណា នឹងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។

៣ខ្ញុំអរព្រះគុណដល់ព្រះ ដែលខ្ញុំបំរើដោយបញ្ញាចិត្តដ៏បរិសុទ្ធ ដូចជាពួកឰយុកោខ្ញុំដែរ ដោយព្រោះខ្ញុំនឹកចាំពីអ្នកជានិច្ច ក្នុងកាលដែលខ្ញុំទូលអង្វរ ទាំងយប់ទាំងថ្ងៃ ៤គឺនឹកចាំពីទឹកភ្នែករបស់អ្នក បានជាខ្ញុំរឭកចង់ឃើញអ្នក ដើម្បីឲ្យខ្ញុំបានពេញជាសេចក្តីអំណរឡើង ៥ដ្បិតខ្ញុំនឹកចាំពីសេចក្តីជំនឿស្មោះត្រង់ ដែលនៅក្នុងអ្នក សេចក្តីជំនឿនោះបាននៅក្នុងយាយឡូអ៊ីស ជាជីដូនរបស់អ្នកជាមុនដំបូង រួចក៏នៅក្នុងអ្នកអ៊ើនីស ជាម្តាយអ្នកដែរ ហើយខ្ញុំជឿជាក់ថា ក៏នៅក្នុងអ្នកផង ៦ដោយហេតុនោះបានជាខ្ញុំរំឭកដល់អ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ ៧ដ្បិតព្រះទ្រង់មិនបានប្រទានឲ្យយើងមានវិញ្ញាណ ដែលតែងតែខ្លាចឡើយ គឺឲ្យមានវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់ នឹងប្រាជ្ញានឹងធឹងវិញ ៨ដូច្នេះ មិនត្រូវឲ្យអ្នកមានសេចក្តីខ្មាសចំពោះការធ្វើបន្ទាល់ពីព្រះអម្ចាស់នៃយើង ឬដោយព្រោះខ្ញុំ ជាសិស្សរបស់ទ្រង់ដែលជាប់គុកនោះឡើយ ចូរទ្រាំទុក្ខលំបាកជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អ តាមព្រះចេស្តានៃព្រះចុះ ៩ដែលទ្រង់បានជួយសង្គ្រោះយើង ហើយបានហៅយើងមកក្នុងការងារបរិសុទ្ធ មិនមែនដោយការដែលយើងធ្វើទេ គឺដោយដំរិះ នឹងព្រះគុណនៃទ្រង់វិញ ដែលបានផ្តល់មកយើងក្នុងព្រះគ្រីស្ទយេស៊ូវ មុនអស់ទាំងកល្ប ១០តែឥឡូវនេះ ទើបនឹងសំដែងមក ដោយដំណើរព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ទ្រង់លេចមកដែលទ្រង់បានបំផ្លាញសេចក្តីស្លាប់ ហើយបានយកជីវិតនឹងសេចក្តីមិនចេះស្លាប់ មកដាក់នៅពន្លឺ ដោយសារដំណឹងល្អវិញ ១១ហើយទ្រង់បានតាំងខ្ញុំ ឲ្យធ្វើជាអ្នកប្រកាសប្រាប់ដំណឹងល្អនោះ នឹងជាសាវក ហើយជាគ្រូបង្រៀនដល់សាសន៍ដទៃ ១២គឺដោយហេតុនោះ បានជាខ្ញុំរងទុក្ខទាំងនេះ តែខ្ញុំមិនខ្មាសទេ ដ្បិតខ្ញុំស្គាល់ព្រះដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចនឹងថែរក្សាបញ្ញើ ដែលខ្ញុំបានផ្ញើទុកនឹងទ្រង់ ដរាបដល់ថ្ងៃនោះឯង ១៣ចូរនឹកចាំពីអស់ទាំងពាក្យត្រឹមត្រូវ ដែលអ្នកបានឮពីខ្ញុំទុកជាគំរូពីសេចក្តីជំនឿ នឹងសេចក្តីស្រឡាញ់ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ១៤ចូររក្សាបញ្ញើល្អដែលផ្ញើទុកនឹងអ្នក ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដែលសណ្ឋិតនៅក្នុងយើង។

