Get the DaunPhen font >> HERE <<.


សំបុត្ររបស់ប៉ុល

ដល់ពួក

ភីលីព


១ ១សំបុត្រប៉ុល នឹងធីម៉ូថេ ជាបាវបំរើរបស់ព្រះយេស៊ូវគ្រីស្ទ យើងខ្ញុំផ្ញើមកពួកបរិសុទ្ធទាំងអស់ ក្នុងព្រះគ្រីស្ទយេស៊ូវ ដែលនៅក្រុងភីលីព ព្រមទាំងពួកអ្នកត្រួតត្រានឹងពួកជំនួយផង ២សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ នឹងសេចក្តីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា ហើយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។

៣ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ ដោយព្រោះគ្រប់ទាំងសេចក្តី ដែលខ្ញុំនឹកចាំពីអ្នករាល់គ្នា ៤ខ្ញុំក៏ទូលអង្វរឲ្យអ្នករាល់គ្នា ដោយអំណរនៅគ្រប់វេលា ដែលខ្ញុំអធិស្ឋានជានិច្ច ៥ដោយព្រោះចំណែកដែលអ្នករាល់គ្នាបានជួយក្នុងដំណឹងល្អ ចាប់តាំងពីថ្ងៃមុនដំបូងដរាបដល់ឥឡូវនេះ ៦ខ្ញុំជឿសេចក្តីនេះជាយ៉ាងជាក់ថា ព្រះអង្គ ដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ ៧គួរគប្បីឲ្យខ្ញុំគិតពីអ្នករាល់គ្នាដូច្នេះដែរ ពីព្រោះអ្នករាល់គ្នានឹកពីខ្ញុំនៅជាប់ក្នុងចិត្តជានិច្ច ទោះបើខ្ញុំជាប់ចំណង ឬកំពុងតែដោះសា ហើយបញ្ជាក់ដំណឹងល្អក្តី ដ្បិតអ្នករាល់គ្នាមានសេចក្តីប្រកបក្នុងព្រះគុណជាមួយនឹងខ្ញុំដែរ ៨ព្រះទ្រង់ជាស្មរបន្ទាល់ពីខ្ញុំថា ខ្ញុំរឭកដល់អ្នករាល់គ្នាជាខ្លាំង ដោយព្រះហឫទ័យសន្តោសនៃព្រះយេស៊ូវគ្រីស្ទ ៩ខ្ញុំក៏អធិស្ឋានសូមសេចក្តីនេះ គឺឲ្យសេចក្តីស្រឡាញ់របស់អ្នករាល់គ្នា បានចំរើនកាន់តែច្រើនឡើង ដោយនូវសេចក្តីចេះដឹង នឹងយោបល់គ្រប់ជំពូក ១០ប្រយោជន៍ឲ្យអ្នករាល់គ្នាបានលមើល ឲ្យស្គាល់អស់ទាំងសេចក្តីដែលប្រសើរ ដើម្បីឲ្យបានជ្រះថ្លា ហើយឥតធ្វើឲ្យអ្នកណាអាក់អន់ចិត្តឡើយ ដរាបដល់ថ្ងៃនៃព្រះគ្រីស្ទ ១១ព្រមទាំងមានពេញជាផលនៃសេចក្តីសុចរិត ដែលមកដោយសារព្រះយេស៊ូវគ្រីស្ទសំរាប់ជាសិរីល្អ ហើយជាសេចក្តីសរសើរដល់ព្រះផង។

