Get the DaunPhen font >> HERE <<.


សំបុត្ររបស់ប៉ុល

ដល់

ទីតុស


១ ១សំបុត្រប៉ុលខ្ញុំ ជាបាវបំរើនៃព្រះ ហើយជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសេចក្តីជំនឿដល់ពួករើសតាំងនៃព្រះ នឹងសេចក្តីចេះដឹងខាងឯសេចក្តីពិត ដែលត្រូវនឹងសេចក្តីគោរពប្រតិបត្តិដល់ព្រះ ២ដោយសេចក្តីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ដែលព្រះដ៏មិនចេះភូតទ្រង់បានសន្យាមុនអស់ទាំងកល្ប ៣តែនៅពេលកំណត់នោះទើបបានសំដែង ចេញឲ្យស្គាល់ព្រះបន្ទូលទ្រង់ ដោយការប្រកាសប្រាប់ដែលផ្ញើទុកនឹងខ្ញុំ តាមបង្គាប់របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង ៤ខ្ញុំផ្ញើមកទីតុស ជាកូនពិតតាមសេចក្តីជំនឿ ដែលយើងកាន់ជាមួយគ្នា សូមឲ្យអ្នកបានប្រកបដោយព្រះគុណ នឹងសេចក្តីសុខសាន្ត មកអំពីព្រះដ៏ជាព្រះវរបិតា ហើយអំពីព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា។

៥ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីនឹងរៀបចំការដែលនៅខ្វះ ឲ្យស្រួលបួលឡើង ហើយនឹងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង ៦គឺបើមានអ្នកណាដែលរកចាប់ទោសមិនបាន ដែលមានប្រពន្ធតែ១ ហើយមានកូនចៅជឿដែរ ឥតមានអ្នកណាចោទប្រកាន់ ថាជាមនុស្សខូចអាក្រក់ ឬរឹងចចេសអ្វីឡើយ នោះត្រូវតាំងគេចុះ ដូចជាខ្ញុំបានបង្គាប់អ្នកហើយ ៧ដ្បិតគួរឲ្យអ្នកដែលត្រួតត្រាបានឥតសៅហ្មង ដូចជាអ្នកជំនួយួរបស់ព្រះដែរ មិនត្រូវមានចិត្តមានៈ ឆាប់ខឹង ចំណូលស្រា ច្រឡោត ឬស៊ីសំណូកឡើយ ៨ត្រូវមានចិត្តចៅរ៉ៅ ស្រឡាញ់ការល្អ មានចិត្តធ្ងន់ធ្ង ហើយសុចរិត បរិសុទ្ធ ដឹងខ្នាតវិញ ៩ព្រមទាំងកាន់ខ្ជាប់តាមព្រះបន្ទូលដ៏ពិត ដូចជាបានបង្រៀនមកយើងហើយ ដើម្បីឲ្យអាចនឹងកំសាន្តចិត្តគេ ដោយសេចក្តីបង្រៀនដ៏ត្រឹមត្រូវ ហើយឲ្យបានផ្ចាញ់ដល់ពួកអ្នកដែលស្រដីទទឹង ១០ដ្បិតមានមនុស្សជាច្រើន គឺក្នុងពួកអ្នកកាត់ស្បែកជាដើម ដែលរឹងរូស ជាពួកអ្នកដែលពោលពាក្យឥតប្រយោជន៍ ហើយបង្ខូចគំនិតមនុស្ស ១១ត្រូវតែបំបាត់មាត់គេ ដ្បិតគេផ្តួលពួកអ្នកផ្ទះទាំងមូល ដោយបង្រៀនសេចក្តីដែលមិនគួរគប្បី ឲ្យតែបានកំរៃដ៏លាមក ១២មានពួកគេម្នាក់ គឺជាហោរារបស់ផងគេបានថា ពួកសាសន៍ក្រេតចេះតែភូតកុហក ជាសត្វព្រៃកំណាច ជាពួកល្មោភហើយកំជិល ១៣សេចក្តីបន្ទាល់នេះត្រូវណាស់ ដូច្នេះត្រូវរំឭកឲ្យគេដឹងខ្លួនដោយតឹងរ៉ឹង ដើម្បីឲ្យគេមានសេចក្តីជំនឿត្រឹមត្រូវវិញ ១៤ឥតស្តាប់តាមរឿងទំនៀមនៃសាសន៍យូដា ឬតាមសេចក្តីបញ្ញត្តរបស់មនុស្ស ដែលបែរចេញពីសេចក្តីពិតនោះឡើយ ១៥គ្រប់ទាំងអស់ជាស្អាតដល់អ្នកណាដែលស្អាត តែគ្មានអ្វីស្អាតសោះ ដល់ពួកអ្នកដែលស្មោកគ្រោក ហើយមិនជឿវិញនោះឡើយ គេស្មោកគ្រោកទាំងគំនិត ទាំងបញ្ញាចិត្តដែរ ១៦គេប្រកាន់ថា គេស្គាល់ព្រះ តែកិរិយាប្រព្រឹត្តរបស់គេមិនព្រមស្គាល់ព្រះទេដ្បិតគេជាមនុស្សគួរខ្ពើម ហើយរឹងចចេស គឺជាមនុស្សឥតមានប្រយោជន៍អ្វីដល់ការល្អទាំងអស់។២ ១ចូរឲ្យអ្នកនិយាយតែសេចក្តីណា ដែលសំណំនឹំងសេចក្តីបង្រៀនដ៏ត្រឹមត្រូវ ២ត្រូវទូន្មានឲ្យពួកចាស់ៗដឹងខ្នាត មានចិត្តនឹងធឹង ហើយធ្ងន់ធ្ង ឲ្យមានសេចក្តីជំនឿសេចក្តីស្រឡាញ់ នឹងសេចក្តីខ្ជាប់ខ្ជួនដ៏ត្រឹមត្រូវផង ៣ឲ្យពួកស្ត្រីចាស់ៗបានបែបដូចគ្នា ទាំងប្រព្រឹត្តបែបគួរនឹងពួកស្ត្រីបរិសុទ្ធ មិនត្រូវនិយាយដើមគេ ឬជាប់ស្រាទំពាំងបាយជូរឡើយ ត្រូវខំ បង្រៀនសេចក្តីត្រឹមត្រូវវិញ ៤ដើម្បីនឹងបង្ហាត់ដល់ពួកស្ត្រីក្មេងៗ ឲ្យគេស្រឡាញ់ប្តីនឹងកូនខ្លួន ៥ឲ្យមានចិត្តធ្ងន់ធ្ង ហើយបរិសុទ្ធ ជាអ្នករវល់តែនឹងការនៅផ្ទះខ្លួន ហើយមានចិត្តល្អ នឹងចុះចូលចំពោះប្តី ដើម្បីកុំឲ្យមានអ្នកណាប្រមាថដល់ព្រះបន្ទូលបានឡើយ។

