Get the DaunPhen font >> HERE <<.

ដំណឹងល្អ

តាមលោក

ម៉ាថាយ


  ១ ១នេះបញ្ជីពង្សាវតារពីព្រះយេស៊ូវគ្រីស្ទ ជាវង្សាហ្លួងដាវីឌ នឹងជាជំនួរវង្សនៃលោកអ័ប្រាហាំដែរ ២អ័ប្រាហាំបង្កើតអ៊ីសាកៗ បង្កើតយ៉ាកុបៗ បង្កើតយូដា ហើយនឹងបងប្អូនគាត់ ៣យូដាយកនាងតាម៉ារ បង្កើតបានពេរេសនឹងសេរ៉ាស ពេរេសបង្កើតហេស្រុនៗ បង្កើតអើរ៉ាម ៤អើរ៉ាមបង្កើតអ័មីន៉ាដាប់ៗ បង្កើតណាសូនៗ បង្កើតសាលម៉ូន ៥សាលម៉ូនយកនាងរ៉ាហាប បង្កើតបានបូអូសៗ យកនាងរស់ បង្កើតបានអូបិឌៗ បង្កើតអ៊ីសាយ ៦អ៊ីសាយបង្កើតដាវីឌដ៏ជាស្តេច ស្តេចដាវីឌយកប្រពន្ធរបស់អ៊ូរី បង្កើតបានសាឡូម៉ូន ៧សាឡូម៉ូនបង្កើតរេហូបោមៗ បង្កើតអ័ប៊ីយ៉ា អ័ប៊ីយ៉ាបង្កើតអេសា ៨អេសាបង្កើតយ៉ូសាផាតៗ បង្កើតយ៉ូរ៉ាមៗ បង្កើតអូសៀស ៩អូសៀសបង្កើតយ៉ូថាមៗ បង្កើតអេហាសៗ បង្កើតអេសេគាស ១០អេសេគាសបង្កើតម៉ាន៉ាសេៗ បង្កើតអាំម៉ូនៗ បង្កើតយ៉ូសៀស ១១យ៉ូសៀសបង្កើតយេកូនាស ហើយនឹងបងប្អូនគាត់ នៅគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន ១២ក្រោយដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូនហើយ នោះយេកូនាសបង្កើតបានសាលធាលៗ បង្កើតសូរ៉ូបាបិល ១៣សូរ៉ូបាបិលបង្កើតអ័ប៊ីយុឌៗ បង្កើតអេលាគីមៗ បង្កើតអេសូរ ១៤អេសូរបង្កើតសាដុកៗ បង្កើតអេគីមៗ បង្កើតអេលីយុឌ ១៥អេលីយុឌបង្កើតអេលាសារៗ បង្កើតម៉ាថានៗ បង្កើតយ៉ាកុប ១៦យ៉ាកុបបង្កើតយ៉ូសែប ជាប្តីនាងម៉ារា មាតាព្រះយេស៊ូវដែលហៅថា «ព្រះគ្រីស្ទ» ១៧ដូច្នេះតាំងពីអ័ប្រាហាំដរាបមកដល់ហ្លួងដាវីឌ រួមទាំងអស់មាន១៤ដំណ តាំងពីហ្លួងដាវីឌ ដរាបមកដល់គ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន ក៏មាន១៤ដំណ ហើយតាំងពីគ្រាដែលត្រូវនិរទេសទៅស្រុកបាប៊ីឡូន ដរាបមកដល់ព្រះគ្រីស្ទ ក៏មាន១៤ដំណដែរ។

១៨រីឯកំណើតព្រះយេស៊ូវគ្រីស្ទ នោះបានកើតមកយ៉ាងដូច្នេះ គឺនាងម៉ារា មាតាទ្រង់ កាលដែលយ៉ូសែបបានដណ្តឹងនាងហើយ នោះនាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា ១៩ឯយ៉ូសែបប្តីនាងជាមនុស្សសុចរិត គាត់មិនចង់បើករឿងនាងឲ្យគេដឹងទេ បានជាគាត់គិតលែងនាងចេញ ដោយសំងាត់វិញ ២០កាលដែលគាត់កំពុងតែគិតពីការនោះ ស្រាប់តែមានទេវតានៃព្រះអម្ចាស់ លេចមកពន្យល់សប្តិ ប្រាប់គាត់ថា យ៉ូសែប ពូជហ្លួងដាវីឌអើយ កុំឲ្យខ្លាចនឹងយកនាងម៉ារាជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើតពីព្រះវិញ្ញាណបរិសុទ្ធទេ ២១នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប ២២ការទាំងនោះកើតមក ដើម្បីឲ្យបានសំរេចសេចក្តីដែលព្រះអម្ចាស់ទ្រង់មានបន្ទូលដោយសារហោរាថា ២៣«មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ ២៤លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ ២៥តែមិនបានរួមរស់នឹងនាងសោះ ទាល់តែនាងប្រសូតបុត្រជាចំបងមក រួចគាត់ថ្វាយព្រះនាមថា «យេស៊ូវ»។២ ១កាលព្រះយេស៊ូវទ្រង់ប្រសូតមក នៅភូមិបេថ្លេហិមស្រុកយូដា ក្នុងរាជ្យស្តេចហេរ៉ូឌ នោះមានពួកហោរ ពីទិសខាងកើត មកដល់ក្រុងយេរូសាឡិម សួរថា ២តើព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់។

៣កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានសេចក្តីវិតក្កព្រួយ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាផង ៤កាលបានប្រជុំពួកសង្គ្រាជ នឹងពួកអាចារ្យនៃបណ្តាជន មកសាកសួរពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវប្រសូតនៅឯណា ៥នោះគេក៏ទូលទ្រង់ថា នៅឯភូមិបេថ្លេហិមក្នុងស្រុកយូដា ព្រោះហោរាបានចែងសេចក្តីទុកមកដូច្នេះថា ៦«ឯឯងបេថ្លេហិម ស្រុកយូដាអើយ ឯងមិនមែនតូចជាងគេ ក្នុងពួកចៅហ្វាយនៅស្រុកយូដាទេ ដ្បិតនឹងមានចៅហ្វាយ១ ចេញពីឯងមក ចៅហ្វាយនោះនឹងឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ»។

៧នោះស្តេចហេរ៉ូឌ ក៏ហៅពួកហោរនោះមក ដោយសំងាត់ សាកសួរយ៉ាងម៉ត់ចត់ ពីផ្កាយនោះបានលេចមកពីកាលណា ៨រួចទ្រង់ចាត់គេឲ្យទៅឯបេថ្លេហិម ដោយបង្គាប់ថា ចូរអ្នករាល់គ្នាទៅស៊ើបដំណឹង ពីកូនតូចនោះឲ្យច្បាស់លាស់ កាលណាបានឃើញហើយ នោះត្រូវមកប្រាប់ដល់យើងវិញ ដើម្បីឲ្យយើងបានទៅថ្វាយបង្គំដែរ ៩កាលគេបានទទួលបង្គាប់នៃស្តេចស្រេចហើយ នោះក៏នាំគ្នាចេញទៅ ឯផ្កាយដែលគេបានឃើញពីទិសខាងកើតនោះក៏នាំមុខគេ ដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅទើបឈប់ ១០គេមានសេចក្តីអំណរជាខ្លាំងក្រៃ ដោយឃើញផ្កាយនោះ ១១ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ ១២រួចវិលទៅស្រុកគេវិញ តាមផ្លូវមួយទៀតទៅ ដោយព្រោះព្រះទ្រង់ពន្យល់សប្តិប្រាប់មិនឲ្យត្រឡប់ទៅឯហេរ៉ូឌវិញឡើយ។

១៣កាលគេចេញទៅបាត់ហើយ នោះទេវតានៃព្រះអម្ចាស់ក៏លេចមក ពន្យល់សប្តិប្រាប់យ៉ូសែបថា ចូរក្រោកឡើងនាំបុត្រតូច នឹងមាតាទ្រង់ រត់ទៅឯស្រុកអេស៊ីព្ទទៅ ឲ្យនៅស្រុកនោះទាល់តែយើងប្រាប់ ដ្បិតហេរ៉ូឌនឹងរកសំឡាប់បុត្រតូច ១៤គាត់ក៏ក្រោកឡើងទាំងយប់ នាំបុត្រតូច នឹងមាតាទ្រង់ ចេញទៅនៅស្រុកអេស៊ីព្ទវិញ ១៥ក៏នៅស្រុកនោះ ដរាបដល់ហេរ៉ូឌសុគត ដើម្បីឲ្យបានសំរេចសេចក្តី ដែលព្រះអម្ចាស់ទ្រង់ប្រាប់ ដោយសារហោរាថា «អញបានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក» ១៦លុះហេរ៉ូឌឃើញថា ពួកហោរបានបញ្ឆោតទ្រង់ នោះទ្រង់មានសេចក្តីក្រេវក្រោធជាខ្លាំង ក៏ចាត់គេឲ្យទៅសំឡាប់អស់ទាំងកូនប្រុសៗ នៅបេថ្លេហិម នឹងក្នុងក្រវល់ស្រុកនោះទាំងអស់ តាំងពីអាយុ២ឆ្នាំចុះមក តាមកំណត់ថ្ងៃដែលទ្រង់បានសួរពួកហោរយ៉ាងម៉ត់ចត់ ១៧នោះបានសំរេចសេចក្តីទំនាយ ដែលហោរាយេរេមាបានទាយទុកមកថា ១៨«មានឮសំឡេងនៅរ៉ាម៉ា ជាសូរទំនួញយំសោក ហើយកាន់ទុក្ខ គឺនាងរ៉ាជែលយំនឹងកូននាង ហើយមិនព្រមក្សាន្តចិត្តសោះ ដ្បិតកូននាងវិនាសបាត់ហើយ»។

១៩លុះហេរ៉ូឌបានសុគតរួចហើយ នោះទេវតានៃព្រះអម្ចាស់លេចមក ពន្យល់សប្តិប្រាប់យ៉ូសែបនៅស្រុកអេស៊ីព្ទថា ២០ចូរក្រោកឡើងនាំបុត្រតូច នឹងមាតាទ្រង់ ទៅនៅឯស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់ពួកអ្នកដែលរកសំឡាប់បុត្រតូច បានស្លាប់អស់ហើយ ២១គាត់ក៏ក្រោកឡើង នាំបុត្រតូច នឹងមាតាទ្រង់ ទៅឯស្រុកអ៊ីស្រាអែលវិញ ២២ប៉ុន្តែគាត់ឮថា អើខេឡោសបានសោយរាជ្យនៅស្រុកយូដា ជំនួសហេរ៉ូឌ ជាបិតាទ្រង់ នោះគាត់ខ្លាចមិនហ៊ានទៅឯទីនោះទេ ក៏ចេញទៅនៅស្រុកកាលីឡេវិញ តាមដែលព្រះទ្រង់បានពន្យល់សប្តិប្រាប់គាត់ ២៣រួចគាត់តាំងទីលំនៅ នៅភូមិណាសារ៉ែត ដើម្បីឲ្យបានសំរេចសេចក្តីដែលពួកហោរាបានទាយថា «គេនឹងហៅទ្រង់ជាអ្នកស្រុកណាសារ៉ែត»។៣ ១នៅគ្រានោះ យ៉ូហាន-បាទីស្ទ គាត់មកនៅក្នុងទីរហោស្ថានស្រុកយូដា កំពុងតែប្រកាសថា ២ចូរឲ្យប្រែចិត្តចុះ ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ ៣គឺពីអ្នកនេះហើយ ដែលហោរាអេសាយបានទាយថា «មានសំឡេងនៃមនុស្សម្នាក់ កំពុងតែស្រែកនៅទីរហោស្ថានថា ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរដំរង់ផ្លូវតូចថ្វាយទ្រង់ចុះ» ៤ឯយ៉ូហាននេះ គាត់ពាក់អាវរោមអូដ្ឋ ហើយមានខ្សែក្រវាត់ស្បែកនៅចង្កេះ ក៏មានកណ្តូប នឹងទឹកឃ្មុំព្រៃជាអាហារ។

៥នោះពួកក្រុងយេរូសាឡិម នឹងពួកស្រុកយូដាទាំងអស់ ព្រមទាំងមនុស្សដែលនៅក្រវល់ជុំវិញទន្លេយ័រដាន់ គេចេញមកឯគាត់ ៦ក៏លន់តួបាប ហើយទទួលបុណ្យជ្រមុជពីគាត់ ក្នុងទន្លេយ័រដាន់ទាំងអស់គ្នា ៧តែកាលគាត់ឃើញពួកផារិស៊ី នឹងពួកសាឌូស៊ី មកទទួលបុណ្យជ្រមុជពីគាត់ជាច្រើនដែរ នោះក៏សួរគេថា ឱពូជពស់វែកអើយ តើអ្នកណាបានប្រាប់ ឲ្យអ្នករាល់គ្នារត់ចេញ ពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ ៨បើយ៉ាងនេះ ចូរអ្នករាល់គ្នាបង្កើតផល ដែលសំណំនឹងសេចក្តីប្រែចិត្តនោះចុះ ៩ហើយកុំឲ្យគិតក្នុងចិត្តថា មានលោកអ័ប្រាហាំជាឪពុកខ្លួន នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះទ្រង់អាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំ ពីថ្មទាំងនេះក៏បានដែរ ១០ប៉ុន្តែឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើហើយ ដូច្នេះ អស់ទាំងដើមណាដែលកើតផ្លែមិនល្អ នោះត្រូវកាប់បោះចោលទៅក្នុងភ្លើង ១១ឯខ្ញុំ ពិតមែនជាធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ពីព្រោះមានសេចក្តីប្រែចិត្ត តែព្រះអង្គដែលយាងមកក្រោយខ្ញុំ ទ្រង់មានអំណាចលើសជាងខ្ញុំទៅទៀត ខ្ញុំមិនគួរនឹងកាន់សុព័ណ៌បាទទ្រង់ទេ ព្រះអង្គនោះធ្វើបុណ្យជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ ១២ទ្រង់កាន់ចង្អេរនៅព្រះហស្ត ទ្រង់នឹងបោសរំលីងទីលានទ្រង់ ហើយនឹងប្រមូលស្រូវទ្រង់ មកដាក់ក្នុងជង្រុក តែអង្កាម ទ្រង់នឹងដុតក្នុងភ្លើងដែលពន្លត់មិនបានវិញ។

១៣នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ ១៤តែយ៉ូហានប្រកែកថា ដូចម្តេចបានជាទ្រង់យាងមកឯទូលបង្គំ គឺទូលបង្គំដែលត្រូវទទួលបុណ្យជ្រមុជពីទ្រង់វិញទេតើ ១៥ព្រះយេស៊ូវមានបន្ទូលថា ចូរធ្វើម្តងនេះចុះ ដ្បិតគួរឲ្យយើងធ្វើសំរេចតាមគ្រប់ទាំងសេចក្តីសុចរិតយ៉ាងដូច្នេះ រួចគាត់ក៏ព្រមធ្វើ ១៦កាលព្រះយេស៊ូវបានទទួលបុណ្យជ្រមុជហើយ នោះទ្រង់យាងឡើងពីទឹកភ្លាមស្រាប់តែមេឃក៏របើកឡើង ឲ្យទ្រង់ឃើញព្រះវិញ្ញាណនៃព្រះ យាងចុះមកដូចជាសត្វព្រាប ក៏សណ្ឋិតលើទ្រង់ ១៧នោះមានឮសំឡេងចេញពីមេឃថា នេះជាកូនស្ងួនភ្ងារបស់អញជាទីពេញចិត្តអញណាស់។៤ ១គ្រានោះព្រះវិញ្ញាណក៏នាំព្រះយេស៊ូវ ទៅឯទីរហោស្ថាន ដើម្បីឲ្យត្រូវអារក្សល្បួង ២កាលទ្រង់បានតម៤០ថ្ងៃ ៤០យប់ហើយ ក្រោយមកទ្រង់ឃ្លាន ៣រួចមេល្បួងក៏មកទូលទ្រង់ថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ឲ្យថ្មទាំងនេះត្រឡប់ជានំប៉័ងទៅ ៤តែទ្រង់មានបន្ទូលតបថា មានសេចក្តីចែងទុកមកដូច្នេះ «មនុស្សមិនមែនរស់ ដោយសារតែនំប៉័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ»។

៥នោះអារក្សក៏នាំទ្រង់ទៅឯក្រុងបរិសុទ្ធ ដាក់លើកំពូលព្រះវិហារ ទូលថា ៦បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទំលាក់ខ្លួនទៅក្រោមចុះ ដ្បិតមានសេចក្តីចែងទុកមកថា «ទ្រង់នឹងបង្គាប់ពួកទេវតានៃទ្រង់ ពីដំណើរអ្នកទេវតានឹងទ្រអ្នកដោយដៃ ក្រែងលោជើងអ្នកទង្គិចនឹងថ្ម» ៧ព្រះយេស៊ូវមានបន្ទូលទៅវាថា មានសេចក្តីចែងទុកដូច្នេះទៀត «កុំឲ្យឯងល្បួងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ»។

៨មួយទៀត អារក្សបាននាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ ក៏បង្ហាញអស់ទាំងនគរក្នុងលោកីយ នឹងសិរីលំអរបស់នគរទាំងនោះថ្វាយទ្រង់ទត ៩រួចទូលថា បើសិនជាអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងឲ្យរបស់ទាំងនេះដល់អ្នក ១០នោះព្រះយេស៊ូវមានបន្ទូលតបថា នែ សាតាំង ចូរឯងថយចេញពីអញទៅ ដ្បិតមានសេចក្តីចែងទុកមកថា «ឯងត្រូវថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែមួយព្រះអង្គប៉ុណ្ណោះ» ១១ដូច្នេះ អារក្សក៏ថយចេញពីទ្រង់ទៅ រួចមានពួកទេវតាមកបំរើទ្រង់។

១២កាលព្រះយេស៊ូវឮថា គេបានបញ្ជូនយ៉ូហានទៅហើយ នោះទ្រង់យាងថយទៅគង់នៅឯស្រុកកាលីឡេវិញ ១៣រួចទ្រង់ចេញពីណាសារ៉ែត ទៅគង់នៅឯក្រុងកាពើណិមវិញ ជាក្រុងនៅមាត់សមុទ្រ ត្រង់ព្រំប្រទល់ដែនខេត្តសាប់យូល៉ូន នឹងណែបថាលី ១៤ដើម្បីឲ្យបានសំរេចទំនាយ ដែលហោរាអេសាយបានទាយថា ១៥«ស្រុកសាប់យូល៉ូន នឹងណែបថាលី តាមផ្លូវទៅឯសមុទ្រ ខាងនាយទន្លេយ័រដាន់ គឺជាស្រុកកាលីឡេរបស់សាសន៍ដទៃ ១៦ឯបណ្តាជន ដែលអង្គុយក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ មានពន្លឺរះឡើង បំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងកំលុង ហើយនឹងម្លប់នៃសេចក្តីស្លាប់» ១៧តាំងពីគ្រានោះមក ព្រះយេស៊ូវក៏ចាប់តាំងប្រកាស ដោយបន្ទូលថា ចូរប្រែចិត្តឡើង ដ្បិតនគរស្ថានសួគ៌ជិតដល់ហើយ។

១៨កាលព្រះយេស៊ូវ ទ្រង់កំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ នោះក៏ទតឃើញបងប្អូន២នាក់ ជាអ្នកនេសាទត្រី គឺស៊ីម៉ូន ដែលហៅថា ពេត្រុស នឹងអនទ្រេ ជាប្អូនកំពុងតែបង់សំណាញ់ក្នុងសមុទ្រ ១៩រួចទ្រង់មានបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗនឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ ២០គេក៏ទុកសំណាញ់ចោល ទៅតាមទ្រង់ភ្លាម ២១លុះយាងហួសពីនោះបន្តិចទៅ ទ្រង់ទតឃើញបងប្អូន២នាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ នឹងយ៉ូហាន ជាប្អូន ដែលនៅក្នុងទូកជាមួយនឹងសេបេដេ ជាឪពុក គេកំពុងតែជួសជុលសំណាញ់ ហើយទ្រង់មានបន្ទូលហៅអ្នកទាំង២នោះមក ២២គេក៏លះបង់ទូក នឹងឪពុកដើរ តាមទ្រង់ជាមួយរំពេចទៅ។

២៣ព្រះយេស៊ូវ ទ្រង់យាងគ្រប់សព្វក្នុងស្រុកកាលីឡេ ទ្រង់បង្រៀនក្នុងអស់ទាំងសាលាប្រជុំ ក៏ប្រកាសដំណឹងល្អពីនគរ ព្រមទាំងប្រោសជំងឺគ្រប់មុខ នឹងអស់ទាំងជរាពិការ ក្នុងពួកបណ្តាជនឲ្យជាផង ២៤ដំណឹងពីទ្រង់បានឮសុសសាយទួទៅ ពេញក្នុងស្រុកស៊ីរី គេក៏នាំអស់ទាំងមនុស្សដែលមានជំងឺរោគាគ្រាំគ្រាផ្សេងៗ ទាំងមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក នឹងមនុស្សស្លាប់ដៃស្លាប់ជើង មកឯទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យបានជាទាំងអស់គ្នា ២៥មានមនុស្សកកកុញជាប់តាមទ្រង់ គឺជាមនុស្សដែលមកពីស្រុកកាលីឡេ ស្រុកដេកាប៉ូល ពីក្រុងយេរូសាឡិម ពីស្រុកយូដា ហើយពីខាងនាយទន្លេយ័រដាន់។៥ ១កាលបានឃើញហ្វូងមនុស្ស ទ្រង់ក៏យាងឡើងទៅលើភ្នំ រួចកាលបានគង់ចុះហើយ នោះពួកសិស្សចូលមកឯទ្រង់ ២ហើយទ្រង់បើកព្រះឱស្ឋបង្រៀនគេថា ៣មានពរហើយ អស់អ្នកដែលមានសេចក្តីកំសត់ខាងឯវិញ្ញាណ ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ ៤មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត ៥មានពរហើយ អស់អ្នកដែលស្លូតត្រង់ ដ្បិតអ្នកទាំងនោះនឹងគ្រងផែនដីជាមរដក ៦មានពរហើយ អស់អ្នកដែលស្រេកឃ្លាននូវសេចក្តីសុចរិត ដ្បិតអ្នកទាំងនោះនឹងបានឆ្អែត ៧មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីមេត្តាករុណាវិញ ៨មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ ៩មានពរហើយ អស់អ្នកដែលផ្សះផ្សាគេ ដ្បិតអ្នកទាំងនោះនឹងបានហៅ ជាកូនរបស់ព្រះ ១០មានពរហើយ អស់អ្នកដែលត្រូវគេបៀតបៀន ដោយព្រោះសេចក្តីសុចរិត ដ្បិតនគរស្ថានសួគ៌ជារបស់ផងអ្នកទាំងនោះ ១១អ្នករាល់គ្នាមានពរ ក្នុងកាលដែលគេជេរ បៀតបៀន ហើយនិយាយបង្ខុសគ្រប់ទាំងសេចក្តីអាក្រក់ ពីអ្នករាល់គ្នា ដោយព្រោះខ្ញុំ ១២ចូរមានចិត្តអំណរ ហើយរីករាយជាខ្លាំងចុះ ដ្បិតអ្នករាល់គ្នាមានរង្វាន់ជាធំនៅឯស្ថានសួគ៌ ពីព្រោះគេក៏បានធ្វើទុក្ខដល់ពួកហោរា ដែលនៅមុនអ្នករាល់គ្នាបែបដូច្នេះដែរ។

១៣អ្នករាល់គ្នាជាអំបិលនៃផែនដី បើអំបិលបាត់ជាតិប្រៃហើយ នោះតើនឹងយកអ្វី ដើម្បីធ្វើឲ្យប្រៃឡើងវិញបានជារបស់គ្មានប្រយោជន៍ទៀតសោះ មានតែបោះបង់ចោលទៅក្រៅ ឲ្យមនុស្សដើរជាន់ប៉ុណ្ណោះ ១៤អ្នករាល់គ្នាជាពន្លឺនៃលោកីយ ឯទីក្រុងណាដែលនៅលើភ្នំ នោះលាក់មិនកំបាំងទេ ១៥ក៏គ្មានអ្នកណាអុជចង្កៀង យកទៅដាក់ក្រោមថាំងដែរ គេតែងដាក់លើជើងចង្កៀងវិញ នោះទើបភ្លឺដល់អ្នកដែលនៅក្នុងផ្ទះទាំងអស់គ្នា ១៦ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នា បានភ្លឺនៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អ ដែលអ្នករាល់គ្នាប្រព្រឹត្ត រួចសរសើរដំកើង ដល់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌។

១៧កុំឲ្យគិតស្មានថា ខ្ញុំមកដើម្បីនឹងលើកក្រិត្យវិន័យ ឬទំនាយពួកហោរាចោលឡើយ ខ្ញុំមិនមែនមកនឹងលើកចោលទេ គឺមកនឹងធ្វើឲ្យសំរេចវិញ ១៨ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានបាំងឈើ១ ឬក្បៀស១នៅក្នុងក្រិត្យវិន័យ ត្រូវបាត់ឡើយ ដរាបដល់កាលណាមេឃនឹងផែនដី បានកន្លងបាត់ទៅ គឺទាល់តែសេចក្តីទាំងអស់បានសំរេចដោយសព្វគ្រប់ ១៩ដូច្នេះ អ្នកណាដែលនឹងរំលងបទណាមួយ សូម្បីយ៉ាងតូចបំផុតក្នុងបញ្ញត្តទាំងនេះ ហើយបង្រៀនមនុស្សឲ្យធ្វើដូច្នោះដែរ នោះនឹងត្រូវហៅជាអ្នកតូចបំផុតក្នុងនគរស្ថានសួគ៌ តែអ្នកណាដែលកាន់តាម ហើយបង្រៀនចំពោះបញ្ញត្តទាំងនេះ នោះនឹងបានហៅជាអ្នកធំក្នុងនគរស្ថានសួគ៌វិញ ២០ខ្ញុំប្រាប់អ្នករាល់គ្នាថា បើសេចក្តីសុចរិតរបស់អ្នករាល់គ្នា មិនលើសពីសេចក្តីសុចរិតរបស់ពួកអាចារ្យ នឹងពួកផារិស៊ីទេ នោះអ្នករាល់គ្នានឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ។២១អ្នករាល់គ្នាបានឮសេចក្តីដែលសំដែងដល់មនុស្សពីបុរាណ ថា «កុំឲ្យសំទ្បាប់មនុស្សឲ្យសោះ» បើអ្នកណាសំទ្បាប់មនុស្ស នោះក្រែងត្រូវជាប់ជំនុំជំរះហើយ ២២តែខ្ញុំប្រាប់អ្នករាល់គ្នាដូច្នេះវិញ ថា សូម្បីតែអ្នកណាដែលខឹងនឹងបងប្អូន នោះក្រែងត្រូវជាប់ជំនុំជំរះដែរ ហើយអ្នកណា ដែលស្តីឲ្យបងប្អូនថា «អាចោលម្សៀត» នោះក្រែងពួកក្រុមជំនុំធ្វើទោស តែចំណែកអ្នកណាដែលថា «អាឆ្កួត» នោះក្រែងធ្លាក់ទៅក្នុងភ្លើងនរក ២៣ដូច្នេះ បើកាលណាអ្នកនាំយកដង្វាយមកដល់អាសនា ហើយនៅទីនោះអ្នកនឹកឃើញថា បងប្អូនណាមានហេតុអ្វីទាស់នឹងអ្នក ២៤នោះត្រូវទុកដង្វាយរបស់អ្នកនៅមុខអាសនា ហើយទៅរកជានឹងបងប្អូនជាមុនសិន រួចសឹមមកថ្វាយដង្វាយអ្នកចុះ ២៥ចូរឲ្យអ្នកជាស្រុះស្រួលនឹងអ្នកដើមចោទវិញជាប្រញាប់ដែលកំពុងតែដើរតាមផ្លូវជាមួយគ្នា ក្រែងគេបញ្ជូនអ្នកទៅឯចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅដល់នាយភូឃុំ រួចអ្នកត្រូវជាប់គុក ២៦ខ្ញុំប្រាប់អ្នកជាប្រាកដថា ដែលអ្នកនៅខ្វះតែ១សេន នឹងសងគេឲ្យគ្រប់ នោះនឹងចេញពីទីនោះមិនរួចទ្បើយ។

២៧អ្នករាល់គ្នាបានឮសេចក្តី ដែលសំដែងពីដើមថា «កុំផិតឲ្យសោះ» ២៨ប៉ុន្តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រទ្បេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ ២៩បើភ្នែកស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរខ្វែះចេញបោះចោលទៅ ដ្បិតដែលភ្នែកអ្នក១ ត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក ៣០ហើយបើដៃស្តាំអ្នកនាំឲ្យរវាតចិត្ត នោះចូរកាត់ចេញបោះចោលទៅ ដ្បិតដែលដៃអ្នកម្ខាងត្រូវវិនាស នោះមានប្រយោជន៍ ជាជាងឲ្យរូបកាយទាំងមូល ត្រូវបោះទៅក្នុងនរក។

៣១មានសេចក្តីថ្លែងទុកមកទៀតថា អ្នកណាដែលចង់លែងប្រពន្ធ នោះមានតែឲ្យសំបុត្រលះលែងដល់នាង ៣២ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ស្ត្រីណាដែលមិនផិតប្តី បើប្តីនោះលែងចេញ នោះឈ្មោះថា បានធ្វើឲ្យនាងទៅជាស្រីសំផឹងហើយ បើអ្នកណាយកស្ត្រីដែលប្តីលែង ធ្វើជាប្រពន្ធ អ្នកនោះហៅថា ប្រព្រឹត្តសេចក្តីកំផិតដែរ។

៣៣មួយទៀត អ្នករាល់គ្នាបានឮសេចក្តី ដែលសំដែងមកដល់មនុស្សពីដើមថា «កុំឲ្យស្បថកុហកទ្បើយ គឺត្រូវឲ្យធ្វើសំរេចតាមគ្រប់ទាំងសេចក្តីដែលស្បថនឹងព្រះអម្ចាស់» ៣៤ប៉ុន្តែប្រាប់អ្នករាល់គ្នាថា កុំឲ្យស្បថឲ្យសោះ ទោះនឹងស្ថានសួគ៌ក្តី ព្រោះជាបល្ល័ង្កនៃព្រះ ៣៥ទោះនឹងផែនដីក្តី ព្រោះជាកំណល់កល់ព្រះបាទទ្រង់ ទោះនឹងក្រុងយេរូសាទ្បិមក្តី ព្រោះជាក្រុងនៃស្តេចធំ ៣៦ក៏កុំឲ្យស្បថនឹងក្បាលអ្នកដែរ ពីព្រោះអ្នកនឹងធ្វើឲ្យសក់១សរសៃ ត្រទ្បប់ទៅជាសឬខ្មៅពុំបានទេ ៣៧ត្រូវឲ្យចេញសំដីថាតែមែនៗ ឬ ទេៗ ប៉ុណ្ណោះ សេចក្តីណាដែលលើសអំពីនោះទៅ នោះមកតែពីអាកំណាចទេ។