១២បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ ១៣ដល់ម៉្លេះបានជានៅពេញក្នុងផ្ទៃវាំង នឹងគ្រប់កន្លែងឯទៀត គេបានដឹងច្បាស់ថា ខ្ញុំជាប់ចំណងនេះដោយព្រោះព្រះគ្រីស្ទ ១៤ហើយពួកបងប្អូនច្រើនគ្នាក្នុងព្រះអម្ចាស់ ក៏បានសង្ឃឹមឡើងដោយសារចំណងខ្ញុំ ហើយគេហ៊ានផ្សាយព្រះបន្ទូលកាន់តែច្រើនឡើង ដោយឥតភ័យខ្លាច ១៥មានខ្លះសំដែងពីព្រះគ្រីស្ទ ដោយចិត្តឈ្នានីស ហើយចង់ឈ្លោះប្រកែកមែន តែខ្លះ ដោយចិត្តស្មោះសរវិញ ១៦ឯពួកមួយគេសំដែងពីព្រះគ្រីស្ទ ដោយចិត្តទទឹងមិនមែនដោយចិត្តស្អាតទេ នោះគឺដោយស្មានថា គេនឹងបន្ថែមសេចក្តីទុក្ខលំបាកដល់ចំណងខ្ញុំទៀត ១៧ឯពួកមួយទៀត គេប្រព្រឹត្តដោយស្រឡាញ់វិញ ដោយដឹងថាខ្ញុំបានតាំងឡើង សំរាប់ដោះសាពីដំណឹងល្អ ១៨ចុះតើអំពល់អ្វី ទោះបើយ៉ាងណាក៏ដោយ ទោះដោយពើ ឬដោយសេចក្តីស្មោះក្តី គង់តែគេសំដែងពីព្រះគ្រីស្ទដែរ ដូច្នេះ ខ្ញុំមានសេចក្តីអំណរណាស់ ក៏នឹងចេះតែមានអំណរតទៅមុខទៀត ១៩ដ្បិតខ្ញុំដឹងថា ការនេះនឹងបានត្រឡប់ជាសេចក្តីសង្គ្រោះដល់ខ្ញុំវិញ ដោយអ្នករាល់គ្នាអធិស្ឋានឲ្យខ្ញុំ ហើយដោយព្រះទ្រង់ប្រទានព្រះវិញ្ញាណ នៃព្រះយេស៊ូវគ្រីស្ទមកជួយផង ២០តាមសេចក្តីដែលខ្ញុំទន្ទឹងចាំ ហើយសង្ឃឹមអស់ពីចិត្តថា ខ្ញុំមិនត្រូវខ្មាសក្នុងការអ្វីឡើយ គឺឲ្យតែខ្ញុំបានដំកើងព្រះគ្រីស្ទក្នុងរូបកាយខ្ញុំវិញ ដោយចិត្តក្លាហានគ្រប់ជំពូក ក្នុងពេលឥឡូវនេះចុះ ដូចជាពីដើមរៀងមកដែរ ទោះរស់ឬស្លាប់ក្តី ២១ដ្បិតឯខ្ញុំ ដែលខ្ញុំរស់នៅ នោះគឺសំរាប់ព្រះគ្រីស្ទទេ ហើយដែលស្លាប់ទៅ នោះជាកំរៃវិញ ២២ប៉ុន្តែបើរស់ខាងឯសាច់ឈាម នឹងនាំឲ្យការខ្ញុំកើតផលនោះខ្ញុំមិនដឹងរើសយកខាងណាទេ ២៣ខ្ញុំមានសេចក្តីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង ២៤តែបើខ្ញុំនៅក្នុងសាច់ឈាមតទៅទៀត នោះមានប្រយោជន៍ដល់អ្នករាល់គ្នាជាជាង ២៥ហើយដោយហេតុដែលខ្ញុំជឿសេចក្តីនោះយ៉ាងពិតប្រាកដ បានជាខ្ញុំដឹងថាខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាតទៅទៀត ប្រយោជន៍ឲ្យអ្នករាល់គ្នាមានជំនឿនជឿនឡើង ហើយឲ្យមានសេចក្តីអំណរ ដោយសារសេចក្តីជំនឿផង ២៦ដើម្បីឲ្យអ្នករាល់គ្នាបានអួតពីខ្ញុំ ក្នុងព្រះគ្រីស្ទយេស៊ូវកាន់តែច្រើនឡើង ដោយខ្ញុំមកនៅជាមួយនឹងអ្នករាល់គ្នាម្តងទៀត ២៧ប៉ុន្តែ ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ ដើម្បីកាលណាខ្ញុំមកសួរ ឬនៅឃ្លាតពីអ្នករាល់គ្នាក្តី នោះគង់តែនឹងបានឮនិយាយពីដំណើរអ្នករាល់គ្នាថា អ្នករាល់គ្នាបានឈរមាំមួនហើយ ព្រមទាំងមានចិត្តមានគំនិតតែ១ ដើម្បីនឹងតតាំងជាមួយគ្នា ដោយនូវសេចក្តីជំនឿខាងឯដំណឹងល្អផង ២៨ឥតមានភ័យខ្លាច ចំពោះពួកទាស់ទទឹងក្នុងការអ្វីឡើយ ដំណើរនោះឯង នឹងសំដែងពីសេចក្តីហិនវិនាសរបស់គេ តែពីសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នាវិញ ដែលសេចក្តីនោះបានមកពីព្រះផង ២៩ដ្បិតមានឱកាសបើកឲ្យអ្នករាល់គ្នា ហើយមិនមែនឲ្យគ្រាន់តែជឿដល់ព្រះគ្រីស្ទតែប៉ុណ្ណោះទេ គឺឲ្យរងទុក្ខដោយព្រោះទ្រង់ដែរ ៣០ទាំងកើតមានសេចក្តីតតាំងដដែល ដែលឃើញខ្ញុំមាន ហើយឥឡូវនេះឮថាខ្ញុំមានទៀត។



