Get the DaunPhen font >> HERE <<.


សំបុត្រទី២របស់

យ៉ូហាន


១សំបុត្រអ្នកចាស់ទុំ ផ្ញើមកលោកស្រីរើសតាំង នឹងកូនចៅរបស់លោកស្រី ដែលខ្ញុំស្រឡាញ់ពិតប្រាកដមិនមែនតែខ្ញុំ១ គឺព្រមទាំងអស់អ្នកដែលស្គាល់សេចក្តីពិតផងដែរ ២ដោយព្រោះសេចក្តីពិត ដែលនៅក្នុងយើងរាល់គ្នា ហើយក៏នៅជាមួយនឹងយើងជាដរាប ៣សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្តីមេត្តាករុណា ហើយនឹងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះវរបិតា គឺដោយសេចក្តីពិត នឹងសេចក្តីស្រឡាញ់។

៤ខ្ញុំមានសេចក្តីអំណរជាខ្លាំងណាស់ ដោយបានឃើញកូនចៅខ្លះរបស់លោកស្រី ដែលប្រព្រឹត្តតាមសេចក្តីពិត ដូចជាព្រះវរបិតាបានបង្គាប់មកយើងរាល់គ្នា ៥ឥឡូវនេះ លោកស្រីអើយ ដែលខ្ញុំសរសេរផ្ញើមកនេះ មិនមែនដូចជាបង្គាប់ដល់លោកស្រីទេ គឺខ្ញុំសូមអង្វរវិញថា ឲ្យយើងរាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមកចុះ ដូចជាតាំងពីដើមរៀងមក ៦នេះហើយជាសេចក្តីស្រឡាញ់ គឺឲ្យយើងរាល់គ្នាប្រព្រឹត្តតាមបញ្ញត្តទ្រង់ ឯសេចក្តីបញ្ញត្តនោះ គឺដូចជាបានឮតាំងតែពីដើមរៀងមក ដើម្បីឲ្យបានប្រព្រឹត្តតាម ៧ពីព្រោះមានអ្នកប្រវ័ញ្ចបញ្ឆោតជាច្រើនបានមកក្នុងលោកីយហើយ ជាពួកអ្នកដែលមិនព្រមទទួលថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះហើយជាអ្នកប្រវ័ញ្ចបញ្ឆោត ហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទផង ៨ត្រូវឲ្យអ្នករាល់គ្នាប្រយ័ត ក្រែងបាត់ផលការដែលបានធ្វើហើយនោះ គឺឲ្យបានទទួលរង្វាន់ដ៏ពេញលេញវិញ ៩អ្នកណាដែលប្រព្រឹត្តរំលង ហើយមិនកាន់ខ្ជាប់ក្នុងសេចក្តីបង្រៀនរបស់ព្រះគ្រីស្ទ អ្នកនោះជាអ្នកគ្មានព្រះទេ តែអ្នកណាដែលកាន់ខ្ជាប់ក្នុងសេចក្តីបង្រៀនរបស់ព្រះគ្រីស្ទវិញ អ្នកនោះមានទាំងព្រះវរបិតា នឹងព្រះរាជបុត្រាផង ១០បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្តីនេះ នោះកុំឲ្យទទួលអ្នកនោះនៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង ១១ដ្បិតបើអ្នកណាជំរាបសួរ នោះក៏តែងមានសេចក្តីប្រកបគ្នា ក្នុងការអាក្រក់របស់អ្នកនោះដែរ។

១២ខ្ញុំមានសេចក្តីជាច្រើន នឹងសរសេរផ្ញើមកអ្នករាល់គ្នា តែមិនចង់សរសេរនៅក្រដាស់ ដោយទឹកខ្មៅនោះទេ ដ្បិតខ្ញុំសង្ឃឹមថា នឹងមកសួរអ្នករាល់គ្នា ហើយនឹងនិយាយផ្ទាល់មាត់វិញ ដើម្បីឲ្យសេចក្តីអំណររបស់យើងរាល់គ្នាចំរើនបានពោរពេញឡើង ១៣ឯកូនចៅរបស់ប្អូនស្រីរើសតាំងរបស់លោកស្រីក៏សូមជំរាបសួរមកលោកស្រីដែរ។ អាម៉ែន។៚



AMAZING GRACE BIBLE INSITIUTE