៣៨អ្នករាល់គ្នាបានឮសេចក្តី ដែលថ្លែងទុកថា «ភ្នែកឲ្យធួននឹងភ្នែក ហើយធ្មេញឲ្យធួននឹងធ្មេញ» ៣៩ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យតតាំងនឹងអំពើអាក្រក់ទ្បើយ បើអ្នកណាទះកំផ្លៀងស្តាំនៃអ្នក នោះត្រូវតែបែរកំផ្លៀងម្ខាងទៅឲ្យទៀត ៤០បើអ្នកណាប្តឹងចង់យកអាវខ្លីរបស់អ្នក នោះត្រូវបើកឲ្យគេយកទាំងអាវវែងផង ៤១បើអ្នកណាបង្ខំឲ្យអ្នកទៅអស់១យោជន៍ នោះចូរទៅជាមួយនឹងគេដល់២យោជន៍ផង ៤២ចូរឲ្យដល់អ្នកណាដែលសូម ហើយកុំឲ្យគេចចេញពីអ្នកណាដែលចង់ខ្ចីអ្នកទ្បើយ។ ៤៣អ្នករាល់គ្នាបានឮសេចក្តី ដែលថ្លែងទុកមកថា «ចូរស្រទ្បាញ់អ្នកជិតខាងឯង តែស្អប់ខ្មាំងសត្រូវឯងវិញ» ៤៤ប៉ុន្តែប្រាប់ថា ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ ត្រូវឲ្យពរដល់អ្នកណាដែលប្រទេចផ្តាសា ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ ៤៥ដើម្បីឲ្យបានធ្វើជាកូនរបស់ព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ ព្រោះទ្រង់ធ្វើឲ្យថ្ងៃរបស់ទ្រង់រះឡើង បំភ្លឺទាំងមនុស្សអាក្រក់នឹងមនុស្សល្អ ហើយទ្រង់បង្អុរឲ្យភ្លៀងធ្លាក់មក លើទាំងមនុស្សសុចរិត នឹងមនុស្សទុច្ចរិតផង ៤៦ដ្បិតបើអ្នករាល់គ្នាស្រឡាញ់តែអស់អ្នកណា ដែលស្រឡាញ់ដល់ខ្លួននោះតើបានបំណាច់អ្វី ឯពួកអ្នកយកពន្ធ តើគេមិនប្រព្រឹត្ត ដូច្នោះដែរទេឬអី ៤៧ហើយបើអ្នករាល់គ្នាគំនាប់តែបងប្អូនអ្នកប៉ុណ្ណោះ នោះតើបានធ្វើអ្វីប្លែកពីគេ ឯពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូចគ្នាទេឬអី ៤៨ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ដូចជាព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់គ្រប់លក្ខណ៍ដែរ។៦ ១ចូរប្រយ័ត កុំឲ្យអ្នករាល់គ្នាធ្វើទាននៅមុខមនុស្សឲ្យតែគេឃើញឡើយ បើធ្វើដូច្នោះ នោះអ្នករាល់គ្នាគ្មានរង្វាន់ នៅនឹងព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ទេ ២ដូច្នេះ កាលណាអ្នកធ្វើទាន នោះកុំឲ្យផ្លុំត្រែនៅមុខអ្នក ដូចពួកមានពុត ដែលប្រព្រឹត្តនៅក្នុងសាលាប្រជុំ ហើយតាមផ្លូវ ដើម្បីឲ្យបានមនុស្សលោកសរសើរខ្លួននោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ ៣ប៉ុន្តែ កាលណាអ្នកធ្វើទាន នោះកុំឲ្យ ដៃឆ្វេងដឹងការដែលដៃស្តាំធ្វើឡើយ ៤ដើម្បីឲ្យអំពើទានរបស់អ្នក បានស្ងាត់កំបាំង នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញក្នុងទីសំងាត់ ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចក្សច្បាស់។

៥កាលណាអ្នកអធិស្ឋាន កុំឲ្យធ្វើដូចមនុស្សមានពុត ដែលចូលចិត្តឈរអធិស្ឋាននៅក្នុងសាលាប្រជុំ ហើយនៅជ្រុងផ្លូវ ឲ្យមនុស្សលោកឃើញនោះឡើយ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ ៦តែឯអ្នក កាលណាអធិស្ឋាន នោះត្រូវឲ្យចូលទៅក្នុងបន្ទប់ហើយបិទទ្វារ រួចអធិស្ឋានដល់ព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅទីលាក់កំបាំងចុះ នោះព្រះវរបិតានៃអ្នក ដែលទតឃើញក្នុងទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ ដល់អ្នកនៅទីប្រចក្សច្បាស់ ៧ហើយកាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្តាប់គេ ដោយគេពោលពាក្យជាច្រើន ៨ដូច្នេះ កុំឲ្យអ្នករាល់គ្នាធ្វើដូចគេឡើយ ដ្បិតព្រះវរបិតានៃអ្នក ទ្រង់ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង ៩ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះវិញថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ ១០សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ ១១សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ ១២សូមអត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំ ដូចជាយើងខ្ញុំបានអត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ១៣សូមកុំនាំយើងខ្ញុំទៅក្នុងសេចក្តីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្តីអាក្រក់វិញ ដ្បិតរាជ្យ ព្រះចេស្តា នឹងសិរីល្អ ជារបស់ផងទ្រង់ នៅអស់កល្បជានិច្ច អាម៉ែន ១៤ដ្បិតបើអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ ដែលមនុស្សលោកប្រព្រឹត្តធ្វើ នោះព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ ១៥តែបើអ្នករាល់គ្នាមិនអត់ទោស ចំពោះការរំលងច្បាប់ឲ្យគេទេ នោះព្រះវរបិតានៃអ្នក ទ្រង់ក៏មិនអត់ទោស ចំពោះការរំលងច្បាប់ ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរ។

១៦កាលណាអ្នករាល់គ្នាតមអាហារ នោះកុំឲ្យធ្វើទឹកមុខក្រៀម ដូចជាមនុស្សមានពុតឡើយ ដ្បិតគេក្លែងទឹកមុខស្រងូត ឲ្យមនុស្សលោកឃើញថាគេតម ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គេបានរង្វាន់គេហើយ ១៧តែអ្នកកាលណាតម នោះចូរឲ្យលាបគ្រឿងក្រអូបនៅលើក្បាល ហើយលប់មុខចេញ ១៨ដើម្បីកុំឲ្យមនុស្សលោកឃើញថា អ្នកតមឡើយ គឺឲ្យព្រះវរបិតានៃអ្នក ដែលគង់នៅទីលាក់កំបាំង បានឃើញវិញ នោះព្រះវរបិតានៃអ្នក ដែលទ្រង់ទតឃើញនៅទីលាក់កំបាំង ទ្រង់នឹងប្រទានរង្វាន់ដល់អ្នក នៅទីប្រចក្សច្បាស់។

១៩កុំឲ្យប្រមូលទ្រព្យសម្បិត្ត ទុកសំរាប់ខ្លួន នៅផែនដីជាកន្លែងដែលមានកន្លាត នឹងច្រែះស៊ីបំផ្លាញ ហើយចោរទំលុះប្លន់នោះឡើយ ២០ត្រូវប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ ដែលជាកន្លែងគ្មានកន្លាតឬច្រែះស៊ីបំផ្លាញឡើយ ក៏គ្មានចោរទំលុះ ឬប្លន់ផង ២១ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណា នោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរ។

២២ឯចង្កៀងរបស់រូបកាយ គឺជាភ្នែក ដូច្នេះ បើភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូល នឹងបានភ្លឺ ២៣តែបើភ្នែកអ្នកអាក្រក់វិញ នោះរូបកាយអ្នកទាំងមូលនឹងត្រូវងងឹតសូន្យ យ៉ាងនោះ បើពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្តីងងឹតហើយ ចុះសេចក្តីងងឹតនោះនឹងបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎។

២៤គ្មានអ្នកណាអាចនឹងបំរើចៅហ្វាយ២នាក់បានទេ ដ្បិតអ្នកនោះនឹងស្អប់១ ហើយស្រឡាញ់១ ឬស្មោះត្រង់នឹង១ ហើយមើលងាយ១ អ្នករាល់គ្នាពុំអាចនឹងគោរពដល់ព្រះ នឹងទ្រព្យសម្បត្តិផងបានទេ ២៥ដោយហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា កុំឲ្យខ្វល់ខ្វាយនឹងជីវិត ដែលនឹងបរិភោគអ្វី ឬនឹងរូបកាយ ដែលនឹងស្លៀកពាក់អ្វីនោះឡើយ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសំលៀកបំពាក់ទេឬអី ២៦ចូរពិចារណាពីសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះមិនច្រូតកាត់ ឬប្រមូលដាក់ក្នុងជង្រុកផង តែព្រះវរបិតានៃអ្នក ដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ឯអ្នករាល់គ្នា តើគ្មានដំឡៃលើសជាងសត្វទាំងនោះទេឬអី ២៧ចុះនៅក្នុងពួកអ្នករាល់គ្នា តើមានអ្នកឯណាដែលអាចនឹងបន្ថែមកំពស់ខ្លួន១ហត្ថ ដោយសារសេចក្តីខ្វល់ខ្វាយបានឬទេ ២៨ហើយពីដំណើរសំលៀកបំពាក់ តើអ្នករាល់គ្នាខំខ្វល់ខ្វាយធ្វើអ្វី ចូររំពឹងគិតតែពីផ្កាឈូកនៅក្នុងបឹង ដែលវាដុះជាយ៉ាងដូចម្តេច គឺវាមិននឿយហត់នឹងធ្វើការ ឬស្រាវរវៃទេ ២៩តែខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែហ្លួងសាឡូម៉ូន ក្នុងគ្រាដែលមានគ្រប់ទាំងសេចក្តីរុងរឿងរបស់ទ្រង់ នោះទ្រង់មិនបានតែងអង្គ ដូចជាផ្កា១នោះផង ៣០រីឯតិណជាតិដែលដុះនៅវាលក្នុងថ្ងៃនេះ ហើយថ្ងៃស្អែកត្រូវគេដុតនៅជើងក្រាន បើព្រះទ្រង់តុបតែងស្មៅយ៉ាងដូច្នោះ នោះឱមនុស្សមានជំនឿតិចអើយ តើទ្រង់មិនតុបតែងឲ្យអ្នករាល់គ្នា លើសជាងទៅទៀតទេឬអី ៣១ដូច្នេះ កុំឲ្យខ្វល់ខ្វាយថា តើត្រូវបរិភោគអ្វី ឬស្លៀកពាក់អ្វីនោះឡើយ ៣២ដ្បិតគឺជាសាសន៍ដទៃទេតើ ដែលខំស្វែងរករបស់ទាំងនោះវិញ ឯព្រះវរបិតានៃអ្នករាល់គ្នា ដែលគង់នៅស្ថានសួគ៌ទ្រង់ជ្រាបហើយ ថាអ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ ៣៣ចូរស្វែងរកនគរ នឹងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង ៣៤ដូច្នេះ កុំឲ្យខ្វល់ខ្វាយនឹងថ្ងៃស្អែកឡើយ ពីព្រោះថ្ងៃស្អែកនឹងខ្វល់ខ្វាយ ចំពោះការរបស់ថ្ងៃនោះឯង សេចក្តីលំបាកនៅថ្ងៃណា នោះគឺល្មមត្រឹមថ្ងៃនោះហើយ។៧ ១កុំឲ្យថ្កោលទោសគេឡើយ ដើម្បីមិនឲ្យមានគេថ្កោលអ្នកវិញ ២ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា នោះគេនឹងថ្កោលអ្នកវិញយ៉ាងនោះដែរ ហើយគេនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នកវាល់ឲ្យគេផង ៣ហេតុអ្វីបានជាអ្នកមើលឃើញកំទេច ដែលនៅក្នុងភ្នែករបស់បងប្អូនអ្នក តែមិនឃើញធ្នឹម ដែលនៅក្នុងភ្នែករបស់ខ្លួនសោះដូច្នេះ ៤ឬធ្វើដូចម្តេចឲ្យអ្នកនិយាយនឹងបងប្អូនថា ចូរឲ្យអញយកកំទេចពីភ្នែកឯងចេញ តែមើល មានធ្នឹមនៅក្នុងភ្នែកខ្លួនអ្នកវិញ ៥អ្នកមានពុតអើយ ចូរយកធ្នឹមពីភ្នែករបស់ខ្លួនចេញជាមុនសិន នោះទើបនឹងបានឃើញច្បាស់ អាចនឹងយកកំទេចចេញពីភ្នែករបស់បងប្អូនអ្នកបានដែរ។

៦កុំឲ្យរបស់បរិសុទ្ធដល់ឆ្កែ ឬបោះកែវមុក្តារបស់ខ្លួននៅមុខជ្រូកឡើយ ក្រែងវាជាន់ឈ្លី រួចត្រឡប់ស្ទុះមកខ្វេះអ្នកវិញ ៧ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររកនោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ៨ដ្បិតអស់អ្នកណាដែលសូម នោះរមែងបាន អ្នកណាដែលរកនោះរមែងឃើញ ហើយនឹងបើកឲ្យអ្នកណាដែលគោះដែរ ៩ក្នុងពួកអ្នករាល់គ្នា បើកូនសូមនំប៉័ង តើមានអ្នកណានឹងឲ្យថ្មដល់វា ១០ឬបើវាសូមត្រី តើនឹងឲ្យពស់វិញឬអី ១១ចុះបើអ្នករាល់គ្នាដែលអាក្រក់ អ្នកចេះឲ្យរបស់ល្អដល់កូនខ្លួនដូច្នេះ នោះចំណង់បើព្រះវរបិតានៃអ្នក ដែលទ្រង់គង់នៅស្ថានសួគ៌ ទ្រង់នឹងប្រទានរបស់ល្អ មកអស់អ្នកដែលសូម តើជាងអម្បាលម៉ានទៅទៀត ១២ដូច្នេះ អស់ទាំងការអ្វី ដែលអ្នករាល់គ្នាចង់ឲ្យមនុស្សលោក ប្រព្រឹត្តនឹងខ្លួន នោះត្រូវឲ្យអ្នកប្រព្រឹត្តនឹងគេដូច្នោះដែរ ដ្បិតនេះឯងជាក្រិត្យវិន័យ ហើយជាសេចក្តីទំនាយរបស់ពួកហោរា។

១៣ចូរឲ្យចូលតាមទ្វារចង្អៀត ដ្បិតទ្វារដែលនាំទៅឯសេចក្តីហិនវិនាស នោះធំ ហើយទូលាយផង ក៏មានមនុស្សជាច្រើនដែលចូលតាមទ្វារនោះ ១៤តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ។ ១៥ចូរប្រយ័តនឹងពួកគ្រូក្លែងក្លាយ ដែលគេមកឯអ្នករាល់គ្នា ដោយពាក់រោមចៀមបំប្លែងខ្លួន តែខាងក្នុងរបស់គេ ជាឆ្កែចចកដែលឆ្មក់ស៊ីវិញ ១៦អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត តើដែលបេះផ្លែទំពាំងបាយជូរពីគុម្ពបន្លា ឬផ្លែល្វាពីដំបងយក្សឬទេ ១៧ដូច្នេះ អស់ទាំងដើមឈើល្អ តែងមានផ្លែល្អ ឯដើមអាក្រក់ ក៏តែងមានផ្លែអាក្រក់ដែរ ១៨ធម្មតាដើមឈើល្អ មិនដែលបញ្ចោញផលអាក្រក់បានទេ ហើយដើមដែលអាក្រក់ ក៏ពុំអាចនឹងបញ្ចោញផលល្អបានដែរ ១៩អស់ទាំងដើមឈើណា ដែលមិនកើតផលផ្លែល្អ នោះត្រូវតែកាប់បោះចោលទៅក្នុងភ្លើងចេញ ២០ដូច្នេះ អ្នករាល់គ្នានឹងស្គាល់គេបាន គឺដោយសារផលគេបង្កើត ២១មិនមែនអស់អ្នកណាដែលគ្រាន់តែនិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ ដែលនឹងចូលទៅក្នុងនគរស្ថានសួគ៌នោះទេ គឺជាអស់អ្នកដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌វិញទេតើ ២២នៅថ្ងៃនោះនឹងមានមនុស្សជាច្រើននិយាយមកខ្ញុំថា ឱព្រះអម្ចាស់ៗអើយ តើយើងខ្ញុំមិនបានទាយដោយនូវព្រះនាមទ្រង់ ហើយដេញអារក្សដោយនូវព្រះនាមទ្រង់ ព្រមទាំងធ្វើការឫទ្ធិបារមីជាច្រើន ដោយនូវព្រះនាមទ្រង់ទេឬអី ២៣នោះខ្ញុំនឹងនិយាយដោយត្រង់ថា អញមិនដែលបានស្គាល់ឯងរាល់គ្នាទេ នែ ពួកទទឹងច្បាប់អើយ ចូរថយចេញពីអញទៅ។

២៤ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត ដែលសង់ផ្ទះខ្លួននៅលើថ្ម ២៥រួចភ្លៀងធ្លាក់មកទឹកក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់នៅលើថ្ម ២៦ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះត្រូវធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះខ្លួននៅលើខ្សាច់វិញ ២៧រួចភ្លៀងធ្លាក់មកទឹក ក៏ជន់ឡើង ហើយខ្យល់បក់ប៉ះនឹងផ្ទះនោះ ផ្ទះនោះក៏រលំទៅ ហើយមានការខូចខាតជាធំ។ ២៨កាលព្រះយេស៊ូវ ទ្រង់មានបន្ទូលសេចក្តីទាំងនេះរួចហើយ នោះបណ្តាមនុស្សក៏នឹកប្លែក ពីសេចក្តីដែលទ្រង់បង្រៀន ២៩ពីព្រោះទ្រង់បង្រៀន ដូចជាមានអំណាចមិនមែនដូចពួកអាចារ្យរបស់គេទេ។៨ ១កាលព្រះយេស៊ូវ ទ្រង់បានយាងចុះពីភ្នំមក នោះមានមនុស្សកកកុញដើរតាមទ្រង់ ២ក៏ឃើញមានមនុស្សឃ្លង់ម្នាក់ មកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន ៣ទ្រង់ក៏លូកព្រះហស្តទៅពាល់គាត់ ដោយបន្ទូលថា ខ្ញុំចង់ដែរ ចូរឲ្យជាស្អាតចុះ ស្រាប់តែរោគឃ្លង់ក៏ជាស្អាតភ្លាម ៤រួចព្រះយេស៊ូវទ្រង់ហាមថា នែកុំប្រាប់អ្នកឯណាឲ្យសោះ ត្រូវទៅបង្ហាញខ្លួនឲ្យពួកសង្ឃឃើញវិញ ហើយថ្វាយដង្វាយតាមដែលលោកម៉ូសេបានបង្គាប់មក ទុកជាទីបន្ទាល់ដល់លោកទាំងនោះ។

៥កាលព្រះយេស៊ូវ ទ្រង់បានយាងចូលទៅក្នុងក្រុងកាពើណិមហើយ នោះមេទ័ពម្នាក់មកឯទ្រង់ទូលអង្វរថា ៦ព្រះអម្ចាស់អើយ បាវទូលបង្គំ វាស្លាប់ដៃស្លាប់ជើង ដេកនៅផ្ទះវេទនាខ្លាំងណាស់ ៧ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា ខ្ញុំនឹងទៅប្រោសឲ្យជា ៨តែមេទ័ពទូលប្រកែកថា ព្រះអម្ចាស់អើយ ទូលបង្គំមិនគួរនឹងទទួលទ្រង់នៅក្នុងផ្ទះទូលបង្គំទេ សូមទ្រង់គ្រាន់តែមានបន្ទូលមួយព្រះឱស្ឋមកប៉ុណ្ណោះ នោះបាវទូលបង្គំនឹងបានជាហើយ ៩ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបង្គាប់គេដែរ ហើយមានទាហាននៅក្រោមឱវាទទូលបង្គំ បើទូលបង្គំប្រាប់ទៅម្នាក់ថា ទៅនោះក៏វាទៅ ប្រាប់ទៅម្នាក់ទៀតថា មក វាក៏មក ហើយប្រាប់ទៅបាវថា ធ្វើការនេះ នោះវាក៏ធ្វើតាម ១០កាលព្រះយេស៊ូវបានឮពាក្យនោះហើយ ទ្រង់មានសេចក្តីអស្ចារ្យក្នុងព្រះហឫទ័យ រួចមានបន្ទូលទៅពួកអ្នកដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញសេចក្តីជំនឿ ជាខ្លាំងដល់ម៉្លេះទេ ទោះទាំងនៅក្នុងសាសន៍អ៊ីស្រាអែលផង ១១ខ្ញុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើន ពីទិសខាងកើត នឹងទិសខាងលិច មកអង្គុយជាមួយនឹងលោកអ័ប្រាហាំ លោកអ៊ីសាក នឹងលោកយ៉ាកុប នៅក្នុងនគរស្ថានសួគ៌ ១២តែអស់ទាំងមនុស្សរបស់នគរនោះ នឹងត្រូវបោះចោល ទៅក្នុងសេចក្តីងងឹតខាងក្រៅវិញ នៅទីនោះនឹងមានយំ ហើយសង្កៀតធ្មេញ ១៣រួចទ្រង់មានបន្ទូលទៅមេទ័ពនោះថា ចូរទៅចុះ ឲ្យបានដូចសេចក្តីជំនឿរបស់អ្នកចុះ បាវគាត់ក៏បានជានៅវេលានោះឯង។

១៤លុះព្រះយេស៊ូវ ទ្រង់យាងទៅក្នុងផ្ទះរបស់ពេត្រុសហើយ នោះឃើញម្តាយក្មេកគាត់កំពុងតែដេកគ្រុន ១៥រួចទ្រង់ពាល់ដៃនាង នោះគ្រុនក៏បាត់ទៅ ហើយនាងក្រោកឡើងបំរើទ្រង់។

១៦ដល់ពេលព្រលប់ គេនាំមនុស្សជាច្រើន ដែលមានអាររក្សចូលមកឯទ្រង់ ហើយទ្រង់ក៏ដេញអារក្សដោយសារព្រះបន្ទូល ឯអស់អ្នកដែលមានជំងឺរោគា ទ្រង់បានប្រោសឲ្យជាគ្រប់គ្នាដែរ ១៧ដើម្បីឲ្យបានសំរេច តាមទំនាយដែលហោរាអេសាយ បានទាយទុកមកថា «ទ្រង់បានទទួលអស់ទាំងរោគា ហើយផ្ទុកអស់ទាំងជំងឺរបស់យើងរាល់គ្នា នៅលើព្រះអង្គទ្រង់»។ ១៨កាលព្រះយេស៊ូវ ទ្រង់ឃើញហ្វូងមនុស្សកកកុញនៅជុំវិញទ្រង់ នោះទ្រង់បង្គាប់ ឲ្យឆ្លងទៅឯត្រើយម្ខាងទៅ ១៩ខណនោះ មានអាចារ្យម្នាក់ចូលមកទូលទ្រង់ថា លោកគ្រូអើយ ខ្ញុំនឹងតាមលោកទៅដែរ ទោះបើលោកទៅឯណាក៏ដោយ ២០ព្រះយេស៊ូវទ្រង់តបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាស ក៏មានសំបុក តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ ២១មានសិស្សទ្រង់ម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំ បានទៅកប់ខ្មោចឪពុកទូលបង្គំសិន ២២តែព្រះយេស៊ូវមានបន្ទូលទៅអ្នកនោះថា ចូរតាមខ្ញុំវិញ ទុកឲ្យមនុស្សស្លាប់កប់ខ្មោចពួកគេចុះ។

២៣កាលទ្រង់បានយាងចុះទូកហើយ នោះពួកសិស្សក៏តាមទ្រង់ទៅ ២៤ឯសមុទ្រក៏កំរើកឡើងជាខ្លាំង ដល់ម៉្លេះបានជារលកឡើងគ្របលើទូក តែទ្រង់ផ្ទំលក់ ២៥ពួកសិស្សក៏ចូលទៅតើនទ្រង់ទូលថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះផង យើងខ្ញុំវិនាសហើយ ២៦ទ្រង់មានបន្ទូលថា ឱពួកអ្នកមានជំនឿតិចអើយ ហេតុអ្វីបានជាភ័យដូច្នេះ រួចទ្រង់ក្រោកឡើង កំហែងដល់ខ្យល់នឹងសមុទ្រ នោះក៏ស្ងប់ឈឹងអស់ទៅ ២៧អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ហើយនិយាយគ្នាថា តើមនុស្សនេះបែបយ៉ាងណា បានជាទាំងខ្យល់ នឹងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ។

២៨កាលទ្រង់បានដល់ស្រុកគេរ៉ាស៊ីន នៅត្រើយម្ខាងហើយ នោះមានមនុស្ស២នាក់ ដែលមានអារក្សចូល គេចេញពីផ្នូរខ្មោចមកចួបនឹងទ្រង់ វាសាហាវណាស់ ដល់ម៉្លេះបានជាគ្មានអ្នកណាហ៊ានដើរតាមផ្លូវនោះទេ ២៩នោះវាស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះអើយ តើយើងហើយនឹងទ្រង់មានការអ្វីនឹងគ្នា តើទ្រង់បានយាងមកទីនេះ ដើម្បីនឹងធ្វើទុក្ខដល់យើងមុនកំណត់ឬអី ៣០រីឯនៅទីដែលឆ្ងាយពីវា នោះមានហ្វូងជ្រូកយ៉ាងធំកំពុងតែរកស៊ី ៣១ហើយពួកអារក្សនោះក៏ទូលអង្វរទ្រង់ថា បើទ្រង់បណ្តេញយើង សូមអនុញ្ញាតឲ្យយើងចូលទៅនៅក្នុងហ្វូងជ្រូកនោះចុះ ៣២ទ្រង់មានបន្ទូលតបថា ទៅចុះ វាក៏ចេញទៅចូលក្នុងហ្វូងជ្រូក រួចជ្រូកនាំគ្នាបោលម្នីម្នាតាមភ្នំចោត ធ្លាក់ទៅក្នុងសមុទ្រ លង់ទឹកស្លាប់ទាំងអស់ទៅ ៣៣ឯពួកអ្នកដែលឃ្វាលវា គេនាំគ្នារត់ចូលទៅក្នុងទីក្រុងរ៉ាយរ៉ាប់ប្រាប់ពីគ្រប់ការទាំងនោះ ហើយពីមនុស្ស២នាក់ ដែលមានអារក្សចូលផង ៣៤ចំណែកឯពួកអ្នកក្រុងនោះទាំងអស់គ្នា ក៏ចេញមកឯព្រះយេស៊ូវ កាលបានឃើញទ្រង់ គេក៏អង្វរឲ្យទ្រង់យាងចេញពីក្រវល់ស្រុកគេទៅ។៩ ១ព្រះយេស៊ូវ ទ្រង់ក៏យាងចុះទូក ឆ្លងទៅឯក្រុងរបស់ទ្រង់វិញ ២នោះមានគេនាំមនុស្សស្លាប់ដៃស្លាប់ជើងម្នាក់ដេកលើគ្រែមកឯទ្រង់ កាលទ្រង់ទតឃើញសេចក្តីជំនឿរបស់អ្នកទាំងនោះ ក៏មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរសង្ឃឹមឡើង កូនអើយ បាបឯងបានអត់ទោសឲ្យឯងហើយ ៣ដូច្នេះ មានអាចារ្យខ្លះនឹកក្នុងចិត្តថា មនុស្សនេះពោលពាក្យប្រមាថដល់ព្រះ ៤ឯព្រះយេស៊ូវ ទ្រង់ឈ្វេងយល់គំនិតគេ ក៏មានបន្ទូលថា ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់ក្នុងចិត្តដូច្នេះ ៥ដ្បិតដែលថា បាបឯងបានអត់ទោសឲ្យឯងហើយ ឬថា ឲ្យក្រោកឡើងដើរទៅ នោះតើពាក្យណាងាយថាជាជាង ៦ប៉ុន្តែ នេះដើម្បីឲ្យអ្នករាល់គ្នាបានដឹងថាកូនមនុស្សមានអំណាច នឹងអត់ទោសបាបនៅផែនដីបានដែរ នោះទ្រង់មានបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើងថា ចូរក្រោកឡើង យកគ្រែឯងទៅផ្ទះទៅ ៧អ្នកនោះក៏ក្រោកឡើងដើរទៅឯផ្ទះ ៨កាលហ្វូងមនុស្សបានឃើញការនោះ គេកើតមានសេចក្តីអស្ចារ្យ ក៏សរសើរដំកើងដល់ព្រះដែលទ្រង់បានប្រទានអំណាចយ៉ាងនេះ មកមនុស្សលោក។

៩លុះព្រះយេស៊ូវយាងហួសពីទីនោះទៅ ទ្រង់ក៏ទតឃើញមនុស្សម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងយកពន្ធ នោះទ្រង់មានបន្ទូលហៅគាត់ថា ចូរមកតាមខ្ញុំ គាត់ក៏ក្រោកឡើងដើរតាមទ្រង់ទៅ ១០កាលព្រះយេស៊ូវ កំពុងគង់សោយអាហារនៅក្នុងផ្ទះ នោះមានពួកអ្នកយកពន្ធ នឹងមនុស្សមានបាបជាច្រើន បានមកអង្គុយជាមួយនឹងទ្រង់ នឹងពួកសិស្សទ្រង់ផង ១១កាលពួកផារិស៊ីបានឃើញដូច្នោះ គេក៏សួរពួកសិស្សទ្រង់ថា ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយនឹងពួកយកពន្ធ ហើយនឹងមនុស្សមានបាបដូច្នេះ ១២តែព្រះយេស៊ូវទ្រង់ក៏បានឮ ហើយទ្រង់មានបន្ទូលតបថា ពួកអ្នកដែលជាសុខសប្បាយមិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ ១៣ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទ ដែលថា «អញចង់បានសេចក្តីមេត្តាករុណាមិនមែនយញ្ញបូជាទេ» ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាបឲ្យប្រែចិត្តវិញ។

១៤នៅគ្រានោះ ពួកសិស្សរបស់យ៉ូហាន ក៏មកឯទ្រង់ទូលថា ហេតុអ្វីបានជាយើងខ្ញុំ នឹងពួកផារិស៊ី តមតែញយៗ តែពួកសិស្សទ្រង់មិនដែលតមសោះដូច្នេះ ១៥ព្រះយេស៊ូវទ្រង់ឆ្លើយថា កំពុងដែលប្តីថ្មោងថ្មីនៅជាមួយគ្នា នោះតើសំឡាញ់នៃគាត់នឹងធ្វើទឹកមុខព្រួយបានឬទេ ប៉ុន្តែនឹងមានគ្រាមកដល់ ដែលប្តីនឹងត្រូវដកយកចេញពីគេទៅនៅគ្រានោះ ទើបគេនឹងតមអាហារវិញ ១៦គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មី មកប៉ះអាវចាស់ទេ ដ្បិតកំណាត់ថ្មីនោះ នឹងហែកអាវចាស់ចេញ ហើយរំហែកនោះ នឹងរឹងរឹតតែអាក្រក់ជាងទៅទៀត ១៧ក៏មិនដែលមានអ្នកណាដាក់ស្រាទំពាំងបាយជូរថ្មី ក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ថង់ស្បែកនឹងធ្លាយ ហូរស្រាទំពាំងបាយជូរចេញអស់ ហើយទាំងថង់នោះក៏ត្រូវខូចខាតដែរ គឺគេតែងដាក់ស្រាទំពាំងបាយជូរថ្មី ក្នុងថង់ស្បែកថ្មីវិញ នោះទើបទាំង២បានគង់នៅ។

១៨កំពុងដែលទ្រង់មានបន្ទូលនឹងគេ ពីដំណើរទាំងនោះ ស្រាប់តែមានមេសាលាម្នាក់ មកក្រាបថ្វាយបង្គំទូលថា កូនស្រីរបស់ទូលបង្គំទើបនឹងស្លាប់អម្បាញ់មិញ សូមទ្រង់មេត្តាយាងទៅដាក់ព្រះហស្តលើវា នោះវានឹងរស់ឡើងវិញ ១៩ព្រះយេស៊ូវក៏ក្រោកឡើង យាងទៅតាមព្រមទាំងពួកសិស្សទ្រង់ដែរ ២០រីឯមានស្ត្រីម្នាក់ នាងមានជំងឺធ្លាក់ឈាមអស់១២ឆ្នាំមកហើយ នាងបានចូលមកពីក្រោយពាល់ជាយព្រះពស្ត្រទ្រង់ ២១ដោយគិតក្នុងចិត្តថា បើគ្រាន់តែពាល់ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ នោះនឹងបានជាហើយ ២២ឯព្រះយេស៊ូវ ទ្រង់បែរទៅឃើញនាង ក៏មានបន្ទូលថា ចូរសង្ឃឹមឡើង កូនអើយ សេចក្តីជំនឿរបស់នាង បានជួយសង្គ្រោះនាងហើយ នាងក៏បានជា ចាប់តាំងពីវេលានោះមក ២៣រួចមក កាលទ្រង់យាងចូលទៅក្នុងផ្ទះមេសាលា បានឃើញពួកអ្នកផ្លុំខ្លុយ នឹងមនុស្សសន្ធឹកកំពុងតែឆោឡោ ២៤នោះទ្រង់មានបន្ទូលថា ចូរថយចេញទៅ ដ្បិតនាងក្រមុំនេះមិនមែនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ តែគេសើចចំអកឲ្យទ្រង់ ២៥លុះបណ្តេញមនុស្សទាំងនោះ ទៅក្រៅទាំងអស់ហើយ នោះទ្រង់យាងចូលទៅចាប់ដៃនាង រួចនាងក៏ក្រោកឡើង ២៦រឿងនោះបានល្បីខ្ចរខ្ចាយទូទៅ ពេញពាសក្នុងស្រុកនោះឯង។