២ ១ដូច្នេះ បើសិនជាមានសេចក្តីដាស់តឿនណាក្នុងព្រះគ្រីស្ទ ឬសេចក្តីកំសាន្តណារបស់ផងសេចក្តីស្រលាញ់ ឬសេចក្តីប្រកបណាផងព្រះវិញ្ញាណ ឬសេចក្តីថ្និតថ្នម នឹងសេចក្តីអាណិតអាសូរណា ២នោះចូរបំពេញសេចក្តីអំណររបស់ខ្ញុំ ដោយអ្នករាល់គ្នាមានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១ ដូចគ្នាចុះ ៣កុំឲ្យធ្វើអ្វី ដោយទាស់ទែងគ្នា ឬដោយសេចក្តីអំនួតឥតប្រយោជន៍ឡើយ តែចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ ៤កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង ៥ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ៦ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ គង់តែមិនបានរាប់សេចក្តីដែលស្មើនឹងព្រះនោះ ទុកជាសេចក្តីដែលគួរកាន់ខ្ជាប់ឡើយ ៧គឺទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ ព្រមទាំងប្រសូតមកមានរូបជាមនុស្សផង ៨ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់លើឈើឆ្កាងផង ៩ដោយហេតុនោះបានជាព្រះបានលើកទ្រង់ឡើងយ៉ាងខ្ពស់ ហើយបានប្រទានឲ្យមាននាមដ៏ប្រសើរ លើសជាងអស់ទាំងនាមផង ១០ដើម្បីកាលណាឮព្រះនាមព្រះយេស៊ូវ នោះឲ្យគ្រប់ទាំងជង្គង់នៅស្ថានសួគ៌ នៅផែនដីហើយនៅក្រោមផែនដីត្រូវលុតចុះ ១១ហើយឲ្យគ្រប់ទាំងអណ្តាតបានថ្លែងប្រាប់ថា ព្រះយេស៊ូវគ្រីស្ទទ្រង់ជាព្រះអម្ចាស់ សំរាប់ជាសិរីល្អដល់ព្រះដ៏ជាព្រះវរបិតា។