១៥អ្នកដឹងដំណឹងថា ពួកអ្នកដែលនៅស្រុកអាស៊ីទាំងប៉ុន្មាន បានបោះបង់ចោលខ្ញុំហើយ ក្នុងពួកគេ មានឈ្មោះភីកេល៉ុស នឹងហ៊ើម៉ូគេន ១៦សូមឲ្យព្រះអម្ចាស់ផ្តល់សេចក្តីមេត្តាករុណា ដល់ពួកផ្ទះអូនេសិភ័រ ដ្បិតគាត់បានលំហើយចិត្តជាញឹកញយ ក៏មិនបានខ្មាសគេដោយព្រោះចំណងរបស់ខ្ញុំដែរ ១៧កាលគាត់នៅក្រុងរ៉ូម នោះគាត់ខ្នះខ្នែងរកខ្ញុំ ទាល់តែឃើញផង ១៨សូមឲ្យព្រះអម្ចាស់ផ្តល់ ឲ្យគាត់បានសេចក្តីមេត្តាករុណា ពីព្រះអម្ចាស់នៅថ្ងៃនោះ ហើយដែលគាត់បានជួយខ្ញុំនៅក្រុងអេភេសូយ៉ាងណា នោះអ្នកក៏ដឹងលើសជាងគេហើយ។



២ ១ដូច្នេះ កូនអើយ ចូរមានកំឡាំងឡើងដោយសារព្រះគុណ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ២ឯអស់ទាំងសេចក្តីដែលអ្នកបានឮអំពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើននោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ ដែលអាចនឹងបង្វឹកបង្រៀនតទៅអ្នកឯទៀតដែរ ៣ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ ៤ធម្មតាអ្នកដែលធ្វើទាហាន នោះមិនដែលជាប់ទាក់ទិននឹងការក្នុងជីវិតនេះទៀតទេ គឺដើម្បីឲ្យបានគាប់ចិត្តដល់អ្នក ដែលកេណ្ឌខ្លួនទៅនោះវិញ ៥ហើយបើអ្នកណាប្រយុទ្ធគ្នាក្នុងព្រ័ត្រ នោះមិនបានពាក់ភួងជ័យទេ លើកតែប្រយុទ្ធតាមច្បាប់វិញ ៦ឯអ្នកធ្វើស្រែ ក៏ត្រូវនឿយហត់ជាមុនដែរ ទើបនឹងទទួលផលបាន ៧ចូរពិចារណាសេចក្តីដែលខ្ញុំប្រាប់ទាំងនេះចុះ ដ្បិតព្រះអម្ចាស់ទ្រង់នឹងប្រទានឲ្យអ្នកមានយោបល់ ក្នុងគ្រប់ការទាំងអស់។

៨ចូរនឹកចាំថា ព្រះយេស៊ូវគ្រីស្ទ ជាព្រះវង្សហ្លួងដាវីឌទ្រង់បានរស់ពីស្លាប់ឡើងវិញ តាមដំណឹងល្អដែលខ្ញុំផ្សាយប្រាប់ ៩ហើយខ្ញុំរងទុក្ខ ទាំងជាប់ចំណងដូចជាមនុស្សអាក្រក់ ដោយព្រោះដំណឹងល្អនោះឯង ប៉ុន្តែព្រះបន្ទូលមិនបានជាប់ចំណងទេ ១០ហេតុនោះបានជាខ្ញុំទ្រាំទ្រនឹងគ្រប់ការទាំងអស់ ដើម្បីជាប្រយោជន៍ដល់ពួករើសតាំងឲ្យគេបានសេចក្តីសង្គ្រោះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវព្រមទាំងមានសិរីល្អដ៏នៅអស់កល្បជានិច្ចផង ១១ពាក្យនេះគួរជឿពិត ដ្បិតបើយើងបានស្លាប់ជាមួយនឹងទ្រង់ នោះយើងនឹងរស់ជាមួយនឹងទ្រង់ដែរ ១២បើយើងទ្រាំទ្រ នោះយើងនឹងសោយរាជ្យជាមួយនឹងទ្រង់ តែបើយើងមិនព្រមទទួលស្គាល់ទ្រង់ទេ នោះទ្រង់ក៏មិនព្រមទទួលស្គាល់យើងដែរ ១៣បើទុកជាយើងមិនស្មោះត្រង់ក៏ដោយ គង់តែទ្រង់នៅស្មោះត្រង់ដដែល ទ្រង់ធ្វើជាមិនស្គាល់ព្រះអង្គទ្រង់មិនបានទេ។