២៧កំពុងដែលព្រះយេស៊ូវទ្រង់យាងចេញពីទីនោះទៅ នោះមានមនុស្សខ្វាក់២នាក់ តាមទ្រង់ទាំងស្រែកថា ឱព្រះរាជបុត្រាហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង ២៨កាលបានយាងចូលទៅក្នុងផ្ទះនោះ អ្នកខ្វាក់ទាំង២ក៏មកឯទ្រង់ ហើយទ្រង់មានបន្ទូលសួរថា តើអ្នកជឿថា ខ្ញុំអាចនឹងធ្វើការនេះបានឬទេ អ្នកទាំង២ទូលថា ជឿហើយព្រះអម្ចាស់អើយ ២៩នោះទ្រង់ក៏ពាល់ភ្នែកគេ ដោយបន្ទូលថា ចូរឲ្យបានដូចសេចក្តីជំនឿរបស់អ្នកចុះ ៣០ភ្នែកគេក៏បានភ្លឺឡើង រួចទ្រង់ហាមផ្តាច់ថា នែ កុំឲ្យអ្នកណាដឹងការនេះឲ្យសោះហ្នះ ៣១តែកាលគេចេញទៅហើយ នោះក៏ផ្សាយប្រាប់ពីទ្រង់សុសសាយពេញក្នុងស្រុកនោះ។

៣២កំពុងដែលអ្នកទាំង២ចេញទៅ នោះមានគេនាំមនុស្សគ ដែលមានអារក្សចូល មកឯទ្រង់ ៣៣រួចកាលបានដេញអារក្សចេញហើយ នោះមនុស្សគបាននិយាយឡើងបាន ឯបណ្តាមនុស្សទាំងប៉ុន្មាន គេមានសេចក្តីអស្ចារ្យថា មិនដែលឃើញមានយ៉ាងដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលសោះឡើយ ៣៤តែពួកផារិស៊ីនិយាយឡើងថា អ្នកនេះដេញអារក្សដោយសារតែមេអារក្សទេ។ ៣៥ព្រះយេស៊ូវ ទ្រង់ក៏យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា នឹងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា ៣៦កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះមានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀមដែលឥតអ្នកគង្វាល ៣៧បានជាទ្រង់មានបន្ទូលទៅពួកសិស្សថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ៣៨ដូច្នេះ ចូលសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់។១០ ១កាលទ្រង់បានហៅពួកសិស្សទាំង១២នាក់ មកហើយ នោះក៏ប្រទានឲ្យគេមានអំណាច អាចនឹងដេញអារក្សអាសោច៏ ហើយនឹងមើលគ្រប់ទាំងជំងឺរោគា នឹងជរាពិការទាំងអស់ឲ្យបានជាផង ២រីឯពួកសាវកទាំង១២នាក់ នោះដូចមានឈ្មោះខាងក្រោមនេះស្រាប់ គឺមុនដំបូងមានស៊ីម៉ូន ដែលហៅថាពេត្រុស១ អនទ្រេជាប្អូនគាត់១ យ៉ាកុបជាកូនសេបេដេ១ នឹងយ៉ូហានជាប្អូនគាត់១ ៣ភីលីព១ បារថូល៉ូមេ១ ថូម៉ាស១ ម៉ាថាយជាអ្នកយកពន្ធ១ យ៉ាកុបជាកូនអាលផាយ១ លេបេដែលហៅថាថាដេ១ ៤ស៊ីម៉ូន ជាសាសន៍កាណាន១ ហើយនឹងយ៉ូដាស-អ៊ីស្ការីយ៉ុត ជាអ្នកបញ្ជូនទ្រង់១។

៥ព្រះយេស៊ូវ ទ្រង់ចាត់ពួក១២នាក់នេះ ឲ្យទៅដោយផ្តាំថា កុំឲ្យអ្នករាល់គ្នាបែរទៅតាមផ្លូវរបស់សាសន៍ដទៃ ឬចូលទៅក្នុងទីក្រុងណា១របស់សាសន៍សាម៉ារីឡើយ ៦ចូរទៅឯចៀមបាត់បង់ របស់វង្សានុវង្សនៃពួកអ៊ីស្រាអែលវិញ ៧ហើយកំពុងដែលទៅ នោះចូរប្រកាសប្រាប់ថា នគរស្ថានសួគ៌ជិតដល់ហើយ ៨ចូរប្រោសមនុស្សជំងឺឲ្យជា មនុស្សស្លាប់ឲ្យរស់ឡើងវិញ មនុស្សឃ្លង់ឲ្យជាស្អាត ហើយដេញអារក្សចេញផង អ្នករាល់គ្នាបានទទួលទទេ ត្រូវឲ្យទទេដែរ ៩កុំឲ្យយកមាសប្រាក់ ឬលុយកាក់ដាក់ក្នុងខ្សែក្រវាត់របស់អ្នកទៅឡើយ ១០ក៏កុំឲ្យយកយាមសំរាប់តាមផ្លូវ ឬអាវ២ ស្បែកជើង ឬដំបងផង ដ្បិតអ្នកដែលធ្វើការ នោះគួរនឹងបានអាហារចិញ្ចឹមខ្លួន ១១នៅក្រុងណា ឬភូមិណា ដែលអ្នករាល់គ្នាចូលទៅ នោះត្រូវឲ្យសួររកអ្នកណាក្នុងទីនោះដែលគេគួរ រួចឲ្យនៅផ្ទះអ្នកនោះ ដរាបដល់អ្នកចេញទៅ ១២កាលណាចូលទៅក៏ត្រូវជំរាបសួរអ្នកផ្ទះនោះដែរ ១៣បើអ្នកផ្ទះនោះគេគួរ នោះចូរឲ្យសេចក្តីសុខសាន្តរបស់អ្នករាល់គ្នានៅផ្ទះនោះចុះ តែបើមិនគួរទេ នោះត្រូវឲ្យសេចក្តីសុខសាន្តត្រឡប់មកលើអ្នករាល់គ្នាវិញ ១៤បើអ្នកណាមិនទទួល ឬមិនស្តាប់តាមពាក្យអ្នក នោះត្រូវឲ្យអ្នករាល់គ្នាចុះពីផ្ទះនោះ ឬចេញពីក្រុងនោះ រួចរលាស់ធូលីពីជើងអ្នកចេញ ១៥ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងែជំនុំជំរះ ក្រុងសូដុំម នឹងក្រុងកូមូរ៉ា នឹងទ្រាំបានងាយជាជាងក្រុងនោះវិញ។

១៦នែ ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមនៅកណ្តាលហ្វូងស្វាន ដូច្នេះ ចូរធ្វើជាអ្នកឆ្លាតដូចជាពស់ ហើយសុភាពដូចព្រាប ១៧ត្រូវឲ្យប្រយ័តនឹងមនុស្សលោក ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅពួកក្រុមជំនុំ ហើយនឹងវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំ ១៨អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅនៅមុខចៅហ្វាយខេត្ត ហើយនៅចំពោះស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងនោះ ហើយនឹងពួកសាសន៍ដទៃដែរ ១៩ប៉ុន្តែកាលណាគេចាប់បញ្ជូនអ្នករាល់គ្នាទៅ នោះកុំឲ្យថប់ព្រួយពីបែបនិយាយ ឬពាក្យដែលត្រូវថាឡើយ ពីព្រោះសេចក្ដីដែលត្រូវនិយាយ នឹងប្រទានមកអ្នករាល់គ្នានៅវេលានោះឯង ២០ដ្បិតមិនមែនជាអ្នករាល់គ្នាដែលត្រូវនិយាយទេ គឺជាព្រះវិញ្ញាណរបស់ព្រះវរបិតានៃអ្នកទេតើ ដែលទ្រង់មានបន្ទូលក្នុងខ្លួនអ្នកវិញ ២១បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ ឪពុកនឹងបញ្ជូនកូន ហើយកូននឹងលើកគ្នាទាស់នឹងឪពុកម្តាយ ព្រមទាំងសំទ្បាប់គាត់ផង ២២មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ប៉ុន្តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត អ្នកនោះនឹងបានសង្គ្រោះ ២៣កាលណាគេធ្វើទុក្ខ បៀតបៀនអ្នករាល់គ្នា ក្នុងក្រុងនេះនោះត្រូវរត់ទៅឯក្រុង១ទៀតវិញ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នានឹងដើរ មិនទាន់ដល់គ្រប់ទាំងទីក្រុងនៃសាសន៍អ៊ីស្រាអែលនៅទ្បើយ នោះកូនមនុស្សនឹងបានមកដល់ហើយ។

២៤សិស្សមិនមែនលើសជាងគ្រូទេ ហើយបាវក៏មិនលើសជាងចៅហ្វាយខ្លួនដែរ ២៥បើសិស្សបានស្មើនឹងគ្រូ ហើយបាវស្មើនឹងចៅហ្វាយនោះល្មមហើយ បើសិនជាគេហៅម្ចាស់ផ្ទះថា បេលសេប៊ូល នោះចំណង់បើពួកអ្នកនៅផ្ទះនោះទាំងប៉ុន្មាន តើគេនឹងហៅយ៉ាងនោះលើសជាងអម្បាលម៉ានទៅទៀត ២៦ដូច្នេះ មិនត្រូវឲ្យខ្លាចគេឡើយ ដ្បិតគ្មានអ្វីគ្របបាំង ដែលមិនត្រូវបើកសំដែងចេញ ឬអ្វីលាក់លៀប ដែលមិនត្រូវបង្ហាញឲ្យគេស្គាល់នោះទេ ២៧ការអ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នានៅទីងងឹត នោះចូរសំដែងនៅទីភ្លឺ ហើយការអ្វី ដែលអ្នករាល់គ្នាឮនៅត្រចៀក នោះចូរថ្លែងប្រាប់ពីលើដំបូលផ្ទះវិញចុះ ២៨កុំឲ្យខ្លាចចំពោះពួកអ្នកដែលសំឡាប់បានតែរូបកាយ តែពុំអាចនឹងសំឡាប់ដល់ព្រលឹងបាននោះឡើយ ស៊ូឲ្យខ្លាចព្រះអង្គវិញជាជាង ដែលទ្រង់អាចនឹងធ្វើឲ្យទាំងព្រលឹង នឹងរូបកាយវិនាសទៅក្នុងនរកផង ២៩តើគេមិនលក់ចាប២ថ្លៃ១លុយទេឬអី តែគ្មានចាបណាមួយធ្លាក់ទៅដី ឥតព្រះវរបិតានៃអ្នករាល់គ្នាជ្រាបឡើយ ៣០សូម្បីតែសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ៣១យ៉ាងនោះមិនត្រូវឲ្យខ្លាចឡើយ អ្នករាល់គ្នាមានដំឡៃ លើសជាងចាបជាច្រើន ៣២ដូច្នេះ អស់អ្នកណាដែលទទួលថ្លែងប្រាប់ពីខ្ញុំ នៅមុខមនុស្សលោក នោះខ្ញុំនឹងទទួលថ្លែងប្រាប់ពីអ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ ៣៣តែអ្នកណាដែលមិនព្រមទទួលស្គាល់ខ្ញុំ នៅមុខមនុស្សលោកទេ នោះខ្ញុំក៏មិនព្រមទទួលស្គាល់អ្នកនោះ នៅចំពោះព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ដែរ។

៣៤កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្តីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមក ដើម្បីតាំងឲ្យមានសេចក្តីមេត្រីទេ គឺឲ្យមានដាវវិញ ៣៥ដ្បិតខ្ញុំបានមកដើម្បីនឹងនាំឲ្យគេទាស់នឹងឪពុកខ្លួន ឲ្យកូនស្រីទាស់នឹងម្តាយ ហើយកូនប្រសាស្រីទាស់នឹងម្តាយក្មេក ៣៦ឯពួកសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះជាមួយនឹងខ្លួននោះឯង ៣៧អ្នកណាដែលស្រឡាញ់ឪពុក ឬម្តាយ ជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុស ឬកូនស្រី ជាជាងខ្ញុំ នោះក៏មិនគួរនឹងខ្ញុំដែរ ៣៨អ្នកណាដែលមិនយកឈើឆ្កាងខ្លួន មកតាមខ្ញុំអ្នកនោះមិនគួរនឹងខ្ញុំឡើយ ៣៩អ្នកណាដែលរកបានជីវិតខ្លួន នោះនឹងត្រូវបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ។

៤០អ្នកណាដែលទទួលអ្នករាល់គ្នា នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះក៏ឈ្មោះថាទទួលព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ ៤១អ្នកណាដែលទទួលហោរាពីព្រោះជាហោរា អ្នកនោះនឹងបានរង្វាន់ដូចជារង្វាន់របស់ហោរា ឯអ្នកណាដែលទទួលមនុស្សសុចរិត ពីព្រោះជាមនុស្សសុចរិត នោះនឹងបានរង្វាន់ ដូចជារង្វាន់របស់មនុស្សសុចរិតដែរ ៤២អ្នកណាដែលឲ្យទឹកត្រជាក់តែ១កែវ ទៅកូនក្មេងតូច១នេះផឹក ពីព្រោះជាសិស្សខ្ញុំ នោះខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកនោះមិនបាត់រង្វាន់ខ្លួនឡើយ។១១ ១កាលព្រះយេស៊ូវ បានផ្តាំពួកសិស្សទាំង១២នាក់រួចហើយ នោះទ្រង់ក៏យាងចេញពីទីនោះ ដើម្បីនឹងទៅបង្រៀន ហើយសំដែង ក្នុងអស់ទាំងក្រុងរបស់គេ។

២រីឯយ៉ូហានដែលជាប់នៅក្នុង គុកគាត់បានឮពីការទាំងប៉ុន្មាន ដែលព្រះគ្រីស្ទទ្រង់ធ្វើ ហើយក៏ចាត់សិស្សគាត់២នាក់ ឲ្យទៅទូលសួរទ្រង់ថា ៣តើទ្រង់ជាព្រះអង្គដែលត្រូវយាងមកនោះ ឬត្រូវឲ្យយើងខ្ញុំចាំ១អង្គទៅទៀត ៤ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា ចូរទៅប្រាប់យ៉ូហានពីសេចក្តីទាំងប៉ុន្មាន ដែលអ្នកកំពុងតែឮ ហើយឃើញចុះ ៥គឺថាមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនបានដើររួច មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់បានឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមនុស្សទាល់ក្របានឮដំណឹងល្អផង ៦មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ។

៧កំពុងដែលអ្នកទាំងពីរនោះចេញទៅហើយ នោះព្រះយេស៊ូវទ្រង់ផ្តើមមានបន្ទូលនឹងហ្វូងមនុស្ស ពីយ៉ូហានថា តើអ្នករាល់គ្នាបានទៅមើលអ្វីនៅទីរហោស្ថាន បានទៅមើលដើមត្រែងរញ្ជួយដោយខ្យល់ឬអី ៨តើបានទៅមើលអ្វី បានទៅមើលមនុស្សពាក់អាវទន់ភ្លន់ឬអី មើលអស់អ្នកដែលពាក់អាវទន់ភ្លន់ នោះសុទ្ធតែនៅក្នុងដំណាក់ស្តេចទេ ៩ចុះអ្នករាល់គ្នាបានទៅមើលអ្វី មើលហោរាឬអី មែនហើយ ខ្ញុំប្រាប់អ្នករាល់គ្នាថា គាត់ក៏លើសជាងហោរាផង ១០ដ្បិតគឺពីអ្នកនេះហើយ ដែលមានសេចក្តីចែងទុកមកថា «មើល អញចាត់ទូតអញ ឲ្យទៅមុនឯងទូតនោះនឹងរៀបចំផ្លូវនៅមុខឯង» ១១ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងបណ្តាមនុស្សដែលកើតពីស្ត្រីមក នោះគ្មានអ្នកណាបានធំជាងយ៉ូហាន-បាទីស្ទទេ ប៉ុន្តែអ្នកណាដែលតូចជាងគេក្នុងនគរស្ថានសួគ៌ នោះធំជាងគាត់ហើយ ១២តាំងតែពីគ្រាយ៉ូហាន-បាទីស្ទ ដរាបដល់គ្រាឥឡូវនេះ នោះមានគេខំប្រឹងចាប់បាននគរស្ថានសួគ៌ ហើយគឺជាពួកខំប្រឹងពិតដែលចាប់បានផង ១៣ពីព្រោះអស់ទាំងហោរានឹងក្រិត្យវិន័យបានទាយ ដរាបមកដល់គ្រាលោកយ៉ូហាន ១៤ហើយបើសិនជាអ្នករាល់គ្នាព្រមទទួលពាក្យនេះ នោះគឺលោកនេះហើយ ជាលោកអេលីយ៉ាដែលត្រូវមក ១៥អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ ១៦តើត្រូវឲ្យខ្ញុំធៀបដំណមនុស្សនេះជាអ្វី គឺធៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា ១៧យើងបានផ្លុំខ្លុយឲ្យឯង តែឯងមិនបានរាំ យើងបានទួញទំនួញឲ្យឯង តែឯងមិនបានយំទេ ១៨ដ្បិតយ៉ូហានបានមកមិនស៊ី មិនផឹកសោះ តែគេថា គាត់មានអារក្សចូល ១៩ឯកូនមនុស្ស បានមកទាំងស៊ីទាំងផឹកផង គង់តែគេថា មើលនេះជាអ្នកល្មោភស៊ីផឹកច្រើន ជាមិត្រសំឡាញ់របស់ពួកយកពន្ធ នឹងមនុស្សមានបាប ប៉ុន្តែប្រាជ្ញាបានរាប់ជាត្រូវដោយផលដែលបង្កើត។

២០នោះទ្រង់ចាប់តាំងបន្ទោសដល់អស់ទាំងក្រុង ជាកន្លែងដែលទ្រង់បានធ្វើការឫទ្ធិបារមីជាច្រើន ពីព្រោះគេមិនបានប្រែចិត្តសោះ គឺទ្រង់មានបន្ទូលថា ២១វេទនាដល់ឯង ខូរ៉ាស៊ីនអើយ វេទនាដល់ឯង បេតសៃដាអើយ ពីព្រោះឯការឫទ្ធិបារមីដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅកណ្តាលក្រុងទីរ៉ុស នឹងស៊ីដូនវិញ នោះគេនឹងបានប្រែចិត្តជាយូរមកហើយ ទាំងស្លៀកសំពត់ធ្មៃ ហើយព្រលាំងដោយផែះផង ២២ប៉ុន្តែប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ ក្រុងទីរ៉ុស នឹងក្រុងស៊ីដូន នឹងទ្រាំបានងាយជាជាងឯងរាល់គ្នា ២៣ហើយឯឯង កាពើណិមអើយ ដែលឯងបានដំកើងឡើងស្មើនឹងស្ថានសួគ៌ហើយ ឯងនឹងត្រូវទំលាក់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ ពីព្រោះឯការឫទ្ធិបារមី ដែលបានធ្វើនៅកណ្តាលឯង បើបានធ្វើនៅក្រុងសូដុំមវិញ នោះក្រុងគេនឹងបានស្ថិតស្ថេរនៅដរាបដល់សព្វថ្ងៃនេះ ២៤ដូច្នេះ ខ្ញុំប្រាប់ដល់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះក្រុងសូដុំមនឹងទ្រាំបានងាយជាជាងឯង។

២៥នៅវេលានោះ ព្រះយេស៊ូវ ទ្រង់មានបន្ទូលថាឱព្រះវរបិតា ជាព្រះអម្ចាស់នៃស្ថានសួគ៌ នឹងផែនដីអើយ ទូលបង្គំសរសើរដល់ទ្រង់ ដោយព្រោះទ្រង់លាក់សេចក្តីទាំងនេះនឹងពួកអ្នកប្រាជ្ញ ហើយនឹងពួកឈ្លាសវៃ តែបានសំដែងឲ្យពួកកូនក្មេងយល់វិញ ២៦ហ្នឹងហើយ ព្រះវរបិតាអើយ ដ្បិតទ្រង់បានសព្វព្រះហឫទ័យយ៉ាងដូច្នោះ ២៧គ្រប់សេចក្តីទាំងអស់បានប្រគល់មកខ្ញុំពីព្រះវរបិតានៃខ្ញុំ ហើយគ្មានអ្នកណាស្គាល់ព្រះរាជបុត្រាទេ មានតែព្រះវរបិតាតែ១ ក៏គ្មានអ្នកណាស្គាល់ព្រះវរបិតាដែរ មានតែព្រះរាជបុត្រា ហើយនឹងអ្នកណា ដែលព្រះរាជបុត្រាសព្វព្រះហឫទ័យចង់ បើកឲ្យស្គាល់ទ្រង់ផងប៉ុណ្ណោះ។

២៨អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក ២៩ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាព នោះអ្នករាល់គ្នានឹងបានសេចក្តីសំរាកដល់ព្រលឹង ៣០ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល។១២ ១នៅគ្រានោះ ព្រះយេស៊ូវទ្រង់យាងកាត់ស្រែនៅថ្ងៃឈប់សំរាក ឯពួកសិស្សទ្រង់គេឃ្លាន ហើយគេចាប់បូតគួរស្រូវបរិភោគទៅ ២ពួកផារិស៊ីក៏ឃើញ ហើយគេទូលទ្រង់ថា មើលន៍ សិស្សលោកធ្វើអំពើ ដែលគ្មានច្បាប់ធ្វើ នៅថ្ងៃឈប់សំរាកហើយ ៣តែទ្រង់មានបន្ទូលតបថា តើអ្នករាល់គ្នាមិនដែលមើលរឿង ពីការដែលហ្លួងដាវីឌទ្រង់ធ្វើ ក្នុងកាលដែលទ្រង់ នឹងពួកអ្នកនៅជាមួយបានឃ្លានទេឬអី ៤គឺដែលទ្រង់បានយាងចូលទៅក្នុងដំណាក់ព្រះ ហើយបានសោយនំប៉័ងតាំងទុក ដែលគ្មានច្បាប់ឲ្យទ្រង់សោយ ឬពួកដែលនៅជាមួយនឹងទ្រង់ផង ជារបស់ទុកសំរាប់តែពួកសង្ឃប៉ុណ្ណោះ ៥ឬអ្នករាល់គ្នាមិនបានមើលក្នុងក្រិត្យវិន័យទេឬអីថា នៅថ្ងៃឈប់សំរាកនោះពួកសង្ឃ នៅក្នុងព្រះវិហារ ក៏ប្រព្រឹត្តរំលងច្បាប់នៃថ្ងៃឈប់សំរាក ឥតមានទោសវិញ ៦ប៉ុន្តែប្រាប់អ្នករាល់គ្នាថា នៅទីនេះ មាន១អង្គ ដែលវិសេសជាងព្រះវិហារទៅទៀត ៧បើអ្នករាល់គ្នាបានយល់ន័យសេចក្តីដែលថា «អញចង់បានសេចក្តីមេត្តាករុណា មិនមែនយញ្ញបូជាទេ» នោះអ្នករាល់គ្នាមិនបានបន្ទោស ដល់ពួកអ្នកដែលគ្មានទោសឡើយ ៨ដ្បិតកូនមនុស្សជាម្ចាស់លើថ្ងៃឈប់សំរាក់ដែរ។

៩ទ្រង់ក៏យាងចេញពីទីនោះ ចូលទៅក្នុងសាលាប្រជុំរបស់គេ ១០នោះឃើញមនុស្សម្នាក់មានដៃស្វិត ហើយគេទូលសួរទ្រង់ថា តើមានច្បាប់នឹងប្រោសឲ្យជា នៅថ្ងៃឈប់សំរាកបានឬទេ នេះគឺដើម្បីឲ្យតែបានរឿងចោទប្រកាន់ទ្រង់ប៉ុណ្ណោះ ១១តែទ្រង់ឆ្លើយថា បើអ្នកណា ក្នុងពួកអ្នករាល់គ្នាមានចៀមតែ១ ហើយចៀមនោះធ្លាក់ទៅក្នុងរណ្តៅ នៅថ្ងៃឈប់សំរាក នោះតើមិនទៅចាប់ស្រង់វាមកទេឬអី ១២ឯមនុស្ស តើមានដំឡៃលើសជាងចៀមអម្បាលម៉ានទៅទៀត ដូច្នេះ មានច្បាប់ឲ្យធ្វើការល្អនៅថ្ងៃឈប់សំរាកដែរ ១៣រួចទ្រង់មានបន្ទូលទៅមនុស្សនោះថា ចូរលាតដៃអ្នកទៅ គាត់ក៏លាត ហើយដៃនោះបានជា ដូចដៃម្ខាង។

១៤កាលពួកផារិស៊ីបានចេញទៅក្រៅ គេក៏ពិគ្រោះគ្នារកហេតុនឹងធ្វើឲ្យទ្រង់វិនាស ១៥តែកាលព្រះយេស៊ូវបានជ្រាប នោះទ្រង់យាងថយចេញពីទីនោះ មានទាំងមនុស្សកកកុញដើរតាមទ្រង់ទៅ ហើយទ្រង់ក៏ប្រោសគេឲ្យជាគ្រប់គ្នាដែរ ១៦ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ឲ្យបណ្តាមនុស្សស្គាល់ទ្រង់ឡើយ ១៧ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាអេសាយ បានទាយទុកមកថា ១៨«មើល អ្នកបំរើដែលអញបានរើសតាំង ជាអ្នកស្ងួនភ្ងាដែលជាទីពេញចិត្តអញ អញនឹងដាក់វិញ្ញាណអញ ឲ្យសណ្ឋិតនៅលើទ្រង់ ហើយទ្រង់នឹងថ្លែងប្រាប់ ពីសេចក្តីយុត្តិធម៌ ដល់សាសន៍ដទៃ ១៩ទ្រង់នឹងមិនតតាំងនឹងគេ ឬស្រែកសំរែកឡើយ នឹងគ្មានអ្នកណាឮសំឡេងទ្រង់នៅក្នុងផ្លូវទេ ២០ទ្រង់នឹងមិនផ្តាច់ដើមត្រែងដែលបាក់ ក៏មិនលត់ប្រឆេះដែលនៅហុយឡើយ ទាល់តែបាននាំសេចក្តីយុត្តិធម៌ឲ្យមានជ័យជំនះ ២១ហើយអស់ទាំងសាសន៍ដទៃ នឹងមានសេចក្តីសង្ឃឹម ដោយនូវឈ្មោះទ្រង់។

២២នោះគេនាំមនុស្សម្នាក់មានអារក្សចូល ដែលខ្វាក់ហើយគ មកឯទ្រង់ ទ្រង់ក៏ប្រោសឲ្យបានជា គឺឲ្យមនុស្សខ្វាក់ ហើយគនោះ បានទាំងនិយាយ ហើយមើលឃើញផង ២៣ឯហ្វូងមនុស្ស គេមានសេចក្តីអស្ចារ្យទាំងអស់គ្នា ក៏និយាយគ្នាថា អ្នកនេះ តើមិនមែនជាព្រះវង្សហ្លួងដាវីឌនោះទេឬអី ២៤តែកាលពួកផារិស៊ីបានឮពាក្យនោះ គេក៏ឆ្លើយឡើងថា មនុស្សនេះដេញអារក្សបាន ដោយសារតែបេលសេប៊ូលជា មេអារក្សទេ ២៥ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតគេ ក៏មានបន្ទូលថា អស់ទាំងនគរណាដែលបែកទាស់តែគ្នាឯង នោះនឹងត្រូវវិនាសទៅ ហើយអស់ទាំងក្រុងណា ឬផ្ទះណាដែលបែកទាស់តែគ្នាឯង នោះនឹងនៅស្ថិតស្ថេរពុំបានទេ ២៦ដូច្នេះ បើអារក្សដេញអារក្សនោះមុខជាវាបែកទាស់គ្នាវាហើយ យ៉ាងនោះ ធ្វើដូចម្តេចឲ្យរាជ្យវាស្ថិតស្ថេរនៅបាន ២៧មួយទៀត បើខ្ញុំដេញអារក្សដោយអាងបេលសេប៊ូលពិត នោះតើកូនរបស់អ្នករាល់គ្នាដេញអារក្ស ដោយសារអ្វីវិញ ដូច្នេះ វានឹងធ្វើជាចៅក្រមជំនុំជំរះ អ្នករាល់គ្នាហើយ ២៨ប៉ុន្តែបើសិនជាខ្ញុំដេញអារក្សដោយសារព្រះវិញ្ញាណនៃព្រះវិញ នោះឈ្មោះថា នគរព្រះបានមកដល់អ្នករាល់គ្នាហើយ ២៩ឬធ្វើដូចម្តេចឲ្យអ្នកណាចូលទៅក្នុងផ្ទះនៃមនុស្សខ្លាំងពូកែ នឹងប្លន់យកទ្រព្យសម្បត្តិរបស់គេបាន វៀរតែចងអ្នកខ្លាំងពូកែនោះជាមុនសិន នោះទើបនឹងប្លន់ផ្ទះរបស់គេបាន ៣០អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះជាអ្នកកំចាត់កំចាយវិញ ៣១ហេតុនេះបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អស់ទាំងបាបហើយពាក្យប្រមាថ នឹងអត់ទោសឲ្យមនុស្សលោកបាន តែឯពាក្យប្រមាថដល់ព្រះវិញ្ញាណវិញ នោះមិនដែលបានអត់ទោស ដល់មនុស្សឡើយ ៣២អ្នកណាដែលពោលពាក្យទាស់នឹងកូនមនុស្ស នោះនឹងអត់ទោសឲ្យបាន តែអ្នកណាដែលពោលទាស់នឹងព្រះវិញ្ញាណបរិសុទ្ធ នោះនឹងអត់ទោសឲ្យពុំបានឡើយ ទោះនៅនាលោកីយនេះ ឬនៅបរលោកនាយក្តី ៣៣ត្រូវតែរាប់ថា ដើមឈើល្អផ្លែវាក៏ល្អ ឬថាដើមឈើអាក្រក់ ហើយផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែវា ៣៤ពូជពស់វែកអើយ ដែលអ្នករាល់គ្នាអាក្រក់ម៉្លេះ តើធ្វើដូចម្តេចនឹងឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបាន ពីព្រោះមាត់តែងនិយាយ តាមសេចក្តីបរិបូរដែលនៅក្នុងចិត្ត ៣៥ធម្មតាមនុស្សល្អ តែងបញ្ចោញសេចក្តីល្អ អំពីកំណប់ដ៏ល្អដែលបានកប់ទុកក្នុងចិត្ត ឯមនុស្សអាក្រក់វិញ គេក៏បញ្ចោញសេចក្តីអាក្រក់អំពីកំណប់អាក្រក់របស់គេដែរ ៣៦ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជំរះ នោះមនុស្សលោកនឹងត្រូវរៀបរាប់ប្រាប់ ពីអស់ទាំងហេតុនៃពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ ៣៧ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសំដីរបស់ខ្លួន ឬនឹងត្រូវទោស ក៏ដោយសារតែពាក្យសំដីនោះដែរ។

៣៨គ្រានោះ ពួកអាចារ្យ នឹងពួកផារិស៊ីខ្លះ គេទូលទ្រង់ថា លោកគ្រូ យើងខ្ញុំចង់ឃើញទីសំគាល់ពីលោក ៣៩តែទ្រង់មានបន្ទូលតបថា ដំណមនុស្សអាក្រក់ ហើយកំផិត គេចេះតែចង់ឃើញទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់របស់ហោរាយ៉ូណាសឡើយ ៤០ដ្បិតដែលលោកយ៉ូណាសបាននៅក្នុងពោះត្រីធំ អស់៣ថ្ងៃ៣យប់យ៉ាងណា កូនមនុស្សក៏នឹងនៅក្នុងផ្ទៃផែនដី៣ថ្ងៃ៣យប់យ៉ាងនោះដែរ ៤១ឯមនុស្សនៅក្រុងនីនីវេនឹងឈរឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនឹងកាត់ទោសឲ្យផង ដ្បិតគេបានប្រែចិត្ត ដោយឮសេចក្តីដែលលោកយ៉ូណាសបានប្រកាសប្រាប់ ហើយមើល នៅទីនេះមាន១អង្គ ដែលវិសេសជាងលោកយ៉ូណាសទៅទៀត ៤២មហាក្សត្រីនៅស្រុកខាងត្បូង នឹងឈរឡើងជាមួយនឹងមនុស្សដំណនេះ ក្នុងគ្រាជំនុំជំរះ ហើយនឹងកាត់ទោសឲ្យផង ដោយព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះរបស់ហ្លួងសាឡូម៉ូន ហើយមើលនៅទីនេះមាន១អង្គវិសេសជាងហ្លួងសាឡូម៉ូនទៅទៀត ៤៣កាលណាអារក្សអសោច៏បានចេញពីមនុស្សទៅហើយ នោះវាដើរចុះឡើង នៅកន្លែងហួតហែង ដើម្បីរកទីឈប់សំរាក តែរកមិនបានសោះ ៤៤នោះវាគិតថា អញនឹងត្រឡប់ទៅឯផ្ទះអញ ដែលទើបនឹងចេញមកនោះ រួចកាលវាមកដល់ ឃើញផ្ទះនៅទំនេរបោសស្អាត ហើយតុបតែងយ៉ាងល្អ ៤៥នោះវាចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗជាងវា មកជាមួយផង ក៏នាំគ្នាចូលទៅនៅទីនោះ ហើយសណ្ឋានក្រោយរបស់មនុស្សនោះ បានអាក្រក់ជាងមុននៅទៀត ឯមនុស្សដំណអាក្រក់នេះ គេនឹងបានដូច្នោះដែរ។