១២បានជា ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយសេចក្តីសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាចហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំជាដរាបរៀងមកដែរ មិនមែនតែកាលខ្ញុំនៅជាមួយប៉ុណ្ណោះទេ សូម្បីឥឡូវនេះដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង ១៣ដ្បិតគឺជាព្រះហើយ ដែលបណ្តាលចិត្តអ្នករាល់គ្នា ឲ្យមានទាំងចំណង់ចង់ធ្វើ ហើយឲ្យបានប្រព្រឹត្តតាមបំណងព្រះហឫទ័យទ្រង់ដែរ ១៤ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក ១៥ប្រយោជន៍ឲ្យអ្នករាល់គ្នាបានឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាននៅក្នុងដំណមនុស្សវៀច ហើយខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្តាលគេ ដូចជាតួពន្លឺនៅក្នុងលោក ១៦ទាំងហុចព្រះបន្ទូលនៃជីវិតដល់គេ ដើម្បីដល់ថ្ងៃនៃព្រះគ្រីស្ទ នោះឲ្យខ្ញុំបានសេចក្តីអំនួតអួតថា ខ្ញុំមិនបានរត់ ឬខំប្រឹងធ្វើការជាឥតប្រយោជន៍ឡើយ ១៧ប៉ុន្តែ បើសិនជាត្រូវច្រួចខ្ញុំចេញលើយញ្ញបូជា នឹងការជំនួយរបស់សេចក្តីជំនឿនៃអ្នករាល់គ្នា នោះខ្ញុំក៏អរ ហើយមានសេចក្តីអំណរជាមួយនឹងអ្នករាល់គ្នាទាំងអស់ដែរ ១៨ចូរឲ្យអ្នករាល់គ្នាមានសេចក្តីអំណរយ៉ាងនោះ ហើយអរសប្បាយ ជាមួយនឹងខ្ញុំផង។

១៩ខ្ញុំសង្ឃឹម ដោយនូវព្រះអម្ចាស់យេស៊ូវថា បន្តិចទៀត ខ្ញុំនឹងចាត់ធីម៉ូថេមកឯអ្នករាល់គ្នា ដើម្បីឲ្យខ្ញុំបានក្សាន្តចិត្តឡើង ដោយបានដឹងរឿងពីអ្នករាល់គ្នា ២០ដ្បិតខ្ញុំគ្មានអ្នកណាមានគំនិតដូចជាគាត់ ដែលនឹងយកចិត្តទុកដាក់ក្នុងការរបស់អ្នករាល់គ្នា ដោយស្មោះត្រង់នោះទេ ២១ពីព្រោះមនុស្សទាំងអស់ គេរកតែប្រយោជន៍ផ្ទាល់ខ្លួន មិនរកប្រយោជន៍ដល់ព្រះយេស៊ូវគ្រីស្ទទេ ២២តែអ្នករាល់គ្នាស្គាល់កិរិយារបស់គាត់ហើយ ថាគាត់បានបំរើនៅជាមួយនឹងខ្ញុំក្នុងដំណឹងល្អ ដូចជាកូនបំរើឪពុក ២៣ដូច្នេះ កាលណាខ្ញុំបានឃើញថា រឿងខ្ញុំនឹងសំរេចជាយ៉ាងណានោះខ្ញុំសង្ឃឹមថា នឹងចាត់គាត់មកភ្លាម ២៤ហើយខ្ញុំជឿប្រាកដ ដោយសារព្រះអម្ចាស់ថា បន្តិចទៀត ខ្លួនខ្ញុំនឹងមកដែរ។