៦ចូរទូន្មានពួកបុរស ដែលក្មេងជាង បែបដូច្នោះដែរឲ្យគេមានចិត្តធ្ងន់ធ្ង ៧ហើយត្រូវឲ្យអ្នកសំដែងខ្លួន ទុកជាគំរូពីការល្អគ្រប់ជំពូក ទាំងបង្រៀនគេ កុំឲ្យគេប្រព្រឹត្តខូចអាក្រក់ឡើយ តែឲ្យមានចិត្តនឹងធឹងវិញ ៨ព្រមទាំងពាក្យសំដីត្រឹមត្រូវ ដែលរកចាប់ទោសមិនបានផង ដើម្បីឲ្យអ្នកណាដែលទទឹងទទែងបានអៀនខ្មាស ដោយគ្មានហេតុនឹងនិយាយអាក្រក់ពីអ្នកឡើយ។

៩ចូរឲ្យពួកបាវបំរើចុះចូលនឹងចៅហ្វាយខ្លួន ទាំងផ្គាប់ចិត្តក្នុងគ្រប់ការទាំងអស់ ឥតប្រកែក ១០ឥតលួចបំបាត់ឡើយ ត្រូវសំដែងខ្លួនជាស្មោះត្រង់ល្អគ្រប់ជំពូក ដើម្បីឲ្យបានតាក់តែងសេចក្តីបង្រៀនរបស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើងរាល់គ្នា ក្នុងគ្រប់ការទាំងអស់។