៤៦កាលទ្រង់កំពុងតែមានបន្ទូលនឹងហ្វូងមនុស្សនៅឡើយ នោះមាតា នឹងពួកប្អូនទ្រង់ក៏ឈរពីខាងក្រៅរកទូលនឹងទ្រង់ ៤៧មានម្នាក់ទូលទ្រង់ថា មើលន៍ ម្តាយ នឹងប្អូនលោក ឈរនៅខាងក្រៅចង់និយាយនឹងលោក ៤៨តែទ្រង់ឆ្លើយទៅអ្នកដែលទូលនឹងទ្រង់ថា តើអ្នកណាជាម្តាយហើយជាប្អូនខ្ញុំ ៤៩រួចទ្រង់លាតព្រះហស្ត ចង្អុលទៅពួកសិស្ស ដោយបន្ទូលថា នុះន៍ម្តាយ ហើយនឹងប្អូនខ្ញុំ ៥០ដ្បិតអ្នកណា ដែលធ្វើតាមព្រះហឫទ័យនៃព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ គឺអ្នកនោះហើយ ជាប្អូនប្រុសស្រីហើយជាម្តាយខ្ញុំវិញ។១៣ ១នៅថ្ងៃនោះ ព្រះយេស៊ូវទ្រង់យាងចេញពីផ្ទះទៅគង់នៅមាត់សមុទ្រ ២នោះមានមនុស្សប្រជុំគ្នា មកឯទ្រង់ណែនណាន់ ដល់ម៉្លេះបានជាទ្រង់យាងចុះទៅគង់ក្នុងទូកវិញ ហើយមនុស្សទាំងអស់គ្នាឈរនៅលើមាត់ច្រាំង ៣ទ្រង់មានបន្ទូលទៅគេ ជាពាក្យប្រៀបប្រដូចអំពីរឿងជាច្រើនថា មើល មានអ្នកព្រោះពូជម្នាក់ចេញទៅព្រោះ ៤កំពុងដែលគាត់ព្រោះ នោះមានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វស្លាបក៏ហើរមកចឹកស៊ីអស់ទៅ ៥មានខ្លះទៀតធ្លាក់ទៅក្នុងកន្លែងថ្ម ដែលមានដីរាក់ពេក ស្រាប់តែដុះឡើងភ្លាម ព្រោះដីមិនជ្រៅទេ ៦ប៉ុន្តែកាលថ្ងៃរះឡើង នោះក៏ក្រៀមខ្លោចទៅ ពីព្រោះគ្មានឫស ៧ហើយខ្លះទៀតធ្លាក់ទៅកណ្តាលបន្លាៗក៏ដុះឡើងខ្ទប់ជិត ៨តែមានខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ហើយបង្កើតផលបាន១ជា១រយ មួយទៀតបាន៦០ ហើយមួយទៀតបាន៣០ ៩អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។ ១០រួចពួកសិស្សមកឯទ្រង់ទូលសួរថា ហេតុអ្វីបានជាទ្រង់មានបន្ទូលនឹងគេ ជាពាក្យប្រៀបប្រដូចដូច្នេះ ១១ទ្រង់មានបន្ទូលឆ្លើយថា ពីព្រោះបានប្រទានមកអ្នករាល់គ្នា ឲ្យបានស្គាល់ការអាថ៌កំបាំងរបស់នគរស្ថានសួគ៌ តែមិនបានប្រទានឲ្យអ្នកទាំងនោះស្គាល់ទេ ១២ដ្បិតអ្នកណាដែលមាន គេនឹងឲ្យទៅអ្នកនោះ ហើយអ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះគេនឹងយកទាំងអ្វីៗដែលអ្នកនោះមានចេញផង ១៣ហេតុនោះបានជាខ្ញុំនិយាយនឹងគេ ជាពាក្យប្រៀបប្រដូច ដ្បិតដែលគេមើល នោះមិនឃើញវិញ ហើយដែលគេស្តាប់ នោះក៏មិនឮ ហើយមិនយល់ផង ១៤ពាក្យទំនាយរបស់ហោរាអេសាយបានសំរេច នៅលើអ្នកទាំងនោះហើយ គឺជាសេចក្តីដែលទាយទុកមកថា «ដែលឯងរាល់គ្នាឮ នោះនឹងឮមែនតែស្តាប់មិនបាន ហើយដែលឃើញ នោះនឹងឃើញមែនតែមិនយល់សោះ ១៥ព្រោះចិត្តរបស់ជនជាតិនេះបានត្រឡប់ជាស្ពឹកវិញ គេឮដោយត្រចៀកធ្ងន់ ហើយធ្មេចភ្នែក ក្រែងមើលឃើញនឹងភ្នែក ស្តាប់ឮនឹងត្រចៀកហើយយល់ក្នុងចិត្ត រួចគេប្រែចិត្ត ហើយអញប្រោសឲ្យគេបានជា» ១៦តែអ្នករាល់គ្នាវិញ ភ្នែកអ្នកមានពរហើយ ដ្បិតមើលឃើញ ត្រចៀកអ្នកក៏ដែរ ដ្បិតស្តាប់ឮ ១៧ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពីដើមមានហោរា នឹងមនុស្សសុចរិតជាច្រើន គេចង់ឃើញការដែលអ្នករាល់គ្នា ឃើញតែមិនបានឃើញសោះ ក៏ចង់ឮសេចក្តីដែលអ្នករាល់គ្នាឮដែរ តែមិនបានឮឡើយ។

១៨ដូច្នេះ ចូរអ្នករាល់គ្នាស្តាប់ពាក្យប្រៀបប្រដូច ពីអ្នកព្រោះពូជនោះ ១៩គឺកាលណាបើអ្នកណាស្តាប់ព្រះបន្ទូលពីនគរ តែមិនយល់ នោះអាកំណាចក៏មកឆក់យកសេចក្តី ដែលបានព្រោះក្នុងចិត្តអ្នកនោះទៅបាត់ នេះគឺជាអ្នកដែលបានទទួលពូជតាមផ្លូវ ២០ហើយអ្នកដែលបានទទួលពូជក្នុងកន្លែងថ្ម នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចទទួលភ្លាមដោយអំណរ ២១តែគ្មានចាក់ឫសនៅក្នុងខ្លួន ហើយមិននៅជាប់ជាយូរប៉ុន្មានទេ លុះកាលណាកើតមានសេចក្តីទុក្ខលំបាកឬសេចក្តីបៀតបៀនដោយព្រោះព្រះបន្ទូល នោះគេរសាយចិត្តចេញភ្លាម ២២ហើយអ្នកដែលបានទទួលពូជនៅក្នុងបន្លា នោះគឺជាអ្នកដែលឮព្រះបន្ទូល រួចសេចក្តីខ្វល់ខ្វាយនៅជីវិតនេះ នឹងសេចក្តីឆបោករបស់ទ្រព្យសម្បត្តិមកខ្ទប់ព្រះបន្ទូលជាប់ មិនឲ្យពូជនោះកើតផលឡើយ ២៣តែអ្នកដែលទទួលពូជក្នុងដីល្អវិញ នោះគឺជាអ្នកដែលឮព្រះបន្ទូល ហើយយល់ក៏បង្កើតផលផ្លែ មួយជា១រយ មួយជា៦០ ហើយមួយទៀតជា៣០។

២៤ទ្រង់មានបន្ទូល ដោយពាក្យប្រៀបប្រដូចមួយទៀតថា នគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ ដែលព្រោះពូជល្អនៅស្រែខ្លួន ២៥ប៉ុន្តែកាលមនុស្សទាំងអស់កំពុងតែដេកលក់ នោះសត្រូវរបស់ថៅកែនោះ ក៏មកព្រោះស្រងែនៅក្នុងស្រូវសាលីដែរ រួចចេញបាត់ទៅ ២៦លុះពន្លកឡើង ហើយស្រូវចេញ នោះស្រងែក៏ចេញមកឲ្យស្គាល់ដែរ ២៧ពួកបាវរបស់ថៅកែនោះ គេមកជំរាបថា លោកម្ចាស់ តើលោកមិនបានព្រោះពូជល្អ នៅស្រែរបស់លោកទេឬអី ដូច្នេះ តើស្រងែនេះកើតពីណាមក ២៨គាត់ក៏ឆ្លើយថា នោះគឺជាខ្មាំងសត្រូវហើយ ដែលបានធ្វើការនោះ រួចពួកបាវសួរថា ដូច្នេះ តើលោកចង់ឲ្យយើងខ្ញុំទៅដកចេញឬទេ ២៩គាត់ឆ្លើយថា កុំ ក្រែងកាលណាដកស្រងែចេញ នោះស្រូវសាលីក៏រលើងទៅដែរ ៣០ទុកឲ្យវាដុះជាមួយគ្នា ដរាបដល់ពេលច្រូតចុះ ចាំដល់រដូវចំរូត នោះអញនឹងប្រាប់ពួកចំរូតថា ចូរច្រូតស្រងែសិន ហើយចងជាកណ្តាប់ ទុកសំរាប់ដុត ឯស្រូវសាលី ឲ្យប្រមូលដាក់ក្នុងជង្រុកអញវិញ។

៣១ទ្រង់មានបន្ទូល ជាពាក្យប្រៀបប្រដូច១ទៀតថា នគរស្ថានសួគ៌ប្រៀបដូចគ្រាប់ពូជម៉្យាង ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចំការខ្លួន ៣២គ្រាប់នេះល្អិតជាងគ្រាប់ពូជអ្វីទាំងអស់ពិតមែន តែកាលណាបានដុះឡើង នោះក៏ធំជាងតិណជាតិទាំងអស់ ហើយក៏ត្រឡប់ជាដើមធំ ដល់ម្លេះបានជាសត្វហើរលើអាកាស មកទំនៅលើមែកនោះផង។

៣៣ទ្រង់មានបន្ទូលពាក្យប្រៀបប្រដូចនេះ ឲ្យគេទៀតថា នគរស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់បានយកមកលាយនឹងម្សៅ៣រង្វាល់ ទាល់តែម្សៅនោះបានដោរឡើងគ្រប់ទាំងអស់។

៣៤ព្រះយេស៊ូវទ្រង់មានបន្ទូលសេចក្តីទាំងនេះ ដោយពាក្យប្រៀបធៀបដល់ហ្វូងមនុស្ស ទ្រង់មិនបានមានបន្ទូលនឹងគេ ឥតពាក្យប្រៀបធៀបទេ ៣៥ដើម្បីឲ្យបានសំរេចតាមទំនាយដែលហោរាបានទាយទុកមកថា «អញនឹងបើកមាត់និយាយ ជាពាក្យប្រៀបប្រដូច អញនឹងសំដែងពីការដែលលាក់កំបាំង តាំងពីកំណើតលោកីយមក»។

៣៦នោះទ្រង់ក៏ឲ្យហ្វូងមនុស្សទៅវិញ រួចយាងចូលទៅក្នុងផ្ទះ ឯពួកសិស្សមកទូលទ្រង់ថា សូមអធិប្បាយឲ្យយើងខ្ញុំយល់ន័យពាក្យប្រៀប ពីស្មៅស្រងែនៅស្រែផង ៣៧ទ្រង់មានបន្ទូលឆ្លើយថា អ្នកដែលព្រោះពូជល្អ នោះគឺជាមនុស្ស ៣៨ចំណែកស្រែ នោះគឺជាតួលោកីយ ឯពូជល្អ គឺជាអស់ទាំងមនុស្សរបស់នគរស្ថានសួគ៌ ហើយស្រងែគឺជាអស់ទាំងមនុស្សរបស់អាកំណាចវិញ ៣៩ខ្មាំងសត្រូវដែលប្លមព្រោះស្រងែនោះ គឺជាអារក្ស ចំរូត គឺជាបំផុតកល្ប ហើយពួកច្រូតនោះគឺជាពួកទេវតា ៤០ដូច្នេះ ដែលគេច្រូតស្រងែដុតបន្សុសក្នុងភ្លើងជាយ៉ាងណា នោះដល់បំផុតកល្បក៏នឹងបានដូច្នោះដែរ ៤១គឺកូនមនុស្សនឹងចាត់ពួកទេវតា ច្រូតយកអស់ទាំងក្បួន ដែលនាំឲ្យមនុស្សរវាតចិត្ត នឹងពួកអ្នកដែលប្រព្រឹត្តទទឹងច្បាប់ ពីនគរចេញ ៤២ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើង នៅទីនោះគេនឹងយំ ហើយសង្កៀតធ្មេញ ៤៣គ្រានោះពួកសុចរិតនឹងភ្លឺដូចជាថ្ងៃ នៅក្នុងនគររបស់ព្រះវរបិតានៃគេ អ្នកណាដែលមានត្រចៀកសំរាប់ស្តាប់ ឲ្យស្តាប់ចុះ។ ៤៤មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចំការ ដែលកាលណាមនុស្សម្នាក់បានឃើញ នោះក៏លាក់ទុក រួចចេញទៅ លក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរ ដើម្បីនឹងទិញចំការនោះ។

៤៥មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអ្នកឈ្មួញម្នាក់ ដែលរកកែវមុក្តាយ៉ាងល្អ ៤៦កាលណាបានឃើញ១ដែលមានដំឡៃណាស់ នោះគាត់ទៅលក់របស់ទ្រព្យទាំងអស់ មកទិញកែវមុក្តានោះ។

៤៧មួយទៀត នគរស្ថានសួគ៌ក៏ប្រៀបដូចជាអួន ដែលគេទំលាក់ទៅក្នុងសមុទ្រ ជាប់បានត្រីគ្រប់មុខ ៤៨កាលបានពេញហើយ នោះគេទាញឡើងមកលើគោក រួចអង្គុយជ្រើសរើសត្រីល្អៗ ដាក់ក្នុងកញ្ឆោទុក តែត្រីអាក្រក់ៗ គេចាក់ចោលចេញ ៤៩ដល់ទីបំផុតកល្ប នឹងបានដូចគ្នាដែរ គឺពួកទេវតានឹងចេញទៅញែកយកពួកទុច្ចរិតពីពួកសុចរិតចេញ ៥០ហើយនឹងបោះគេចោលទៅក្នុងគុកភ្លើងនៅទីនោះ គេនឹងយំ ហើយសង្កៀតធ្មេញ។

៥១ព្រះយេស៊ូវទ្រង់មានបន្ទូលសួរដល់គេថា តើអ្នករាល់គ្នាយល់សេចក្តីទាំងនេះឬទេ គេទូលឆ្លើយថា យើងខ្ញុំយល់ហើយ ព្រះអម្ចាស់ ៥២ទ្រង់ក៏មានបន្ទូលទៅទៀតថា ដូច្នេះ គ្រប់អស់ទាំងអាចារ្យណាដែលមានគេបង្ហាត់បង្រៀន ឲ្យធ្វើជាសិស្សនៃនគរស្ថានសួគ៌ នោះធៀបដូចជាថៅកែម្នាក់ ដែលបញ្ចោញរបស់ទាំងថ្មីទាំងចាស់ពីឃ្លាំងរបស់ខ្លួន។

៥៣កាលព្រះយេស៊ូវ ទ្រង់បានមានបន្ទូលពាក្យប្រៀបប្រដូចទាំងនេះស្រេចហើយ នោះទ្រង់ក៏យាងចេញពីទីនោះទៅ ៥៤លុះទ្រង់ចូលមកក្នុងស្រុកទ្រង់វិញ នោះក៏បង្រៀនគេនៅក្នុងសាលាប្រជុំ ដល់ម៉្លេះបានជាគេនឹកប្លែកក្នុងចិត្ត ហើយនិយាយថា តើអ្នកនេះបានចំណេះ នឹងការឫទ្ធិបារមីទាំងនេះពីណាមក ៥៥តើមិនមែនជាកូនរបស់ជាងឈើទេឬអី តើម្តាយមិនមែនឈ្មោះម៉ារា ហើយបងប្អូនឈ្មោះយ៉ាកុប យ៉ូសេ ស៊ីម៉ូន ហើយនឹងយូដាសទេឬអី ៥៦ឯប្អូនស្រី តើមិននៅជាមួយនឹងយើងទេឬអី ដូច្នេះ តើបានសេចក្តីទាំងនេះពីណាមក ៥៧គេក៏រវាតចិត្តចេញពីទ្រង់ តែព្រះយេស៊ូវមានបន្ទូលទៅគេថា ហោរាមិនមែនឥតគេរាប់អានទេ លើកតែនៅក្នុងស្រុក ឬក្នុងផ្ទះរបស់ខ្លួនចេញ ៥៨ទ្រង់មិនបានធ្វើការឫទ្ធិបារមីជាច្រើននៅទីនោះទេ ពីព្រោះគេមិនជឿ។១៤ ១នៅគ្រានោះ ហេរ៉ូឌ ជាស្តេចអនុរាជ ទ្រង់បានឮល្បីពីព្រះយេស៊ូវ ២ទ្រង់ក៏មានបន្ទូលទៅពួកមហាតលិកថា នោះគឺជាយ៉ូហាន-បាទីស្ទ គាត់បានរស់ពីស្លាប់ឡើងវិញហើយ បានជាមានការឫទ្ធិបារមីកើតមក ដោយសារគាត់ដូច្នេះ ៣ដ្បិតហេរ៉ូឌបានចាប់ចងយ៉ូហានដាក់ក្នុងគុកដោយព្រោះហេរ៉ូឌាស ជាភរិយាភីលីព អនុជទ្រង់ ៤ពីព្រោះយ៉ូហានបានទូលទាស់នឹងស្តេចថា ទ្រង់គ្មានច្បាប់នឹងយកនាងនោះទេ ៥ទ្រង់ចង់សំឡាប់គាត់ណាស់ តែខ្លាចហ្វូងមនុស្ស ព្រោះគេរាប់គាត់ទុកជាហោរា ៦មានសម័យ១ ជាថ្ងៃធ្វើបុណ្យចំរើនព្រះជន្មហេរ៉ូឌ នោះបុត្រីហេរ៉ូឌាស នាងរាំនៅមុខពួកភ្ញៀវ ជាទីគាប់ព្រះទ័យដល់ហេរ៉ូឌណាស់ ៧បានជាទ្រង់ស្បថសន្យានឹងប្រទានគ្រប់របស់អ្វីដែលនាងនឹងសូម ៨តែមាតានាងបានបញ្ចោះឲ្យទូលថា សូមប្រទានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់ទៅទីនេះ ៩នោះស្តេចទ្រង់ក៏ព្រួយព្រះទ័យ តែដោយព្រោះសម្បថ ហើយនឹងពួកភ្ញៀវ បានជាទ្រង់បង្គាប់ឲ្យគេយកក្បាលគាត់មកឲ្យនាង ១០ទ្រង់ក៏ចាត់គេឲ្យទៅកាត់ក្បាលយ៉ូហាននៅក្នុងគុក ១១គេយកក្បាលគាត់ដាក់លើថាសមកឲ្យនាង រួចនាងយកទៅថ្វាយដល់មាតា ១២នោះពួកសិស្សយ៉ូហានក៏មកយកសពទៅកប់ រួចទៅទូលព្រះយេស៊ូវ។

១៣កាលព្រះយេស៊ូវបានឮហើយ នោះទ្រង់យាងចុះទូកចេញពីទីនោះ ទៅឯទីរហោស្ថានដោយឡែក រីឯពួកបណ្តាជនក៏បានដឹង ហើយគេចេញពីក្រុងទាំងអស់ដើរតាមទ្រង់ទៅ ១៤លុះទ្រង់យាងឡើងពីទូកវិញ ស្រាប់តែឃើញមានមនុស្សមីរដេរដាស ទ្រង់ក៏មានព្រះហឫទ័យក្តួលអាណិតដល់គេ ហើយទ្រង់ប្រោសមនុស្សជំងឺទាំងប៉ុន្មានក្នុងពួកគេឲ្យបានជា ១៥ដល់ពេលល្ងាចពួកសិស្សមកឯទ្រង់ទូលថា ទីនេះស្ងាត់ណាស់ ម៉ោងក៏ជ្រុលហើយ សូមឲ្យហ្វូងមនុស្សត្រឡប់ទៅវិញទៅ ដើម្បីឲ្យបានទិញស្បៀងអាហារ នៅក្នុងភូមិជុំវិញ ១៦តែព្រះយេស៊ូវទ្រង់ឆ្លើយថា មិនចាំបាច់ឲ្យគេទៅទេ ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ១៧ពួកសិស្សក៏ទូលទ្រង់ថា នៅទីនេះយើងខ្ញុំគ្មានអ្វីទេ មានតែនំប៉័ង៥ដុំ ហើយនឹងត្រី២ប៉ុណ្ណោះ ១៨នោះទ្រង់មានបន្ទូលថា ចូរយកមកឲ្យខ្ញុំឯណេះ ១៩រួចកាលទ្រង់បានបង្គាប់ឲ្យហ្វូងមនុស្សអង្គុយនៅលើស្មៅហើយ នោះទ្រង់យក នំប៉័ង៥ដុំ នឹងត្រី២នោះ ងើបទតទៅលើមេឃទាំងប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ហើយពួកសិស្សក៏ចែកដល់ហ្វូងមនុស្ស ២០គេបានបរិភោគឆ្អែតគ្រប់គ្នា រួចប្រមូលចំណិតដែលនៅសល់ដាក់ពេញបាន១២កន្ត្រក ២១រីឯពួកមនុស្សដែលបានបរិភោគនោះមានចំនួន៥ពាន់នាក់ឥតរាប់ពួកស្រីៗនឹងកូនក្មេងទេ។

២២ស្រាប់តែទ្រង់បង្ខំពួកសិស្ស ឲ្យចុះទូកឆ្លងទៅឯត្រើយម្ខាងមុនទ្រង់ ទាល់តែទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញអស់ ២៣លុះបានឲ្យគេទៅផុតអស់ហើយ នោះទ្រង់យាងឡើងលើភ្នំដោយឡែក ដើម្បីនឹងអធិស្ឋានលុះពេលព្រលប់ហើយ ទ្រង់ក៏នៅទីនោះតែ១អង្គទ្រង់ ២៤ឯទូកនៅកណ្តាលសមុទ្រត្រូវរលកបោកជាខ្លាំង ដោយព្រោះច្រាសខ្យល់ ២៥ដល់យាម៤យប់ នោះទ្រង់យាងកាត់លើទឹកសមុទ្រទៅឯពួកសិស្ស ២៦កាលគេឃើញទ្រង់យាងលើទឹកដូច្នោះ នោះក៏ភ័យវល់ ហើយនិយាយថា ខ្មោចលងហើយ រួចគេស្រែកឡើង ដោយសេចក្តីតក់ស្លុត ២៧តែព្រះយេស៊ូវទ្រង់មានបន្ទូលដល់គេភ្លាមថា ចូរសង្ឃឹមឡើង គឺខ្ញុំទេតើ កុំឲ្យភ័យឡើយ ២៨ពេត្រុសទូលតបថា ព្រះអម្ចាស់អើយ បើជាទ្រង់មែន នោះសូមឲ្យទូលបង្គំដើរលើទឹកទៅឯទ្រង់ផង ២៩ទ្រង់មានបន្ទូលថា ចូរមកចុះ ពេត្រុសក៏ចុះចេញពីទូកដើរលើទឹក ដើម្បីទៅឯព្រះយេស៊ូវ ៣០តែកាលគាត់ឃើញខ្យល់បក់ជាខ្លាំង នោះគាត់មានចិត្តភ័យ ហើយដោយព្រោះចាប់តាំងលិចទៅ បានជាគាត់ស្រែកឡើងថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង ៣១ស្រាប់តែព្រះយេស៊ូវទ្រង់លូកព្រះហស្តទៅចាប់គាត់ភ្លាម ដោយបន្ទូលថា ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នកសង្ស័យ ៣២រួចកាលទ្រង់នឹងគាត់បានឡើងទៅក្នុងទូកហើយ នោះខ្យល់ក៏ស្ងប់ឈឹង ៣៣ឯពួកអ្នកដែលនៅក្នុងទូក ក៏មកថ្វាយបង្គំទ្រង់ទូលថា ទ្រង់ប្រាកដជាព្រះរាជបុត្រានៃព្រះមែន។

៣៤លុះបានឆ្លងទៅដល់ត្រើយម្ខាងហើយ នោះក៏ចូលទៅក្នុងស្រុកគេនេសារ៉ែត ៣៥ពួកមនុស្សនៅទីនោះបានចំណាំស្គាល់ទ្រង់ ហើយគេចាត់ឲ្យទៅគ្រប់ក្នុងស្រុកជុំវិញនាំយកមនុស្សទាំងប៉ុន្មាន ដែលមានជំងឺមកឯទ្រង់ ៣៦ក៏អង្វរឲ្យទ្រង់អនុញ្ញាត ឲ្យអ្នកទាំងនោះបានគ្រាន់តែពាល់ជាយព្រះពស្ត្រទ្រង់ប៉ុណ្ណោះ ឯអស់អ្នកដែលបានពាល់ នោះក៏បានជាទាំងអស់គ្នា។១៥ ១គ្រានោះ ពួកអាចារ្យ នឹងពួកផារិស៊ី ដែលនៅក្រុងយេរូសាឡិម គេក៏មកឯព្រះយេស៊ូវទូលថា ២ហេតុអ្វីបានជាពួកសិស្សលោកធ្វើខុសនឹងទំនៀមទំលាប់ ដែលពួកចាស់ទុំបានតាំងទុកពីបុរាណមកដូច្នេះ ដ្បិតកាលណាបរិភោគ នោះគេមិនលាងដៃសោះ ៣តែទ្រង់មានបន្ទូលតបថា ឯអ្នករាល់គ្នាវិញ តើហេតុអ្វីបានជាធ្វើខុសនឹងបញ្ញត្តព្រះ ដោយកាន់តាមទំនៀមទំលាប់បុរាណរបស់អ្នករាល់គ្នាដូច្នេះដែរ ៤ដ្បិតព្រះទ្រង់បានបង្គាប់ថា «ចូរគោរពប្រតិបត្តិដល់ឪពុកម្តាយឯង» ហើយថា «អ្នកណាដែលនិយាយអាក្រក់ពីឪពុកម្តាយ នោះនឹងត្រូវស្លាប់ជាមិនខាន» ៥តែអ្នករាល់គ្នានិយាយដូច្នេះវិញ បើអ្នកណានឹងនិយាយទៅឪពុកម្តាយថា របស់អ្វីដែលខ្ញុំអាចនឹងជួយម៉ែឪបាន នោះបានថ្វាយជាដង្វាយហើយ យ៉ាងនោះមិនចាំបាច់ឲ្យអ្នកនោះគោរពប្រតិបត្តិ ដល់ឪពុកម្តាយទៀតទេ ៦ដូច្នេះឈ្មោះថាអ្នករាល់គ្នាលើកបញ្ញត្តនៃព្រះចោលហើយ ដោយសារទំនៀមទំលាប់ពីបុរាណរបស់អ្នករាល់គ្នា ៧ឱពួកមនុស្សកំពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ថា ៨«បណ្តាជននេះ គេគោរពប្រតិបត្តិដល់អញតែបបូរមាត់ទេ ឯចិត្តគេ នោះនៅឆ្ងាយពីអញណាស់ ៩គេថ្វាយបង្គំអញជាឥតប្រយោជន៍ទេ ព្រោះគេបង្រៀនសេចក្តីដែលជាបញ្ញត្តរបស់មនុស្សវិញ» ១០រួចទ្រង់ហៅហ្វូងមនុស្សមកមានបន្ទូលទៅគេថា ចូរស្តាប់ហើយយល់ចុះ ១១មិនមែនជារបស់ចូលតាមមាត់ ដែលធ្វើឲ្យមនុស្សស្មោកគ្រោកនោះទេ ឯរបស់ដែលធ្វើឲ្យគេស្មោកគ្រោក នោះគឺជាសេចក្តីដែលចេញពីមាត់វិញទេតើ។

១២នោះពួកសិស្សក៏មកទូលថា តើទ្រង់ជ្រាបថា ពួកផារិស៊ី គេអន់ចិត្ត ដោយឮសេចក្តីនោះឬទេ ១៣តែទ្រង់មានបន្ទូលតបថា អស់ទាំងដើមណាដែលព្រះវរបិតាខ្ញុំនៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវរំលើងចោល ១៤តាមតែគេចុះ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ បើមនុស្សខ្វាក់នាំមនុស្សខ្វាក់ដូច្នេះ នោះទាំង២នាក់នឹងធ្លាក់ទៅក្នុងរណ្តៅហើយ ១៥រួចពេត្រុសទូលថា សូមស្រាយន័យពាក្យប្រៀបនេះ ឲ្យយើងខ្ញុំយល់ផង ១៦ទ្រង់មានបន្ទូលថា តើអ្នករាល់គ្នានៅតែមិនយល់ទៀតឬអី ១៧តើមិនទាន់ឃើញទេឬអីថា របស់អ្វីដែលចូលតាមមាត់ នោះតែងចុះទៅក្នុងពោះ រួចចេញទៅក្នុងបង្គន់ ១៨តែឯសេចក្តីដែលចេញពីមាត់មក នោះមកអំពីចិត្តវិញ គឺសេចក្តីទាំងនោះហើយ ដែលធ្វើឲ្យមនុស្សស្មោកគ្រោក ១៩ដ្បិតគឺពីក្នុងចិត្តនោះឯងដែលចេញអស់ទាំងគំនិតអាក្រក់ គឺការកាប់សំឡាប់គេ ផិតគ្នា សាហាយស្មន់ លួចប្លន់ ធ្វើបន្ទាល់ក្លែងក្លាយ ហើយនឹងជេប្រមាថ ២០សេចក្តីទាំងនេះទើបធ្វើឲ្យមនុស្សស្មោកគ្រោកមែន តែដែលបរិភោគឥតលាងដៃ នោះមិនមែនធ្វើឲ្យស្មោកគ្រោកទេ។

២១ព្រះយេស៊ូវ ទ្រង់ក៏យាងចេញពីទីនោះ ទៅក្នុងកំលុងក្រុងទីរ៉ុស នឹងក្រុងស៊ីដូន ២២នោះឃើញមានស្ត្រីសាសន៍កាណានម្នាក់នៅស្រុកនោះ គាត់ចេញមកស្រែកទូលទ្រង់ថា ឱព្រះអម្ចាស់ ជាពូជហ្លួងដាវីឌអើយ សូមមេត្តាប្រោសខ្ញុំម្ចាស់ផង ដ្បិតកូនស្រីរបស់ខ្ញុំម្ចាស់ មានអារក្សចូល ធ្វើទុក្ខជាខ្លាំងណាស់ ២៣តែទ្រង់មិនបានឆ្លើយតបទៅស្ត្រីនោះ១ព្រះឱស្ឋសោះ បានជាពួកសិស្សរបស់ទ្រង់ចូលមកទូលថា សូមឲ្យស្ត្រីនេះទៅវិញទៅ ដ្បិតគេចេះតែស្រែកតាមយើងខ្ញុំ ២៤តែទ្រង់មានបន្ទូលឆ្លើយថា ខ្ញុំបានទទួលបង្គាប់នឹងមកឯពួកកូនចៀម ដែលបាត់បង់របស់ពូជពង្សសាសន៍អ៊ីស្រាអែលតែប៉ុណ្ណោះទេ ២៥ប៉ុន្តែ ស្ត្រីនោះមកក្រាបថ្វាយបង្គំទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមជួយខ្ញុំម្ចាស់ផង ២៦ទ្រង់មានបន្ទូលថា ដែលយកនំប៉័ង័របស់កូនក្មេងបោះទៅឲ្យកូនឆ្កែ នោះមិនល្អទេ ២៧តែស្ត្រីនោះទូលថា មែនហើយព្រះអម្ចាស់ ប៉ុន្តែកូនឆ្កែវាស៊ីកំទេចដែលធ្លាក់ចុះពីតុម្ចាស់វាមកដែរ ២៨នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា នាងស្រីអើយ នាងមានសេចក្តីជំនឿជាខ្លាំងមែន ចូរឲ្យនាងបានដូចសេចក្តីប្រាថ្នាចុះ ស្រាប់តែកូនស្រីរបស់នាងបានជា ចាប់តាំងពីវេលានោះឯងទៅ។