១៤ចូររំឭកគេពីសេចក្តីទាំងនេះ ហើយហាមប្រាមគេដោយដាច់ខាត នៅចំពោះព្រះអម្ចាស់ថា កុំឲ្យជជែកគ្នាពីន័យពាក្យ ដែលជាការឥតប្រយោជន៍ ហើយក៏នាំពួកអ្នកដែលស្តាប់ ឲ្យវង្វេងផងនោះឡើយ ១៥ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាស់ឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវ ១៦តែត្រូវចៀសចេញពីពាក្យសំដីឡេះឡោះឥតប្រយោជន៍ ដ្បិតពាក្យយ៉ាងនោះ នឹងនាំឲ្យចំរើនសេចក្តីទមិលល្មើស កាន់តែច្រើនឡើងទេ ១៧ហើយសំដីគេនឹងស៊ីរូងដូចជាដំបៅក្លាយ ក្នុងពួកនោះមានឈ្មោះហ៊ីមេនាស នឹងភីលេត ១៨ដែលបានជ្រួសហួសចេញពីសេចក្តីពិត ទាំងនិយាយថា សេចក្តីរស់ឡើងវិញបានកន្លងទៅហើយ គេក៏បង្ខូចសេចក្តីជំនឿរបស់អ្នកខ្លះដែរ ១៩ប៉ុន្តែ ឯឫសមាំមួនរបស់ព្រះ នោះធន់នៅវិញ ដោយបានបោះត្រាថា ព្រះអម្ចាស់ទ្រង់ស្គាល់អស់អ្នកដែលជារបស់ផងទ្រង់ ហើយថា ចូរឲ្យអស់អ្នកដែលចេញព្រះនាមព្រះអម្ចាស់ ថយចេញពីសេចក្តីទុច្ចរិតទៅ ២០នៅក្នុងផ្ទះធំ មិនមែនមានសុទ្ធតែគ្រឿងប្រដាប់មាសប្រាក់ម៉្យាងទេ គឺមានប្រដាប់ធ្វើពីឈើ ហើយពីដីដែរ ខ្លះសំរាប់ការប្រសើរ ខ្លះសំរាប់ការអាប់ឱនវិញ ២១ដូច្នេះ បើអ្នកណាបានសំអាតខ្លួន ពីសេចក្តីទាំងនោះអ្នកនោះនឹងបានជាប្រដាប់សំរាប់ការប្រសើរ ដោយបានញែកជាបរិសុទ្ធហើយ ក៏មានប្រយោជន៍ដល់ម្ចាស់ផង ទុកជាប្រដាប់ដែលបានរៀបចំ សំរាប់ការល្អគ្រប់ជំពូក។

២២ចូរឲ្យរត់ពីសេចក្តីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្តីសុចរិត សេចក្តីជំនឿ សេចក្តីស្រឡាញ់ នឹងសេចក្តីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ ២៣កុំឲ្យព្រមស្តាប់សេចក្តីដេញដោលចំកួត ហើយឥតច្បាប់នោះឡើយ ដោយដឹងថា សេចក្តីទាំងនោះនាំឲ្យមានសេចក្តីឈ្លោះប្រកែកគ្នាទេ ២៤ក៏មិនគួរឲ្យបាវបំរើនៃព្រះអម្ចាស់ឈ្លោះប្រកែកគ្នាឡើយ គួរឲ្យបានចិត្តសុភាពរាបសាដល់មនុស្សទាំងអស់វិញ ត្រូវប្រសប់ក្នុងការបង្រៀន ទាំងមានចិត្តអត់ធ្មត់ផង ២៥ត្រូវប្រដៅដំរង់មនុស្សដែលទទឹងទទែង ដោយមានចិត្តសុភាព ក្រែងព្រះទ្រង់នឹងបណ្តាលឲ្យគេប្រែចិត្ត ឲ្យបានស្គាល់សេចក្តីពិតវិញ ២៦ហើយគេនឹងភ្ញាក់ដឹងខ្លួនឡើង ឲ្យផុតពីអន្ទាក់របស់អារក្ស ដែលវាបានចាប់គេប្រើតាមចិត្តនោះ។