១១ព្រះគុណនៃព្រះ ដែលនាំសេចក្តីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ១២ទាំងបង្ហាត់បង្រៀនយើងរាល់គ្នា ឲ្យលះចោលសេចក្តីទមិលល្មើសនឹងសេចក្តីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្តីធ្ងន់ធ្ង សេចក្តីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ ១៣ទាំងរង់ចាំសេចក្តីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ជាធំ នឹងព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ១៤ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្តីទទឹងច្បាប់ ហើយនឹងសំអាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ ១៥ចូរប្រាប់សេចក្តីទាំងនេះ ទាំងទូន្មាន ហើយរំឭកគេឲ្យដឹងខ្លួន ដោយគ្រប់ទាំងអំណាច កុំឲ្យអ្នកណាមើលងាយអ្នកឡើយ។៣ ១ចូររំឭកគេ ឲ្យចុះចូលនឹងពួកនាម៉ឺន ហើយនឹងពួកមានអំណាចទាំងអស់ ព្រមទាំងស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ ២មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្តីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង ៣ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបំរើសេចក្តីប៉ងប្រាថ្នា នឹងសេចក្តីសំរើបផ្សេងៗ ទាំងរស់នៅដោយសេចក្តីគំរក់ នឹងសេចក្តីឈ្នានីស យើងក៏គួរខ្ពើម ហើយបានស្អប់គ្នាទៅវិញទៅមកដែរ ៤តែកាលសេចក្តីសប្បុរស របស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងសេចក្តីស្រឡាញ់ របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ ៥នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្តីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ ៦ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ៧ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្តីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ៨ពាក្យនេះគួរជឿ ហើយខ្ញុំចង់បញ្ជាក់អ្នក ពីសេចក្តីទាំងនេះឲ្យច្បាស់ ដើម្បីឲ្យពួកអ្នកដែលបានជឿដល់ព្រះ បានខំប្រឹងនឹងធ្វើការល្អអស់ពីចិត្តនោះទើបល្អ ហើយមានប្រយោជន៍ដល់មនុស្ស ៩ប៉ុន្តែចូរចៀសវាងពីសេចក្តីដេញដោលយ៉ាងល្ងីល្ងើ នឹងពីរឿងពង្សាវតារ ហើយពីសេចក្តីឈ្លោះប្រកែក នឹងសេចក្តីជជែកពីក្រិត្យវិន័យចេញទៅ ដ្បិតសេចក្តីទាំងនោះសុទ្ធតែឥតប្រយោជន៍ ហើយឥតអំពើទាំងអស់ ១០ឯមនុស្សណាដែលបង្កើតបក្សពួក នោះត្រូវកាត់គេចោលចេញ ក្នុងពេលក្រោយដែលទូន្មានប្រដៅគេម្តងពីរហើយ ១១ដោយដឹងថា មនុស្សយ៉ាងនោះខូចអស់ហើយ ក៏ចេះតែធ្វើបាបព្រមទាំងកាត់ទោសខ្លួនគេផង។

១២កាលណាខ្ញុំចាត់អ្នកអើតេម៉ាស ឬអ្នកទីឃីកុសមកឯអ្នក នោះត្រូវខំប្រឹងទៅឯខ្ញុំនៅក្រុងនីកូប៉ូលផង ដ្បិតខ្ញុំបានសំរេចនឹងនៅទីនោះ ក្នុងរដូវរងានេះ ១៣ចូរខំជួយដំណើរឲ្យលោកសេន៉ាស ជាស្មាក្តី នឹងអ្នកអ័ប៉ុឡូស ឲ្យបានទៅខាងមុខ ដើម្បីមិនឲ្យខ្វះខាតអ្វីឡើយ ១៤ហើយត្រូវឲ្យពួកយើងហាត់ធ្វើការល្អឲ្យអស់ពីចិត្ត សំរាប់បំពេញកិច្ចដែលខ្វះខាត ដើម្បីកុំឲ្យគេនៅតែឥតផលប្រយោជន៍នោះឡើយ។

១៥ពួកអ្នកដែលនៅជាមួយនឹងខ្ញុំ គេសូមជំរាបសួរមកអ្នក សូមឲ្យអ្នកជំរាបសួរ ដល់ពួកអ្នកដែលស្រឡាញ់យើងខ្ញុំ ក្នុងសេចក្តីជំនឿផង សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។ អាម៉ែន។៚AMAZING GRACE BIBLE INSITIUTE