២៩ព្រះយេស៊ូវ ទ្រង់យាងចេញពីទីនោះ មកខាងសមុទ្រកាលីឡេ រួចយាងឡើងទៅលើភ្នំ គង់ចុះនៅទីនោះ ៣០នោះមានហ្វូងមនុស្សមកឯទ្រង់កកកុញ នាំទាំងមនុស្សខ្វិន ខ្វាក់ គ ពិការ នឹងមនុស្សឯទៀតជាច្រើន មកដាក់នៅទៀបព្រះបាទទ្រង់ ហើយទ្រង់ក៏ប្រោសឲ្យគេបានជា ៣១ដល់ម៉្លេះបានជាបណ្តាមនុស្សទាំងប៉ុន្មានមានសេចក្តីអស្ចារ្យ ដោយឃើញមនុស្សគនិយាយបាន មនុស្សពិការបានមាំមួន មនុស្សខ្វិនដើររួច មនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរដំកើងដល់ព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា។ ៣២ព្រះយេស៊ូវ ទ្រង់ហៅពួកសិស្សមក មានបន្ទូលថា ខ្ញុំមានចិត្តក្តួលអាណិត ដល់ហ្វូងមនុស្សនេះណាស់ ដ្បិតគេបាននៅជាមួយនឹងខ្ញុំអស់៣ថ្ងៃមកហើយ គេគ្មានអ្វីនឹងបរិភោគសោះ ហើយខ្ញុំមិនចង់ឲ្យគេទៅវិញទាំងអត់ឃ្លានទេ ក្រែងហេវតាមផ្លូវ ៣៣ពួកសិស្សទូលទ្រង់ថា នៅទីស្ងាត់នេះ យើងខ្ញុំនឹងរកនំប៉័ងឲ្យហ្វូងមនុស្សធំដល់ម៉្លេះបរិភោគឆ្អែតឯណាបាន ៣៤តែព្រះយេស៊ូវទ្រង់សួរថា តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន គេទូលថា មាន៧ ហើយនឹងត្រីតូចៗខ្លះ ៣៥នោះទ្រង់ក៏ប្រាប់ឲ្យហ្វូងមនុស្សអង្គុយនៅដី ៣៦រួចទ្រង់យកនំប៉័ង៧ នឹងត្រីទាំងនោះមកអរព្រះគុណ ហើយកាច់ប្រទានដល់ពួកសិស្ស គេក៏ចែកដល់ហ្វូងមនុស្ស ៣៧គ្រប់គ្នាបានបរិភោគឆ្អែត ហើយគេប្រមូលចំណិតដែលនៅសល់ ដាក់ពេញបាន៧កំប្រោង ៣៨ឯពួកប្រុសៗដែលបានបរិភោគឆ្អែត នោះមាន៤ពាន់នាក់ ឥតរាប់ស្រីៗ ហើយនឹងកូនក្មេងផងទេ ៣៩រួចកាលទ្រង់បានឲ្យហ្វូងមនុស្សវិលទៅវិញ នោះទ្រង់យាងចុះទូកឆ្លងទៅដល់ដែនស្រុកម៉ាកាដាន់។១៦ ១ពួកផារិស៊ី និងសាឌូស៊ី គេមកល្បួងទ្រង់សូមឲ្យសំដែងទីសំគាល់១ពីលើមេឃឲ្យគេឃើញ ២តែទ្រង់មានបន្ទូលឆ្លើយថា ដល់ល្ងាចអ្នករាល់គ្នានិយាយថា មេឃនឹងល្អពីព្រោះក្រហម ៣ហើយដល់ព្រឹក នោះអ្នករាល់គ្នាក៏ថា នៅថ្ងៃនេះនឹងមានព្យុះភ្លៀង ព្រោះមេឃក្រហមស្រទំ ឱមនុស្សកំពុតអើយ អ្នករាល់គ្នាចេះសំគាល់សណ្ឋានរបស់មេឃមែន តែពុំអាចនឹងស្គាល់ទីសំគាល់នៃសម័យនេះបានទេ ៤ពូជដំណអាក្រក់ ហើយកំផិត គេចេះតែរកទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់តែមួយនោះទេ គឺហោរាយ៉ូណាស រួចទ្រង់យាងចោលគេបាត់ទៅ។

៥ពួកសិស្សឆ្លងទៅឯត្រើយម្ខាង តែគេភ្លេចយកនំប៉័ងទៅ ៦គ្រានោះព្រះយេស៊ូវ ទ្រង់មានបន្ទូលថា ចូរឲ្យពិចារណា ហើយប្រុងប្រយ័តចំពោះដំបែរបស់ពួកផារិស៊ីនឹងពួកសាឌូស៊ីឲ្យមែនទែន ៧គេក៏រិះគិតគ្នាថា ប្រហែលជាដោយព្រោះយើងមិនបានយកនំប៉័ងមកទេដឹង ៨កាលព្រះយេស៊ូវទ្រង់ជ្រាប នោះក៏មានបន្ទូលថា ឱមនុស្សមានជំនឿតិចអើយ ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតគ្នា អំពីដំណើរដែលមិនបានយកនំប៉័ងមកដូច្នេះ ៩តើអ្នករាល់គ្នានឹកមិនទាន់ឃើញ ឬមិនចាំពីនំប៉័ង៥ នឹងមនុស្ស៥ពាន់នាក់ ហើយដែលអ្នករាល់គ្នាប្រមូលបានប៉ុន្មានកន្ត្រកនោះទេឬអី ១០ឬពីនំប៉័ង៧ នឹងមនុស្ស៤ពាន់នាក់ ហើយដែលប្រមូលបានប៉ុន្មានកំប្រោងទេឬអី ១១ហេតុដូចម្តេចបានជាអ្នករាល់គ្នានឹកមិនទាន់ឃើញថា មិនមែនពីនំប៉័ងដែលខ្ញុំប្រាប់ឲ្យប្រយ័ត ពីដំបែរបស់ពួកផារិស៊ីនឹងពួកសាឌូស៊ីនោះទេ ១២នោះទើបគេបានយល់ថា មិនមែនពីដំបែនំប៉័ង ដែលទ្រង់មានបន្ទូលប្រាប់ឲ្យគេប្រយ័តទេ គឺពីលទ្ធិរបស់ពួកផារិស៊ីនឹងពួកសាឌូស៊ីវិញ។

១៣កាលព្រះយេស៊ូវ បានយាងមកដល់ក្រវល់ក្រុងសេសារា-ភីលីពហើយនោះ ទ្រង់មានបន្ទូលសាកសួរពួកសិស្សថា តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា ១៤ពួកសិស្សទូលឆ្លើយថា ខ្លះថាជាយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាអេលីយ៉ា ហើយខ្លះទៀតថាជាយេរេមា ឬហោរាណាមួយ ១៥ទ្រង់មានបន្ទូលសួរថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា ១៦ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ១៧រួចព្រះយេស៊ូវមានបន្ទូលតបថា អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ដ្បិតមិនមែនជាសាច់ឈាមដែលបានសំដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ ១៨ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ ១៩ខ្ញុំនឹងឲ្យកូនសោនៃនគរស្ថានសួគ៌ដល់អ្នក បើអ្នកនឹងចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅលើស្ថានសួគ៌ដែរ ហើយបើអ្នកនឹងស្រាយអ្វីៗនៅផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ ២០រួចទ្រង់ហាមពួកសិស្ស មិនឲ្យគេប្រាប់ដល់អ្នកណាថា ទ្រង់ជាព្រះគ្រីស្ទឡើយ។

២១តាំងពីគ្រានោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្តើមប្រាប់ដល់ពួកសិស្សថា ទ្រង់ត្រូវតែយាងទៅឯក្រុងយេរូសាឡិម ហើយត្រូវរងទុក្ខជាច្រើន នៅដៃនៃពួកចាស់ទុំ ពួកសង្គ្រាជនឹងពួកអាចារ្យ ហើយត្រូវគេធ្វើគុតផង តែក្រោយ៣ថ្ងៃមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ ២២នោះពេត្រុសក៏នាំទ្រង់មកជិត ចាប់តាំងទូលចំទាស់ថា ឱព្រះអម្ចាស់អើយ សូមទ្រង់ប្រណីអង្គទ្រង់វិញ ការនោះមិនត្រូវមកដល់ទ្រង់ឡើយ ២៣តែទ្រង់បែរទៅមានបន្ទូលនឹងគាត់ថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ឯងជាសេចក្តីបង្អាក់ដល់ចិត្តអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់មនុស្សលោកវិញ ២៤រួចទ្រង់មានបន្ទូលទៅពួកសិស្សទាំងអស់គ្នាថា បើអ្នកណាចង់មកតាមខ្ញុំ នោះត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលចេញ ហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះ ២៥ព្រោះអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ ២៦ដ្បិតបើមនុស្សណានឹងបានលោកីយទាំងមូល តែ បាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរឲ្យបានព្រលឹងខ្លួនវិញ ២៧ព្រោះកូនមនុស្សនឹងមកក្នុងសិរីល្អនៃព្រះវរបិតា ជាមួយនឹងពួកទេវតារបស់លោកគ្រានោះលោកនឹងសងដល់គ្រប់គ្នា តាមការដែលបានធ្វើរៀងខ្លួន ១៨ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្តីស្លាប់ទាល់តែបានឃើញកូនមនុស្សមកក្នុងនគររបស់លោក។១៧ ១កន្លងមក៦ថ្ងៃ ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប នឹងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយនឹងទ្រង់ក៏នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក ២រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ ព្រះភក្ត្រទ្រង់បានភ្លឺដូចព្រះអាទិត្យ ហើយព្រះពស្ត្រទ្រង់ក៏ត្រឡប់ជាស ដូចពន្លឺ ៣នោះឃើញលោកម៉ូសេ នឹងលោកអេលីយ៉ា លេចមកឯគេ កំពុងតែទូលនឹងទ្រង់ ៤ឯពេត្រុស គាត់ទូលទៅព្រះយេស៊ូវថា ព្រះអម្ចាស់អើយ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ បើទ្រង់សព្វព្រះហឫទ័យ នោះយើងខ្ញុំនឹងធ្វើត្រសាល៣នៅទីនេះ គឺ១សំរាប់ទ្រង់ ១សំរាប់លោកម៉ូសេ ហើយ១សំរាប់លោកអេលីយ៉ា ៥កាលគាត់កំពុងតែទូលនៅឡើយ នោះមានពពកយ៉ាងភ្លឺបានមកបាំងគេ ហើយមានឮសំឡេងចេញពីពពកនោះថា នេះជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់ ចូរស្តាប់តាមចុះ ៦កាលបានឮហើយ នោះពួកសិស្សក៏ក្រាបផ្កាប់មុខនឹងដី ទាំងភ័យស្លុតជាខ្លាំង ៧តែព្រះយេស៊ូវទ្រង់យាងទៅពាល់គេ ដោយបន្ទូលថា ចូរក្រោកឡើង កុំភ័យឡើយ ៨កាលគេបានងើបឡើង នោះមិនបានឃើញអ្នកណាសោះ ឃើញតែព្រះយេស៊ូវតែប៉ុណ្ណោះ។

៩កំពុងដែលនាំគ្នាចុះពីភ្នំមក នោះព្រះយេស៊ូវទ្រង់ហាមគេថា កុំឲ្យប្រាប់អ្នកណាពីការជាក់ស្តែងនេះឲ្យសោះ ទាល់តែកូនមនុស្សបានរស់ពីស្លាប់ឡើងវិញ ១០ពួកសិស្សទូលសួរថា ចុះហេតុអ្វីបានជាពួកអាចារ្យប្រាប់ថា លោកអេលីយ៉ាត្រូវតែមកជាមុន ១១ទ្រង់ឆ្លើយតបថា លោកអេលីយ៉ាត្រូវមកមុនមែន ដើម្បីនឹងតាំងការទាំងអស់ឡើងវិញ ១២ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាថា លោកអេលីយ៉ាបានមកហើយ គេមិនបានស្គាល់លោកទេ ហើយគេប្រព្រឹត្តនឹងលោកតាមតែចិត្តផង បន្តិចទៀត កូនមនុស្សនឹងត្រូវគេធ្វើទុក្ខដូច្នោះដែរ ១៣នោះពួកសិស្សក៏យល់ថា ទ្រង់មានបន្ទូលពីយ៉ូហាន-បាទីស្ទទេ។

១៤កាលបានមកដល់ហ្វូងមនុស្សហើយ នោះមានម្នាក់មកលុតជង្គង់ ក្រាបនៅចំពោះទ្រង់ទូលថា ១៥ព្រះអម្ចាស់អើយ សូមទ្រង់ប្រោសមេត្តាដល់កូនទូលបង្គំ ដែលឆ្កួតជ្រូកផង វាវេទនាណាស់ ចេះតែដួលទៅក្នុងភ្លើង នឹងក្នុងទឹកជាញយៗ ១៦ទូលបង្គំបាននាំវាមកឯពួកសិស្សទ្រង់ដែរ តែគេមើលមិនជាសោះ ១៧ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដល់កាលណា តើត្រូវឲ្យខ្ញុំទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំវាមកឯខ្ញុំឯណេះ ១៨នោះព្រះយេស៊ូវទ្រង់បន្ទោសដល់អារក្ស ហើយវាក៏ចេញពីក្មេងនោះទៅ រួចក្មេងនោះបានជាចាប់តាំងពីវេលានោះមក។

១៩នោះពួកសិស្សមកឯព្រះយេស៊ូវដោយឡែក ទូលសួរថា ហេតុអ្វីបានជាយើងខ្ញុំ ដេញអារក្សនោះមិនបាន ២០ទ្រង់មានបន្ទូលតបថា គឺដោយព្រោះតែអ្នករាល់គ្នាមានសេចក្តីជំនឿតិចពេកប៉ុណ្ណោះ ដ្បិតខ្ញុំប្រាប់ជាប្រាកដថា បើមានសេចក្តីជំនឿ ដូចគ្រាប់ពូជ១យ៉ាងល្អិត នោះអ្នករាល់គ្នាអាចនឹងនិយាយទៅភ្នំនេះថា ចូររើចេញពីទីនេះ ទៅនៅទីនោះចុះ នោះនឹងបានដូច្នោះហើយ ក៏គ្មានការអ្វីដែលអ្នករាល់គ្នាធ្វើមិនកើតនោះទេ ២១តែអារក្សបែបយ៉ាងនេះ វាចេញទៅដោយសារតែអធិស្ឋាន ហើយនឹងតមអត់ប៉ុណ្ណោះ។

២២កាលគង់នៅស្រុកកាលីឡេ នោះព្រះយេស៊ូវមានបន្ទូលទៅពួកសិស្សថា បន្តិចទៀត កូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្ស ២៣គេនឹងសំឡាប់លោក ហើយ៣ថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ នោះពួកសិស្សកើតមានសេចក្តីព្រួយជាខ្លាំង។

២៤កាលបានមកដល់ក្រុងកាពើណិមហើយ នោះពួកអ្នកដែលទារពន្ធព្រះវិហារ គេមកសួរពេត្រុសថា តើគ្រូអ្នកមិនបង់ពន្ធព្រះវិហារទេឬអី ២៥គាត់ឆ្លើយថា បង់ដែរ រួចមក កាលគាត់បានចូលទៅក្នុងផ្ទះហើយ នោះព្រះយេស៊ូវទ្រង់មានបន្ទូលជាមុន សួរគាត់ថា នែ ស៊ីម៉ូន អ្នកគិតដូចម្តេច តើអស់ទាំងស្តេចនៅផែនដីហូតសួយរៃឬពន្ធដារពីអ្នកណា ពីកូនចៅ ឬពីអ្នកដទៃ ២៦ពេត្រុសទូលឆ្លើយថា ពីមនុស្សដទៃទេ ទ្រង់មានបន្ទូលថា ដូច្នេះកូនចៅបានរួចហើយ ២៧ប៉ុន្តែចូរអ្នកទៅឯសមុទ្រ ហើយបោះសន្ទូច ចាប់យកត្រីដែលជាប់មុនដំបូងមកបើកមាត់វា នោះអ្នកនឹងឃើញប្រាក់១រៀល ឲ្យយកប្រាក់នោះទៅបង់សំរាប់ខ្ញុំ ហើយនឹងអ្នកទៅ ដើម្បីកុំឲ្យយើងបានជាទីអាក់អន់ចិត្តដល់គេ។១៨ ១នៅវេលានោះឯង ពួកសិស្សមកឯព្រះយេស៊ូវទូលសួរថា តើអ្នកណាធំជាងគេក្នុងនគរស្ថានសួគ៌ ២តែទ្រង់ហៅកូនក្មេងតូច១មក ដាក់នៅកណ្តាលពួកគេ ៣រួចមានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ ៤ដូច្នេះ អ្នកណាដែលបន្ទាបខ្លួន ឲ្យបានដូចកូនតូចនេះ អ្នកនោះឯងឈ្មោះថា ធំជាងគេក្នុងនគរស្ថានសួគ៌ហើយ ៥អ្នកណាដែលទទួលកូនតូចណាមួយដូចកូននេះ ដោយនូវឈ្មោះខ្ញុំ នោះក៏ឈ្មោះថា ទទួលខ្ញុំដែរ ៦ប៉ុន្តែបើអ្នកណាធ្វើឲ្យកូនតូចណាមួយនេះ ដែលជឿដល់ខ្ញុំ រវាតចិត្តចេញ នោះស៊ូឲ្យគេយកថ្មត្បាល់កិនយ៉ាងធំចងកអ្នកនោះ ហើយពន្លង់ទៅក្នុងសមុទ្រទីជ្រៅវិញ ធ្វើយ៉ាងនោះនឹងមានប្រយោជន៍ដល់អ្នកនោះជាជាង ៧វេទនាដល់លោកីយ ដោយព្រោះអស់ទាំងហេតុដែលនាំឲ្យរវាតចិត្ត ដ្បិតសេចក្តីនោះត្រូវតែមាន តែវេទនាដល់មនុស្សណាដែលបង្កើតហេតុឲ្យរវាតចិត្តនោះ ៨បើសិនជាដៃ ឬជើងអ្នក នាំឲ្យគេរវាតចិត្ត នោះចូរកាត់ចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតកំបុតដៃជើងវិញ ជាជាងមានដៃជើងទាំង២ នឹងត្រូវបោះទៅក្នុងភ្លើង ដែលឆេះនៅអស់កល្បជានិច្ច ៩ហើយបើភ្នែកអ្នកនាំឲ្យគេរវាតចិត្ត ចូរខ្វែះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិត មានភ្នែកតែ១វិញ ជាជាងមានភ្នែកទាំង២ នឹងត្រូវបោះទៅក្នុងភ្លើងនរក ១០ចូរប្រយ័ត កុំឲ្យមើលងាយចំពោះកូនតូចណាមួយនោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ទេវតារបស់វា ដែលនៅស្ថានសួគ៌តែងតែឃើញព្រះភក្ត្រព្រះវរបិតានៃខ្ញុំជានិច្ច ដែលទ្រង់គង់នៅស្ថានសួគ៌ ១១ដ្បិតកូនមនុស្សបានមក ដើម្បីនឹងជួយសង្គ្រោះអ្នកណាដែលបាត់បង់ ១២បើមនុស្សណាមានចៀម១រយ ហើយមាន១វង្វេងបាត់ តើអ្នករាល់គ្នាគិតដូចម្តេច តើមិនទុកចៀម៩៩នៅលើភ្នំ នឹងទៅរកចៀម១ ដែលវង្វេងបាត់នោះទេឬអី ១៣ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើរកឃើញ នោះមានសេចក្តីអំណរចំពោះចៀមនោះ ជាជាងចៀម៩៩ ដែលមិនបានវង្វេងទៅទៀត ១៤ដូច្នេះ ព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ទ្រង់ក៏មិនសព្វព្រះហឫទ័យ ឲ្យកូនតូចណាមួយនេះ ត្រូវវិនាសដូច្នោះដែរ។

១៥បើបងឬប្អូនធ្វើបាបនឹងអ្នក នោះឲ្យទៅបន្ទោសគាត់ ក្នុងកាលដែលមានតែអ្នកហើយនឹងគាត់ បើគាត់ស្តាប់អ្នក នោះអ្នកនឹងបានបងឬប្អូននោះមកវិញ ១៦តែបើគាត់មិនព្រមស្តាប់ទេ នោះត្រូវយកមនុស្សម្នាក់ឬ២នាក់ទៅជាមួយ ដើម្បីនឹងបញ្ជាក់គ្រប់ទាំងពាក្យ ដោយសារស្មរបន្ទាល់២ឬ៣នាក់ ១៧បើគាត់មិនព្រមស្តាប់អ្នកទាំងនោះទេ នោះត្រូវតែប្រាប់ដល់ពួកជំនុំ ហើយបើមិនព្រមស្តាប់ពួកជំនុំទៀត នោះត្រូវតែរាប់គាត់ទុកជាអ្នកក្រៅសាសន៍ ឬជាអ្នកយកពន្ធវិញ ១៨ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ ១៩មួយទៀត ខ្ញុំប្រាប់ថា បើសិនជាមាន២នាក់ក្នុងពួកអ្នករាល់គ្នា ព្រមព្រៀងគ្នានៅផែនដី ពីដំណើរអ្វីដែលគេចង់សូមក៏ដោយ នោះនឹងបានសំរេចដល់គេ អំពីព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ ២០ដ្បិតកន្លែងណាដែលមាន២ឬ៣នាក់ ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាល ចំណោមអ្នកទាំងនោះដែរ។

២១ខណនោះ ពេត្រុសក៏មកឯទ្រង់ទូលថា ព្រះអម្ចាស់អើយ បើបងឬប្អូនធ្វើបាបនឹងខ្ញុំ នោះត្រូវឲ្យខ្ញុំអត់ទោសឲ្យគេដល់ប៉ុន្មានដង តើដល់៧ដងឬអី ២២ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា ខ្ញុំមិនថាឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត ២៣ដូច្នេះ នគរស្ថានសួគ៌ត្រូវប្រៀបដូចជាស្តេច១អង្គ ដែលចង់គិតបញ្ជីនឹងពួកបាវព្រាវ ២៤កាលទ្រង់ចាប់តាំងគិត នោះគេនាំកូនបំណុលម្នាក់មក ដែលជំពាក់ប្រាក់២កោដិ ២៥តែដោយព្រោះអ្នកនោះគ្មានអ្វីនឹងសង បានជាចៅហ្វាយបង្គាប់ឲ្យលក់ខ្លួនវា ព្រមទាំងប្រពន្ធកូននឹងរបស់ទាំងអស់ ដើម្បីនឹងសងបំណុលនោះ ២៦ហេតុដូច្នេះ បាវនោះបានទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំទូលថា បពិត្រព្រះករុណា សូមទ្រង់មេត្តាបង្អង់ឲ្យទូលបង្គំសិន ទូលបង្គំនឹងសងថ្វាយទ្រង់គ្រប់ចំនួន ២៧ឯចៅហ្វាយរបស់បាវនោះ មានព្រះទ័យក្តួលអាណិត ក៏លែងវាឲ្យទៅព្រមទាំងលែងទារបំណុលផង ២៨តែកាលបាវនោះបានចេញទៅហើយ ក៏ចួបប្រទះនឹងគូកនម្នាក់ ដែលជំពាក់ខ្លួន២០រៀល នោះវាចាប់ច្របាច់កអ្នកនោះ ដោយពាក្យថា ចូរសងប្រាក់ ដែលជំពាក់អញនោះមក ២៩អ្នកនោះក៏ទំលាក់ខ្លួន ក្រាបចុះនៅទៀបជើង សូមអង្វរថា សូមមេត្តាបង្អង់ឲ្យខ្ញុំសិន ខ្ញុំនឹងសងជូនអ្នក ៣០តែវាមិនព្រមទេ ត្រឡប់ជាបានចាប់អ្នកនោះ នាំទៅដាក់គុកវិញ ទាល់តែបានសងបំណុលរួច ៣១កាលពួកគូកនគេបានឃើញការនោះ គេមានចិត្តឈឺឆ្អាលណាស់ ក៏នាំគ្នាទៅទូលដល់ចៅហ្វាយពីការទាំងប៉ុន្មានដែលកើតមក ៣២ចៅហ្វាយក៏ឲ្យគេហៅបាវនោះមក រួចមានបន្ទូលថា នែអាបំរើអាក្រក់ អញបានលែងទារបំណុលឯងទាំងអស់ហើយតើ ពីព្រោះឯងបានអង្វរដល់អញ ៣៣ដូច្នេះ តើមិនគួរឲ្យឯងអាណិតមេត្តាដល់គូកនឯង ដូចជាអញបានអាណិតមេត្តាដល់ឯងដែរទេឬអី ៣៤ចៅហ្វាយក៏មានសេចក្តីក្រោធ ហើយបញ្ជូនវាទៅឯមេភូឃុំ ទាល់តែបានសងបំណុលនោះគ្រប់ចំនួន ៣៥យ៉ាងនោះ បើអ្នករាល់គ្នាមិនអត់ទោសការរំលងរបស់បងប្អូនដោយស្ម័គ្រពីចិត្តទេ នោះព្រះវរបិតានៃខ្ញុំ ដែលគង់នៅស្ថានសួគ៌ ទ្រង់ក៏នឹងប្រព្រឹត្តនឹងអ្នករាល់គ្នាដូច្នោះដែរ។១៩ ១លុះព្រះយេស៊ូវបានមានបន្ទូលពាក្យទាំងនោះរួចហើយ នោះទ្រង់ថយចេញពីស្រុកកាលីឡេ ទៅឯព្រំស្រុកយូដា នៅខាងនាយទន្លេយ័រដាន់វិញ ២ហើយមានហ្វូងមនុស្សកកកុញតាមទ្រង់ទៅ នៅទីនោះទ្រង់ក៏ប្រោសឲ្យគេបានជា។ ៣រីឯពួកផារិស៊ី គេមកល្បួងទ្រង់ដោយទូលថា តើមនុស្សមានច្បាប់នឹងលែងប្រពន្ធ ដោយហេតុណាក៏ដោយបានឬទេ ៤ទ្រង់មានបន្ទូលតបថា តើអ្នករាល់គ្នាមិនបានមើលរឿងពីព្រះ ដែលទ្រង់បង្កើតមនុស្សកាលពីដើម ថាទ្រង់បានធ្វើឲ្យមានទាំងប្រុសទាំងស្រីទេឬអី ៥រួចក៏មានបន្ទូលថា ដោយហេតុនោះបានជាមនុស្សប្រុសនឹងលាចេញពីឪពុកម្តាយ ទៅនៅជាប់និងប្រពន្ធ ហើយអ្នកទាំង២នោះនឹងត្រឡប់ជាសាច់តែ១សុទ្ធ ៦យ៉ាងនោះ គេមិនមែនជា២ទៀត គឺជាសាច់តែ១ទេ ដូច្នេះ កុំឲ្យអ្នកណាពង្រាត់មនុស្ស ដែលព្រះទ្រង់បានផ្សំផ្គុំគ្នាឡើយ ៧គេទូលសួរទ្រង់ថា ចុះហេតុដូចម្តេចបានជាលោកម៉ូសេបង្គាប់ឲ្យធ្វើសំបុត្រលះលែង ហើយឲ្យលែងចេញដូច្នេះ ៨ទ្រង់ក៏មានបន្ទូលតបថា បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធទៅ គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរបឹងប៉ុណ្ណោះ តែពីដើមមកមិនមែនដូច្នោះទេ ៩ហើយខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាដែលលែងប្រពន្ធ មិនមែនដោយព្រោះនាងនោះផិត ហើយទៅយកប្រពន្ធមួយទៀត អ្នកនោះឈ្មោះថាប្រព្រឹត្តសេចក្តីកំផឹតហើយ ឯអ្នកណាដែលយកប្រពន្ធ ជាស្រីដែលប្តីដើមលែង នោះក៏ប្រព្រឹត្តសេចក្តីកំផឹតដែរ ១០ពួកសិស្សទូលទ្រង់ថា បើរបៀបនៃមនុស្សដែលមានប្រពន្ធត្រូវជាយ៉ាងនេះ នោះស៊ូកុំយកគ្នាជាជាង ១១តែទ្រង់មានបន្ទូលថា មនុស្សទាំងអស់ទទួលតាមពាក្យនេះមិនបានទេ ទទួលបានតែអស់អ្នក ដែលពាក្យនេះបានប្រទានមកឲ្យប៉ុណ្ណោះ ១២ពីព្រោះមានមនុស្សខ្ទើយ ដែលកើតពីផ្ទៃម្តាយមកខ្ទើយតែម្តង មានខ្លះដែលមនុស្សលោកបានក្រៀវ ហើយមានខ្លះដែលក្រៀវខ្លួនឯងដែរ ដោយយល់ដល់នគរស្ថានសួគ៌ ដូច្នេះ អ្នកណាដែលអាចនឹងទទួលបាន ឲ្យទទួលចុះ។

១៣លំដាប់នោះ មានគេនាំក្មេងតូចៗមកឯទ្រង់ ដើម្បីឲ្យទ្រង់ដាក់ព្រះហស្តអធិស្ឋានឲ្យវា តែពួកសិស្សបន្ទោសដល់គេ ១៤នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា ១៥ទ្រង់ក៏ដាក់ព្រះហស្តលើវារាល់គ្នា រួចយាងចេញពីទីនោះទៅ។

១៦នោះមានម្នាក់មកទូលសួរទ្រង់ថា លោកគ្រូល្អអើយ តើត្រូវឲ្យខ្ញុំធ្វើការល្អអ្វី ឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច ១៧ទ្រង់មានបន្ទូលទៅគាត់ថា ហេតុអ្វីបានជាអ្នកហៅខ្ញុំថាជាល្អដូច្នេះ មានតែ១ទេដែលល្អ គឺជាព្រះ តែបើអ្នកចង់ចូលទៅក្នុងជីវិត ចូរកាន់តាមបញ្ញត្តទាំងប៉ុន្មានចុះ ១៨គាត់ទូលសួរថា តើបញ្ញត្តណាខ្លះ នោះព្រះយេស៊ូវមានបន្ទូលថា «កុំឲ្យសំឡាប់មនុស្សឲ្យសោះ កុំឲ្យផិតគ្នាឲ្យសោះ កុំឲ្យលួចឲ្យសោះ កុំឲ្យធ្វើជាទីបន្ទាល់ក្លែងឲ្យសោះ ១៩ចូរគោរពប្រតិបត្តិឪពុកម្តាយ» ហើយ «ចូរស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង» ២០មនុស្សកំឡោះនោះក៏ទូលទ្រង់ថា ខ្ញុំបានកាន់តាមគ្រប់សេចក្តីទាំងនោះ តាំងពីក្មេងមកហើយ តើនៅខ្វះអ្វីទៀត ២១នោះទ្រង់មានបន្ទូលថា បើអ្នកចង់បានជាគ្រប់លក្ខណ៍ ចូរអ្នកទៅលក់របស់ទ្រព្យខ្លួន ហើយចែកដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្តិ នៅឯស្ថានសួគ៌វិញ រួចឲ្យមកតាមខ្ញុំចុះ ២២កាលមនុស្សកំឡោះបានឮព្រះបន្ទូលនោះហើយ នោះក៏ចេញទៅទាំងព្រួយចិត្ត ព្រោះមានទ្រព្យសម្បត្តិជាច្រើន។ ២៣នោះព្រះយេស៊ូវ ទ្រង់មានបន្ទូលនឹងពួកសិស្សថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សអ្នកមាននឹងចូលទៅក្នុងនគរស្ថានសួគ៌ពិបាកណាស់ ២៤ខ្ញុំប្រាប់អ្នករាល់គ្នាទៀតថា ដែលសត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុល នោះងាយជាជាងឲ្យមនុស្សអ្នកមានចូលទៅក្នុងនគរនៃព្រះវិញ ២៥កាលពួកសិស្សបានឮដូច្នោះ នោះក៏នឹកប្លែកក្នុងចិត្តជាខ្លាំងក្រៃលែង ហើយទូលសួរថា ដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ ២៦ព្រះយេស៊ូវទ្រង់ទតទៅគេ ដោយបន្ទូលថា ការនោះមនុស្សលោកធ្វើមិនកើតទេ តែព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់។