២៥ខ្ញុំបានយល់ឃើញថា ត្រូវចាត់អេប៉ាប្រូឌីតមកឯអ្នករាល់គ្នាដែរ គាត់ជាបងប្អូន ជាគូកនធ្វើការ ហើយធ្វើទាហានជាមួយនឹងខ្ញុំ ដែលអ្នករាល់គ្នាបានចាត់គាត់ទៅ ឲ្យជួយផ្គត់ផ្គង់សេចក្តីដែលខ្ញុំត្រូវការ ២៦គាត់រឭកដល់អ្នករាល់គ្នាជាខ្លាំង ហើយមានចិត្តព្រួយណាស់ ដោយព្រោះអ្នករាល់គ្នាបានឮថា គាត់ឈឺ ២៧គាត់បានឈឺមែនស្ទើរតែនឹងស្លាប់ផង តែព្រះទ្រង់អាណិតមេត្តាដល់គាត់មិនមែនដល់គាត់តែ១ គឺដល់ខ្ញុំដែរ ដើម្បីមិនឲ្យខ្ញុំកើតទុក្ខជាខ្ជាន់ៗឡើយ ២៨ដូច្នេះ ខ្ញុំបានចាត់គាត់ឲ្យមកជាប្រញាប់ ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីអំណរ ដោយឃើញគាត់ ហើយឲ្យខ្ញុំបានអន់ព្រួយដែរ ២៩ចូរទទួលគាត់ក្នុងព្រះអម្ចាស់ ដោយអំណរគ្រប់ជំពូក ហើយរាប់អានមនុស្សយ៉ាងនោះចុះ ៣០ដ្បិតដែលគាត់ស្ទើរតែនឹងស្លាប់នោះ គឺដោយព្រោះតែការរបស់ព្រះគ្រីស្ទទេ គាត់បានប្រថុយជីវិត ដើម្បីនឹងបំពេញសេចក្តីណាដែលអ្នករាល់គ្នាត្រូវជួយដល់ខ្ញុំ។



៣ ១មួយសោតទៀត បងប្អូនអើយ ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ ឯការដែលសរសេរសេចក្តីដដែលៗ ផ្ញើមកអ្នករាល់គ្នា នោះមិនមែនធុញទ្រាន់ដល់ខ្ញុំទេ តែជាការមានប្រយោជន៍ដល់អ្នករាល់គ្នាដែរ ២ចូរប្រយ័តនឹងពួកឆ្កែ ហើយនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់ ព្រមទាំងពួកកាត់ស្បែកក្លែងក្លាយផង ៣ដ្បិតយើងរាល់គ្នាដែលបំរើព្រះដោយវិញ្ញាណ ហើយអួតតែពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនឹងសាច់ឈាមឡើយ នោះយើងជាពួកកាត់ស្បែកដ៏ពិត ៤ប៉ុន្តែ ខ្ញុំមានកន្លែងទុកចិត្តខាងសាច់ឈាមខ្លះបានដែរ បើមានអ្នកណាទៀតស្មានថា ខ្លួនទុកចិត្តខាងសាច់ឈាមបាន នោះខ្ញុំក៏លើសទៅទៀត ៥ដ្បិតខ្ញុំបានទទួលកាត់ស្បែកនៅថ្ងៃទី៨ ខ្ញុំជាសាសន៍អ៊ីស្រាអែល ក្នុងពូជអំបូរបេនយ៉ាមីន ជាអ្នកហេព្រើរ កើតពីពួកហេព្រើរ ឯខាងក្រិត្យវិន័យ នោះខ្ញុំជាពួកផារិស៊ី ៦ខាងឯសេចក្តីឧស្សាហ៍ នោះខ្ញុំជាអ្នកដែលបានធ្វើទុក្ខបៀតបៀនដល់ពួកជំនុំ ចំណែកខាងសេចក្តីសុចរិតក្នុងក្រិត្យវិន័យ នោះខ្ញុំគ្មានទោសសោះ ៧ប៉ុន្តែ សេចក្តីអ្វីដែលមានប្រយោជន៍ដល់ខ្ញុំពីមុន នោះខ្ញុំបានរាប់ជាខាតវិញ ដោយព្រោះព្រះគ្រីស្ទ ៨ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ ៩ហើយឲ្យគេបានឃើញខ្ញុំនៅក្នុងទ្រង់ ដោយសេចក្តីសុចរិតដែលមកពីសេចក្តីជំនឿដល់ព្រះគ្រីស្ទ មិនមែនដោយសេចក្តីសុចរិតរបស់ខ្លួនខ្ញុំ ដែលមកពីក្រិត្យវិន័យនោះទេ គឺជាសេចក្តីសុចរិតដែលមកពីព្រះ ដោយសេចក្តីជំនឿវិញ ១០ដើម្បីឲ្យខ្ញុំបានស្គាល់ទ្រង់ នឹងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនឹងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ព្រមទាំងត្រឡប់ទៅដូចជាទ្រង់ក្នុងសេចក្តីស្លាប់ផង ១១នោះគឺបើសិនជាមានផ្លូវណា ឲ្យខ្ញុំបានមកដល់សេចក្តីរស់ពីស្លាប់ឡើងវិញ ១២មិនមែនថា ខ្ញុំបានទទួល ឬថាខ្ញុំបានគ្រប់លក្ខណ៍ហើយនោះទេ តែខ្ញុំកំពុងតែដេញតាមសង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ។