៣ ១ចូរឲ្យដឹងថា នៅជាន់ក្រោយបង្អស់ នឹងមានគ្រាលំបាកណាស់ ២ដ្បិតនៅគ្រានោះ មនុស្សនឹងស្រឡាញ់តែខ្លួនឯង ទាំងស្រឡាញ់ប្រាក់ អួតអាងគឃរ មានឫកខ្ពស់ ប្រមាថមើលងាយ មិនស្តាប់បង្គាប់ឪពុកម្តាយ រមិលគុណ មានចិត្តមិនបរិសុទ្ធ ៣មិនស្រឡាញ់តាមធម្មតាមនុស្ស គ្មានសេចក្តីអធ្យោគ និយាយបង្កាច់គេ មិនចេះទប់ចិត្ត មានចិត្តសាហាវ មិនចូលចិត្តនឹងការល្អ ៤ក្បត់គេ ឥតបើគិត មានចិត្តធំ ហើយចូលចិត្តនឹងល្បែងលេងជាជាងព្រះ ៥គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលមកដោយការគោរពប្រតិបត្តិនោះទេ ចូរបែរពីពួកមនុស្សយ៉ាងនោះចេញ ៦ដ្បិតមនុស្សទាំងនោះ ជាពួកអ្នកដែលចូលទៅក្នុងផ្ទះគេ ទាំងល្បួងនាំពួកស្រីៗដែលល្ងង់ឲ្យឈ្លក់ចិត្ត ដែលស្ត្រីទាំងនោះផ្ទុកធ្ងន់ ដោយអំពើបាបហើយ ក៏បណ្តោយតាមសេចក្តីប៉ងប្រាថ្នាផ្សេងៗ ៧គេរៀនជានិច្ច ប៉ុន្តែ ពុំអាចនឹងចេះដល់ថ្នាក់នៃសេចក្តីពិតឡើយ ៨គេជាអ្នកទាស់ទទឹងនឹងសេចក្តីពិត បែបដូចជាយ៉ានេស នឹងយ៉ាមប្រេសបានទាស់ទទឹងនឹងលោកម៉ូសេដែរ គឺជាមនុស្សមានគំនិតខូច ហើយឥតប្រយោជន៍ខាងឯសេចក្តីជំនឿ ៩ប៉ុន្តែគេមិនមានសេចក្តីចំរើនជឿនឡើងទៅមុខទៀតទេ ដ្បិតមនុស្សទាំងអស់នឹងឃើញសេចក្តីខ្លៅល្ងង់របស់គេជាយ៉ាងច្បាស់ ដូចជាបានឃើញសេចក្តីខ្លៅល្ងង់របស់អ្នកទាំង២នោះដៃរ។

១០តែចំណែកអ្នក អ្នកបានស្គាល់គ្រប់សេចក្តីដែលខ្ញុំបង្រៀន កិរិយាដែលប្រព្រឹត្ត នឹងបំណងចិត្ត សេចក្តីជំនឿ សេចក្តីអត់ធ្មត់ សេចក្តីស្រឡាញ់ សេចក្តីខ្ជាប់ខ្ជួនរបស់ខ្ញុំហើយ ១១ព្រមទាំងការដែលគេបៀតបៀនដល់ខ្ញុំ នឹងសេចក្តីទុក្ខលំបាករបស់ខ្ញុំដែរ ជាការដែលកើតដល់ខ្ញុំនៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម នឹងក្រុងលីស្ត្រា ក៏ស្គាល់សេចក្តីបៀតបៀនជាយ៉ាងណា ដែលខ្ញុំទ្រាំទ្រនោះដែរ តែក្នុងការទាំងនោះ ព្រះអម្ចាស់ទ្រង់បានប្រោសឲ្យខ្ញុំរួចវិញ ១២ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ ១៣ហើយពួកអាក្រក់ នឹងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់ កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង ១៤តែឯអ្នកចូរឲ្យអ្នកនៅជាប់ក្នុងសេចក្តីដែលអ្នកបានរៀន ហើយជឿប្រាកដវិញ ដោយដឹងថា អ្នកបានរៀនសេចក្តីនោះពីអ្នកណា ១៥ហើយថា តាំងពីក្មេងតូចមក អ្នកបានស្គាល់បទគម្ពីរទាំងប៉ុន្មាន ដែលអាចនឹងនាំឲ្យអ្នកមានប្រាជ្ញាដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទយេស៊ូវផង ១៦គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ នឹងការបង្ហាត់ខាងឯសេចក្តីសុចរិត ១៧ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ។



៤ ១ដូច្នេះ ខ្ញុំផ្តាំមកអ្នកយ៉ាងអស់ពីចិត្ត នៅចំពោះព្រះនឹងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់រៀបនឹងជំនុំជំរះ ទាំងមនុស្សរស់នឹងមនុស្សស្លាប់ផង គឺផ្តាំដោយអាងដំណើរទ្រង់យាងមក នឹងនគរទ្រង់ថា ២ចូរឲ្យអ្នកផ្សាយព្រះបន្ទូលចុះហើយទទូចជំរុញផង ទោះត្រូវពេល ឬខុសក្តី ចូររំឭកគេឲ្យដឹងខ្លួន ព្រមទាំងបន្ទោស ហើយកំឡាចិត្តគេ ដោយចិត្តអត់ធ្មត់នឹងសេចក្តីប្រៀនប្រដៅគ្រប់យ៉ាង ៣ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនឹងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត ៤គេនឹងងាកត្រចៀកចេញពីសេចក្តីពិត បែរទៅតាមរឿងព្រេងវិញ ៥តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្តីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង ៦ដ្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ ៧ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ ៨ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំ នៅថ្ងៃនោះមិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ។