២៧ពេត្រុសទូលទ្រង់ថា មើល យើងខ្ញុំបានលះចោលទាំងអស់មកតាមទ្រង់ហើយ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីខ្លះ ២៨ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ដល់គ្រាកែជាថ្មីឡើងវិញ កាលណាកូនមនុស្សបានឡើងគង់លើបល្ល័ង្កឧត្តមរបស់លោក នោះអ្នករាល់គ្នា ដែលបានមកតាមខ្ញុំ នឹងបានអង្គុយលើបល្ល័ង្ក១២ដែរ ហើយនឹងជំនុំជំរះ ពូជអំបូរអ៊ីស្រាអែលទាំង១២ ២៩ឯអស់អ្នកណាដែលលះចោលផ្ទះសំបែង ឬបងប្អូនប្រុសស្រី ឪពុកម្តាយ ប្រពន្ធកូន ឬស្រែចំការ ដោយយល់ដល់ឈ្មោះខ្ញុំ នោះនឹងបានជា១រយភាគឡើងវិញ ហើយនឹងបានគ្រងជីវិតអស់កល្បជានិច្ច ទុកជាមរដកដែរ ៣០តែនឹងមានមនុស្សមុន ទៅជាក្រោយជាច្រើន ៕ហើយនឹងមានមនុស្សក្រោយ ទៅជាមុនវិញ។២០ ១ដ្បិតនគរស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ដែលចេញទៅពីព្រលឹម ដើម្បីនឹងជួលជើងឈ្នួល ឲ្យមកធ្វើការក្នុងចំការទំពាំងបាយជូររបស់ខ្លួន ២កាលបានព្រមគ្នានឹងបើកឲ្យ២កាក់ម្នាក់ក្នុង១ថ្ងៃហើយ នោះក៏បញ្ជូនឲ្យទៅធ្វើក្នុងចំការ ៣ដល់ពេលម៉ោង៩ព្រឹក គាត់ចេញទៅឃើញមនុស្សខ្លះទៀតឈរទំនេរនៅទីផ្សារ ៤ក៏ប្រាប់គេថា ចូរអ្នកទាំងឡាយ នាំគ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ ខ្ញុំនឹងបើកឲ្យ តាមត្រឹមត្រូវ គេក៏ទៅ ៥ដល់ថ្ងៃត្រង់ ហើយពេលម៉ោង៣រសៀល គាត់ក៏ចេញទៅធ្វើដូច្នោះទៀត ៦លុះដល់ពេលម៉ោង៥ គាត់ចេញទៅឃើញមានមនុស្សខ្លះទៀតនៅទំនេរ ក៏សួរគេថា ហេតុអ្វីបានជាអ្នករាល់គ្នាឈរទំនេរនៅទីនេះ តាំងពីព្រលឹមមកដូច្នេះ ៧គេឆ្លើយថា ពីព្រោះគ្មានអ្នកណាជួលយើងខ្ញុំ រួចគាត់ប្រាប់ថា ចូរអ្នករាល់គ្នាទៅធ្វើការក្នុងចំការរបស់ខ្ញុំទៅ នោះអ្នកនឹងទទួលឈ្នួលតាមត្រឹមត្រូវ ៨ដល់ល្ងាច ថៅកែចំការនោះប្រាប់ទៅនាយដំរួតការថា ចូរហៅពួកជើងឈ្នួលមកបើកឈ្នួលឲ្យគេ ចាប់តាំងពីមនុស្សក្រោយបង្អស់ រៀងទៅដល់អ្នកមុនដំបូង ៩កាលពួកអ្នកដែលគាត់ជួលពីម៉ោង៥បានមកដល់ នោះគេបើកបាន២កាក់ម្នាក់ៗ ១០រួចកាលពួកមុនបង្អស់បានមកដល់ គេស្មានថា នឹងបានលើសជាងនោះទៅទៀត តែអ្នកទាំងនោះក៏បានទទួល២កាក់ម្នាក់ដូចគ្នាដែរ ១១គ្រាបានបើកប្រាក់ស្រេចហើយ នោះគេត្អូញត្អែរនឹងថៅកែថា ១២ពួកអ្នកដែលមកក្រោយនេះ គេធ្វើការតែ១ម៉ោងសោះ ហើយលោកបានឲ្យគេស្មើនឹងយើងខ្ញុំដែលទ្រាំធ្វើការធ្ងន់ទាំងហាលថ្ងៃ តាំងពីព្រលឹមមកដែរ ១៣តែគាត់ឆ្លើយទៅម្នាក់នោះថា សំឡាញ់អើយ ខ្ញុំមិនធ្វើខុសនឹងអ្នកទេ តើអ្នកមិនបានសុខចិត្តព្រមទទួលតែ២កាក់ទេឬអី ១៤ដូច្នេះ ចូរយកប្រាក់របស់អ្នកទៅៗ ខ្ញុំបានសំរេចនឹងឲ្យដល់ពួកអ្នកដែលមកក្រោយនេះ ដូចជាបានឲ្យដល់អ្នកដែរ ១៥តើខ្ញុំគ្មានច្បាប់នឹងចាត់ចែងរបស់ខ្ញុំ តាមអំពើចិត្តទេឬអី តើភ្នែកអ្នកឃើញអាក្រក់ ពីព្រោះខ្ញុំល្អឬអី ១៦គឺយ៉ាងនោះដែលអស់អ្នកក្រោយនឹងបានទៅជាមុន ហើយពួកអ្នកមុននឹងទៅជាក្រោយវិញ ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។

១៧កាលព្រះយេស៊ូវទ្រង់កំពុងតែទ្បើងទៅឯក្រុងយេរូសាទ្បិម នោះទ្រង់យកពួកសិស្សទាំង១២នាក់ ទៅដោយទ្បែកតាមផ្លូវ ហើយមានបន្ទូលថា ១៨មើល យើងរាល់គ្នាទ្បើងទៅឯក្រុងយេរូសាទ្បិម នោះកូនមនុស្សនឹងត្រូវបញ្ជូនទៅដល់ពួកសង្គ្រាជ នឹងពួកអាចារ្យ ដែលគេនឹងកាត់ទោសលោកដល់ជីវិត ១៩រួចនឹងបញ្ជូនទៅដល់ពួកសាសន៍ដទៃ ឲ្យគេចំអកមើលងាយ ព្រមទាំងវាយនឹងរំពាត់ ហើយឆ្កាងលោក ក្រោយ៣ថ្ងៃមក លោកនឹងមានជីវិតរស់ទ្បើងវិញ។

២០គ្រានោះប្រពន្ធរបស់សេបេដេ គាត់នាំកូនទាំង២មកឯទ្រង់ ក្រាបថ្វាយបង្គំទូលសូមសេចក្តីមួយ ២១ទ្រង់មានបន្ទូលសួរថា តើអ្នកចង់បានអ្វី គាត់ទូលថា សូមអនុញ្ញាតឲ្យកូនខ្ញុំម្ចាស់ទាំង២នេះបានអង្គុយ ១ខាងស្តាំ ១ខាងឆ្វេងទ្រង់ ក្នុងនគររបស់ទ្រង់ ២២តែព្រះយេស៊ូវមានបន្ទូលតបថា អ្នករាល់គ្នាមិនយល់សេចក្តីដែលអ្នកសូមទេ តើអ្នកអាចនឹងផឹកអំពីពែង ដែលខ្ញុំរៀបនឹងផឹក ហើយទទួលបុណ្យជ្រមុជដែលខ្ញុំទទួលបានឬទេ គេទូលឆ្លើយថា ទទួលបាន ២៣នោះទ្រង់មានបន្ទូលថា អ្នករាល់គ្នានឹងផឹកពីពែងខ្ញុំ ហើយនឹងទទួលបុណ្យជ្រមុជដែលខ្ញុំទទួលមែន តែដែលអង្គុយខាងស្តាំ ឬខាងឆ្វេងខ្ញុំ នោះមិនស្រេចនឹងខ្ញុំទេ គឺសំរាប់តែអ្នកណា ដែលព្រះវរបិតាខ្ញុំបានរៀបចំទុកឲ្យវិញ ២៤កាល១០នាក់ឯទៀតបានឮសេចក្តីនោះហើយ គេក៏តូចចិត្តនឹងបងប្អូនទាំង២នាក់នោះ ២៥តែព្រះយេស៊ូវទ្រង់ហៅអ្នកទាំងនោះមក មានបន្ទូលថា អ្នករាល់គ្នាដឹងថា ពួកចៅហ្វាយនៃសាសន៏ដទៃតែងគ្រប់គ្រងលើសាសន៍របស់ខ្លួន ហើយពួកអ្នកធំក៏មានអំណាចលើគេដែរ ២៦ប៉ុន្តែមិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាទ្បើយ គឺអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលចង់ធ្វើជាធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ២៧ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ២៨ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនឹងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។

២៩កាលកំពុងតែចេញពីក្រុងយេរីខូរមក នោះមានមនុស្សមីរដេរដាសដើរតាមទ្រង់ទៅ ៣០ក៏ឃើញមានមនុស្សខ្វាក់២នាក់អង្គុយនៅក្បែរផ្លូវ គេឮថាព្រះយេស៊ូវទ្រង់យាងតាមទីនោះ ក៏ស្រែកទ្បើងថា ឱព្រះអម្ចាស់ ជាព្រះវង្សហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង ៣១ឯបណ្តាមនុស្ស គេហាមអ្នកទាំង២នោះ កុំឲ្យមាត់ តែគេស្រែករឹតតែខ្លាំងឡើងថា ឱព្រះអម្ចាស់ ជាព្រះវង្សហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង ៣២នោះព្រះយេស៊ូវទ្រង់ឈប់ ក៏ហៅអ្នកទាំង២នោះមកមានបន្ទូលសួរថា តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក ៣៣គេទូលទ្រង់ថា ឱព្រះអម្ចាស់អើយ សូមប្រោសឲ្យភ្នែកយើងខ្ញុំបានភ្លឺឡើងផង ៣៤ទ្រង់មានសេចក្តីក្តួលក្នុងព្រះហឫទ័យ ក៏ពាល់ភ្នែកគេ ស្រាប់តែភ្នែកបានភ្លឺឡើង រួចគេដើរតាមទ្រង់ទៅ។២១ ១គ្រាបានមកជិតក្រុងយេរូសាឡិមហើយ ដល់ភូមិបេតផាសេ ខាងភ្នំដើមអូលីវ នោះព្រះយេស៊ូវទ្រង់ចាត់សិស្ស២នាក់ឲ្យទៅ ២ដោយបន្ទូលថា ចូរទៅឯភូមិនៅខាងមុខនោះ អ្នកនឹងឃើញមេលា១គេចងទុក នឹងកូនវានៅជាមួយគ្នា ចូរស្រាយដឹកនាំវាមកឯខ្ញុំ ៣បើអ្នកណាថាអ្វីឲ្យ នោះត្រូវឆ្លើយថា ព្រះអម្ចាស់ទ្រង់ត្រូវការនឹងវា រួចគេនឹងឲ្យវាមកហើយ ៤ការទាំងនេះកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា ៥«ចូរប្រាប់កូនស្រីស៊ីយ៉ូនថា មើល ស្តេចនៃនាង ទ្រង់យាងមកឯនាង ទ្រង់សុភាព ហើយគង់លើសត្វលា គឺជាលាជំទង់ដែលជាកូនរបស់មេលា» ៦សិស្សនោះក៏ទៅធ្វើតាមបង្គាប់ព្រះយេស៊ូវ ៧ហើយនាំមេលានឹងកូនវាមក រួចក្រាលអាវខ្លួនលើខ្នងថ្វាយទ្រង់គង់ ៨ឯហ្វូងមនុស្សស្ទើរតែទាំងអស់បានក្រាលអាវខ្លួននៅផ្លូវ ខ្លះក៏កាប់មែកឈើយកមករាយតាមផ្លូវផង ៩ហើយបណ្តាមនុស្សដែលដើរហែមុខក្រោយ គេស្រែកឡើងថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត ១០រួចកាលទ្រង់យាងចូលទៅក្នុងក្រុងយេរូសាឡិមហើយ នោះកើតមានសេចក្តីជ្រួលជ្រើមពេញក្នុងទីក្រុង ហើយគេសួរថា លោកនេះជាអ្នកណា ១១ហ្វូងមនុស្សឆ្លើយឡើងថា នេះគឺជាហោរាយេស៊ូវ ដែលមកពីភូមិណាសារ៉ែត ស្រុកកាលីឡេ។

១២ព្រះយេស៊ូវ ទ្រង់យាងចូលទៅក្នុងព្រះវិហារ ក៏បណ្តេញអស់ទាំងអ្នកដែលលក់ដូរក្នុងព្រះវិហារចេញ ទ្រង់ផ្កាប់តុនៃពួកអ្នកដូរប្រាក់នឹងជើងម៉ារបស់ពួកអ្នកលក់ព្រាប ១៣ហើយទ្រង់មានបន្ទូលទៅគេថា មានសេចក្តីចែងទុកមកដូច្នេះ «ដំណាក់អញត្រូវហៅថា ជាទីសំរាប់អធិស្ឋាន» តែអ្នករាល់គ្នាបានយកធ្វើជារោងចោរវិញ ១៤ឯពួកមនុស្សខ្វាក់ នឹងមនុស្សខ្វិន គេក៏មកឯទ្រង់ក្នុងព្រះវិហារ ហើយទ្រង់ប្រោសគេឲ្យបានជាទាំងអស់ ១៥តែពួកសង្គ្រាជ នឹងពួកអាចារ្យ គេមានចិត្តគ្នាន់ក្នាញ់ណាស់ ដោយបានឃើញការអស្ចារ្យដែលទ្រង់ធ្វើ នឹងឮកូនក្មេងទាំងប៉ុន្មានស្រែកក្នុងព្រះវិហារថា ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌដូច្នោះ ១៦ហើយគេទូលទ្រង់ថា តើអ្នកឮពាក្យដែលក្មេងទាំងនេះថាឬទេ ព្រះយេស៊ូវទ្រង់ឆ្លើយថា ឮហើយ តើអ្នករាល់គ្នាមិនដែលមើលសេចក្តីទេឬអី ដែលថា «ទ្រង់បានធ្វើឲ្យសេចក្តីសរសើរបានគ្រប់លក្ខណ៍ ដោយនូវមាត់កូនក្មេង នឹងកូនដែលនៅបៅ» ១៧រួចទ្រង់លះចោលគេយាងចេញទៅឯភូមិបេថានីទៅ ក៏ផ្ទំនៅទីនោះ១យប់។

១៨ដល់ព្រលឹមឡើង កំពុងដែលទ្រង់យាងត្រឡប់ទៅឯទីក្រុងវិញ នោះទ្រង់ក៏ឃ្លាន ១៩ទ្រង់ទតឃើញដើមល្វា១តាមផ្លូវ ក៏យាងទៅដល់ ឃើញមានតែស្លឹកទទេ នោះទ្រង់មានបន្ទូលថា កុំឲ្យឯងមានផ្លែទៀតឡើយ ស្រាប់តែដើមល្វានោះក្រៀមទៅ ២០កាលពួកសិស្សបានឃើញដូច្នោះ នោះគេមានសេចក្តីអស្ចារ្យថា ដើមល្វានេះក្រៀមទៅជា១រំពេចយ៉ាងណាហ្ន៎ ២១ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើមានសេចក្តីជំនឿឥតសង្ស័យសោះ នោះអ្នករាល់គ្នានឹងអាចធ្វើបាន មិនត្រឹមតែការដែលកើតឡើងដល់ដើមល្វាប៉ុណ្ណោះទេ គឺទោះបើអ្នកនឹងនិយាយទៅភ្នំនេះថា ឲ្យឯងរើចេញពីទីនេះទៅធ្លាក់ក្នុងសមុទ្រវិញ នោះគង់តែនឹងបានកើតដូច្នោះដែរ ២២ហើយគ្រប់ទាំងសេចក្តីអ្វី ដែលអ្នករាល់គ្នានឹងអធិស្ឋានសូម ដោយមានចិត្តជឿ នោះនឹងបានសំរេចទាំងអស់។

២៣កាលទ្រង់បានយាងចូលទៅក្នុងព្រះវិហារហើយនោះពួកសង្គ្រោជ នឹងពួកចាស់ទុំនៃបណ្តាជន គេមកឯទ្រង់ដែលកំពុងតែបង្រៀន ហើយទូលកាត់សួរថា អ្នកធ្វើការទាំងនេះ តើអាងអំណាចអ្វី តើអ្នកណាបានបើកអំណាចនេះឲ្យអ្នក ២៤ព្រះយេស៊ូវមានបន្ទូលតបថា ខ្ញុំនឹងសួរអ្នករាល់គ្នាពីសេចក្តី១ដែរ បើអ្នកឆ្លើយប្រាប់ខ្ញុំ នោះខ្ញុំក៏នឹងប្រាប់ឲ្យអ្នកដឹង ពីអំណាចដែលខ្ញុំអាង ដើម្បីនឹងធ្វើការទាំងនេះដែរ ២៥ឯបុណ្យជ្រមុជរបស់យ៉ូហាន តើមកពីណា ពីស្ថានសួគ៌ ឬពីមនុស្ស នោះគេក៏រិះគិតគ្នាថា បើយើងថា មកពីស្ថានសួគ៌ នោះវានឹងសួរយើងថា ដូច្នេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានជឿតាមគាត់ ២៦តែបើយើងថា មកពីមនុស្សវិញ នោះខ្លាចហ្វូងមនុស្ស ដ្បិតគេរាប់យ៉ូហានទុកជាហោរាទាំងអស់គ្នា ២៧រួចគេទូលឆ្លើយថា យើងមិនដឹងទេ ហើយទ្រង់ក៏មានបន្ទូលតបថា ដូច្នេះ ខ្ញុំក៏មិនប្រាប់ឲ្យអ្នករាល់គ្នាដឹង ពីអំណាចដែលខ្ញុំអាងនឹងធ្វើការទាំងនេះដែរ ២៨ប៉ុន្តែអ្នករាល់គ្នាគិតដូចម្តេច មានមនុស្សម្នាក់មានកូនប្រុស២ គាត់ទៅប្រាប់កូនច្បងថា កូនអើយ ថ្ងៃនេះ ចូរឯងទៅធ្វើការក្នុងចំការអញទៅ ២៩កូននោះប្រកែកថា ខ្ញុំមិនទៅទេ ដល់ក្រោយមកវាប្រែចិត្តជាទៅវិញ ៣០គាត់ក៏ទៅប្រាប់ដល់កូនពៅដូចគ្នា ឯកូននោះវាទទួលថា ខ្ញុំទៅ លោកឪពុក ប៉ុន្តែវាមិនបានទៅទេ ៣១ដូច្នេះ បណ្តាកូនទាំង២នោះ តើកូនណាបានធ្វើតាមចិត្តរបស់ឪពុក គេឆ្លើយថា កូនច្បង ព្រះយេស៊ូវទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ពួកអ្នកយកពន្ធ នឹងពួកស្រីសំផឹង គេចូលទៅក្នុងនគរព្រះមុនអ្នករាល់គ្នា ៣២ដ្បិតយ៉ូហានបានមកឯអ្នករាល់គ្នាក្នុងផ្លូវសុចរិត តែអ្នករាល់គ្នាមិនបានជឿតាមគាត់ទេ ឯពួកយកពន្ធ នឹងពួកស្រីសំផឹង គេបានជឿតាមគាត់វិញ លុះកាលអ្នករាល់គ្នាបានឃើញដូច្នោះ នោះក៏នៅតែមិនព្រមប្រែចិត្តជឿតាមគាត់ដែរ។

៣៣ចូរស្តាប់ពាក្យប្រៀបប្រដូច១ទៀត មានថៅកែម្នាក់ដែលដាំចំការទំពាំងបាយជូរ គាត់បានធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងជីកទីជាន់ផ្លែ ហើយសង់ប៉ម ក៏ប្រវាស់ទៅឲ្យពួកអ្នកធ្វើចំការ រួចចេញពីស្រុកនោះទៅ ៣៤កាលជិតដល់រដូវបេះផ្លែហើយ នោះក៏ប្រើបាវខ្លួនឲ្យទៅឯពួកអ្នកទាំងនោះ ដើម្បីនឹងទទួលផល ជាចំណែករបស់ខ្លួន ៣៥តែពួកធ្វើចំការ គេចាប់បាវទាំងនោះវាយម្នាក់ សំឡាប់ម្នាក់ ហើយម្នាក់ទៀតចោលនឹងថ្មវិញ ៣៦ថៅកែក៏ប្រើបាវដទៃជាច្រើនជាងមុនឲ្យទៅទៀត តែគេប្រព្រឹត្តនឹងបាវទាំងនោះបែបដូចគ្នា ៣៧ដល់ក្រោយបង្អស់ គាត់ចាត់កូនខ្លួនឲ្យទៅដោយគិតថា គេនឹងកោតខ្លាចដល់កូនអញ ៣៨ប៉ុន្តែ កាលពួកចំការបានឃើញ នោះគេនិយាយគ្នាថា នេះជាកូនគ្រងមរដកហើយ ចូរយើងសំឡាប់វាចេញទៅ រួចយើងនឹងដណ្តើមយកមរដករបស់វា ៣៩គេក៏ចាប់កូននោះ បោះចោលទៅខាងក្រៅចំការ ហើយសំឡាប់ចោលទៅ ៤០ដូច្នេះ កាលណាថៅកែចំការមកដល់ តើគាត់នឹងធ្វើអ្វីដល់ពួកអ្នកដែលធ្វើចំការទាំងនោះ ៤១គេទូលឆ្លើយតបថា គាត់នឹងសំឡាប់ពួកកំណាចទាំងនោះយ៉ាងអាក្រក់ណាស់ រួចនឹងប្រវាស់ចំការទៅឲ្យពួកអ្នកឯទៀតវិញ ដែលគេនឹងឲ្យផលដល់គាត់តាមរដូវ ៤២ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា តើអ្នករាល់គ្នាមិនដែលមើលក្នុងគម្ពីរទេឬអី ដែលថា «ថ្មដែលពួកជាងសង់ផ្ទះបានចោលចេញ នោះបានត្រឡប់ជាថ្មជ្រុងយ៉ាងឯក ការនោះគឺព្រះអម្ចាស់ទ្រង់បានធ្វើ ហើយជាការយ៉ាងអស្ចារ្យនៅភ្នែកយើងខ្ញុំ» ៤៣ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាថា នគរព្រះនឹងត្រូវហូតចេញពីអ្នករាល់គ្នា ប្រគល់ទៅឲ្យសាសន៍១ទៀត ដែលគេនឹងបង្កើតផលរបស់នគរនោះ ៤៤អ្នកណាដែលធ្លាក់លើថ្មនោះ នឹងត្រូវបាក់បែក តែអ្នកណាដែលត្រូវថ្មនោះធ្លាក់មកលើខ្លួន នោះនឹងត្រូវកិនខ្ទេចខ្ទីទៅ ៤៥កាលពួកសង្គ្រាជ នឹងពួកផារិស៊ីបានឮពាក្យប្រៀបប្រដូចទាំងនោះហើយ គេក៏ដឹងថា ទ្រង់មានបន្ទូលឆ្ពោះខ្លួនគេ ៤៦រួចគេរកហេតុនឹងចាប់ទ្រង់ ប៉ុន្តែគេខ្លាចហ្វូងមនុស្ស ពីព្រោះបណ្តាមនុស្សទាំងឡាយរាប់ទ្រង់ទុកជាហោរា។២២ ១ព្រះយេស៊ូវទ្រង់មានបន្ទូលពាក្យប្រៀបប្រដូច១ទៀតទៅគេថា ២នគរស្ថានសួគ៌ប្រៀបដូចជាស្តេច១អង្គ ដែលរៀបវិវាហមង្គលឲ្យព្រះរាជបុត្រា ៣ទ្រង់ចាត់ពួកមហាតលិកឲ្យទៅហៅពួកភ្ញៀវ ដែលទ្រង់បានអញ្ជើញមកក្នុងមង្គលការនោះ ប៉ុន្តែអ្នកទាំងនោះមិនព្រមមកទេ ៤ទ្រង់ក៏ចាត់ពួកមហាតលិកឯទៀតឲ្យទៅ ដោយបន្ទូលថា ចូរឯងប្រាប់ពួកភ្ញៀវថា ឥឡូវ គ្រឿងជប់លៀងបានរៀបជាស្រេចហើយ គេបានសំឡាប់គោ នឹងសត្វបំប៉នយ៉ាងធាត់ៗ ហើយក៏រៀបចំគ្រប់ទាំងអស់រួចជាស្រេច ចូរមកបរិភោគការចុះ ៥តែអ្នកទាំងនោះធ្វេសប្រហែសវិញ ម្នាក់ក៏ទៅឯចំការខ្លួន ម្នាក់ទៀតទៅឯការជំនួញ ៦អ្នកឯទៀតក៏ចាប់ពួកមហាតលិកត្មះតិះដៀល ហើយសំឡាប់ចោលទៅ ៧កាលស្តេចបានឮ នោះទ្រង់មានព្រះទ័យក្រេវក្រោធ ក៏ចាត់ទ័ពឲ្យទៅបំផ្លាញពួកមនុស្សដែលសំឡាប់គេនោះព្រមទាំងដុតទីក្រុងរបស់គេចោលអស់ ៨រួចទ្រង់មានបន្ទូលទៅ ពួកមហាតលិកថា ការបានរៀបចំជាស្រេច តែពួកភ្ញៀវមិនគួរនឹងមកបរិភោគទេ ៩ដូច្នេះ ចូរទៅឯផ្លូវប្រសព្វ អញ្ជើញអស់អ្នកណាដែលប្រទះឃើញ ឲ្យគេមកបរិភោគវិញ ១០មហាតលិកទាំងនោះក៏ចេញទៅតាមផ្លូវ ប្រមូលអស់អ្នកណាដែលប្រទះឃើញ ទាំងអាក្រក់ ទាំងល្អមកនោះរោងការមានភ្ញៀវពេញព្រៀប ១១ស្តេចក៏យាងចូលទៅទតមើលពួកភ្ញៀវ ទ្រង់ឃើញមានមនុស្សម្នាក់នៅទីនោះ ដែលមិនបានពាក់អាវផាយ ១២ក៏មានបន្ទូលទៅអ្នកនោះថា សំឡាញ់អើយ ដូចម្តេចបានជាអ្នកចូលមកក្នុងទីនេះ ឥតពាក់អាវផាយដូច្នេះ អ្នកនោះរកឆ្លើយអ្វីមិនបានឡើយ ១៣ទើបទ្រង់បង្គាប់ទៅពួកមហាតលិកថា ចូរចងជើងចងដៃវាបោះចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ ១៤ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ។

១៥កាលពួកផារិស៊ីបានចេញទៅ នោះគេពិគ្រោះគ្នាពីដំណើរយ៉ាងណានឹងចាប់ទ្រង់ ដោយនូវព្រះបន្ទូល ១៦រួចក៏ចាត់ពួកសិស្សរបស់គេឲ្យទៅឯទ្រង់ ជាមួយនឹងពួកហេរ៉ូឌ ដោយពាក្យថា លោកគ្រូ យើងខ្ញុំដឹងថា លោកពិតត្រង់ ហើយថា លោកបង្រៀនពីផ្លូវព្រះដោយសេចក្តីពិត ឥតមានអំពល់ដល់អ្នកណាទ្បើយ ព្រោះលោកមិនយល់មុខមនុស្សណាទេ ១៧ដូច្នេះ សូមប្រាប់យើងខ្ញុំដែលលោកគិតដូចម្តេច តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ ១៨តែព្រះយេស៊ូវ ទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានបន្ទូលតបថា មនុស្សកំពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងខ្ញុំដូច្នេះ ១៩ចូរបង្ហាញប្រាក់ដែលបង់ពន្ធមកឲ្យខ្ញុំមើលចុះ គេក៏យកប្រាក់ កាក់ធំមកថ្វាយទ្រង់ទត ២០រួចទ្រង់មានបន្ទូលសួរថា រូបនេះនឹងឈ្មោះនេះ តើជារបស់អ្នកណា ២១គេទូលឆ្លើយថា របស់សេសារ នោះទ្រង់មានបន្ទូលឆ្លើយថា ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ឯរបស់ព្រះ ចូរថ្វាយទៅព្រះវិញ ២២កាលបានឮដូច្នោះ នោះគេមានសេចក្តីអស្ចារ្យ រួចក៏ដើរចេញពីទ្រង់បាត់ទៅ។

២៣នៅថ្ងៃនោះឯង ពួកសាឌូស៊ី ដែលគេថា គ្មានសេចក្តីរស់ទ្បើងវិញទេ គេក៏មកឯទ្រង់ ទូលសាកសួរថា ២៤លោកគ្រូ លោកម៉ូសេបានផ្តាំថា «បើអ្នកណាស្លាប់ទៅឥតមានកូន នោះប្អូនត្រូវយកប្រពន្ធរបស់បង ដើម្បីនឹងបង្កើតពូជឲ្យបងខ្លួន» ២៥រីឯនៅក្នុងពួកយើងខ្ញុំ មានបងប្អូន៧នាក់ បងច្បងបានយកប្រពន្ធ ហើយស្លាប់ទៅគ្មានកូនសោះ បានទុកប្រពន្ធឲ្យប្អូន ២៦ប្អូនបន្ទាប់ក៏ធ្វើដូចគ្នា រួចប្អូនទី៣ ដរាបដល់ប្អូនពៅបំផុត ២៧ក្រោយបង្អស់មក ស្ត្រីនោះក៏ស្លាប់ទៅដែរ ២៨ដូច្នេះ ដល់គ្រារស់ទ្បើងវិញ តើនាងនោះនឹងត្រូវធ្វើជាប្រពន្ធរបស់អ្នកណា ក្នុងបណ្តាបងប្អូនទាំង៧នាក់នោះ ដ្បិតសុទ្ធតែបានយកនាងធ្វើជាប្រពន្ធគ្រប់ៗគ្នា ២៩នោះព្រះយេស៊ូវទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាភាន់ច្រទ្បំទេ ពីព្រោះមិនយល់គម្ពីរ ឬព្រះចេស្តានៃព្រះសោះ ៣០ដ្បិតដល់គ្រារស់ទ្បើងវិញ នោះគេមិនយកគ្នាជាប្តីប្រពន្ធទៀតទេ គឺបានដូចជាទេវតានៃព្រះ ដែលនៅស្ថានសួគ៌វិញ ៣១តែត្រង់ឯសេចក្តីរស់ពីស្លាប់ទ្បើងវិញ តើអ្នករាល់គ្នាមិនបានមើលសេចក្តី ដែលព្រះទ្រង់បានមានបន្ទូលនឹងអ្នករាល់គ្នាទេឬអី ៣២គឺថា «អញជាព្រះនៃអ័ប្រាហាំ ជាព្រះនៃអ៊ីសាក ហើយជាព្រះនៃយ៉ាកុប» ព្រះអង្គទ្រង់មិនមែនជាព្រះនៃមនុស្សស្លាប់ទេ គឺជាព្រះនៃមនុស្សរស់វិញ។

៣៣ឯបណ្តាមនុស្សគេក៏នឹកប្លែកក្នុងចិត្ត ដោយឮសេចក្តីដែលទ្រង់បង្រៀននោះ ៣៤តែកាលពួកផារិស៊ីបានឮថា ទ្រង់ធ្វើឲ្យពួកសាឌូស៊ី បាត់មាត់ដូច្នោះ នោះគេក៏មូលគ្នា ៣៥ហើយពួកគេម្នាក់ ដែលជាអ្នកប្រាជ្ញខាងច្បាប់ក៏ល្បងសួរទ្រង់ថា ៣៦លោកគ្រូ ក្នុងបណ្តាក្រិត្យវិន័យ តើបញ្ញត្តណាដែលយ៉ាងសំខាន់បំផុត ៣៧នោះព្រះយេស៊ូវឆ្លើយថា «ត្រូវឲ្យស្រទ្បាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង» ៣៨នេះជាបញ្ញត្តយ៉ាងសំខាន់ទី១ ៣៩ហើយបញ្ញត្តទី២ ក៏បែបដូចគ្នា គឺថា «ត្រូវឲ្យស្រទ្បាញ់អ្នកជិតខាងដូចខ្លួនឯង» ៤០បណ្តាក្រិត្យវិន័យ នឹងអស់ទាំងទំនាយហោរាទាំងប៉ុន្មាន ក៏សំរេចនៅបទបញ្ញត្តទាំង២ប្រការនេះឯង។

៤១កំពុងដែលពួកផារិស៊ីនៅមូលគ្នានៅទ្បើយ នោះព្រះយេស៊ូវទ្រង់មានបន្ទូលសួរគេថា ៤២អ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច តើទ្រង់ជាព្រះវង្សអ្នកណា នោះគេទូលឆ្លើយថា ជាព្រះវង្សហ្លួងដាវីឌ ៤៣ទ្រង់មានបន្ទូលសួរទៀតថា ដូច្នេះ ធ្វើដូចម្តេចឲ្យហ្លួងដាវីឌមានបន្ទូល ដោយនូវព្រះវិញ្ញាណ ហៅទ្រង់ជាព្រះអម្ចាស់បាន ៤៤ដោយថា «ព្រះអម្ចាស់ទ្រង់មានបន្ទូលទៅព្រះអម្ចាស់នៃខ្ញុំថា ចូរឯងអង្គុយខាងស្តាំអញ ទាល់តែអញដាក់ពួកខ្មាំងសត្រូវឯងនៅក្រោមជើងឯង» ៤៥ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទថាជាព្រះអម្ចាស់ នោះធ្វើដូចម្តេចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន ៤៦តែគ្មានអ្នកណាអាចនឹងឆ្លើយតបទៅទ្រង់១ម៉ាត់បានទេ រួចតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរទ្រង់ទៀតទ្បើយ។