១៣បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្តីនេះ១ គឺថា ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ១៤ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ ១៥ដូច្នេះ យើងទាំងអស់គ្នាដែលគ្រប់លក្ខណ៍ហើយ យើងត្រូវមានគំនិតយ៉ាងនោះឯង តែបើអ្នករាល់គ្នាមានគំនិតណាផ្សេងក្នុងការអ្វី នោះព្រះទ្រង់នឹងសំដែងឲ្យអ្នករាល់គ្នាបានឃើញសេចក្តីនេះដែរ ១៦ប៉ុន្តែ ទោះបើបានដល់ទីណាក៏ដោយ គង់តែត្រូវឲ្យយើងកាន់តាមច្បាប់នោះឯង។

១៧បងប្អូនអើយ ចូរត្រាប់តាមខ្ញុំគ្រប់គ្នា ហើយពិចារណាមើលឲ្យស្គាល់ពួកអ្នក ដែលដើរដូចជាយើងខ្ញុំបានធ្វើក្បួនឲ្យអ្នករាល់គ្នាហើយ ១៨ដ្បិតមានមនុស្សជាច្រើន ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាជាញយៗ ហើយឥឡូវនេះ ក៏ប្រាប់ទាំងស្រក់ទឹកភ្នែកទៀតថា គេជាខ្មាំងសត្រូវនឹងឈើឆ្កាងព្រះគ្រីស្ទទេ ១៩ចុងបំផុតរបស់គេជាសេចក្តីហិនវិនាស គេយកពោះគេទុកជាព្រះ ហើយយកសេចក្តីគួរខ្មាសរបស់គេ ទុកជាសិរីល្អវិញ គេនឹកតែពីរបស់នៅផែនដីនេះ ២០ឯយើងរាល់គ្នា យើងជាសាសន៍ស្ថានសួគ៌វិញ ក៏នៅចាំព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះ ទ្រង់យាងមកពីស្ថាននោះឯង ២១ដែលទ្រង់នឹងបំផ្លាស់បំប្រែរូបកាយទាបថោករបស់យើង ឲ្យត្រឡប់ដូចជារូបអង្គឧត្តមរបស់ទ្រង់ តាមដែលព្រះចេស្តាទ្រង់ពូកែនឹងបញ្ចុះបញ្ចូលគ្រប់ទាំងអស់ នៅក្រោមអំណាចទ្រង់ផង។



៤ ១ដូច្នេះ បងប្អូន ជាពួកស្ងួនភ្ងា ហើយជាទីរឭក ជាទីត្រេកអរ ហើយជាមកុដរបស់ខ្ញុំអើយ ចូរឈរឲ្យមាំមួនក្នុងព្រះអម្ចាស់ចុះ ឱពួកស្ងន្ងួភ្ងាអើយ ២ខ្ញុំសូមទូន្មានដល់នាងអ៊ើរ៉ូឌា នឹងនាងស៊ុនទីចដែរ ឲ្យមូលគំនិតតែ១ ក្នុងព្រះអម្ចាស់ ៣ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំង២នោះ ដែលបានតតាំងជាមួយនឹងខ្ញុំ ក្នុងដំណឹងល្អផង ហើយនឹងអ្នកក្លេមេន នឹងគូកនខ្ញុំឯទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ។ ៤ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្តងទៀតថា ចូរអរសប្បាយឡើង ៥ចូរសំដែងឲ្យមនុស្សទាំងអស់ បានស្តាប់សេចក្តីសំឡូតរបស់អ្នករាល់គ្នាចុះ ព្រោះព្រះអម្ចាស់ទ្រង់ជិតដល់ហើយ ៦កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន នឹងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង ៧យ៉ាងនោះសេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត ហើយនឹងគំនិតរបស់អ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ។