៩ចូរឲ្យខំប្រឹងទៅឯខ្ញុំជាប្រញ្ញាប់ ១០ដ្បិតអ្នកដេម៉ាសបានលះចោលខ្ញុំហើយ ដោយគាត់ស្រឡាញ់លោកីយនេះ គាត់បានទៅឯក្រុងថែស្សាឡូនីចហើយ អ្នកក្រេសេនបានទៅឯស្រុកកាឡាទី ហើយអ្នកទីតុសក៏បានទៅឯស្រុកដាល់ម៉ាទា ១១មានតែលោកលូកាប៉ុណ្ណោះទេ ដែលនៅជាមួយនឹងខ្ញុំ ចូរឲ្យអ្នកនាំម៉ាកុសទៅជាមួយផង ដ្បិតគាត់ជាអ្នកមានប្រយោជន៍ក្នុងការងារខ្ញុំ ១២ខ្ញុំបានចាត់អ្នកទីឃីកុស ឲ្យទៅឯក្រុងអេភេសូរ ១៣ដល់កាលណាអ្នកទៅឯខ្ញុំ នោះសូមយកអាវធំ ដែលខ្ញុំផ្ញើទុកនឹងអ្នកកាប៉ុស នៅក្រុងទ្រអាសទៅផង នឹងសៀវភៅទាំងប៉ុន្មានដែរ តែសូមយកក្រាំងស្បែកជាដើម ១៤ឯអ័លេក្សានត្រុស ជាជាងស្មិត គាត់បានធ្វើបាបខ្ញុំជាច្រើន តែព្រះអម្ចាស់ទ្រង់នឹងសងគាត់វិញ តាមការដែលគាត់ធ្វើ ១៥ចូរឲ្យអ្នកប្រុងប្រយ័តនឹងគាត់ដែរ ដ្បិតគាត់បានទាស់ទទឹងនឹងពាក្យសំដីយើងជាខ្លាំងណាស់។

១៦កាលខ្ញុំបានដោះសាជាមុនដំបូង នោះគ្មានអ្នកណាឈរជាមួយនឹងខ្ញុំសោះ គេលះចោលខ្ញុំទាំងអស់គ្នា តែសូមកុំឲ្យព្រះរាប់សេចក្តីនោះ ជាទោសដល់គេឡើយ ១៧ប៉ុន្តែ ព្រះអម្ចាស់ទ្រង់បានគង់ជាមួយនឹងខ្ញុំវិញ ព្រមទាំងចំរើនកំឡាំងផង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយទ្រង់បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ ១៨ព្រះអម្ចាស់ទ្រង់នឹងប្រោស ឲ្យខ្ញុំរួចពីគ្រប់ការអាក្រក់ទៅទៀត ទ្រង់នឹងថែរក្សាខ្ញុំ ទុកសំរាប់នគរទ្រង់នៅស្ថានសួគ៌ សូមឲ្យទ្រង់បានសិរីល្អ នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន។

១៩សូមជំរាបសួរដល់នាងព្រីស៊ីល នឹងអ្នកអ័គីឡា ព្រមទាំងពួកអ្នកផ្ទះអូនេសិភ័រផង ២០អ្នកអេរ៉ាស្ទុសបាននៅក្រុងកូរិនថូស ហើយខ្ញុំបានទុកអ្នកទ្រភីមចោល ទាំងឈឺនៅក្រុងមីលេត ២១ចូរខំប្រឹងទៅឲ្យបានដល់មុនរដូវរងា អ្នកអ៊ើប៊ូល៉ុស អ្នកពូដេន អ្នកលីណុស អ្នកក្លូឌាស ហើយពួកបងប្អូនទាំងអស់គ្នា សូមជំរាបសួរដល់អ្នក។

២២សូមឲ្យព្រះអម្ចាស់យេស៊ូវគ្រីស្ទ បានគង់ជាមួយនឹងវិញ្ញាណអ្នក សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។៚



AMAZING GRACE BIBLE INSITIUTE