២៣ ១គ្រានោះ ព្រះយេស៊ូវទ្រង់មានបន្ទូលនឹងហ្វូងមនុស្ស ហើយនឹងពួកសិស្សទ្រង់ថា ២ពួកអាចារ្យនឹងពួកផារិស៊ី គេបានតាំងខ្លួនគេ អង្គុយនៅទីបង្រៀនរបស់លោកម៉ូសេ ៣ដូច្នេះ គ្រប់ទាំងសេចក្តីណាដែលគេប្រាប់ឲ្យអ្នករាល់គ្នាកាន់តាម នោះចូរកាន់ ហើយប្រព្រឹត្តតាមចុះ ប៉ុន្តែកុំឲ្យប្រព្រឹត្តតាមអំពើរបស់គេឡើយ ដ្បិតគេគ្រាន់តែថា តែមិនធ្វើតាមទេ ៤ពីព្រោះគេចងបន្ទុកយ៉ាងធ្ងន់ ដាក់លើស្មាមនុស្ស ជាបន្ទុកដែលពិបាកទទួល តែខ្លួនគេមិនព្រមទាំងយកម្រាមដៃឆ្កឹះបន្ទុកនោះផង ៥គ្រប់ទាំងការដែលគេធ្វើទាំងប៉ុន្មាន នោះសុទ្ធតែធ្វើឲ្យតែមនុស្សមើលឃើញទេ គឺគេធ្វើស្លាកធំៗកត់ក្រិត្យវិន័យ នឹងរំយោលអាវគេឲ្យវែងៗ ៦គេគាប់ចិត្តនឹងកន្លែងលេខ១ក្នុងការស៊ីលៀង នឹងកន្លែងដែលមុខគេក្នុងសាលាប្រជុំ ៧ព្រមទាំងគាប់ចិត្តឲ្យមនុស្សគំនាប់ខ្លួននៅទីផ្សារ ហើយឲ្យគេហៅខ្លួនថា លោកគ្រូៗផង ៨ប៉ុន្តែ ឯអ្នករាល់គ្នាវិញ មិនត្រូវឲ្យអ្នកដទៃហៅខ្លួនជាលោកគ្រូឡើយ ដ្បិតអ្នករាល់គ្នាមានសាស្តាតែ១ ហើយជាបងប្អូននឹងគ្នាទាំងអស់ ៩ក៏កុំឲ្យហៅអ្នកណាជាឪពុក នៅផែនដីនេះដែរ ដ្បិតមានឪពុកតែ១ប៉ុណ្ណោះ គឺជាព្រះដែលគង់នៅស្ថានសួគ៌ ១០ហើយកុំឲ្យអ្នកណាហៅខ្លួនជាសាស្តាឡើយ ដ្បិតមានសាស្តាតែ១ប៉ុណ្ណោះ គឺជាព្រះគ្រីស្ទ ១១តែអ្នកណាដែលធំជាងគេក្នុងពួកអ្នករាល់គ្នា នោះត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ១២អ្នកណាដែលដំកើងខ្លួន នោះនឹងត្រូវបន្ទាបចុះវិញ ហើយអ្នកណាដែលបន្ទាបខ្លួន នោះនឹងបានដំកើងឡើង។

១៣វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាបិទនគរស្ថានសួគ៌នៅមុខមនុស្ស ខ្លួនអ្នករាល់គ្នាមិនព្រមចូល ហើយក៏មិនបើកដល់អស់អ្នក ដែលកំពុងតែចូល ឲ្យគេចូលដែរ ១៤វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាខំសូត្រធម៌ឲ្យច្រើន ដើម្បីឲ្យបានឆស៊ីផ្ទះពួកមេម៉ាយ ហេតុដូច្នោះ អ្នករាល់គ្នានឹងត្រូវទោសធ្ងន់ជាងទៅទៀត ១៥វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដើរជុំជើងទឹក ជើងគោក ដើម្បីនឹងនាំមនុស្សតែម្នាក់ឲ្យចូលកាន់សាសនា តែកាលណាគេចូលកាន់ហើយ នោះអ្នករាល់គ្នាតែងធ្វើឲ្យគេទៅជាគួរធ្លាក់ទៅនរក ជាជាងខ្លួន១ជា២ផង ១៦វេទនាដល់អ្នករាល់គ្នា ពួកកង្វាក់ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាថា បើអ្នកណាស្បថនឹងព្រះវិហារ នោះមិនជាអ្វីទេ តែបើស្បថនឹងមាសរបស់ព្រះវិហារ នោះត្រូវជាប់សម្បថខ្លួនហើយ ១៧ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង មាស ឬព្រះវិហារដែលធ្វើឲ្យមាសនោះបរិសុទ្ធ ១៨ហើយក៏ថា បើអ្នកណាស្បថនឹងអាសនា នោះមិនជាអ្វីទេ តែបើស្បថនឹងដង្វាយនៅលើអាសនា នោះត្រូវជាប់សម្បថខ្លួនហើយ ១៩ឱពួកមនុស្សល្ងីល្ងើ ហើយកង្វាក់អើយ តើរបស់ណាធំជាង ដង្វាយ ឬអាសនាដែលធ្វើឲ្យដង្វាយនោះបានបរិសុទ្ធ ២០ដូច្នេះ អ្នកណាដែលស្បថនឹងអាសនា នោះឈ្មោះថាស្បថនឹងអាសនា ហើយនឹងរបស់ទាំងអស់ដែលនៅលើអាសនានោះ ២១ឯអ្នកណាដែលស្បថនឹងព្រះវិហារ នោះឈ្មោះថាស្បថនឹងព្រះវិហារ ហើយនឹងព្រះដែលគង់នៅក្នុងព្រះវិហារនោះដែរ ២២ហើយអ្នកណាដែលស្បថនឹងស្ថានសួគ៌ នោះឈ្មោះថាស្បថនឹងបល្ល័ង្កនៃព្រះ ហើយនឹងព្រះដែលគង់លើបល្ល័ង្កនោះផង ២៣វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យនឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ នឹងល្ងផង តែបានចោលសេចក្តីសំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យវិញ ដូចជាសេចក្តីយុត្តិធម៌ សេចក្តីមេត្តាករុណា នឹងសេចក្តីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង ២៤ឱពួកមនុស្សកង្វាក់ ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាត្រងសុចចេញ តែលេបសត្វអូដ្ឋវិញ ២៥វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅឯខាងក្នុងវិញ នោះពេញដោយអំពើប្លន់ នឹងសេចក្តីហួសខ្នាតទទេ ២៦ឱពួកផារិស៊ីកង្វាក់អើយ ចូរលាងចានលាងថាសខាងក្នុងជាមុន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ ២៧វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច នឹងសេចក្តីស្មោកគ្រោកគ្រប់មុខវិញ ២៨អ្នករាល់គ្នាក៏បែបដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិតដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្តីកំពុត នឹងសេចក្តីទទឹងច្បាប់ទទេ ២៩វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាធ្វើម៉ុងពួកហោរា ហើយតាក់តែងផ្នូររបស់ពួកមនុស្សសុចរិត ៣០ដោយថា បើយើងបានរស់នៅក្នុងជំនាន់ពួកឰយុកោយើង នោះយើងមិនបានចូលដៃនឹងគាត់ ដើម្បីកំចាយឈាមពួកហោរាទេ ៣១ដូច្នេះ អ្នករាល់គ្នាធ្វើជាបន្ទាល់ទាស់នឹងខ្លួនថា អ្នករាល់គ្នាជាកូនរបស់ពួកអ្នកដែលបានសំឡាប់ហោរាទាំងនោះ ៣២ឯអ្នករាល់គ្នា ចូរបំពេញរង្វាល់របស់ពួកឰយុកោនៃអ្នករាល់គ្នាចុះ ៣៣ឱសត្វពស់ ឱពូជពស់វែកអើយ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន ៣៤ដោយហេតុនោះ បានជាខ្ញុំចាត់ពួកហោរា ពួកអ្នកប្រាជ្ញ នឹងពួកអាចារ្យ ឲ្យមកឯអ្នករាល់គ្នាៗ នឹងសំឡាប់ហើយឆ្កាងខ្លះ ក៏វាយខ្លះនឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ហើយធ្វើទុក្ខបៀតបៀន គេពីក្រុង១ទៅដល់ក្រុង១ ៣៥ដើម្បីឲ្យអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបានខ្ចាយនៅផែនដី បានធ្លាក់មកលើអ្នករាល់គ្នាវិញ តាំងពីឈាមរបស់អេបិល ជាអ្នកសុចរិត ដរាបដល់សាការី ជាកូនបារ៉ាគា ដែលអ្នករាល់គ្នាបានសំឡាប់នៅកណ្តាលព្រះវិហារ ហើយនឹងអាសនា ៣៦ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អំពើទាំងនោះនឹងធ្លាក់មកលើមនុស្សដំណនេះវិញ។

៣៧ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ ឯងដែលសំឡាប់ពួកហោរា ហើយយកថ្មចោលពួកអ្នកដែលបានចាត់មកឯឯង តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ ៣៨មើល ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង ៣៩ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅមុខអ្នករាល់គ្នា នឹងលែងឃើញខ្ញុំទៀត ដរាបដល់កាលណាអ្នករាល់គ្នានិយាយថា ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ។២៤ ១កាលព្រះយេស៊ូវ ទ្រង់កំពុងតែយាងចេញពី ព្រះវិហារទៅ នោះពួកសិស្សក៏មកចង្អុលបង្ហាញអស់ទាំងមន្ទីរនៃព្រះវិហារ ថ្វាយទ្រង់ទត តែទ្រង់មានបន្ទូលទៅគេថា អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ ៣រួចកាលទ្រង់គង់លើភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប ៤ព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយថា ចូរប្រយ័ត ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ៥ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផង ៦អ្នករាល់គ្នានឹងឮនិយាយពីចំបាំង នឹងដំណឹងពីចំបាំង នោះកុំឲ្យមានចិត្តថប់បារម្ភឡើយ ដ្បិតការទាំងនោះត្រូវតែមកដល់ តែនោះពុំទាន់ដល់ចុងបំផុតនៅឡើយទេ ៧ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើតមានអំណត់ ជំងឺអាសន្នរោគ នឹងកក្រើកដីនៅកន្លែងផ្សេងៗ ៨តែការទាំងនោះជាដើមចមនៃសេចក្តីទុក្ខទេ ៩គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្តីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ១០នៅគ្រានោះ មនុស្សជាច្រើននឹងរវាតចិត្តចេញ គេនឹងបញ្ជូនគ្នា ហើយនឹងស្អប់គ្នាទៅវិញទៅមក ១១ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ ១២រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ ១៣តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ ១៤ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត។

១៥ដូច្នេះ កាលណាអ្នករាល់គ្នាឃើញសេចក្តីដែលហោរាដានីយ៉ែលបានទាយទុក គឺជាសេចក្តីស្អប់ខ្ពើមដែលបង្ខូចបំផ្លាញ វាឈរនៅក្នុងទីបរិសុទ្ធ (អ្នកណាដែលអានមើល ឲ្យយល់ចុះ) ១៦នោះត្រូវឲ្យពួកអ្នកដែលនៅស្រុកយូដារត់ចេញទៅឯភ្នំ ១៧កុំឲ្យអ្នកណាដែលនៅលើដំបូលផ្ទះចុះមក ដើម្បីនឹងយករបស់អ្វីពីផ្ទះឡើយ ១៨ហើយកុំឲ្យអ្នកដែលនៅស្រែចំការ ត្រឡប់មកវិញ ដើម្បីនឹងយកសំលៀកបំពាក់ខ្លួនដែរ ១៩នៅគ្រានោះ ស្ត្រីណាដែលមានផ្ទៃពោះ ហើយស្ត្រីណាដែលបំបៅកូន នឹងវេទនាណាស់ ២០ចូរអធិស្ឋានសូមកុំឲ្យត្រូវរត់នៅរដូវរងា ឬនៅថ្ងៃឈប់សំរាកឡើយ ២១ដ្បិតនៅគ្រានោះ នឹងមានសេចក្តីវេទនាជាខ្លាំងណាស់ ដល់ម៉្លេះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ ២២បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ ប៉ុន្តែថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅដោយយល់ដល់ពួករើសតាំង ២៣គ្រានោះ បើមានអ្នកណាប្រាប់អ្នករាល់គ្នាថា មើល ព្រះគ្រីស្ទគង់នៅទីនេះ ឬនៅទីនោះ នោះកុំឲ្យជឿគេឡើយ ២៤ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនឹងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន ២៥មើល ខ្ញុំបានប្រាប់អ្នករាល់គ្នាជាមុន ២៦ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើល ទ្រង់គង់នៅទីរហោស្ថាន នោះកុំឲ្យចេញទៅឡើយ ឬថា មើល ទ្រង់គង់នៅក្នុងបន្ទប់ នោះក៏កុំឲ្យជឿឲ្យសោះ ២៧ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ ២៨ដ្បិតខ្មោចមាននៅកន្លែងណា ឥន្ទ្រីនឹងប្រជុំគ្នានៅកន្លែងនោះឯង។

២៩ក្រោយសេចក្តីវេទនារបស់គ្រានោះមក ស្រាប់តែថ្ងៃនឹងទៅជាងងឹត ខែនឹងលែងភ្លឺ អស់ទាំងផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអស់ទាំងអំណាចនៅលើមេឃនឹងត្រូវកក្រើករំពើក ៣០នោះទីសំគាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ គ្រប់ទាំងពូជមនុស្សនៅផែនដីនឹងគក់ទ្រូងយំ ក៏នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មានទាំងព្រះចេស្តា នឹងសិរីល្អជាខ្លាំង ៣១ហើយលោកនឹងចាត់ពួកទេវតារបស់លោក ឲ្យមកដោយសូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោកពីទិសទាំង៤ ចាប់តាំងពីជើងមេឃម្ខាង រហូតដល់ជើងមេឃម្ខាង។

៣២ប៉ុន្តែ ចូររៀនសេចក្តីប្រៀបប្រដូចពីដើមល្វា កាលណាមែកវាត្រឡប់ជាទន់ ហើយស្លឹកក៏ប៉ិចឡើង នោះអ្នករាល់គ្នាដឹងថា រដូវក្តៅជិតដល់ហើយ ៣៣ដំណើរនេះក៏បែបដូច្នោះដែរ កាលណាឃើញការទាំងនេះកើតមក ត្រូវដឹងថា លោកជិតមកដល់ហើយ ក៏នៅមាត់ទ្វារផង ៣៤ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនេះបានកើតមកដល់ ៣៥ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយ ៣៦ឯត្រង់ថ្ងៃនឹងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ ៣៧ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ៣៨ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេ ចូលទៅក្នុងទូកធំ ៣៩គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ ៤០នៅគ្រានោះ នឹងមានមនុស្ស២នាក់នៅចំការ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ ៤១ស្ត្រី២នាក់កំពុងតែកិនម្សៅ ម្នាក់នឹងបានយកទៅ ហើយម្នាក់ទុកនៅ ៤២ដូច្នេះ ឲ្យចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងជាពេលណា ដែលព្រះអម្ចាស់នៃអ្នករាល់គ្នានឹងយាងមកទេ ៤៣ចូរដឹងសេចក្តីនេះចុះ បើម្ចាស់ផ្ទះបានដឹងថាចោរនឹងមកនៅយាមណា នោះគេនឹងបានចាំយាមមិនឲ្យចោរទំលុះចូលផ្ទះបានទេ ៤៤ដូច្នេះ ឲ្យអ្នករាល់គ្នាប្រុងប្រៀបខ្លួនជាស្រេចដែរ ដ្បិតកូនមនុស្សនឹងមកនៅវេលាដែលអ្នករាល់គ្នាមិនគិត។

៤៥ដូច្នេះ អ្នកណាជាអ្នកបំរើស្មោះត្រង់ មានមារយាទដែលចៅហ្វាយបានតាំងឲ្យត្រួតលើពួកផ្ទះលោក នឹងឲ្យអាហារគេបរិភោគ តាមត្រូវពេល ៤៦បើកាលណាចៅហ្វាយមកដល់ ឃើញអ្នកបំរើនោះកំពុងតែធ្វើដូច្នោះ នោះមានពរហើយ ៤៧ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ចៅហ្វាយនឹងតាំងអ្នកនោះឡើង ឲ្យត្រួតលើរបស់ទ្រព្យលោកទាំងអស់ ៤៨ប៉ុន្តែ បើជាអ្នកបំរើអាក្រក់វិញ ហើយគិតក្នុងចិត្តថា ចៅហ្វាយអញក្រមក ៤៩ក៏តាំងវាយដំពួកគូកនខ្លួន ព្រមទាំងស៊ីផឹកជាមួយនឹងពួកមនុស្សប្រមឹកផង ៥០ដូច្នេះ នៅថ្ងៃណាដែលវាមិននៅចាំ ជាវេលាណាដែលវាមិនដឹង នោះចៅហ្វាយនឹងមកដល់ ៥១ហើយនឹងធ្វើទោសវាជាយ៉ាងធ្ងន់ ទាំងឲ្យវាមានចំណែកជាមួយនឹងពួកមនុស្សមានពុតផង នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។២៥ ១គ្រានោះ នគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី១០នាក់ ដែលយកចង្កៀងរៀងខ្លួន ចេញទៅទទួលប្តីថ្មោងថ្មី ២ក្នុងពួកនាងទាំងនោះ មាន៥នាក់មានគំនិត ហើយ៥នាក់ល្ងង់ ៣នាងល្ងង់ទាំងនោះ គេយកតែចង្កៀងទៅ តែមិនបានយកប្រេងជាប់នឹងខ្លួនផងទេ ៤ឯពួកនាងមានគំនិតវិញ គេបានយកទាំងចង្កៀង ហើយនឹងប្រេងដាក់ក្នុងដបទៅជាមួយផង ៥តែដោយព្រោះប្តីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ ៦លុះដល់កណ្តាលអធ្រាត្រ ស្រាប់តែឮសូរសំរែកថា នែ ប្តីមកហើយ ចូរចេញទៅទទួលចុះ ៧ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀងរៀងរាល់ខ្លួន ៨ឯពួកនាងដែលល្ងង់ គេនិយាយទៅពួកនាងមានគំនិតថា សូមចែកប្រេងមកឲ្យយើងផង ព្រោះចង្កៀងយើងចង់រលត់ហើយ ៩តែពួកនាងមានគំនិតឆ្លើយឡើងថា ទេ ក្រែងគ្មានល្មមដល់យើង ហើយនឹងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសំរាប់ខ្លួនវិញទៅ ១០តែកំពុងដែលនាងទាំងនោះទៅទិញ ប្តីក៏មកដល់ ហើយពួកនាងដែលបានបំរុងជាស្រេច ក៏ចូលទៅក្នុងរោងការជាមួយគ្នា រួចគេបិទទ្វារ ១១ឯនាងព្រហ្មចារីឯទៀត ក៏មកអង្វរថា លោកម្ចាស់ៗអើយ សូមបើកឲ្យយើងខ្ញុំផង ១២តែគាត់ឆ្លើយថា ខ្ញុំប្រាប់នាងរាល់គ្នាជាប្រាកដថា ខ្ញុំមិនស្គាល់នាងទេ ១៣ដូច្នេះ ចូរចាំយាមចុះ ដ្បិតអ្នករាល់គ្នាមិនដឹងជាថ្ងៃណា ឬពេលណាដែលកូនមនុស្សត្រូវមកនោះទេ។

១៤ដ្បិតដំណើរនេះបែបដូចជាមនុស្សម្នាក់ ដែលរៀបនឹងចេញពីស្រុកទៅ គាត់ហៅពួកបាវមកប្រគល់របស់ទ្រព្យខ្លួនទុកនឹងគេ ១៥បានឲ្យប្រាក់ទៅម្នាក់៥ពាន់ ម្នាក់ទៀត២ពាន់ ហើយអ្នកទីបី១ពាន់ គឺឲ្យគ្រប់គ្នាតាមដំរិះគេរៀងខ្លួន រួចក៏ចេញទៅ ១៦នោះអ្នកដែលទទួល៥ពាន់ ក៏យកប្រាក់ទៅជួញបានចំណេញ៥ពាន់ទៀត ១៧ហើយអ្នកដែលទទួល២ពាន់ គាត់ធ្វើដូច្នោះដែរ ក៏បានចំណេញ២ពាន់ទៀត ១៨តែឯអ្នកដែលទទួលតែ១ពាន់ វាទៅជីកដីកប់ប្រាក់របស់ចៅហ្វាយវិញ ១៩យូរក្រោយមក ចៅហ្វាយរបស់បាវទាំងនោះត្រឡាប់មកវិញ គិតបញ្ជីនឹងគេ ២០ចំណែកអ្នកដែលបានទទួល៥ពាន់ ក៏យក៥ពាន់ទៀតមកជំរាបចៅហ្វាយថា លោកចៅហ្វាយ លោកបានប្រគល់៥ពាន់មកខ្ញុំ មើល ខ្ញុំបានចំណេញ៥ពាន់ទៀត ២១ចៅហ្វាយនិយាយថា ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ ២២កាលអ្នកដែលទទួល២ពាន់បានមកដល់ នោះក៏ជំរាបថា លោកចៅហ្វាយ លោកបានប្រគល់២ពាន់មកខ្ញុំ មើល ខ្ញុំបានចំណេញ២ពាន់ទៀត ២៣ចៅហ្វាយនិយាយថា ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ អញនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ចូរឲ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ ២៤ឯអ្នកដែលបានទទួល១ពាន់ វាក៏ចូលមកជំរាបចៅហ្វាយថា លោកចៅហ្វាយ ខ្ញុំដឹងថាលោកជាមនុស្សតឹងរ៉ឹងណាស់ លោកច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ ២៥ដូច្នេះ ខ្ញុំនឹកខ្លាច ក៏ទៅកប់ប្រាក់១ពាន់នេះទុកក្នុងដី ហ៏ ខ្ញុំសូមប្រគល់របស់លោកជូនលោកវិញ ២៦ចៅហ្វាយក៏ឆ្លើយតបថា បាវអាក្រក់ ហើយខ្ជិលច្រអូសអើយ បើឯងដឹងថា អញច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលនៅកន្លែងដែលមិនបានអុំ ២៧នោះគួរតែឯងបានយកប្រាក់ទៅ ផ្ញើទុកនឹងអ្នកចងការចុះ លុះដល់អញមកវិញ នោះនឹងបានប្រាក់អាញ ទាំងដើម ទាំងការផង ២៨ដូច្នេះ ចូរដកប្រាក់១ពាន់នោះពីវាចេញ ឲ្យដល់អ្នកដែលមាន១ម៉ឺនវិញ ២៩ដ្បិតនឹងឲ្យដល់អស់អ្នកដែលមាន ហើយអ្នកនោះនឹងមានជាបរិបូរឡើង តែអ្នកណាដែលគ្មាន នោះនឹងត្រូវហូតយក ទាំងរបស់អ្វី ដែលអ្នកនោះមានផង ៣០ឯបាវឥតប្រយោជន៍នោះ ចូរបោះវាចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំហើយសង្កៀតធ្មេញ។

៣១តែកាលណាកូនមនុស្សនឹងមក ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នា មកជាមួយ នោះលោកនឹងឡើងគង់លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក ៣២រួចគ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នា នៅចំពោះលោក ហើយលោកនឹងញែកគេចេញពីគ្នា ដូចជាអ្នកគង្វាល ដែលញែកចៀមចេញពីពពែដែរ ៣៣រួចនឹងដាក់ចៀមនៅខាងស្តាំ ហើយពពែនៅខាងឆ្វេង ៣៤នោះលោកដ៏ជាស្តេច នឹងមានបន្ទូលទៅពួកអ្នកដែលនៅខាងស្តាំថា ឱពួកអ្នកដែលព្រះវរបិតាយើងបានប្រទានពរអើយ ចូរមកទទួលមរដកចុះ គឺជានគរដែលបានរៀបចំទុកសំរាប់អ្នករាល់គ្នា តាំងពីកំណើតលោកីយមក ៣៥ពីព្រោះយើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង ៣៦យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺ ហើយអ្នករាល់គ្នាបានមកសួរយើង ក៏ជាប់គុក ហើយអ្នករាល់បានមកឯយើង ៣៧នោះពួកមនុស្សសុចរិតនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ស្រេកឃ្លាន ហើយបានថ្វាយទ្រង់សោយពីកាលណា ៣៨តើយើងខ្ញុំបានឃើញទ្រង់ជាអ្នកដទៃ ហើយបានទទួលទ្រង់ពីកាលណា ឬទ្រង់អាក្រាត ហើយបានបំពាក់ថ្វាយទ្រង់ពីកាលណា ៣៩តើយើងខ្ញុំបានឃើញទ្រង់ឈឺ ឬជាប់គុក ហើយបានមកឯទ្រង់ពីកាលណា ៤០នោះស្តេចនឹងឆ្លើយទៅគេថា យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ ៤១រួចទ្រង់នឹងមានបន្ទូលទៅពួកខាងឆ្វេងទៀតថា ពួកអ្នករាល់គ្នាដែលត្រូវបណ្តាសាអើយ ចូរថយពីអញចេញទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសំរាប់អារក្ស ហើយនឹងពួកទេវតារបស់វាវិញ ៤២ពីព្រោះអញបានឃ្លាន តែឯងរាល់គ្នាមិនបានឲ្យបរិភោគទេ អញបានស្រេក តែឯងរាល់គ្នាមិនបានឲ្យផឹកទេ ៤៣អញជាអ្នកដទៃ តែឯងរាល់គ្នាមិនបានទទួលសោះ អញនៅអាក្រាត តែឯងរាល់គ្នាមិនបានស្លៀកពាក់ឲ្យអញទេ អញក៏ឈឺ ហើយនៅជាប់គុក តែឯងរាល់គ្នាមិនបានមកសួរសោះ ៤៤រួចគេនឹងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើយើងខ្ញុំបានឃើញទ្រង់ឃ្លាន ឬស្រេក ឬជាអ្នកដទៃ ឬនៅអាក្រាត ឬឈឺ ឬជាប់គុក ហើយមិនបានទៅជួយទ្រង់នោះពីកាលណា ៤៥នោះទ្រង់នឹងមានបន្ទូលតបថា អញប្រាប់ឯងរាល់គ្នាជាប្រាដកថា ដែលមិនបានធ្វើការទាំងនោះ ដល់អ្នកយ៉ាងតូចបំផុត ក្នុងពួកអ្នកទាំងនេះ នោះឈ្មោះថាមិនបានធ្វើដល់អញដែរ ៤៦ឯពួកអ្នក្នទាំងនោះនឹងថយទៅ មានទោសអស់កល្បជានិច្ច តែពួកសុចរិតនឹងចូលទៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ចវិញ។២៦ ១កាលព្រះយេស៊ូវ ទ្រង់មានបន្ទូលសេចក្តីទាំងនេះរួចហើយ នោះទ្រង់មានបន្ទូលទៅពួកសិស្សថា ២អ្នករាល់គ្នាដឹងថា នៅ២ថ្ងៃទៀត នឹងចូលបុណ្យរំលងហើយ ឯកូនមនុស្ស ក៏ត្រូវគេបញ្ជូនទៅ ឲ្យត្រូវជាប់ឆ្កាងដែរ។

៣នៅគ្រានោះពួកសង្គ្រាជ ពួកអាចារ្យ នឹងពួកចាស់ទុំនៃបណ្តាជន គេប្រជុំគ្នានៅទីព្រះលាននៃសំដេចសង្ឃ ព្រះនាមកៃផា ៤ក៏ពិគ្រោះគ្នា ដើម្បីចាប់ព្រះយេស៊ូវដោយឧបាយកល ហើយសំឡាប់បង់ ៥តែគេថា កុំធ្វើក្នុងរវាងពេលបុណ្យនេះឡើយ ក្រែងបណ្តាជនកើតកោលាហល។ ៦រីឯកាលព្រះយេស៊ូវទ្រង់គង់ក្នុងផ្ទះស៊ីម៉ូន ជាអ្នកឃ្លង់នៅភូមិបេថានី ៧នោះមានស្ត្រីម្នាក់មកឯទ្រង់ កាន់ទាំងដបថ្មកែវ ដាក់ប្រេងក្រអូបមានដំឡៃដ៏វិសេស នាងក៏ចាក់ប្រេងនោះលើព្រះសិរទ្រង់ ដែលទ្រង់កំពុងតែគង់នៅតុ ៨តែកាលពួកសិស្សទ្រង់ឃើញ គេក៏នឹកតូចចិត្ត ហើយនិយាយថា ធ្វើបង្ខាតដូច្នេះ តើមានប្រយោជន៍អ្វី ៩ដ្បិតប្រេងនេះនឹងលក់បានប្រាក់ជាច្រើន ដើម្បីនឹងចែកឲ្យដល់មនុស្សក្រីក្រ ១០តែព្រះយេស៊ូវទ្រង់ជ្រាប ហើយក៏មានបន្ទូលទៅគេថា ហេតុអ្វីបានជាបង្អាក់ដល់ចិត្តនាងដូច្នេះ ដ្បិតនាងបានធ្វើការល្អដល់ខ្ញុំណាស់ ១១ពីព្រោះអ្នករាល់គ្នាមានពួកអ្នកក្រនៅជាមួយជាដរាប តែខ្ញុំមិននៅជាមួយជាដរាបទេ ១២ដែលនាងនេះបានចាក់ប្រេងក្រអូបលើខ្លួនខ្ញុំ នោះគឺបានធ្វើសំរាប់រៀបកប់ខ្មោចខ្ញុំ ១៣ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា កន្លែងណាដែលគេនឹងប្រកាសប្រាប់ដំណឹងល្អនេះ នៅគ្រប់ក្នុងលោកីយទាំងមូល នោះគេនឹងដំណាលពីការដែលនាងបានធ្វើនេះដែរ ទុកសំរាប់ជាកេរ្តិ៍នាង។

១៤នៅគ្រានោះ មានម្នាក់ក្នុងពួក១២នាក់ឈ្មោះយូដាស-អ៊ីស្ការីយ៉ុត វាទៅឯពួកសង្គ្រាជសួរថា ១៥បើខ្ញុំបញ្ជូនអ្នកនោះមកលោក តើលោកនឹងឲ្យអ្វីដល់ខ្ញុំ រួចគេសំរេចនឹងឲ្យប្រាក់៣០រៀលដល់វា ១៦ចាប់តាំងពីវេលានោះមក វាក៏ចេះតែរកឱកាសនឹងបញ្ជូនទ្រង់ទៅ។ ១៧នៅថ្ងៃដំបូង ក្នុងបុណ្យនំប៉័ងឥតដំបែ នោះពួកសិស្សមកឯព្រះយេស៊ូវទូលថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា ១៨ទ្រង់ឆ្លើយថា ឲ្យចូលទៅក្នុងទីក្រុង ដល់ម្នាក់ណាមួយនោះ ហើយប្រាប់ថា លោកគ្រូមានប្រសាសន៍ថា កំណត់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងពួកសិស្សិខ្ញុំនៅផ្ទះអ្នក ១៩ដូច្នេះ ពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយគេរៀបចំធ្វើបុណ្យរំលង។

២០ដល់ល្ងាច ទ្រង់គង់នៅតុជាមួយនឹងពួក១២នាក់ ២១កាលកំពុងតែបរិភោគ នោះទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា មានម្នាក់នឹងបញ្ជូនខ្ញុំ ២២នោះគ្រប់គ្នាមានសេចក្តីព្រួយជាខ្លាំង ហើយចាប់តាំងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទូលបង្គំឬអី ២៣តែទ្រង់មានបន្ទូលឆ្លើយថា គឺជាអ្នកមួយ ដែលលូកដៃចុះក្នុងចានជាមួយនឹងខ្ញុំ អ្នកនោះឯងនឹងបញ្ជូនខ្ញុំទៅ ២៤ឯកូនមនុស្ស ត្រូវទៅមែន តាមសេចក្តីដែលបានចែងទុកពីដំណើរលោក ប៉ុន្តែវេទនាដល់អ្នកនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង ២៥នោះយូដាស ជាអ្នកដែលបញ្ជូនទ្រង់ វាចាប់ពាក្យទូលថា លោកគ្រូអើយ តើខ្ញុំឬអី ទ្រង់មានបន្ទូលទៅវាថា ត្រូវដូចអ្នកនិយាយហើយ។