៨មួយទៀត បងប្អូនអើយ ឯសេចក្តីណាដែលពិតសេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីសរសើរណា នោះចូរពិចារណាពីសេចក្តីទាំងនោះចុះ ៩ហើយសេចក្តីអ្វីដែលអ្នករាល់គ្នាបានរៀន បានទទួល បានឮ ហើយឃើញក្នុងខ្ញុំនោះ ចូរឲ្យប្រព្រឹត្តតាមសេចក្តីទាំងនោះចុះ ដូច្នេះ ព្រះនៃសេចក្តីសុខសាន្ត ទ្រង់នឹងគង់នៅជាមួយនឹងអ្នករាល់គ្នា។ ១០ខ្ញុំមានសេចក្តីអំណរជាខ្លាំងក្នុងព្រះអម្ចាស់ ដោយព្រោះឥឡូវនេះ អ្នករាល់គ្នាបាននឹកដល់ខ្ញុំឡើងវិញ អ្នករាល់គ្នាបាននឹកដល់ខ្ញុំជានិច្ចដែរ តែរកឱកាសគ្មាន ១១ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យមានសេចក្តីសន្តោសក្នុងសណ្ឋានគ្រប់យ៉ាង ១២ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្តីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្តីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមាន ទាំងខ្វះ ក្នុងសារពើទាំងអស់ហើយ ១៣ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ ១៤ប៉ុន្តែ ដែលអ្នករាល់គ្នាបានជួយដល់សេចក្តីកំសត់របស់ខ្ញុំ នោះប្រពៃហើយ។

១៥ឱពួកក្រុងភីលីពអើយ អ្នករាល់គ្នាក៏ដឹងថាកាលចាប់ប្រារឰប្រកាសដំណឹងល្អ ដែលខ្ញុំទើបនឹងចេញពីស្រុកម៉ាសេដូនមក នោះគ្មានពួកជំនុំណាបានប្រកបនឹងខ្ញុំ អំពីដំណើរប្រាក់ចំណាយចំណូលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ ១៦ដ្បិតកាលខ្ញុំខ្វះខាតនៅថែស្សាឡូនីច នោះអ្នករាល់គ្នាបានផ្ញើទៅជួយខ្ញុំម្តងពីរដងផង ១៧មិនមែនថាខ្ញុំរកចង់បានទានទេ ខ្ញុំរកតែផលដែលចំរើនប្រយោជន៍ដល់អ្នករាល់គ្នាវិញ ១៨ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយជាគ្រឿងបូជាដែលព្រះទ្រង់ទ់ទួលហើយសព្វព្រះហឫទ័យដែរ ១៩ព្រះនៃខ្ញុំទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ ២០សូមឲ្យព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា បានសិរីល្អនៅអស់កល្បរៀងតទៅអាម៉ែន។

២១សូមជំរាបសួរ មកពួកបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវផង ឯពួកបងប្អូនដែលនៅជាមួយនឹងខ្ញុំ គេសូមជំរាបសួរមកអ្នករាល់គ្នា ២២ពួកបរិសុទ្ធទាំងអស់គ្នា មានពួកអ្នកនៅដំណាក់សេសារជាដើម ក៏សូមជំរាបសួរមកអ្នករាល់គ្នាដែរ ២៣សូមឲ្យព្រលឹងវិញ្ញាណអ្នករាល់គ្នាបានប្រកប ដោយព្រះគុណនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ អាម៉ែន។៚



AMAZING GRACE BIBLE INSITIUTE