២៦គ្រាដែលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំប៉័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ ២៧រួចទ្រង់យកពែងមកប្រទានពរក៏ហុចទៅឲ្យគេ ដោយបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ២៨ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប ២៩តែខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះតទៅមុខ ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី ជាមួយនឹងអ្នករាល់គ្នានៅក្នុងនគរព្រះវរបិតានៃខ្ញុំ ៣០រួចកាលបានច្រៀងទំនុកមួយហើយ នោះក៏នាំគ្នាចេញទៅឯភ្នំដើមអូលីវ។

៣១ខណនោះ ព្រះយេស៊ូវ ទ្រង់មានបន្ទូលទៅគេថា នៅវេលាយប់នេះឯង អ្នករាល់គ្នានឹងមានចិត្តរវាតចេញដោយព្រោះខ្ញុំ ដ្បិតមានសេចក្តីចែងទុកមកថា «អញនឹងវាយអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយទៅ» ៣២ប៉ុន្តែ កាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នា ៣៣ពេត្រុសទូលទ្រង់ថា ទោះបើមនុស្សទាំងអស់នឹងរវាតចិត្ត ដោយព្រោះទ្រង់ក៏ដោយ គង់តែទូលបង្គំមិនដូច្នោះទេ ៣៤ព្រះយេស៊ូវទ្រង់មានបន្ទូលទៅគាត់ថា ខ្ញុំប្រាប់អ្នកជាប្រាកដថា នៅវេលាយប់នេះ មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ ៣៥ពេត្រុសទូលតបថា ទោះបើទូលបង្គំត្រូវស្លាប់ជាមួយនឹងទ្រង់ក៏ដោយ គង់តែមិនព្រមថា មិនស្គាល់ទ្រង់ឡើយ ហើយពួកសិស្សទាំងអស់ក៏ថាឡើងដូចគ្នា។

៣៦នោះព្រះយេស៊ូវ ព្រមទាំងពួកសិស្ស ក៏ទៅដល់កន្លែងហៅថា ច្បារគែតសេម៉ានី ហើយទ្រង់មានបន្ទូលទៅគេថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំនឹងទៅអធិស្ឋាននៅឯណោះ ៣៧រួចទ្រង់យកពេត្រុស នឹងកូនសេបេដេទាំង២នាក់ ទៅជាមួយផង ទ្រង់ចាប់តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ៣៨ក៏មានបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះចាំយាមជាមួយនឹងខ្ញុំសិន ៣៩កាលទ្រង់បានយាងទៅមុខបន្តិចទៀត នោះទ្រង់ទំលាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ ៤០នោះទ្រង់យាងមកដល់ពួកសិស្ស ឃើញគេដេកលក់ ក៏មានបន្ទូលទៅពេត្រុសថា ដូច្នេះ តើអ្នករាល់គ្នាចាំយាមជាមួយនឹងខ្ញុំតែ១ម៉ោងមិនបានទេឬអី ៤១ចូរចាំយាម ហើយអធិស្ឋានចុះ ដើម្បីមិនឲ្យកើតសេចក្តីល្បួងនាំចិត្តឡើយ ឯវិញ្ញាណ ក៏ប្រុងជាស្រេចមែន តែសាច់ឈាមខ្សោយទេ ៤២កាលទ្រង់បានយាងទៅម្តងទៀត នោះក៏អធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាពែងនេះកន្លងហួសពីទូលបង្គំទៅពុំបាន លើកតែទូលបង្គំទទួល នោះសូមតាមព្រះហឫទ័យទ្រង់ចុះ ៤៣កាលទ្រង់បានយាងមកវិញ នោះក៏ឃើញពួកសិស្សដេកលក់ទៀត ដ្បិតភ្នែកគេធ្ងន់ជ្រប់ ៤៤រួចទ្រង់យាងចោលគេទៅម្តងទៀត នឹងអធិស្ឋានជាគំរប់៣ដង ដោយបន្ទូលជាសេចក្តីដដែល ៤៥នោះទ្រង់យាងមកឯពួកសិស្សមានបន្ទូលថា ឥឡូវនេះ អ្នករាល់គ្នាដេកលក់ ហើយសំរាកកំឡាំងទៀតឬ មើលកំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សមានបាប ៤៦ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំជិតមកដល់ហើយ។

៤៧កាលទ្រង់កំពុងតែមានបន្ទូលនៅឡើយ នោះឃើញយូដាស ជាម្នាក់ក្នុងពួក១២មកដល់ នាំទាំងហ្វូងមនុស្សជាធំ ដែលកាន់ដាវ កាន់ដំបង មកពីពួកសង្គ្រាជ នឹងពួកចាស់ទុំនៃបណ្តាជន ៤៨ឯអ្នកដែលបញ្ជូនទ្រង់ ក៏ប្រាប់ទីសំគាល់នេះដល់គេថា អ្នកណាដែលខ្ញុំថើប គឺអ្នកនោះហើយ ចូរចាប់វាចុះ ៤៩ស្រាប់តែវាមកដល់ព្រះយេស៊ូវ គំនាប់ទូលថា ជំរាបសួរលោកគ្រូ រួចក៏ថើបទ្រង់ ៥០តែព្រះយេស៊ូវទ្រង់មានបន្ទូលតបថា សំឡាញ់អើយ ឯងមកធ្វើអី នោះគេក៏មកលូកដៃចាប់ព្រះអង្គ ៥១ខណនោះ មានម្នាក់ដែលនៅជាមួយនឹងព្រះយេស៊ូវ គាត់លូកដៃទៅហូតដាវ កាប់ដាច់ស្លឹកត្រចៀករបស់បាវសំដេចសង្ឃម្នាក់ ៥២តែព្រះយេស៊ូវមានបន្ទូលទៅថា ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលយកដាវ នោះត្រូវស្លាប់ដោយដាវដែរ ៥៣តើអ្នកស្មានថា ខ្ញុំមិនអាចនឹងសូមដល់ព្រះវរបិតាខ្ញុំឥឡូវ ដែលទ្រង់នឹងចាត់ពួកទេវតា១២កងមកខ្ញុំជា១រំពេចទេឬអី ៥៤បើយ៉ាងនោះ ធ្វើដូចម្តេចនឹងបានសំរេចតាមគម្ពីរ ដែលថាត្រូវតែកើតមានដូច្នេះ។

៥៥នៅវេលានោះឯង ព្រះយេស៊ូវមានបន្ទូលទៅហ្វូងមនុស្សថា តើអ្នករាល់គ្នាបានចេញមកចាប់ខ្ញុំ ដោយកាន់ដាវ កាន់ដំបង ដូចជាមកចាប់ចោរឬអី ខ្ញុំបានអង្គុយជាមួយនឹងអ្នករាល់គ្នា ហើយបង្រៀនក្នុងព្រះវិហាររាល់តែថ្ងៃ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ ៥៦ប៉ុន្តែ ការទាំងនេះបានកើតមក ដើម្បីឲ្យបានសំរេចតាមទំនាយពួកហោរាវិញ នោះពួកសិស្សទាំងអស់ក៏រត់ចោលទ្រង់ទៅ។ ៥៧ឯពួកអ្នកដែលបានចាប់ព្រះយេស៊ូវ គេដឹកនាំទ្រង់ទៅឯលោក កៃផា ជាសំដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ នឹងពួកចាស់ទុំបានប្រជុំគ្នា ៥៨រីឯពេត្រុស គាត់តាមទ្រង់ពីចំងាយទៅ រហូតដល់ព្រះលាននៃសំដេចសង្ឃ ក៏ចូលទៅអង្គុយខាងក្នុង ជាមួយនឹងពួកអាជ្ញា ដើម្បីចង់ឃើញទីបំផុតនៃការនោះ។

៥៩ចំណែកពួកសង្គ្រាជ នឹងពួកចាស់ទុំ ហើយក្រុមជំនុំទាំងអស់គ្នា គេស្វែងរកសេចក្តីបន្ទាល់ក្លែងទាស់នឹងព្រះយេស៊ូវ ប្រយោជន៍ឲ្យបានសំឡាប់ទ្រង់ ៦០តែទោះបើមានស្មរបន្ទាល់ក្លែងក្លាយមកជាច្រើននាក់ក៏ដោយ គង់តែរកមិនបានសោះ ៦១តែក្រោយបង្អស់ មានស្មរបន្ទាល់២នាក់មកចោទថា អានេះបាននិយាយថា ខ្ញុំអាចនឹងបំផ្លាញព្រះវិហារចេញ ហើយនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃបាន ៦២នោះសំដេចសង្ឃក៏ក្រោកឡើងដណ្តឹងសួរទ្រង់ថា តើឯងមិនព្រមឆ្លើយសោះឬអី សេចក្តីដែលគេចោទប្រកាន់ឯងទាំងប៉ុន្មាននេះ តើយ៉ាងដូចម្តេច ៦៣ឯព្រះយេស៊ូវទ្រង់នៅតែស្ងៀម រួចសំដេចសង្ឃបង្គាប់ទ្រង់ថា ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ចុះ បើឯងជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះមែន នោះចូរប្រាប់យើងមក ៦៤ព្រះយេស៊ូវទ្រង់មានបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ ១ទៀតខ្ញុំប្រាប់អ្នករាល់គ្នាថា អំណឹះទៅមុខ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយ នៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយទាំងមកលើពពកនៅលើមេឃផង ៦៥នោះសំដេចសង្ឃក៏ហែកអាវខ្លួន ហើយនិយាយឡើងថា វាបានពោលពាក្យប្រមាថដល់ព្រះ ដូច្នេះតើយើងចាំបាច់ត្រូវការនឹងទីបន្ទាល់ណាថែមទៀត មើលអ្នករាល់គ្នាទើបនឹងឮពាក្យ ដែលវាប្រមាថនោះស្រាប់ហើយ ៦៦តើគិតយ៉ាងដូចម្តេច អ្នកទាំងនោះឆ្លើយឡើងថា វាគួរស្លាប់ហើយ ៦៧គេក៏ស្តោះដាក់ព្រះភក្ត្រ ហើយដាល់តប់ទ្រង់ មានអ្នកខ្លះទះទ្រង់ ទាំងទូលថា ៦៨ចូរទាយប្រាប់យើងចុះ ព្រះគ្រីស្ទអើយ តើអ្នកណាបានវាយឯង។

៦៩ឯពេត្រុស គាត់អង្គុយនៅក្នុងព្រះលានព្ធដ៏ខាងក្រៅ នោះមានបាវស្រីម្នាក់មកឯគាត់និយាយថា អ្នកឯងបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកកាលីឡេនេះដែរ ៧០តែគាត់ប្រកែកនៅមុខអ្នកទាំងអស់ថា ខ្ញុំមិនដឹងជាអ្នកថាអ្វីទេ ៧១កាលគាត់បានចេញទៅដល់មាត់ទ្វារហើយ នោះបាវស្រីម្នាក់ទៀតឃើញគាត់ ក៏ប្រាប់ដល់ពួកអ្នកនៅទីនោះថា អ្នកនេះបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកណាសារ៉ែតដែរ ៧២គាត់ក៏ប្រកែកម្តងទៀត ទាំងស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះទេ ៧៣ក្រោយបន្តិចមក ពួកអ្នកដែលនៅទីនោះ គេមកឯពេត្រុសចោទថា ឯងប្រាកដជាពួកមនុស្សនោះដែរ ដ្បិតសំដីឯងសពីខ្លួនឯងឲ្យដឹងហើយ ៧៤នោះគាត់ចាប់តាំងប្រមាថ ហើយស្បថថា ខ្ញុំមិនស្គាល់មនុស្សនោះទេ ស្រាប់តែមាន់ក៏រងាវឡើង ៧៥ពេត្រុសនឹកឃើញពីព្រះបន្ទូលនៃព្រះយេស៊ូវ ដែលទ្រង់ប្រាប់គាត់ថា មុនដែលមាន់រងាវ នោះអ្នកនឹងប្រកែក៣ដងថា មិនស្គាល់ខ្ញុំ រួចគាត់ក៏ចេញទៅដោយយំក្តួល។២៧ ១ដល់ព្រឹកឡើង ពួកសង្គ្រាជ នឹងពួកចាស់ទុំនៃបណ្តាជន គេពិគ្រោះគ្នាទាស់នឹងព្រះយេស៊ូវ ដើម្បីនឹងសំឡាប់ទ្រង់ ២ក៏ចងទ្រង់ដឹកបញ្ជូនទៅឯចៅហ្វាយស្រុកឈ្មោះ ប៉ុនទាស-ពីឡាត់។

៣កាលយូដាស ជាអ្នកបញ្ជូនទ្រង់ បានឃើញថា ទ្រង់ជាប់ទោសដូច្នោះ នោះវានឹកស្តាយ ក៏យកប្រាក់៣០ទៅឲ្យដល់ពួកសង្គ្រាជ នឹងពួកចាស់ទុំវិញ ៤ដោយពាក្យថា ខ្ញុំបានជាធ្វើបាប ដោយបញ្ជូនឈាមឥតមានទោសហួសទៅហើយ តែគេឆ្លើយថា តើនោះអំពល់អ្វីដល់យើង ការនោះស្រេចនៅឯងទេតើ ៥វាក៏បោះប្រាក់ចោលទៅក្នុងព្រះវិហារ រួចចេញទៅក្រៅអួលស្ទះស្លាប់ទៅ ៦ឯពួកសង្គ្រាជ គេរើសប្រាក់នោះមកនិយាយថា ប្រាក់នេះគ្មានច្បាប់នឹងដាក់ទុកក្នុងឃ្លាំងទេ ពីព្រោះជាថ្លៃឈាម ៧លុះគេបានពិគ្រោះគ្នាហើយ ក៏យកប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ទុកសំរាប់ជាទីកប់ខ្មោចនៃសាសន៍ដទៃវិញ ៨ដោយហេតុនោះបានជាគេហៅវាលនោះថា «វាលឈាម» ដរាបដល់សព្វថ្ងៃនេះ ៩នោះបានសំរេចតាមទំនាយ ដែលហោរាយេរេមា បានទាយទុកមកថា «គេបានយកប្រាក់៣០ជាដំឡៃព្រះអង្គ ដែលគេបានកាត់ថ្លៃឲ្យ គឺដែលពួកកូនចៅសាសន៍អ៊ីស្រាអែលបានកាត់ថ្លៃនោះ ១០ហើយគេឲ្យប្រាក់នោះទៅទិញដីវាលរបស់ជាងស្មូន ដូចជាព្រះអម្ចាស់ទ្រង់បានបង្គាប់ខ្ញុំ»។

១១ឯព្រះយេស៊ូវ ទ្រង់ឈរនៅមុខលោកចៅហ្វាយ ហើយលោកក៏ពិចារណាសួរទ្រង់ថា តើអ្នកជាស្តេចរបស់សាសន៍យូដាឬអី ព្រះយេស៊ូវ ទ្រង់មានបន្ទូលទៅលោកថា ត្រូវដូចលោកមានប្រសាសន៍ហើយ ១២តែកាលពួកសង្គ្រាជ នឹងពួកចាស់ទុំចោទប្រកាន់ទ្រង់ នោះទ្រង់មិនបានមានបន្ទូលឆ្លើយសោះ ១៣លោកពីឡាត់ក៏ទូលសួរទ្រង់ថា តើអ្នកមិនឮរឿងទាំងប៉ុន្មាន ដែលគេចោទប្រកាន់អ្នកទេឬអី ១៤តែព្រះយេស៊ូវ ទ្រង់មិនមានបន្ទូលឆ្លើយនឹងពាក្យណាមួយរបស់លោកសោះ បានជាលោកចៅហ្វាយឆ្ងល់ខ្លាំងណាស់។ ១៥ឯនៅបុណ្យនោះ លោកចៅហ្វាយតែងធ្លាប់លែងអ្នកទោសម្នាក់ ឲ្យដល់ហ្វូងមនុស្ស តាមគេសូម ១៦នៅគ្រានោះ គេមានអ្នកទោសម្នាក់ ដែលមានល្បីឈ្មោះៗបារ៉ាបាស ១៧ដូច្នេះ កាលគេបានប្រជុំគ្នាជាស្រេច នោះលោកពីឡាត់សួរថា តើអ្នករាល់គ្នាចង់ឲ្យខ្ញ្ញុំលែងឈ្មោះណា បារ៉ាបាស ឬយេស៊ូវ ដែលហៅថា ព្រះគ្រីស្ទ ១៨ដ្បិតលោកបានជ្រាបថា គេបញ្ជូនទ្រង់ដោយចិត្តឈ្នានីសទេ ១៩កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី នោះប្រពន្ធលោកប្រើបំរើមកជំរាបថា កុំឲ្យធ្វើអ្វីដល់មនុស្សសុចរិតនោះឡើយ ដ្បិតនៅថ្ងៃនេះ ខ្ញុំបានយល់សប្តិកើតទុក្ខជាច្រើន ដោយព្រោះមនុស្សនោះ ២០តែពួកសង្គ្រាជ នឹងពួកចាស់ទុំ គេបញ្ចោះហ្វូងមនុស្ស ឲ្យសូមបារ៉ាបាសវិញ ហើយឲ្យបំផ្លាញព្រះយេស៊ូវបង់ ២១នោះលោកចៅហ្វាយចាប់ពាក្យសួរគេថា ក្នុងមនុស្ស២នាក់នេះ តើចង់ឲ្យខ្ញុំលែងអ្នកណា គេឆ្លើយីឡើងថា សូមលែងបារ៉ាបាសចុះ ២២លោកពីឡាត់សួរគេថា ដូច្នេះ តើឲ្យខ្ញុំធ្វើអ្វីដល់យេស៊ូវ ដែលហៅជាព្រះគ្រីស្ទនេះ អ្នកទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឆ្កាងវាទៅ ២៣នោះលោកចៅហ្វាយសួរថា តើអ្នកនេះបានធ្វើខុសអ្វី តែគេស្រែកកាន់តែខ្លាំងឡើងថា ចូរឆ្កាងវាទៅ ២៤កាលលោកពីឡាត់ឃើញថា មិនឈ្នះទេ កើតមានកោលាហលកាន់តែខ្លាំងឡើងដូច្នោះ នោះលោកយកទឹកមកលាងដៃ នៅមុខហ្វូងមនុស្ស ទាំងមានប្រសាសន៍ថា ខ្ញុំគ្មានទោសនឹងឈាមនៃអ្នកសុចរិតនេះទេ ការនេះស្រេចនៅអ្នករាល់គ្នាចុះ ២៥បណ្តាជនទាំងអស់គ្នាក៏ឆ្លើយឡើងថា ចូរឲ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា នឹងកូនចៅរបស់យើងចុះ ២៦ដូច្នេះ លោកក៏លែងបារ៉ាបាសឲ្យដល់គេ ឯព្រះយេស៊ូវវិញ កាលគេបានវាយនឹងរំពាត់រួចហើយ នោះក៏បញ្ជូនទៅឲ្យគេឆ្កាងទ្រង់។

២៧នោះពួកទាហានរបស់លោកចៅហ្វាយ គេក៏នាំព្រះយេស៊ូវទៅក្នុងសាលា រួចប្រមូលក្រុមទាហានទាំងអស់មកទាស់នឹងទ្រង់ ២៨គេដោះព្រះពស្ត្រទ្រង់ចេញ ហើយយកអាវក្រហមមកបំពាក់វិញ ២៩ក៏ក្រងភួងបន្លាបំពាក់លើព្រះសិរទ្រង់ ហើយយកដើមត្រែងដាក់នៅព្រះហស្តស្តាំ រួចគេលុតជង្គង់នៅចំពោះទ្រង់ ទាំងពោលចំអកថា ថ្វាយបង្គំស្តេចសាសន៍យូដា ៣០គេស្តោះដាក់ទ្រង់ ក៏យកដើមត្រែងនោះវាយព្រះសិរផង ៣១កាលគេបានចំអកមើលងាយទ្រង់ស្រេចហើយ ក៏ដោះអាវនោះចេញ ហើយបំពាក់ព្រះពស្ត្រទ្រង់ទៅវិញ រួចនាំចេញទៅឆ្កាង។ ៣២កាលបានចេញទៅហើយ នោះគេប្រទះឃើញមនុស្សស្រុកគីរេនម្នាក់ឈ្មោះស៊ីម៉ូន ក៏ចាប់បង្ខំឲ្យលីឈើឆ្កាងទ្រង់ទៅ ៣៣លុះបានដល់កន្លែងហៅថា គាល់កូថា ដែលស្រាយថាភ្នំរលាក្បាល ៣៤នោះគេយកទឹកខ្មេះលាយនឹងប្រមាត់ថ្វាយទ្រង់សោយ តែកាលទ្រង់បានភ្លក់មើល នោះទ្រង់មិនព្រមសោយទេ ៣៥គ្រាបានឆ្កាងទ្រង់ហើយ នោះគេធ្វើឆ្នោតចាប់ចែកព្រះពស្ត្រទ្រង់ ដើម្បីឲ្យបានសំរេចតាមទំនាយ ដែលហោរាបានទាយទុកមកថា «គេបានយកអាវខ្ញុំចែកគ្នា ហើយបានធ្វើឆ្នោតចាប់យកអាវវែងខ្ញុំ» ៣៦គេអង្គុយចាំយាមទ្រង់នៅទីនោះ ៣៧ក៏បិទប្រកាសដែលកត់ទោសទ្រង់ ដាក់ពីលើព្រះសិរថា «នេះឈ្មោះយេស៊ូវ ជាស្តេចសាសន៏យូដា» ៣៨នៅវេលានោះ ក៏ឆ្កាងចោរ២នាក់ជាមួយនឹងទ្រង់ដែរ ១ខាងស្តាំ ហើយ១ខាងឆ្វេង។

៣៩ឯមនុស្សដែលដើរតាមទីនោះ គេជេរប្រមាថដល់ទ្រង់ ទាំងគ្រវីក្បាល ហើយនិយាយថា ៤០ឯងដែលបំផ្លាញព្រះវិហារ ហើយសង់ទ្បើងវិញក្នុងរវាង៣ថ្ងៃអើយ ចូរជួយសង្គ្រោះខ្លួនចុះ បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក ៤១ឯពួកសង្គ្រាជ ព្រមទាំងពួកអាចារ្យ នឹងពួកចាស់ទុំ គេក៏ចំអកឲ្យទ្រង់បែបដូច្នោះដែរដោយថា ៤២វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រាះដល់ខ្លួនវាបានទេ បើសិនណាវាជាស្តេចសាសន៍អ៊ីស្រាអែលមែន ចូរឲ្យវាចុះពីឈើឆ្កាងមក នោះយើងនឹងជឿដល់វា ៤៣វាបានទុកចិត្តនឹងព្រះ ដូច្នេះ បើព្រះសព្វព្រះហឫទ័យនឹងវា សូមទ្រង់ជួយដោះវាឥឡូវចុះ ដ្បិតវាបានថា ខ្ញុំជាព្រះរាជបុត្រានៃព្រះ ៤៤ហើយចោរ២នាក់ ដែលត្រូវឆ្កាងជាមួយនឹងទ្រង់ គេក៏ស្តីឲ្យទ្រង់ដូច្នោះដែរ។

៤៥តាំងពីថ្ងៃត្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាបគ្របពេញលើផែនដី ៤៦ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ ៤៧មានអ្នកខ្លះដែលឈរនៅទីនោះ កាលគេបានឮ នោះក៏និយាយថា វាស្រែកហៅរកលោកអេលីយ៉ាហើយ ៤៨ស្រាប់តែមានម្នាក់រត់ទៅ យកសារាយរំហួត ជ្រលក់ទឹកខ្មេះជោកដាក់នឹងចុងដើមត្រែង ហុចទៅថ្វាយទ្រង់សោយ ៤៩តែអ្នកឯទៀតនិយាយថា ឈប់សិន ចាំមើល បើលោកអេលីយ៉ាមកជួយសង្គ្រោះវា។

៥០កាលព្រះយេស៊ូវ ទ្រង់បានស្រែកជាខ្លាំងម្តងទៀត នោះទ្រង់ប្រគល់វិញ្ញាណទ្រង់ទៅវិញ ៥១គ្រានោះ វាំងននក្នុងព្រះវិហារក៏រហែកជា២ភាគ ចាប់តាំងពីលើចុះទៅដល់ក្រោម ក៏មានកក្រើកដី ហើយថ្មប្រេះដាច់ពីគ្នា ៥២អស់ទាំងផ្នូរខ្មោចក៏របើកឡើង ឯខ្មោចពួកអ្នកបរិសុទ្ធ ដែលដេកលក់ទៅហើយ បានរស់ឡើងវិញជាច្រើន ៥៣ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ លេចមកឲ្យមនុស្សជាច្រើនឃើញដែរ ៥៤ឯមេទ័ពនឹងពួកអ្នកដែលចាំយាមព្រះយេស៊ូវជាមួយគ្នា កាលបានឃើញកក្រើកដី នឹងការទាំងប៉ុន្មាន ដែលកើតមកដូច្នោះ នោះក៏ភ័យញ័រជាខ្លាំងគាត់និយាយថា នេះពិតជាព្រះរាជបុត្រានៃព្រះមែន ៥៥នៅទីនោះក៏មានស្ត្រីជាច្រើនដែលមកតាមព្រះយេស៊ូវ ពីស្រុកកាលីឡេ ដើម្បីបំរើទ្រង់ គេឈរមើលពីចំងាយ ៥៦ក្នុងពួកស្ត្រីនោះ មានម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា១ ម៉ារាជាម្តាយយ៉ាកុប នឹងយ៉ូសេ១ ហើយនឹងប្រពន្ធរបស់សេបេដេ១។

៥៧ដល់ល្ងាច មានមនុស្សអ្នកមានម្នាក់ ជាសិស្សព្រះយេស៊ូវ ឈ្មោះយ៉ូសែប ដែលនៅភូមិអើរីម៉ាថេ គាត់មកដល់ ៥៨បានទៅឯលោកពីឡាត់ សូមព្រះសពព្រះយេស៊ូវ លោកពីឡាត់ក៏បង្គាប់ឲ្យប្រគល់ព្រះសពដល់គាត់ ៥៩រួចកាលយ៉ូសែបបានយកព្រះសពមក នោះក៏រុំនឹងសំពត់ទេសឯកយ៉ាងស្អាត ៦០ហើយបញ្ជុះក្នុងផ្នូរថ្មី ដែលគាត់បានដាប់ក្នុងថ្ម កាលគាត់បានប្រមៀលថ្ម១យ៉ាងធំទៅបិទមាត់ផ្នូរហើយ នោះក៏ចេញទៅបាត់ ៦១ឯម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នឹងម៉ារា១ ទៀត ក៏នៅទីនោះអង្គុយប្រឈមនឹងផ្នូរ។

៦២កាលស្អែកឡើង ក្រោយថ្ងៃរៀបបុណ្យ នោះពួកសង្គ្រាជ នឹងពួកផារិស៊ី គេមូលគ្នាទៅឯលោកពីឡាត់ជំរាបថា ៦៣លោក យើងខ្ញុំនឹកចាំពីពាក្យដែលអាកំភូតនោះបាននិយាយ ពីកាលនៅរស់នៅឡើយថា ក្រោយមក៣ថ្ងៃ ខ្ញុំនឹងរស់ឡើងវិញ ៦៤ដូច្នេះ សូមលោកបង្គាប់ឲ្យគេប្រុងប្រយ័តផ្នូរនោះ ដរាបដល់គំរប់៣ថ្ងៃ ក្រែងពួកសិស្សរបស់វាមកលួចយកខ្មោចវាទាំងយប់ទៅ រួចប្រាប់ដល់បណ្តាជនថា វាបានរស់ពីស្លាប់ឡើងវិញហើយ បើយ៉ាងនោះ សេចក្តីកំភូតជាន់ក្រោយនេះ នឹងបានអាក្រក់ជាងជាន់មុនទៅទៀត ៦៥លោកពីឡាត់មានប្រសាសន៍ទៅគេថា អ្នករាល់គ្នាមានអ្នកយាមល្បាតស្រាប់ហើយ ដូច្នេះ ចូរទៅរក្សាឲ្យមាំមួនតាមចិត្តចុះ ៦៦រួចគេក៏ទៅបិទចំណាំធ្វើឲ្យមាំមួន ហើយដាក់គ្នាឲ្យចាំយាមផង។២៨ ១ក្រោយថ្ងៃឈប់សំរាក កាលរៀបនឹងចូលថ្ងៃទី១ក្នុងអាទិត្យនោះ ម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នឹងម៉ារា១ទៀត ក៏នាំគ្នាទៅមើលផ្នូរ ២នោះមានកក្រើកដីជាខ្លាំង ដ្បិតមានទេវតានៃព្រះអម្ចាស់ ចុះពីលើមេឃមកប្រមៀលថ្មចេញពីផ្នូរ ហើយក៏អង្គុយលើ ៣សណ្ឋានរបស់ទេវតានោះដូចផ្លេកបន្ទោរ ហើយសំលៀកបំពាក់ក៏សស្គុសដូចហិមៈ ៤ពួកយាមល្បាតក៏ញ័ររន្ធត់ ដោយភ័យខ្លាចទេវតា ហើយត្រឡប់ដូចជាមនុស្សស្លាប់ ៥តែទេវតានិយាយនឹងស្ត្រី២នាក់ថា កុំឲ្យភ័យអី ដ្បិតខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលត្រូវឆ្កាង ៦តែទ្រង់មិនគង់នៅទីនេះទេ ដ្បិតទ្រង់មានព្រះជន្មរស់ឡើងវិញហើយ ដូចជាទ្រង់បានមានបន្ទូលទុក ចូរមកមើលកន្លែងដែលទ្រង់បានផ្ទំចុះ ៧រួចទៅឲ្យឆាប់ ប្រាប់ដល់ពួកសិស្សទ្រង់ថា ទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញហើយ មើល ទ្រង់យាងទៅឯស្រុកកាលីឡេ មុនអ្នករាល់គ្នាៗនឹងឃើញទ្រង់នៅស្រុកនោះ នែ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ៨ស្ត្រី២នាក់នោះ ក៏ដើរចេញពីផ្នូរជាប្រញាប់ទាំងភ័យ ហើយមានសេចក្តីអំណរជាខ្លាំងផង ក៏រត់ទៅប្រាប់ដល់ពួកសិស្សទ្រង់ ៩តែកាលនាងកំពុងតែទៅ នោះព្រះយេស៊ូវទ្រង់យាងមកចួបនឹងនាង មានបន្ទូលថា ជំរាបសួរ រួចអ្នកទាំង២ក៏ចូលទៅ ឱបព្រះបាទថ្វាយបង្គំទ្រង់ ១០នោះព្រះយេស៊ូវទ្រង់មានបន្ទូលទៅនាងថា កុំខ្លាចអី ចូរទៅប្រាប់ដល់បងប្អូនខ្ញុំផង ឲ្យគេទៅឯស្រុកកាលីឡេទៅ គេនឹងឃើញខ្ញុំនៅស្រុកនោះហើយ។

១១កាលនាងកំពុងតែទៅ នោះពួកយាមល្បាតខ្លះក៏ចូលទៅក្នុងទីក្រុង ជំរាបដល់ពួកសង្គ្រាជ ពីការទាំងប៉ុន្មានដែលកើតមក ១២រួចកាលអ្នកទាំងនោះ នឹងពួកចាស់ទុំបានប្រជុំ ហើយពិគ្រោះគ្នា នោះគេយកប្រាក់ជាច្រើនទៅសូកដល់ពួកទាហាន ១៣ដោយពាក្យថា ចូរឯងរាល់គ្នានិយាយថា ក្នុងកាលដែលយើងខ្ញុំកំពុងតែដេកលក់ នោះពួកសិស្សរបស់វា បានមកលួចយកខ្មោចវា ទាំងយប់បាត់ទៅហើយ ១៤បើសេចក្តីនោះឮទៅដល់លោកចៅហ្វាយ នោះយើងនឹងទៅពន្យល់លោក ឲ្យឯងរាល់គ្នាបានរួចពីទោស ១៥គេទទួលប្រាក់នោះ ហើយក៏ធ្វើតាមបង្គាប់បានជារឿងនោះឮខ្ចរខ្ចាយ ទួទៅគ្រប់ក្នុងសាសន៍យូដា ដរាបដល់សព្វថ្ងៃនេះ។

១៦ឯពួកសិស្សទាំង១១នាក់ គេទៅឯស្រុកកាលីឡេ ដល់ភ្នំដែលព្រះយេស៊ូវបានប្រាប់ ១៧កាលគេឃើញទ្រង់ នោះក៏ថ្វាយបង្គំ តែមានអ្នកខ្លះមានសេចក្តីសង្ស័យ ១៨ឯព្រះយេស៊ូវ ទ្រង់យាងមកមានបន្ទូលនឹងគេថា គ្រប់ទាំងអំណាចបានប្រគល់មកខ្ញុំនៅលើស្ថានសួគ៌ ហើយលើផែនដីផង ១៩ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ២០ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្តី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប។ អាម៉ែន៕ ៚AMAZING GRACE BIBLE INSITIUTE